អានតួអត្ថបទ
បារាំង-ឥណ្ឌា​

ទស្សនកិច្ច​​ប្រធានាធិបតី​​បារាំង​​នៅ​​ឥណ្ឌា​​ក្នុង​​ក្របខណ្ឌ​​នៃ​​កិច្ចសន្យា​​ធំៗ​​

ប្រធានាធិបតី​បារាំង​ លោក​ François Hollande នឹង​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទស​ឥណ្ឌា​ នៅ​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍​​នេះ ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​​​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​បារាំង​និង​ឥណ្ឌា។ ក្រុង​ប៉ារីស​ សង្ឃឹម​នឹង​អាច​សំរេច​​​បាន​ឆាប់ៗ ជាមួយ​ក្រុង​ញូវ​ដេល្លី នូវ​កិច្ច​សន្យា​ធំៗ​​មួយ​ចំនួន​ ​ទាក់​ទង​នឹង​​​វិស័យ​​គមនាគមន៏​ ការ​លក់​យន្តហោះ​ចំបាំង​ Rafale របស់​បារាំង​ទៅ​​​អោយ​ឥណ្ឌា រឺ​ក៏​រោងចក្រ​នុយក្លេអ៊ែរ​ ជា​ដើម។

ប្រធានាធិបតី​បារាំង​ ​លោក​ François Hollande
ប្រធានាធិបតី​បារាំង​ ​លោក​ François Hollande REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ឥណ្ឌា​កំពុង​រង់​ចាំ​ស្វាគមន៍​​ទស្សនកិច្ច​របស់​​​​ប្រធានាធិបតី​បារាំង​ គឺ​លោក​ François Hollande ដែល​នឹង​ទៅ​ដល់​ក្រុង​​ញូវដេល្លី​​ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ។​ ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​ នឹង​​ធ្វើ​ឡើង​ក្នុង​​​ក្របខណ្ឌ​​​​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​ពាណិជ្ជ​កម្ម​ រវាង​បារាំង​និង​ឥណ្ឌា។

គេ​នឹង​បាន​ឃើញ​នូវ​​ដំណើរ​​ទស្សនកិច្ច​ដ៏​អធិកអធម​នេះ ជាមួយ​នឹង​វត្តមាន​របស់​រដ្ឋ​មន្ត្រី​បារាំង​យ៉ាង​ហោច​ណាស់​ក៍​​៥នាក់​ដែរ​។​ ក្នុង​នោះ​ក៏មាន​ប្រធាន​សហគ្រាស​ធំៗ​ជាង​៦០​នាក់​ផង​ដែរ មក​ពី​​ក្រុមហ៊ុន​ Dassault, Thales, Veolia រឺ​ក៏​Areva ដែល​នឹង​ទៅ​ហែរហម​លោក François Hollande។ សហគ្រាស​ទាំង​នេះ ចង់​​​​បង្កើន​ល្បឿន​នៃ​ទំនាក់​ទំនង​​​បាន​​មួយ​កម្រិត​ទៀត​ជាមួយ​ឥណ្ឌា។ ឥណ្ឌា​​ ដែល​ជា​ធ្លាប់​ស្ថិត​នៅ​ក្រោម​អាណានិគម​អង់​គ្លេស ​​​អាច​នឹង​ក្លាយ​ជា​ប្រទេស​មហាអំណាច​​ទីបី ក្នុង​ពិភពលោក នា​អំឡុង​ឆ្នាំ​ ២០៣០​ ខាង​មុខ។​

ក្រុង​ប៉ារីស​ សង្ឃឹម​នឹង​អាច​សំរេច​​​បាន​ឆាប់ៗ​ជាមួយ​ក្រុង​ញូវ​ដេល្លី នូវ​កិច្ច​សន្យា​ធំៗ​​មួយ​ចំនួន​ ​ទាក់​ទង​​​​វិស័យ​​គមនាគមន៏​ ការ​លក់​យន្តហោះ​ចំបាំង​ Rafale របស់​បារាំង​ទៅ​​​អោយ​ឥណ្ឌា រឺ​ក៏​រោងចក្រ​នុយក្លេអ៊ែរ​ ជា​ដើម។ ប៉ុន្តែ​ គេ​មិន​បាន​រំពឹង​ថា​នឹង​មាន​ការ​ចុះ​ហត្ថលេខា​​លើ​កិច្ច​សន្យា​ទាំង​អស់​នេះ​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​នោះ​ឡើយ។

បារាំង​ចង់​​សំរេច​បាន​ នូវ​កិច្ច​សន្យា​លក់​យន្តហោះ​ចំបាំង​ Rafale ចំនួន​​១២៦​គ្រឿង​ ទៅ​អោយ​ទ័ព​អាកាស​​ឥណ្ឌា មុន​ដំណាច់​​ឆ្នាំ​២០១៣​នេះ។ ​កិច្ច​សន្យា​លក់​នេះ​ នឹង​អាច​អោយ​បារាំង​ទទួល​បាន​ទឹក​ប្រាក់​​ប្រហែល​ជា​ ១២​ពាន់​លាន​ដុល្លារ​​​​​​​​ ជា​​ជោគជ័យ​មួយ​សំរាប់​​​វិស័យ​​នាំ​ចេញ​​​យន្តហោះ​ចំបាំង​​បារាំង ទៅ​ក្រៅ​ប្រទេស​។​​

លើ​ផ្នែ​ក​​នុយក្លេអ៊ែរ​ស៊ីវិល​​វិញ ក្រុម​ហ៊ុន​ឧស្សាហកម្ម​ Areva បារាំង​​ ចង់​អោយ​មាន​ការ​សាងសង់​​​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​​ចំនួន​ពីរ​ នៅ​ចៃ​តាពួរ​​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ក្រុង Bombay។ ​ ​ការ​ពិភាក្សា​កន្លង​មក​ជាមួយ​ឥណ្ឌា​លើ​​​ការ​សាងសង់​នេះ ពុំទាន់​សំរេច​ជា​ផ្លែ​ផ្កា​នៅ​ឡើយ​ទេ ប៉ុន្តែ​ឥណ្ឌា​ប្រាប់​ថា​ កិច្ច​ពិភាក្សា​មាន​ការ​លូតលាស់​ទៅមុខ។

ក្រៅ​ពី​​ការ​គាំ​ទ្រ​បេក្ខភាព​របស់​ឥណ្ឌា​​អោយ​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​អង្គការ​សហប្រជាជាតិ ក្រុង​ប៉ារីស ក៏បាន​គាំទ្រ​ចង់​អោយ​​​​​​​ឥណ្ឌាមាន​សកម្មភាព​​នុយក្លេអ៊ែ​រ​ផ្នែក​ស៊ីវិល​ផងដែរ។ គួរ​រំលឹក​ថា ​​​​ទ័ព​ឥណ្ឌា​​​​​មាន​សក្តានុពល​​​​​ផ្នែក​នុយក្លេអ៊ែរ​ ហើយប្រទេស​​​ឥណ្ឌា​មិន​បាន​ចុះ​ហត្ថលេខា​លើ​​សន្ធិសញ្ញា​​​​​​​​ដែល​ហាម​ឃាត់​ការ​​​រីក​សាយ​​​អាវុធ​នុយក្លេអ៊េរ​នោះ​ឡើយ។

ទន្ទឹម​នេះ​ដែរ​ ប្រធានាធិបតី​បារាំង​ក៏​​នឹង​​លើក​ឡើង​​​ពី​ការ​បារម្ភ​របស់​ក្រុង​ប៉ារីស​ លើ​គោល​ជំហរ​​របស់​ឥណ្ឌា​ដែល​តែងតែ​ធ្វើ​ខ្លួន​ជា​អាជ្ញាកណ្តាល ​​​លើ​ឆាក​អន្តរជាតិ។​​​
​បញ្ហា​សង្គម​ផ្សេងៗ​​​​​ដែល​ទាក់​ទង​នឹង​​​​​ប្រទេស​ទាំង​ពីរ​ នឹង​មិន​ត្រូវ​លើក​មក​ពិភាក្សា​​នៅ​ក្នុង​ទស្សនកិច្ច​របស់​លោក Hollande ​ នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ