អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី​បារម្ភខ្លាច​មាន​ជម្លោះ​សាសនា​ឡើងវិញ​

ភេរវកម្ម​អត្តឃាត​មួយ​បាន​កើតមាន​នៅ​វិហារ​ប្រូតេស្តង់​ឋិត​នៅ​ចំកណ្តាល​ប្រទេស​ឥណ្ឌូ​ណេស៊ី​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ។​ ថ្វីដ្បិតតែ​ភេរវកម្ម​អត្តឃាត​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​តែ​ម្នាក់​ ​ ប៉ុន្តែ​វាបាន​ធ្វើឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ដែលជា​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ធំជាងគេ​ក្នុងលោក​បារម្ភ​យ៉ាងខ្លាំង​ ​ ដោយហេតុតែ​គេស្មានថា​ ​ អាជ្ញាធរ​បាន​វាយ​បង្ក្រាប​ពួក​អ៊ីសា្លម​និយមជ្រុល​បាន​យ៉ាង​ដំណំ​រួចហើយ។

ភេរវកម្ម​​អត្តឃាត​នៅ​ថ្ងៃអាទិត្យ​២៥កញ្ញាឆ្នាំ២០១១​នៅ​វិហារ​​ប្រូតេស្តង់​​នៅ​ទីក្រុង​សូឡូ​​នៃ​ប្រទេស​​ឥណ្ឌូណេស៊ី​​
ភេរវកម្ម​​អត្តឃាត​នៅ​ថ្ងៃអាទិត្យ​២៥កញ្ញាឆ្នាំ២០១១​នៅ​វិហារ​​ប្រូតេស្តង់​​នៅ​ទីក្រុង​សូឡូ​​នៃ​ប្រទេស​​ឥណ្ឌូណេស៊ី​​ © REUTERS
ផ្សាយពាណិជ្ជកម្ម

បើ​យោងតាម​នគរបាល​ឥណ្ឌូណេស៊ី​ ​ ភេរវកម្ម​អត្តឃាត​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​នៅ​វិហារ​ប្រូតេស្តង់​នៅ​ទីក្រុង​សូឡូ​ឋិត​នៅ​ចំកណ្តាល​ប្រទេស​ឥណ្ឌូណេស៊ី​ដែលបាន​ធ្វើឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់​និង​របួស​ជាច្រើននាក់​ ​ អាច​មាន​ទំនាក់​ទំនង​ជាមួយ​ទង្វើ​ហិង្សា​ដែល​បាន​កើតមាន​នៅ​កោះ​អមបុង​។

 
ភេរវកម្ម​អត្តឃាត​នៅ​វិហារ​ប្រូតេស្តង់​នេះ​បាន​ផ្ទុះឡើង​ ​ ក្រោយពីមាន​ចលនា​កុបកម្ម​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​រវាង​អ្នក​កាន់​គ្រិស្តសាសនា​និង​អ្នកកាន់​សាសនា​អ៊ីស្លាម​ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បីនាក់។​ សូមបញ្ជាក់ថា​ ​ គឺនៅ​ម្តុំកោះអមបុង​នេះឯង​ដែល​ធ្លាប់​មាន​ជនរងគ្រោះ​ស្លាប់​ដល់ទៅ​ជាង​៥ ០០០នាក់​ ​ នាឱកាស​ជម្លោះ​សាសនា​នៅ​រវាង​ឆ្នាំ១៩៩៩​និង​ឆ្នាំ២០០២។

ចំណែកឯ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​និង​បព្វជិត​វិញ​បាន​ព្រមាន​ប្រាប់ថា​ ​ យុទ្ធនាការ​មួយ​ប្រហែល​ជា​ត្រូវ​គេ​កំពុង​រៀបចំ​ឲ្យ​មាន​ឡើង​ដើម្បី​បង្កើត​ឲ្យមាន​ភាពតានតឹង​រវាង​អ្នកកាន់​សាសនា​អ៊ីស្លាម​និង​អ្នក​កាន់​គ្រិស្តសាសនា។​ បើ​ប្រសិន​ព័ត៌មាន​នេះ​ប្រាកដ​មែន​ ​ នោះ​ប្រទេស​ឥណ្ឌូណេស៊ី​ពិតជា​កំពុង​ឋិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​គ្រោះថ្នាក់។​ ហើយ​ប្រទេស​ឥណ្ឌូណេស៊ី​អាច​ឈាន​ទៅរក​ជម្លោះ​សាសនា​ជាថ្មី​ម្តងទៀត។

ប្រទេស​ឥណ្ឌូណស៊ី​ជា​ប្រទេស​ដែល​មាន​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម​ច្រើន​ជាងគេ​ក្នុងលោក​ ​ ពោលគឺ​មាន​ដល់ទៅ​២៤០លាន​នាក់។​ នៅក្នុង​រដ្ឋធម្មនុញ្ញ​ឥណ្ឌូណេស៊ី​ពុំបាន​ចែងថា​ ​ សាសនា​អ៊ីស្លាម​ជា​សាសនា​របស់​រដ្ឋ​ឡើយ​ ​ ហើយ​រដ្ឋធម្មនុញ្ញ​ឥណ្ឌូណេស៊ី​ទទួល​ស្គាល់​សិទ្ធិ​សេរីភាព​ក្នុង​ការគោរព​សាសនា​ដទៃទៀត​ក្រៅពី​សាសនា​អ៊ីស្លាម។​ ក៏​ប៉ុន្តែ​ “សន្តិភាព​សាសនា”​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បច្ចុប្បន្ននេះ​ជា​សន្តិភាព​មាន​លក្ខណៈ​ផុយស្រួយ។​ ហេតុ​ដូច្នេះហើយ​បានជា​នៅកោះ​អមបុង​គ្រាន់តែ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ ​ មាន​អ្នក​បើក​ម៉ូតូឌុប​អ៊ីស្លាម​ម្នាក់​បាន​ត្រូវ​វាយ​សម្លាប់​ដោយ​អ្នក​កាន់​គ្រឹស្តសាសនា​ភ្លាម​ ​ ស្រាប់តែ​ទង្វើ​ហិង្សា​ក៏​បាន​ចាប់​ផ្ទុះចេញ​ភ្លាម​មួយ​រំពេច​។​ ប៉ុន្តែ​តាមពិត​អ្នក​បើក​ម៉ូតូឌុប​អ៊ីស្លាម​នោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​សោះ។

ភេរវកម្ម​អត្តឃាត​កើតមាន​នៅ​វិហារ​ប្រូតេស្តង់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​តែ​ម្នាក់​ ​ហើយ​ខ្សែ​ក្រវាត់​និង​គ្រាប់បែក​បំផ្ទុះ​ទៀតសោត​មាន​សភាព​ជា​ខ្សែ​ក្រវាត់​និង​គ្រាប់បែក​បំផ្ទុះ​កែច្នៃ​ធុនអន់​ ​ ដែល​ធ្វើឲ្យ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ជឿថា​ ​ ជាស្នាដៃ​របស់​ពួក​អ៊ីស្លាមជ្រុល​និយម​តូចតាច​ ​ ហើយ​ក្រុម​អ៊ីស្លាមជ្រុល​និយម​សំខាន់ៗ​បាន​ត្រូវ​គេ​វាយ​បង្ក្រាប​យ៉ាង​ដំណំ​រួចហើយ។​ ដូច្នេះ​ ពីពេលនេះ​តទៅ​ប្រទេស​ឥណ្ឌូណេស៊ី​លែង​ខ្លាចមាន​អំពើ​ភេរវកម្ម​មាន​លក្ខណៈ​ធំធេង​ដូច​ទង្វើ​ភេរវកម្ម​នៅ​ឆ្នាំ២០០២​ដែលបាន​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់​ដល់ទៅ​២០២នាក់​ទៀតហើយ។

គួរ​បញ្ជាក់ថា​ ​ ជន​ឈ្មោះ​ Noordin Top ​ដែល​គេ​ចាត់ទុក​ជា​មេដឹកនាំ​ចលនា​ Jemaah Islamiyah ​ដែលជា​សាខាមួយ​របស់​ចលនា​អាល់កៃដា​បាន​ត្រូវ​គេ​សម្លាប់​នៅ​ខែកញ្ញា​ឆ្នាំ២០០៩​ ​ ហើយ​ Abou Bakar Bachir ​ដែល​គេ​ចាត់ទុក​ជា​អ្នកនាំពាក្យ​នៃ​ចលនា​អ៊ីស្លាមជ្រុល​និយម​ក៏​បាន​ត្រូវ​គេ​កាត់ទោស​ឲ្យ​ជាប់គុក​១៥​ឆ្នាំ​ផងទៀត។​ ការ​ផ្តួលរំលំ​ចលនា​អ៊ីស្លាមជ្រុល​និយម​សំខាន់ៗ​ជា​ការ​ប្រសើរ​ ​ ក៏​ប៉ុន្តែ​វា​នៅ​ពុំ​ទាន់​គ្រប់គ្រាន់​ឡើយ​ ​ ជាការ​ចាំបាច់​គេត្រូវ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ពួក​អ៊ីស្លាមជ្រុល​និយម​តូចតាច​អាច​មាន​លទ្ធភាព​នឹង​ធ្វើការ​វាយប្រហារ​ទៅលើ​ពួក​អ្នកកាន់​គ្រិស្តសាសនា​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ