អានតួអត្ថបទ

ជប៉ុន​ថា​ចិន​បញ្ជូន​នាវា​ប្រដាប់អាវុធ​ចូលក្នុង​តំបន់​ប្រជុំកោះ​ជាប់ជម្លោះ

ឆ្មាំ​សមុទ្រ​របស់​ជប៉ុន​បាន​អះអាង​នៅថ្ងៃ​ពុធ​នេះ​ថា នាវាល្បាត​មួយគ្រឿង​របស់​ចិន ​ដែល​មាន​បំពាក់​ទៅដោយ​គ្រឿងសព្វាវុធ​ផង បាន​ចូល​ទៅ​ក្នុង​ដែន​ទឹក ក្នុង​តំបន់​ប្រជុំកោះ​សេនកាគូ ដែល​កំពុង​ជាប់ជម្លោះ។ ចិនវិញ​បាន​ឆ្លើយតបមកវិញ​ថា នាវាល្បាត​ដែន​សមុទ្រ​នេះ​ស្ថិត​នៅ​ក្នុង​ដែនទឹក​របស់ចិន ហើយ​មិនបាន​ធ្វើ​ខុស​ពី​ច្បាប់​អន្តរជាតិ​នោះទេ។

នាវាល្បាត​​ដែល​ចិន​បញ្ជូន​ទៅ​ប្រជុំកោះ​សេនកាគូ-ទៀវយូ កាលពីពេល​កន្លងទៅ (រូបថតឯកសារ)
នាវាល្បាត​​ដែល​ចិន​បញ្ជូន​ទៅ​ប្រជុំកោះ​សេនកាគូ-ទៀវយូ កាលពីពេល​កន្លងទៅ (រូបថតឯកសារ) REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

នាវាល្បាត​ដែន​សមុទ្រ​របស់​ចិន​តែងតែ​ធ្វើ​ដំណើរ​ជារឿយៗ ចូល​ទៅ​ក្នុង​ដែន​ទឹក ជុំវិញ​ប្រជុំកោះ​ជាប់ជម្លោះ​ ដែល​ជប៉ុន​ហៅថា “សេនកាគូ” ហើយ​ចិន​ហៅ​ថា “ទៀវយូ”។ ក៏ប៉ុន្តែ បើ​យោងតាម​មន្រ្តី​អ្នក​នាំពាក្យ​អង្គភាព​ឆ្មាំ​សមុទ្រ​ជប៉ុន នេះ​គឺ​ជាលើកទីមួយ​ហើយ ដែល​នាវាល្បាត​ដែន​សមុទ្រ​នេះ​បំពាក់​ទៅដោយ​គ្រឿងសព្វាវុធ។

មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ជប៉ុនវិញ​បាន​ឲ្យដឹង​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំងក្លាបំផុត ហើយ​ទាមទារ​ឲ្យ​​នាវាល្បាត​សមុទ្រ​របស់​ចិន​បញ្ឈប់​រាល់​សកម្មភាព​របស់​ខ្លួន​ក្បែរ​ប្រជុំកោះ​សេនកាគូ​នេះ​ជា​បន្ទាន់ ហើយ​ថា ជប៉ុន​នឹង​បន្ត​ប្រកាន់​ជំហរ​រឹងមាំ តែ​ប្រកប​ដោយ​ភាព​អត់ធ្មត់ នៅ​ក្នុង​ការការពារ​បូរណភាព​ដែនដី​របស់​ខ្លួន ទាំង​ដែនគោក ដែន​អាកាស និង​ដែន​សមុទ្រ។

ឆ្លើយតប​មកវិញ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ហាក់ដូចជា​បាន​ទទួលស្គាល់​ថា នាវាល្បាត​ដែន​សមុទ្រ​របស់​ខ្លួន​ពិតជា​បាន​ចូល​ទៅ​​ក្បែរ​ប្រជុំកោះ​នេះ​មែន​ ក៏ប៉ុន្តែ បាន​អះអាង​ថា​ នាវាល្បាត​នេះ​មិនបាន​ធ្វើ​អ្វី​ដោយ​ខុសច្បាប់​នោះទេ ពីព្រោះ​ថា ប្រជុំកោះ​នេះ​គឺ​ជា​របស់​ចិន​តាំង​ពី​សម័យបុរាណ​មកម៉្លេះ។

លោក​ហុង ឡី មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​​ក៏​បាន​បញ្ជាក់​ផងដែរ​ថា គ្រឿងសព្វាវុធ​ដែល​បំពាក់​លើ​នាវាល្បាត​ដែនសមុទ្រ​នេះ គឺ​ជា​គ្រឿងសព្វាវុធ​ធម្មតា ដែល​គេ​តែងតែ​មាន​ប្រើ​ជាទូទៅ ស្របទៅតាម​ទំនៀមទម្លាប់​ជា​អន្តរជាតិ។

គួរបញ្ជាក់ឡើងវិញ​ថា ប្រជុំកោះសេនកាគូ ឬ ទៀវយូ​នេះ បច្ចុប្បន្ន​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន ក៏ប៉ុន្តែ ចិន​តែងតែ​ធ្វើការ​ទាមទារ​យក​មកវិញ ដោយ​អះអាង​ថា វា​ជា​កម្មសិទ្ធិ​របស់​ចិន ហើយ​នៅ​ក្នុង​ជម្លោះ​នេះ គេ​តែងតែ​សង្កេតឃើញ​ នាវា​ល្បាត ព្រមទាំង​យន្តហោះ​ចម្បាំង របស់​ប្រទេស​ទាំងពីរ ត្រូវ​ប្រឈមមុខ​ដាក់គ្នា​ជា​រឿយៗ នៅ​ក្នុង​តំបន់​ជាប់ជម្លោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ