អានតួអត្ថបទ
ថៃ

ព្រះ​មហាក្សត្រ​​ថៃ​​ប្រកាស​​រំលាយ​​រដ្ឋសភា ​និង​​កំណត់​​ថ្ងៃ​​បោះ​ឆ្នោត​​ទី​២​កុម្ភៈ​

នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ ព្រះមហាក្សត្រ​ថៃ​បាន​ឡាយព្រះហស្ថលេខា​លើ​ព្រះរាជក្រឹត្យ​រំលាយ​រដ្ឋសភា ដែល​ស្នើ​ដោយ​លោកស្រី​នាយករដ្ឋមន្ត្រី យីង​ឡាក់ ស៊ីណា​វ៉ា​ត់​ហើយ។ ហើយ​ព្រះអង្គ​ក៏បាន​កំណត់​ថ្ងៃ បោះឆ្នោត​ថ្មី​នៅ​ថ្ងៃទី២កុម្ភៈ​មុខ​នេះ។ ប៉ុន្តែ នេះ​នៅតែ​មិនអាច​បញ្ជាក់​អំពី​ការបញ្ចប់​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​ឡើយ។ ក្រុម​គណបក្ស​ប្រឆាំង​បានប្រកាស​បន្តធ្វើ​សកម្មភាព​រហូត​ដល់​របប​ថាក់ស៊ីន លែងមាន​វត្តមាន​តែម្តង។

ព្រះមហាក្សត្រថៃ​ភូមីបុល( Bhumibol Adulyadej) អមដោយមហាក្សត្រីយានី Sirikit(រូបស្ថាំ)
ព្រះមហាក្សត្រថៃ​ភូមីបុល( Bhumibol Adulyadej) អមដោយមហាក្សត្រីយានី Sirikit(រូបស្ថាំ) REUTERS/Royal Household/
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​ថៃ​កាន់តែ​ធ្លាក់ចុះ​ជ្រៅឡើងៗ បើទោះជា​ព្រះមហាក្សត្រ​ថៃ​បានប្រកាស​រំលាយ​រដ្ឋសភា ហើយ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ថ្មី​នៅ​ថ្ងៃ​ទី​២កុម្ភៈ​ខាង​មុខ​នេះ​ក៏ដោយ។ ការប្រកាស​របស់​ព្រះមហាក្សត្រ​ថៃ មិនបាន​ធ្វើអោយ​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​បញ្ចប់​សកម្មភាព​នោះឡើយ។ មេដឹកនាំ​ការ​តវ៉ា លោក​ស៊ូ​ថេប ថង​ស៊ូ​បាន ដែលជា​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​អាប់​ភី​ស៊ីត​នោះ បាន​ប្រកាសថា ការ​តវ៉ា​របស់ខ្លួន​នឹងត្រូវ​បន្ត រហូតដល់​ប្រទេស​ថៃ​ គ្មាន​របប​លោក​ថាក់ស៊ីន​ទាំងស្រុង។

 
និយាយ​យ៉ាង​ដូច្នេះ គណបក្សប្រឆាំង​ក្នុងប្រទេស​ថៃ​ថ្លែងថា ពួកគេ​នៅតែ​ប្រឆាំង​ការបោះឆ្នោត​សកល​នៅពេល​ខាងមុខ​នោះ​ដដែល គ្រាន់តែ​ថា ពួកគេ​អនុញ្ញាត​អោយមាន​ការបោះ​ឆ្នោត​ថ្មី​ក្នុង​រយៈពេល​៦០ថ្ងៃ ទៅតាម​ច្បាប់​តែប៉ុណ្ណោះ ខណៈដែល​ប្រទេស​ថៃ​កំពុង​ជួប​វិបត្តិ​នយោបាយ។

គួរ​បញ្ជាក់ថា ខណៈដែល​ថ្នាក់ដឹកនាំ​គណបក្ស​ភឿ​ថៃ​របស់លោក​ស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​នៅតែ​មានជំនឿថា គណបក្ស​ដែល​គាំទ្រ​ដោយ​ប្រជាជន​អាវ​ក្រហម​នេះ នឹង​ឈ្នះ​នៅក្នុង​ការបោះឆ្នោត​ក្នុង​ខែកុម្ភៈ​ទៀត​នោះ មេដឹកនាំ​គណបក្សប្រឆាំង​បានទាមទារ​អោយ​លោកស្រី​យីង​ឡាក់ និង​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន​ចុះ​ចេញពី​តំណែង​ភ្លាម ហើយ​ក្រុម​គណបក្ស​ប្រឆាំងនឹង​បង្កើតអោយមាន​ក្រុមប្រឹក្សា​ប្រជាជន​មួយ ដើម្បី​ដឹកនាំ​ប្រទេស​នោះ។

លោក​ស៊ូ​ថេប​ដែល​កំពុង​ប្រឈម​នឹង​ដីកាចាប់ខ្លួន​ពីបទ​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ អោយនៅ​បន្ត​តវ៉ា​រយៈពេល៣ថ្ងៃ​ទៀត។ ជា​ឱសានវាទ​ថ្មី​មួយទៀត ដែល​គណបក្សប្រឆាំង បានដាក់​អោយ លោកស្រី​យី​ង​ឡាក់ និង​មន្ត្រី​របស់ខ្លួន​ចុះ​ចេញពី​ដំណែង​ក្នុងឋានៈ​ជា​រដ្ឋាភិបាលចាំផ្ទះ មុននឹង​មានការ​បោះឆ្នោត​ថ្មី​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ