អានតួអត្ថបទ
ចិន-កងទ័ព

ចិន​សារភាព​ថា កំពុង​ផលិត​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​មួយទៀត

ក្រសួង​ការពារ​ជាតិ​ចិន​ បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៣១​ ធ្នូ​ ​ថា​ចិន​កំពុង​តែ​កសាង​នាវា​ផ្ទុក​យន្តហោះ​ចំបាំង​មួយ​គ្រឿង​ទៀត។ ការ​ផលិត​នាវា​ផ្ទុក​យន្តហោះ​ចំបាំង​របស់​ចិន​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជាសកម្មភាព​ត្រៀម​លក្ខណៈ ​ដើម្បី​កម្ញើញ​ប្រទេស​ជិតខាង​ ដែល​កំពុង​តែ​មាន​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ ជាមួយ​នឹង​ចិន។

ចិន​អួត​បង្ហាញ ​នាវាមុជទឹក​ និង​នាវាចម្បាំង​ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូួង​
ចិន​អួត​បង្ហាញ ​នាវាមុជទឹក​ និង​នាវាចម្បាំង​ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូួង​ REUTERS/Guang Niu/Pool/Files
ផ្សាយពាណិជ្ជកម្ម

លោក​ យ៉ាង យូជុន ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ចិន ​បាន​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​មួយ​ថា ​ ចិន​កំពុង​តែ​ផលិត​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ទី​ពីរ​ មួយ​គ្រឿង​ទៀត។ សកម្មភាព​សាងសង់​ កំពុង​ធ្វើ​ឡើង​ នៅ​កំពង់ផែ​ក្រុង​តាលាន ​ភាគ​ឦសាន្ត​ក្រុង​ប៉េកាំង។ យោង​តាម​ប្រសាសន៍​អ្នក​នាំពាក្យ​ចិន​ដដែល ​ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​នេះ ​ គឺ​ជា​ស្នាដៃ​ផលិត​ ក្រោម​បច្ចេកវិទ្យា​របស់​ចិន​ទាំង​ស្រុង ​ហើយ​វា​ដើរ​ដោយ​ប្រព័ន្ធ​រុញច្រាន​ធម្មតា ​មិនមែន​ដើរ​ដោយ​ប្រព័ន្ធ​ថាមពល​នុយក្លេអ៊ែរ​ទេ។ តួនាទី​នាវា​នេះ ​ គឺ​ដើម្បី​ផ្ទុក ​​និង​ជា​កន្លែង​ចុះចត​របស់​យន្តហោះ​ចម្បាំង​ចិន ​ឈ្មោះ Shenyang J-15

 

គួរ​រំលឹក​ថា ​ចិន​កំពុងតែ​ពង្រឹង​វិស័យ​កងទ័ព ​ជា​ពិសេស​គឺ​ក្នុង​វិស័យ​កងទ័ព​ជើង​ទឹក​តែម្តង។ អ្វី​ដែល​ចិន​ប៉ង​ប្រាថ្នា ​ គឺ​ចង់​ប្រជែង​ជាមួយ​កងទ័ព​ជើង​ទឹក​អាមេរិក ​ ដែល​បាន​តាំងទី​នៅ​តាម​ប្រទេស​មួយ​ចំនួន​ ក្នុង​តំបន់​ប៉ាស៊ីហ្វិក។ ប្រាក់​ចំនួន​រាប់​ពាន់​លាន​ដុល្លារ ​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ចំណាយ​ឥត​ស្តាយ ​ដើម្បី​ពង្រីក​សមត្ថភាព​កងទ័ព​ជើង​ទឹក​របស់​ខ្លួន។

 

មហិច្ឆតា​ដ៏​ធំ​របស់​ចិន​មួយ​ទៀត ​ គឺ​ដើម្បី​សម្ញែង​សាច់​ដុំ ​ ដាក់​ប្រទេស​ក្នុង​តំបន់​ ដូច​ជា​ជប៉ុន​ ហ្វីលីពីន​ វៀតណាម ​និង​ម៉ាឡេស៊ី​ជាដើម ​ដែល​កំពុងតែ​មាន​ជម្លោះ​ជាមួយ​ចិន​ ក្នុង​ការ​ដណ្តើម​ដែន​កោះ ​និង​ដែន​ទឹក​គ្នា​កាន់កាប់ ​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

 

សូម​បញ្ជាក់​ថា ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ទីមួយ​របស់​ចិន​ ឈ្មោះ ​Liaoning  ​តាម​ពិត​ជា​នាវា​ដែល​បាន​ផលិត​នៅ​ក្នុង​ជំនាន់​អតីត​សហភាព​សូវៀត ​ ប៉ុន្តែ​មិន​ទាន់​បាន​រួចរាល់​ ហើយ​ត្រូវ​បោះបង់​ចោល​ ដោយសារ​តែ​សហភាព​សូវៀត​រលំ។ ចិន​បាន​ទិញ​យក​នាវា​នោះ​ ហើយ​បាន​ជួលជុល​កែ​សម្រួល ​ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១២។ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ទីពីរ​នេះ ​ បាន​ទទួល​ឥទ្ធិពល​បច្ចេកវិទ្យា​មួយ​ផ្នែក​ធំ ​ ពី​នាវា​ទីមួយ។ ប្រជាជន​ចិន​​ អ្នក​ជាតិ​និយម ​កំពុង​តែ​អបអរ​ សរសើរ​ប្រទេស​ខ្លួន​មិន​ដាច់​ពី​មាត់​ថា ​ចិន​ពី​ជា​អស្ចារ្យ​មែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ