អានតួអត្ថបទ
ថៃ

លោកស្រី​យីងឡាក់​ស្នើ​ឲ្យ​រៀបចំ​បោះឆ្នោត​មុន​កាលកំណត់ ចំណែក​តំណាងរាស្រ្ត​របស់​បក្សប្រឆំាង​លាចុះ​ពី​តំណែង

នៅ​ថ្ងៃ​ច័ន្ទ ទី៩ ធ្នូ​នេះ ក្រុមបាតុករ​អាវលឿង​កំពុង​ត្រៀមខ្លួន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ជា​ថ្មី​ក្នុង​គោលដៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់។ គម្រោង​ក្បួន​បាតុកម្ម​ជា​ថ្មី​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​តំណាងរាស្រ្ត​ទំាង​អស់​របស់​គណបក្ស​ប្រឆំាង​បាន​នំា​គ្នា​លា​ចុះ​ពី​តំណែង​កាល​ពី​ថ្ងៃ​អាទិត្យ ទី៨ ធ្នូ។ មួយ​វិញ​ទៀត និង​ដើម្បី​បិទបញ្ចប់​វិបត្តិ លោកស្រី​យីងឡាក់​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​មុន​កាលកំណត់​ដែល​នឹង​អាច​ធ្វើ​ឡើង​នៅ ២ខែ​ខាង​មុខ។ តែ​ក្រុមបាតុករ​បាន​ផ្តល់​ចម្លើយ​ថា ពួក​គេ​មិន​ពេញចិត្ត​នឹង​សំណើ​នោះ​ទេ។

លោកស្រី​នាយករដ្ឋមន្រ្តី​ថៃ​យីងឡាក់
លោកស្រី​នាយករដ្ឋមន្រ្តី​ថៃ​យីងឡាក់
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ចន្ទ ទី៩ ធ្នូ​នេះ ត្រូវ​បាន​មេដឹកនំា​បាតុករ លោក​ស៊ូថេប​ចាត់​ទុក​ជា​ថ្ងៃ​ផ្តាច់ព្រ័ត្រ​ក្នុង​ការ​រំលំ​រដ្ឋាភិបាល​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់។ ទន្ទឹម​គ្នា​នោះ ក្រុមបាតុករ​ក៏​បាន​ប្តេជ្ញាចិត្ត​រួច​ហើយ​ថា ក្រៅ​ពី​ការ​ផ្តួលរំលំ​លោកស្រី​យីងឡាក់ ពួក​គេ​មាន​បំណង​ចង់​កំចាត់​ឲ្យ​ដល់​ឫសគល់​តែ​ម្តង​នូវ​ប្រព័ន្ធ​នយោបាយ​លោក​ថាក់ស៊ីន។ លោក​ថាក់ស៊ីន​ដែល​ជា​បង​ប្រុស​របស់​លោកស្រី​យីងឡាក់ និង​ជា​នាយករដ្ឋមន្រ្តី​ធ្លាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នំា ២០០៦។ ទោះ​បី​ជា​លោក​ថាក់ស៊ីន​កំពុង​ភៀសខ្លួន​រស់នៅ​បរទេស​ក៏​ដោយ ក៏​ក្រុមបាតុករ​អាវ​លឿង​នៅ​តែ​មាន​អារម្មណ៍​ថា ស្រមោល​របស់​លោក​ថាក់ស៊ីន​នៅ​តែ​បន្ត​វិលវល់​ក្នុង​នយោបាយ​ថៃ​ជានិច្ច។

គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​នឹង​មាន​បាតុករ​ប៉ុន្មាន​នាក់​ចូលរួម និង​ថា តើ​អ្វី​ទៅ ជា​យុទ្ធសាស្រ្ត​ថ្មី​របស់​ពួក​គេ​នៅ​ក្នុង​ក្បួន​បាតុកម្ម​ថ្ងៃ​នេះ​នោះ។ អ្វី​ដែល​គេ​ដឹង​នោះ​គឺ​ថា គម្រោង​បាតុកម្ម​ថ្ងៃ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង បន្ទាប់​ពី​តំណាងរាស្រ្ត​ចំនួន ១៥៣នាក់​របស់​គណបក្សប្រឆំាង គឺ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាស​លាលែង​ពីមុខ​តំណែង​កាល​ពី​ថ្ងៃ​អាទិត្យ ទី៨ ធ្នូ។ ការ​ប្រកាស​លាលែង​ពី​តំណែង​តំណាងរាស្រ្ត​របស់​បក្សប្រឆំាង​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្រោយ​ការ​ប្រកាស​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​ដែល​បាន​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា​មុន​កាលកំណត់។

ថ្លែង​ទៅ​កាន់​ប្រជារាស្រ្ត​តាម​កញ្ចក់​ទូរទស្សន៍ លោកស្រី​យីងឡាក់​បាន​បញ្ជាក់​ថា ប្រសិន​បើ​ក្រុមគណបក្សប្រឆំាង​យល់ព្រម​គោរព​តាម​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ នោះ​រដ្ឋាភិបាល​យល់​ព្រម​នឹង​រំលាយ​សភា ប្រសិន​បើ​មតិភាគច្រើន​យល់ព្រម និង​ថា ការ​បោះឆ្នោត​អាច​នឹង​រៀបចំ​ឡើង​នៅ ៦០ថ្ងៃ​ខាងមុខ។ ទន្ទឹម​គ្នា​នេះ លោកស្រី​យីងឡាក់​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​មួយ​ទៀត ដោយ​មិន​បាន​បញ្ជាក់​លំអិត​ពី​ប្រធានបទ​ច្បាស់លាស់​ទេ។

យ៉ាង​ណា​ក៏​ដោយ ក្រុមបាតុករ​បាន​ផ្តល់​ចម្លើយ​តប​វិញ​ថា ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​សំណើ​របស់​លោកស្រី​យីងឡាក់​ទេ។ តែ​លោក​អាប់ភីស៊ីត ប្រធាន​គណបក្សប្រជាធិបតេយ្យ​ដែល​ជា​បក្សប្រឆំាង​សំខាន់​ជាង​គេ​បាន​បង្ហើប​ឲ្យ​ដឹង​ថា គណបក្ស​របស់​លោក​អាច​នឹង​ចូល​រួម​បោះឆ្នោត​តាម​សំណើ​របស់​លោកស្រី​យីងឡាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ