អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិនយោបាយ​ថៃ​មិន​ធូរស្រាល​ទោះបី​លោកស្រី​យីងឡាក់​រំលាយសភា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ចន្ទ​នេះ លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ បាន​ប្រកាស​​រំលាយ​សភា ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ។ ក៏ប៉ុន្តែ ក្រុមប្រឆាំង​នៅតែ​មិនសុខចិត្ត ហើយ​នៅតែ​នាំគ្នា​បន្ត​ចេញ​ធ្វើ​បាតុកម្ម​ ប្រឆាំង​​ទៅនឹង​អ្វីដែល​គេ​ហៅ​ថា​ជា “របបថាក់ស៊ីន”។

ក្រុមប្រឆាំង​នៅ​តែ​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម ឡោមព័ទ្ធ​វិមាន​រដ្ឋាភិបាល​ ទោះបី​ជា​លោកស្រី​យីងឡាក់​ប្រកាស​លាឈប់​ពីមុខតំណែង នៅថ្ងៃ​ចន្ទ ៩ធ្នូ ២០១៣
ក្រុមប្រឆាំង​នៅ​តែ​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម ឡោមព័ទ្ធ​វិមាន​រដ្ឋាភិបាល​ ទោះបី​ជា​លោកស្រី​យីងឡាក់​ប្រកាស​លាឈប់​ពីមុខតំណែង នៅថ្ងៃ​ចន្ទ ៩ធ្នូ ២០១៣ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

ការប្រកាសរបស់​លោកស្រី​យីងឡាក់​ថា​នឹង​រំលាយ​សភា ហើយ​រៀបចំ​ការ​បោះឆ្នោត​មុនកាលកំណត់ ទំនង​ជា​មិន​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅពេលនេះ​បានទេ។ មេដឹកនាំ​ក្រុម​ប្រឆាំង​បាន​ប្រកាស​ថា បើទោះបី​ជា​លោកស្រី​យីងឡាក់​រំលាយ​សភា​ក៏ដោយ ក៏​គេ​មិន​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ដែរ។ ​​ជាក់ស្តែង គិតត្រឹម​រសៀល​ថ្ងៃ​ចន្ទ ​មាន​ក្រុមប្រឆាំង​ប្រមាណ​ជា ១៤ម៉ឺននាក់ បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម នៅ​ក្នុង​ទីក្រុង​បាងកក។

តាមពិតទៅ ​ក្រុម​ប្រឆាំងមិនមែន​ត្រឹមតែ​ចង់​​ឲ្យ​លោកស្រី​យីងឡាក់លាឈប់​ពី​តំណែង​ជា​នាយករដ្ឋមន្រ្តី​នោះទេ ក៏ប៉ុន្តែ ចង់​ឲ្យ​លោកស្រី ព្រមទាំង​ត្រកូល​ស៊ីណាវ៉ាត់​ទាំងអស់ ចាកចេញ​ពី​ឆាក​នយោបាយ​ទាំងស្រុង។ មាន​អ្នកខ្លះ​រហូត​ទាមទារ​ឲ្យ​ត្រកូល​ស៊ីណាវ៉ាត់​និរទេស​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ​ថែមទៀតផង។

សូមអាន៖ ព្រះមហាក្សត្រ​ថៃ​អំពាវនាវ​ឲ្យ​មាន​ឯកភាពផ្ទៃក្នុង​ដើម្បី​ស្ថិរភាព​ប្រទេស

លោកស៊ូទេព ដែល​ជា​អតីត​ឧបនាយករដ្ឋមន្រ្តី ក្នុងរដ្ឋាភិបាល​គាំទ្រ​ដោយ​កងទ័ព ហើយ​បច្ចុប្បន្ន​​ជា​​មេដឹកនាំ​បាតុករ​ប្រឆាំង​ បានប្រកាស​ថា ការ​រំលាយសភា ហើយ​រៀបចំ​បោះឆ្នោត​ឡើងវិញ មិនមែន​ជា​គោលដៅ​ចុងក្រោយ​របស់​ក្រុម​ប្រឆាំង​ទេ។ គោលដៅ​របស់​ក្រុម​ប្រឆាំង គឺ​ចង់​គាស់រំលើង​ឫសគល់​របបនយោបាយ​របស់​លោក​ថាក់ស៊ីន។

ការប្រកាស​រំលាយសភា​ដោយ​លោកស្រី​យីងឡាក់ មានន័យថា ការបោះឆ្នោត​ថ្មី​នឹ​ងត្រូវ​រៀបចំ​ធ្វើ ក្នុងរយៈពេល ២ខែ​ខាងមុខ។ បើ​តាម​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថៃ ការ​បោះឆ្នោត​នេះ​នឹង​ត្រូវ​ធ្វើ នៅថ្ងៃ​ទី២ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

​មេដឹកនាំ​គណបក្ស​ភឿថៃ​បាន​ឲ្យដឹង​ថា លោកស្រី​យីងឡាក់​នឹង​ឈរឈ្មោះ​ជា​បេក្ខនារី​នាយករដ្ឋមន្រ្តី​សាជាថ្មី​ទៀត នៅ​ក្នុងការ​បោះឆ្នោត​នេះ។

គួរបញ្ជាក់ថា នៅ​ក្នុងការ​បោះឆ្នោត កាល​ពី​ឆ្នាំ​២០១១​កន្លងទៅនេះ គណបក្ស​ភឿថៃ​របស់​លោកស្រី​យីងឡាក់ បាន​ទទួល​ជ័យជម្នះ ក្នុង​សំឡេង​ដ៏ច្រើន​លើសលុប (២៦៥​អាសនៈ ទល់​នឹង ១៥៩​អាសនៈ​របស់​គណបក្ស​ប្រជាធិបតេយ្យ)។ បច្ចុប្បន្ន​នេះ ចលនា​គាំទ្រ​គណបក្ស​ភឿថៃ​នៅតែ​មាន​សន្ទុះ​ខ្លាំង​ក្លាដដែល។ គណបក្ស​ប្រជាធិបតេយ្យ​វិញ​ ដែល​ជា​បក្ស​ប្រឆាំង ហើយ​ដែល​មិន​ធ្លាប់​ទទួលជ័យជម្នះ​ម្តងសោះ ក្នុងការ​បោះឆ្នោត​តំណាងរាស្រ្ត​ថៃ ចាប់តាំង​ពី​ឆ្នាំ​១៩៩២​មក​ មិនទាន់​ប្រាកដ​ថា នឹង​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ខាងមុខ​នេះ​ដែរ​ឬ​ក៏អត់នោះទេ។

សូមអាន៖ តើ​វិបត្តិ​នយោបាយ​ថៃ​អាច​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​កម្ពុជា​ដែរ​ទេ?

ក្រុមប្រឆាំង​ដឹង​ស្រេច​ជា​​មុនថា បើ​សិន​ជា​ធ្វើការ​បោះឆ្នោត​សាជាថ្មី គណបក្ស​ភឿថៃ​ប្រាកដ​ជា​ឈ្នះ​ឆ្នោត​​ម្តងទៀត ​លោកស្រី​យីងឡាក់​នឹង​ត្រឡប់​មក​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ម្តងទៀត ហើយ​អ្វីៗ​នឹង​ត្រឡប់​មក​រក​ស្ថានភាព​ដើមវិញ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ប្រកាស​ថា​នឹង​នៅតែ​បន្ត​ធ្វើ​បាតុកម្ម​តទៅទៀត ដោយ​ទាមទារ​ឲ្យ​មាន​ការជ្រើសរើស​មេដឹកនាំ​ប្រទេស​ ដោយ​មិន​ឆ្លងកាត់​ការ​បោះឆ្នោត ពោលគឺ ត្រូវ​ប្រគល់​អំណាច​រដ្ឋ​ទៅ​ឲ្យ​ស្ថាប័ន​ថ្មីមួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ក្រុមប្រឹក្សា​ប្រជាជន” ក៏ប៉ុន្តែ មិនបាន​បញ្ជាក់​លម្អិត​ថា តើ​សមាជិក​ “ក្រុមប្រឹក្សា​ប្រជាជន” នេះ មាន​ប្រភព​មក​ពី​ណា? ហើយ​តើ​ត្រូវ​ជ្រើសរើស​ឡើង​ដោយ​របៀបណា?

គណបក្ស​ភឿថៃ​របស់​លោកស្រី​យីងឡាក់​បាន​ប្រកាស​បដិសេធ​រួចទៅហើយ ចំពោះ​សំណើ​នេះ ដោយ​លើកឡើង​ថា វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ហើយ​មិនស្រប​នឹង​គោលការណ៍​ប្រជាធិបតេយ្យ។

បើទោះជា​គេ​សុខចិត្ត​បង្កើត​ “ក្រុមប្រឹក្សា​ប្រជាជន” ឲ្យ​ដឹកនាំ​ប្រទេស​ទៅ តាម​ការ​ទាមទារ​របស់​ពួកអាវលឿង​មែន ក៏​គេ​មិនរំពឹង​​នឹងអាច​បញ្ចប់​វិបត្តិ​នយោបាយ​ថៃ​នៅពេលនេះ​បានដែរ។ ពួកអាវលឿង​សប្បាយចិត្ត ដោយ​សារ​បាន​សម្រេច​តាម​បំណង ក៏ប៉ុន្តែ គឺ​ក្រុម​អាវក្រហម​វិញ​ម្តង ដែល​នឹង​ចេញ​មក​តវ៉ា​ប្រឆាំង ភាព​វឹកវរ​នយោបាយ និង​សង្គម អាច​នឹង​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ពីព្រោះ​ថា ម្យ៉ាង ក្រុម​អាវក្រហម​មាន​ចំនួន​ច្រើន​ជាង ដូច្នេះ អាច​បង្ក​ចលនា​ប្រឆាំង​បាន​ធំជាង។ ម្យ៉ាងទៀត ក្រុម​អាវក្រហម​អាច​នឹង​មាន​អារម្មណ៍​​ថា ពួកគេ​ជា​ក្រុម​អ្នក​មាន​សំឡេង​ភាគច្រើន ប៉ុន្តែ រដ្ឋាភិបាល​ដែល​ពួកគេ​ជ្រើសរើស​ឡើង តាម​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ បែរ​ជា​ត្រូវ​គេ​ទម្លាក់ ហើយ​អំណាច​បែរ​ជា​ត្រូវធ្លាក់​ក្នុង​ដៃ​ក្រុម​សំឡេង​ភាគតិច​ទៅវិញ ដូច្នេះ វា​អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​កំហឹង ហើយ​បង្ក​ជា​​អំពើ​ហិង្សា ឬ​ក៏​អាច​ឈាន​ទៅដល់​​ការ​បង្កើត​ជា​ចលនា​បដិវត្តន៍​ក៏​អាច​ថាបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ