អានតួអត្ថបទ

ចិន​ផ្អាក​ការនាំ​ចូល​ធ្យូងថ្ម​ពី​កូរ៉េ​ខាង​ជើង

តើ​ចិន​ផ្តើម​ទ្រាំ​លែង​បាន​​នឹង​ទង្វើរបស់​​កូរ៉េ​ខាងជើង​ឬ ? នៅ​ថ្ងៃ​សៅរ៍​ទី ១៨​កុម្ភៈ​នេះ ចិន​បាន​ប្រកាស​ផ្អាក​រាល់​គ្រប់​ការ​នាំ​ចូល​ធ្យូងថ្ម​ មក​ពី​ប្រទេស​កូរ៉េខាង​ជើង ចាប់​ពី​ថ្ងៃអាទិត្យ​ទី ១៩ កុម្ភៈ​នេះ​ទៅ​ភ្លាម​តែ​ម្តង។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដ៏​ខ្លី របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន។

​ធ្យូងថ្ម​នាំ​ចូល​ពី​បរទេស​គរ​ទុក​នៅ​កំពង់ផែ Rizhao ខេត្ត​ Shandong ប្រទេស​ចិន
​ធ្យូងថ្ម​នាំ​ចូល​ពី​បរទេស​គរ​ទុក​នៅ​កំពង់ផែ Rizhao ខេត្ត​ Shandong ប្រទេស​ចិន Reuters/Stringer
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បញ្ជាក់​ថា ការ​ផ្អាក​ការ​នាំ​ចេញ​ មាន​សុពលភាព​ភ្លាម និង​រហូត​ដល់​ថ្ងៃទី ៣១​ធ្នូ ២០១៧។ ប៉ុន្តែក្រសួង​មិន​បាន​ផ្តល់​ហេតុផល និង​ការ​ពន្យល់​បំភ្លឺ​អ្វី​ទាំង​អស់ ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាធរ​ក្រុង​ប៉េកាំង។

​បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាង​ត្បូង យ៉ុងហាប់ កាលពី​សប្តាហ៍​មុន បាន​គូស​បញ្ជាក់​ថា កាមីញ៉ុងដឹក​ធ្យូងថ្ម​មក​ពី​កូរ៉េខា​ង​ជើង​ជា​ច្រើន​ត្រូវ​បាន​បណ្តេញ​ចេញ​មិន​ឱ្យ​ឡើង​ចត​ចូល​កំពង់​ផែ​ចិន វ៉េនស្ហ៊ូ​ទេ។

វិធានការនេះ​ធ្លាក់​មក​ក្រោយ​ការ​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​របស់​កូរ៉េខាង​ជើង​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ និ​ងក្រោយ​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពាវនាវ​ឱ្យ​ សមាជិក​ក្រុម​ប្រឹក្សា​ទាំង​អស់​ប្រឹង​ប្រែង​អនុវត្តទណ្ឌកម្ម​ប្រឆាំង​នឹង​កូរ៉េខាង​ជើង។

សូម​បញ្ជាក់​ថា ចិនធ្លាប់​​បាន​​ប្រកាស​កាលពី​​ខែ​មេសា​ឆ្នាំ​២០១៦​ ថា​នឹង​​ផ្អាក​ការ​នាំ​ចូលរ៉ែ​ធ្យូង​ថ្ម​ ដើម្បី​ជា​ការ​អនុវត្ត​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ ដាក់​ទណ្ឌកម្ម​លើ​របប​ព្យុងយ៉ាង​កុំ​ឱ្យ​មាន​ចំណូល​ទៅ​បំប៉ន​កម្មវិធី​នុយក្លេអ៊ែរ។ កាលពី​ថ្ងៃទី​១១​ខែ​ធ្នូ​ឆ្នាំ​២០១៦ ចិនក៏​​បាន​ផ្អាក​ការ​នាំ​ចូល​រ៉ែធ្យូងថ្ម​ពី​ព្យុងយ៉ាង​ម្តង​រយៈ​ពេល​២០​ថ្ងៃ ក្រោយ​ពេល​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​ចេញ​សេច​ក្តី​សម្រេចចិត្ត​ចង់​កំរិត​ការ​នាំធ្យូងថ្ម​ត្រឹម​៤០០,៩​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០១៧​ទៅ ពោល​គឺ​៦០%​តិច​ជាង​ឆ្នាំ​២០១៥។

នៅ​ក្នុង​ឆ្នាំ​២០១៦ កូរ៉េខា​ង​ជើង​ជា​ប្រទេស​ផ្គត់ផ្គង់​រ៉ែធ្យូង​ថ្ម​ឱ្យ​ចិន​លំដាប់​ទី​បួន ដោយ​បាន​លក់​មក​ចិន​នូវ​ធ្យូងថ្ម​ប្រមាណ​២២,១៨​លាន​តោន​ ពោល​គឺ​មាន​កំណើន​១៤,៥% បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ