អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បាតុករ​សម្រុក​ចូលកាន់​កាប់​បាន​វិមាន​រដ្ឋាភិបាល​ថៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមបាតុករ​អាវលឿង​បាន​សម្រុក​ចូល​បាន​សម្រេច វិមាន​រដ្ឋាភិបាល និង​ទីស្នាក់ការ​កណ្តាល​ប៉ូលិស នៅព្រឹកថ្ងៃ​អង្គារ​នេះ ដោយ​គ្មាន​ការប្រឈម​មុខ​ហិង្សា​ដាក់គ្នា​រវាង​បាតុករ និង​អាជ្ញាធរ។ អ្វី​ជាការកត់សំគាល់ គឺ​ប៉ូលិស​ជាអ្នក​រំកិល​ថ្មបេតុង និង​លួសបន្លា ដើម្បីបើក​ផ្លូវ​ឲ្យ​ក្រុម​បាតុករ​ចូល​កាប់កាប់​វិមាន​រដ្ឋាភិបាល។ ក្រុមប្រឆាំង​មាន​ការភ្ញាក់ផ្អើល​នឹង​វិធានការ​បើកផ្លូវ​របស់​ប៉ូលិស នៅពេល​ដែល​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ប៉ូលិស​ទើប​បានបាញ់ទឹក និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ បង្រ្កាប​បាតុករ។ ចាប់តាំង​ពី​មាន​បាតុកម្ម​ហិង្សា មាន​មនុស្ស​បួននាក់​បានស្លាប់ របួស នៅក្នុង​បង្រ្កាប និង​ការប្រឈមមុខ​ដាក់គ្នា រវាង​ក្រុមអាវក្រហម និង​ក្រុមអាវលឿង​ក្នុង​ទីក្រុង​បាងកក។

បាតុករ​ក្រុមអាវលឿង​សម្រុក​ចូល​កាន់កាប់​វិមាន​រដ្ឋាភិបាល​ថៃ នៅថ្ងៃ​អង្គារ ទី ៣ ធ្នូ ២០១៣
បាតុករ​ក្រុមអាវលឿង​សម្រុក​ចូល​កាន់កាប់​វិមាន​រដ្ឋាភិបាល​ថៃ នៅថ្ងៃ​អង្គារ ទី ៣ ធ្នូ ២០១៣ ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​ដែល​បាតុករ​ដណ្តើម​ចូល​កាន់កាប់​​វិមាន​រដ្ឋាភិបាល លោកស្រី​ នាយក​រដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត​បាន​ធ្វើ​ដំណើរ​ទៅ​ហួហិន ​រួចហើយ ដើម្បី​ត្រៀម​រៀប​ចំ​ប្រារព្ធ​ខួប​ចម្រើន​ព្រះជន្ម​របស់​ព្រះមហាក្សត្រថៃ។ គឺ​លោកស្រី​​ ​យីងឡាក់ ដែល​បាន​បញ្ជា​ឲ្យ​ប៉ូលិស​បើក​ផ្លូវ​ឲ្យ​បាតុករ​អាច​សម្រុក​ចូល​ក្នុង​វិមាន​រដ្ឋាភិបាល និង​ទីស្នាក់ការ​ប៉ូលិស។ ហេតុផល​របស់​លោកស្រី គឺ​ដើម្បី​ជៀសវាង​ការប្រឈមមុខ​ហិង្សា​ជាមួយ​បាតុករ គឺ​ជៀសវាង​ស្នាម​ដំបៅចាស់ ដែល​ថៃ​បាន​ជួប កាលពី​ឆ្នាំ ២០១០ ដែល​កាលណោះ រដ្ឋាភិបាល​របស់​លោកអាភីស៊ីត​​បាន​ប្រើកម្លាំង​យោធា និង​ប៉ូលិស​ដើម្បី​បង្រ្កាប​បាតុករ ក្រុមអាវក្រហម រហូត​​ធ្វើ​ឲ្យ​មាន​អ្នកស្លាប់ ៩០​នាក់ និង​របួស​រាប់ពាន់​នាក់ផ្សេងទៀត។ លោកស្រី​យីងឡាក់​ចង់​បង្ហាញថា លោកស្រី​ធ្វើ​​​នយោបាយ​ស្រទន់ ​ជាង​ក្រុមបក្ស​ប្រឆាំង ដែល​នៅពេល​កាន់អំណាច​បាន​ប្រើ​កម្លាំង​ប៉ូលិស​បង្រ្កាប​លើ​បាតុករ។

 
មួយវិញទៀត ព្រឹត្តិការណ៍​ចូល​ដណ្តើម​កាន់កាប់​វិមាន​រដ្ឋាភិបាល គឺ​មាន​ដូច​កាលពី​៥​ឆ្នាំមុន នៅពេល​ក្រុមអាវលឿង បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ប្អូនថ្លៃ​របស់​លោក​ថាក់ស៊ីន។ នៅឆ្នាំ ២០០៨ ក្រុមអាវលឿង​បាន​ចូលកាន់កាប់​វិមាន​រដ្ឋាភិបាល ដល់​ទៅ​បីខែ។ រដ្ឋាភិបាល​នៅសម័យនោះ បាន​សុខចិត្ត​ប្តូរ​ទីតាំង ទៅ​នៅ​ព្រលាន​យន្តហោះ ដនមឿង (ក្នុងស្រុក) ប៉ុន្តែ នៅទីបំផុត ក្រុមបាតុករ​បានលើកគ្នា បន្ត​ទៅ​អុកឡុក និង​កាន់កាប់​ព្រលាន​យន្តហោះ សុវណ្ណភូមិ និង​ដនមឿង។ ការប្រឈមមុខ​យ៉ាងហិង្សា រវាង​ក្រុមអាវលឿង និង​អាវក្រហម ដែល​គាំទ្រ​រដ្ឋាភិបាល នៅ​ទីបំផុត បាន​ទាក់ទាញ​ឲ្យ​យោធា លូកដៃ រហូត​ដល់​សម្រេច​ធ្វើ​ឲ្យ​​រដ្ឋាភិបាល​ស្និទ​នឹង​លោក​ថាក់ស៊ីន​ត្រូវ​ដួលរំលំ។
 

ក្រុមបាតុករ​ត្រូវ​បាន​ទទួល​ស្វាគម​ដោយ​ប៉ូលិស ដែល​បើក​ទ្វារ​វិមាន​រដ្ឋាភិបាល​ដល់​បាតុករ
ក្រុមបាតុករ​ត្រូវ​បាន​ទទួល​ស្វាគម​ដោយ​ប៉ូលិស ដែល​បើក​ទ្វារ​វិមាន​រដ្ឋាភិបាល​ដល់​បាតុករ REUTERS/Dylan Martinez

ក្រុមអាវលឿង ដែល​ស្និទ​នឹង​រាជវាំង ចង់​លេងស្នៀតបែបនេះទៀត ប៉ុន្តែ រហូតមកដល់​ពេលនេះ ទាហាន​នៅ​មិន​ទាន់​ចេញមុខ ​កាន់ជើង​ក្រុមអាវលឿង​នៅឡើយទេ ដោយ​គ្រាន់តែ​ចង់​ធ្វើ​ជាអន្តរការី ជួយ​ដោះស្រាយ​ភាគី​ជម្លោះប៉ុណ្ណោះ។ យោធាថៃ ដែល​តាមរយៈ​មេបញ្ជាការ​កងទ័ព​ជើង​គោក​ថៃ លោក ប្រាយុទ្ធ​ ចាន់អូចា​ បាន​បញ្ជាក់នៅថ្ងៃនេះ ទៅ​លោកស្រី យីងឡាក់ ថា កងទ័ព​នឹង​កោះប្រជុំ​បន្ទាន់ នៅក្រោយ​ពិធីបុណ្យចម្រើន​ព្រះជន្ម​របស់​ព្រះមហាក្សត្រ ដើម្បី​រកច្រកចេញ ឲ្យ​វិបត្តិ​នយោបាយ​ដែល​ប្រទេស​ថៃ​កំពុង​ជួប​នាពេលបច្ចុប្បន្ននេះ។

លោកស្រី​នាយករដ្ឋមន្រ្តី​ថៃ ក៏​សារភាព​ថា លោកស្រី​មើល​មិន​ឃើញ​ច្រកចេញ ណាមួយ ដែល​អនុវត្ត​ទៅតាម​​ច្បាប់​ធម្មនុញ្ញ​ថៃ បច្ចុប្បន្ន ផង និង​ដែល​អាច​បំពេញចិត្ត​រាល់​ប្រជាជន​ថៃ​គ្រប់គ្នា​ផងនោះ​ទេ។ កាលពី​ថ្ងៃ​ម្សិលមិញ លោកស្រី នាយករដ្ឋមន្រ្តី​បាន​ប្រកាស​ថា លោកស្រី​នឹង​អាច​លាលែង​ពីតំណែង និង​រំលាយ​សភា ប្រសិន​បើ​ធ្វើ​ដូច្នេះ នឹង​ធ្វើឲ្យ​​សង្គមថៃ​បាន​ជួប​សន្តិភាព។

  ►សូមអាន៖​ ថៃ៖ កិច្ចចរចា​ទទួល​បរាជ័យ អំពើហិង្សា​កំពុង​បន្ត​យ៉ាង​ក្តៅគគុក

លោក​ស៊ូថេប ប្រមុខ​ដឹកនាំ​ក្រុម​ប្រឆាំង​នៅ​វិមាន​រដ្ឋាភិបាល
លោក​ស៊ូថេប ប្រមុខ​ដឹកនាំ​ក្រុម​ប្រឆាំង​នៅ​វិមាន​រដ្ឋាភិបាល REUTERS/Stringer

 
នៅក្រោម​ការចរចា​ជាមួយ​ប្រមុខរដ្ឋាភិបាល លោក​ស៊ូថេប ថងស៊ូបាន មេដឹកនាំ​ក្រុមប្រឆាំង ដែល​ពេលនេះ កំពុង​ប្រឈមនឹង​ដីកា​ចាប់​ខ្លួន​ជា​លើកទីពីរ​ពី​តុលាការ​ក៏​អះអាង​ដែរ​ថា ការលាលែង​ពីអំណាច របស់​លោកស្រី​យីងឡាក់ និង​ការរំលាយ​សភា មិន​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​បាតុកម្ម​លើក​នេះទេ។  អ្វី​ដែល​លោកស៊ូថេប​ចង់​បាន គឺ​ការ​បង្កើត​ក្រុមប្រឹក្សាប្រជាជន​មួយ​ដើម្បី​ធ្វើ​ការ​កែទម្រង់​ ប្រព័ន្ធនយោបាយ​ថៃ​ឲ្យ​បាន​ស៊ីជម្រៅ។ លោក​ស៊ូថេប មិន​បាន​បញ្ជាក់​ឲ្យ​ស៊ីលម្អិត​ពី​កំណែទម្រង់នយោបាយ​យ៉ាងម៉េចទេ ប៉ុន្តែ គ្រាន់តែ នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ លោក​ស៊ូថេប​បាន​ទន្ទេញ​ ចង់​ឲ្យ​ទំហំ​ព្រំដែន​នៃ​ការបោះឆ្នោត​រួមតូច នៅក្នុង​​នយោបាយ​ថៃ។ ផ្ទុយទៅវិញ អំណាច​ដើម្បី​កំណត់​នយោបាយ​ថៃ​ត្រូវ​ប្រគល់​ទៅ​ឲ្យ​រាជបល្ល័ង្ក។ តាមស្តាប់​សំដី​របស់​លោក​ស៊ូថេប គឺ​មិន​ខុសអី ពីការត្រលប់​ទៅ​ប្រគល់​អំណាច​ឲ្យ​រាជវាំងឡើងវិញ និង​ដកហូត​​អំណាច​ចេញប្រជាជន ដែល​បាន​ចេះ​ប្រើ​​សិទ្ធិដើម្បី​បោះឆ្នោត​​ជ្រើសរើស​​គ្រួសារ​របស់​លោក​ថាក់ស៊ីន​ឲ្យ​ដឹកនាំ​ប្រទេសថៃ។

លោកស្រី​យីងឡាក់វិញ បាន​បដិសេធ​មិន​ទទួល​យក​គំនិត​របស់​មេក្រុមប្រឆាំង។ សម្រាប់​លោកស្រី គឺ​វា​ខុស​នឹង​ច្បាប់រដ្ឋ​ធម្មនុញ្ញ។ នៅថ្ងៃនេះ ប្រមុខ​រដ្ឋាភិបាល​ថៃ​ទើប​បាន​បញ្ជាក់ដែរថា លោកស្រី​បាន​ចាត់តាំង​រដ្ឋមន្រ្តី​ពីរូប ដើម្បី​បង្កើត​វេទិការ​ប្រជាជន ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ដែល​នៅក្នុង​នោះ នឹង​មាន​ការចូល​រួម​ពី​បញ្ញវន្ត អ្នកជំនាញច្បាប់ ផងដែរ។ ទិសដៅ គឺ​រក​គន្លឹះ វិធីសាស្រ្ត​ណាមួយ ដើម្បីជៀសវាង​កុំ​​ឲ្យ​ប្រទេស​ថៃ ជួប​វិបត្តិ​នយោបាយ ទៅថ្ងៃ​មុខទៀត និង​រក្សា​នយោបាយ​ថៃ​ក្នុង​ផ្លូវដើរ​លទ្ធិប្រជាធិបតេយ្យ។
ប្រជាធិបតេយ្យ​ថៃ​កំពុង​រងគ្រោះថ្នាក់

លោកស្រី​នាយករដ្ឋមន្រ្តី​ថៃ ​ដែល​យល់​ឃើញថា ខ្លួន​កំពុង​តែ​ឯកោ នៅក្នុង​វិបត្តិ​លើកនេះ កំពុង​ចាត់តាំង​រដ្ឋមន្រ្តី​ការបរទេស​របស់ខ្លួន ឲ្យ​ពន្យល់​ពី​ស្ថានភាព​គ្រោះថ្នាក់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ក្នុង​ប្រទេស​ថៃ។ កាលពីថ្ងៃ​ចន្ទ លោក​ស៊ូរ៉ាពង្ស ដែល​ជា​ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការបរទេស​បាន​និយាយ​ប្រាប់​ទៅ​អ្នកតំណាង​ទូត និង​អង្គការ​សង្គមស៊ីវិល ដោយ​សង្ឃឹម​ថា វិបត្តិ​នយោបាយ​មាន​លក្ខណៈ​ផ្ទៃក្នុង​ថៃ​ពិតមែន ប៉ុន្តែ រដ្ឋាភិបាល​ថៃ​ត្រូវ​ការ​ការគំាទ្រ​ពី​សហគមន៍​អន្តរជាតិ ព្រោះថា គណបក្ស​ភឿថៃ ដែល​ឈ្នះឆ្នោត និង​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន កំពុង​ជួប​នឹង​ជោគវាសនា​អាក្រក់ ដូច​រដ្ឋាភិបាល​មុនៗ ដែល​ស្និទ​នឹង​លោកថាក់ស៊ីន និង​ដែល​ចេញ​ពីការបោះឆ្នោត​របស់​ប្រជាជន។

សូមអាន៖​ ថៃ៖  លទ្ធិ​ប្រជាធិបតេយ្យថៃ​ត្រូវមួយ​ដំបងធ្ងន់​

ប្រជាធិបតេយ្យ​ថៃ​មិន​មែន​ទើប​តែ​ជួបរងគ្រោះថ្នាក់​នៅពេល​នេះទេ។ ចាប់តាំងពី​ឆ្នាំ ១៩៣២​មក ​ប្រទេស​នេះ​បាន​ជួប​រដ្ឋប្រហារ​ ឬ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្រ្តី​ចេញពីការបោះឆ្នោត ដល់​ទៅ ១៨​លើក។ រដ្ឋប្រហារ​ត្រូវ​គេ​ឃើញ​កាន់តែ​ញឹក​នៅក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយនេះ គឺនៅពេល​ដែល​បក្ស​ប្រជាធិបតេយ្យ​ដែល​មាន​និន្នាការ​​ទៅរក​ព្រះរាជវាំង​ និង​គាំទ្រ​ដោយ​ក្រុមអ្នកមាន យោធា មិន​ដែល​បាន​ជាប់ឆ្នោត ដើម្បី​ដឹកនាំ​ប្រទេស។ នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ តាម​រយៈ​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ ប្រជាជន​មក​ពី​ជនបទ និង​អ្នកក្រីក្រ ដែលមាន​ភាគច្រើន នៅក្នុង​ប្រទេស​ថៃ បាន​សំដែង​មតិ​របស់ខ្លួន​នៅក្នុង​ការបោះឆ្នោត ដើម្បី​ជ្រើសរើស​មេដឹកនាំ ជាពិសេស លោកថាក់ស៊ីន​ដែល​ពួកគេ​វាយតម្លៃថា បាន​យល់​ និង​យកចិត្ត​ទុកដាក់លើ​ជីវភាព​របស់​ពួកគេ។ គឺ​ខុស​ពី​មេដឹកនាំ​របស់​បក្ស​ប្រជាធិបតេយ្យ​ដែល​ប្រមូលផ្តុំ​តែ​ទៅលើ​អ្នកទីក្រុង អ្នកមាន។​

សង្គមថៃ បែកបាក់ ចំណែក​លទ្ធិប្រជាធិបតេយ្យ​ថៃ​ក៏​កំពុង​រងការគំរាមកំហែង នៅពេល​ដែល​មេក្រុមប្រឆាំង​ចង់​ប្រគល់​អំណាច​ទៅ​ឲ្យ​ព្រះរាជា ដោយ​ដកហូត​អំណាច​ចេញ​ពីរដ្ឋាភិបាល ដែល​ចេញមក​ពី​ការបោះឆ្នោត។ ប្រទេស​ថៃ ពេលនេះ កំពុង​ធ្លាក់​ចូល​ក្នុង​ជ្រោះ​វិបត្តិ​ដែល​មិន​ងាយ​នឹង​រកច្រកចេញ​មួយ​បាន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ