អានតួអត្ថបទ
ថៃ

ប្រទេ​ស​ថៃ​នឹង​រៀបចំ​ការបោះឆ្នោត​ម្តង​ទៀត

គណៈកម្មធិការ​រៀបចំ​ការបោះឆ្នោត​ថៃ បាន​ប្រកាស​កាលពីថ្ងៃ​អង្គារ​ទី ១១​កុម្ភៈ ថា ប្រទេស​ថៃ​នឹង​រៀបចំ​ការបោះឆ្នោត​មួយទៀត នៅ​មណ្ឌល​​បោះឆ្នោត​ណា ដែល​មិន​បាន​បើកទ្វារ កាល​ពីអំឡុង​បោះឆ្នោត នៅ​ថ្ងៃ​ទី ២ កុម្ភៈ​កន្លងទៅ។ យោងតាម​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ការបោះឆ្នោត​លើកទីពីរ នឹង​ធ្វើឡើង នៅថ្ងៃ​ទី ២៧​មេសា​ខាងមុខ។

ការបោះឆ្នោត​សកល​នៅថៃ កាលពី​ថ្ងៃ​ទី ២​កុម្ភៈ​ត្រូវ​ទទួល​ការរំខាន​យ៉ាងខ្លាំង​ពី​ក្រុមប្រឆាំង
ការបោះឆ្នោត​សកល​នៅថៃ កាលពី​ថ្ងៃ​ទី ២​កុម្ភៈ​ត្រូវ​ទទួល​ការរំខាន​យ៉ាងខ្លាំង​ពី​ក្រុមប្រឆាំង REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​រៀបចំការបោះឆ្នោត​បាន​ប្រកាស​ជាផ្លូវការ កំណត់​យក​ថ្ងៃ​ទី ២៧​មេសា​ខាងមុខ​ដើម្បី​រៀបចំ​ការបោះឆ្នោត នៅ​មណ្ឌល​បោះឆ្នោត​ណា ដែល​បាន​ទទួល​ការរំខាន​ពី​ក្រុមប្រឆាំង និង​ត្រូវ​បិទ​ទ្វារ​កាលពី​ថ្ងៃ​ទី ២​កុម្ភៈ​កន្លងទៅ។ ដោយសារ​ចលនា​រំខាន​ពី​ក្រុម​ប្រឆាំង​រដ្ឋាភិបាល ប្រជាជន​ថៃ រាប់លាន​នាក់​មិន​អាច​ចូល​ទៅ​បោះឆ្នោត។ ការិយាល័យ​បោះឆ្នោត​ប្រមាណ​១០​ភាគរយ​ត្រូវបាន​​បិទទ្វារ កាលពីថ្ងៃ​អាទិត្យ ដើម​ខែ​កុម្ភៈនេះ។

 
មួយវិញទៀត គណៈកម្មាធិការ​បោះឆ្នោត​មិន​ទាន់​សម្រេច​ចិត្ត​យ៉ាងណា​នៅហើយ​ចំពោះ​មណ្ឌល​បោះឆ្នោត​ជាង ២៨ ដែល​គ្មាន​បេក្ខជន​ឈរឈ្មោះ ដោយសារ​តែ​ការរារាំង​របស់​​ក្រុមប្រឆាំង​មិន​ឲ្យ​បេក្ខជន​ចុះឈ្មោះ។

ប៉ុន្តែ សម្រាប់​សមាជិក​ម្នាក់​របស់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត គឺ​លោក​ស៊ុមឆៃ ស្រីសុធិយ៉ាកន រដ្ឋាភិបាល​ថៃ​ត្រូវ​ពលីចោល​ការបោះឆ្នោត​កន្លងមក និង​ត្រូវ​រៀបចំ​ការបោះឆ្នោត​ថ្មី​ស្រឡាង​មួយ​ទៀត ដើម្បី​អាច​ចាកចេញ​ពី​ភាពច្របូកច្របល់​បច្ចុប្បន្ននេះ។ តាម​លោក​ស៊ុមឆៃ ប្រសិន​បើ​ស្ថានភាព​នៃការប្រឆាំង​មិន​ប្រែប្រួល​ទេ គេមិន​អាច​រៀបចំ​ការបោះឆ្នោត​ថ្មី បាន​ដោយ​ជោគជ័យទេ ហើយ​គេ​នៅតែ​មិន​អាច​ប្រមូល​សំឡេង​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បំពេញ​សភា​ឲ្យ​បាន​៩៥ភាគរយ ដើម្បី​បោះឆ្នោត​ជ្រើសតាំង​រដ្ឋាភិបាល។ តាម​រដ្ឋធម្មនុញ្ញ​ថៃ ការបោះឆ្នោត​ទាំងអស់ ត្រូវ​ធ្វើ​នៅថ្ងៃតែមួយ ដូច្នេះ ការបោះឆ្នោត ថ្មី ដោយ​កន្លែង នៅ​តាម​មណ្ឌល ​ដែល​មាន​បញ្ហា គឺ​ជា​រឿង​ខុសច្បាប់។ លោកស៊ុមឆៃ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​បោះឆ្នោត​សកល​ថ្មី ដែល​នឹង​ត្រូវ​មាន​ការយល់ព្រម​ផងដែរ ពីព្រះមហាក្សត្រ។

រដ្ឋាភិបាល​របស់លោកស្រី យីងឡាក់​វិញ បាន​ធ្វើការ​បកស្រាយ​ផ្ទុយពីនោះ ដោយសំណូម​សុំ​ឲ្យ​មាន​ការបោះឆ្នោត តែ​នៅ​មណ្ឌល​ណា ដែល​មាន​ជួប​បញ្ហា ប៉ុន្តែ មិនមែន​ការបោះឆ្នោត សកល នៅទូទាំង​ប្រទេស​ទេ។ តាម​សមាជិក​របស់​គណៈកម្មាធិការ​រៀបចំការបោះឆ្នោត​ខាងលើ សេណារីយ៉ូ​របស់​រដ្ឋាភិបាល​រឹតតែ​មិន​អាច​ចេញ​បាន ដោយសារ​តែ​បក្ស​ប្រឆាំង​នៅតែ​ជំទាស់​នឹង​ការបោះឆ្នោត និង​ចង់​ឲ្យ​ប្រទេស​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​ប្រជាជន មួយ​ដែល​មិនមែន​ចេញមក​ពី​ការបោះឆ្នោត។ ក្រុមនេះ ដែលចេញ​មក ពី​ក្រុមបញ្ញាវន្ត និង​អ្នកទីក្រុង ​បាន​ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី​ចុះចេញ​ពីតំណែង។ ក្រុមប្រឆំាង​ចង់​រំលាយ​អំណាច​ក្រុមគ្រួសារ​បក្សពួកនិយម​របស់​គ្រួសារ​លោក​ថាក់ស៊ីន ដែល​តាមពិត​ទទួល​បាន​ការគំាទ្រ​ខ្លាំង​ពី​ប្រជាជននៅតាមជនបទ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ