ចិនមិនអាចមានឥទ្ធិពលផ្តាច់មុខទៅលើអាស៊ីអាគ្នេយ៍បានទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២១
ថ្ងៃនេះហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តពិនិត្យមើលទៅលើស្ថានភាពភូមិសាស្រ្តនយោបាយរបស់ប្រទេសចិនតទៅទៀត ដោយសូមបន្តរ៉ាយរ៉ាប់ពីទំនាក់ទំនងរវាងចិននិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន។ ទោះបីជាទំនាក់ទំនងរវាងចិន និងអាស៊ានមានលក្ខណៈកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ក៏តាំងពីដើមដំបូងមកថ្នាក់ដឹកនាំអាស៊ានតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោល ការណ៍មួយច្បាស់ នោះគឺធ្វើយ៉ាងណាកុំឲ្យអាស៊ីអាគ្នេយ៍ឋិតនៅក្រោមឥទ្ធិពលផ្តាច់មុខរបស់ចិនបាន។
ជាការពិតណាស់ដែលថា សព្វថ្ងៃទំនាក់ទំនងរវាងចិននិងអាស៊ានមានលក្ខណៈកាន់តែល្អ ល្អណាស់ បើប្រៀបទៅនឹងសម័យសង្គ្រាមត្រជាក់។
ជាការពិតណាស់ដែលថា ចិននិងអាស៊ានមានទំនាក់ទំនងសេដ្ឋកិច្ចកាន់តែប្រសើរឡើង ជាក់ស្តែងតាមរយៈការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរ នៅខែមករាឆ្នាំ២០១០ ទោះជាវាមានសុពលភាពទៅលើតែប្រទេសស្ថាបនិកអាស៊ានទាំង៦សិនក៏ដោយ គឺឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ។ តែ ចង់ឬមិនចង់ នៅឆ្នាំ២០១៥ នៅពេលណាដែលប្រទេសអាស៊ាន៤ទៀត គឺវៀតណាម កម្ពុជា ឡាវនិងភូមានឹងត្រូវចូលក្នុងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានហើយ នៅពេលនោះ ចិននឹងច្បាស់ជាក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន គឺធំជាងជប៉ុន និងសហភាពអឺរ៉ុបទៅទៀត។
ជាការពិតណាស់ដែលថា ថ្នាក់ដឹកនាំទីក្រុងប៉េកាំងបាននិងកំពុងបន្តខ្នះខ្នែងពន្យល់ប្រាប់អាស៊ានថា ចិនគ្មានបំណងអាក្រក់ចង់បៀតបៀនបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទេ ហើយថាចង់ធ្វើជាដៃគូគំរូមួយរបស់អាស៊ាន។
ក៏ប៉ុន្តែ ថ្នាក់ដឹកនាំអាស៊ានមិនដែលទុកចិត្តមហាយក្សចិនទាំងស្រុងឡើយ ហើយតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មួយច្បាស់ នោះគឺធ្វើយ៉ាងណាកុំឲ្យអាស៊ីអាគ្នេយ៍ឋិតនៅក្រោមឥទ្ធិពលផ្តាច់មុខរបស់ចិនបាន។ អ៊ីចឹងហើយបានជាតាំងពីឆ្នាំ១៩៩៨មក នៅក្រៅ ក្របខ័ណ្ឌនៃជំនួបកំពូលអាស៊ាន តែងតែមានរៀបចំឡើងនូវអ្វីដែលគេហៅថា ជំនួបកំពូលអាស៊ាន+៣ គឺបូកចិន ជប៉ុន និងកូរ៉េ ខាងត្បូង។ មិនតែប៉ុណ្ណោះ តាំងពីឆ្នាំ២០០៥មក រៀង រាល់ឆ្នាំ នៅពេលបិទបញ្ចប់ជំនួបកំពូលអាស៊ានហើយ ក៏តែងតែងតែមានរៀបចំឡើងដែរ នូវអ្វីដែលគេហៅថាជំនួបកំពូលអាស៊ីបូព៌ារវាងប្រទេសអាស៊ានទាំង១០ និងចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលីព្រមទាំងនូវែលសេឡង់។
ការដែលអាស៊ាននៅតែមិនទាន់ទុកចិត្តចិនកុម្មុយនិស្តមួយរយភាគរយ គឺមិនមែនចៃដន្យឡើយ។ ចូរកុំភ្លេចថា គោលដៅសំខាន់ជាងគេមួយនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឡើងនៅថ្ងៃទី៨ធ្នូឆ្នាំ១៩៦៧ គឺការបង្រួបបង្រួមគ្នាជាខែលមួយ ដើម្បីទប់ទល់នឹងគ្រោះថ្នាក់កុម្មុយនិស្ត។
ដោយឡែក ក្នុងបច្ចុប្បន្នកាលនេះ នៅម្ខាងថ្នាក់ដឹកនាំចិនថ្លែងថា ចង់បានតែសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ក៏ប៉ុន្តែ នៅម្ខាងទៀត កាយវិការរបស់ទីក្រុងប៉េកាំងមិនទាន់ស្តែងឲ្យឃើញច្បាស់នៅឡើយទេថា ចិនជាមហាប្រទេសដែលនិយមអំណាចស្រទន់The soft power។ ជាក់ស្តែង មហិច្ឆតារបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់សមុទ្រចិននៅតែបន្តបណ្តាលឲ្យភាពតានតឹងកើតឡើងជារឿយៗ។ ភាពតានតឹងចេះតែបន្តកើតឡើងរវាងចិននិងជប៉ុន រវាងចិននិងបណ្តាប្រទេសអាស៊ានមួយចំនួន ជាអាទិ៍ជាមួយវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។
គឺនៅក្នុងបរិបទតានតឹងបែបនេះហើយដែលអាស៊ានបានបើកដៃទទួលសហរដ្ឋអាមេរិក តាមរយៈជំនួបកំពូលអាស៊ាន-អាមេរិក លើកទី១នៅសិង្ហបុរីក្នុងខែកញ្ញាឆ្នាំ២០០៩ និងលើកទី២ នៅញូយ៉ក ក្នុងខែកញ្ញាឆ្នាំ២០១០។
ការខិតចូលជិតគ្នារវាងសហរដ្ឋអាមេរិកនិងអាស៊ាន មិនយូរមិនឆាប់ វានឹងអាចធ្វើឲ្យល្អក់កករទំនាក់ទំនងរវាងចិននិងអាស៊ាន ពីព្រោះវាបើកលទ្ធភាពឲ្យអាមេរិកបង្កើនវត្តមាន និងទម្ងន់របស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលចិនចាត់ទុកថាជាដែនអំណាចរបស់ខ្លួន។
សហរដ្ឋអាមេរិកច្បាស់ជានឹងឆ្លៀតពន្យល់ដល់បណ្តាប្រមុខដឹកនាំអាស៊ាន នូវតួនាទីដ៏ចាំបាច់របស់ខ្លួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឧទាហរណ៍ នៅក្នុងដំណោះស្រាយនៃជម្លោះទីប្រជុំកោះParacel និងSpratly ជាដើម។ ត្រង់នេះ នៅខែកញ្ញាឆ្នាំ២០១០ នាពេលដែលជំនួបកំពូលអាស៊ាន-អាមេរិក កំពុងតែប្រព្រឹត្តទៅនៅញូយ៉ក ស្រាប់តែក្រសួងការបរទេសចិនចេញសេចក្តីថ្លែងការណ៍ព្រមានថា ចិនជំទាស់មិនឲ្យប្រែក្លាយបញ្ហាទីប្រជុំកោះParacel និងSpratly ទៅជាបញ្ហាអន្តរជាតិទេ បានន័យថា ទីក្រុងប៉េកាំងចង់ដោះស្រាយជម្លោះទីប្រជុំកោះទាំងពីរនេះ ជាឧភតោភាគី គឺថាជាមួយភាគីជម្លោះនីមួយៗដាច់ពីគ្នា។
មិនតែប៉ុណ្ណោះ មិនយូរមិនឆាប់ វត្តមានរបស់អាមេរិកនៅក្នុងវេទិកាអាស៊ាន ក៏នឹងអាចបណ្តាលឲ្យមានការបាក់បែកគ្នារវាងប្រទេសអាស៊ានដែលមានទំនោរទៅរកអាមេរិក និងប្រទេសអាស៊ានដែលមានទំនោរទៅរកចិន។ ដោយហេតុតែការវិវឌ្ឍន៍ទៅនៃប្រវត្តិសាស្រ្ត នៅក្នុងអាស៊ាន មានរួចស្រេចទៅហើយប្រទេសដែលស្និទ្ធនឹងអាមេរិកនិងប្រទេសដែលស្និទ្ធនឹងចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ