អានតួអត្ថបទ
ចិន

ប៉ូលិសចិន​ប្រាប់ថា​ បាន​​សម្លាប់​ភេរវជន​ច្រើននាក់​ នៅ​តំបន់​ស៊ីនជាំង​

នៅ​​តំបន់​ស៊ីនជាំង ភាគខាងលិច​ប្រទេស​ចិន ថ្ងៃ​សុក្រនេះ មាន​​មនុស្ស​១៥នាក់ ត្រូវ​បាន​ស្លាប់​ក្នុង​ប៉ះទង្គិច​ជាមួយ​​​ប៉ូលិស​។ អាជ្ញាធរ​ចិន​ប្រាប់ថា ប៉ូលិស​ចិន​​បាន​សម្លាប់​ភេរវជន​៨នាក់ ហើយ​ភេរវជន៣នាក់ទៀត បាន​ស្លាប់​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​ដែល​ពួកគេ​ពាក់ជាប់​ខ្លួន។ ប៉ូលិស​២នាក់ និង​អ្នកដំណើរ​២នាក់ ក៏​បានស្លាប់​​ក្នុង​​​ការបំផ្ទុះ​នេះដែរ។

ប៉ូលិស​ចិន​បង្កើន​ការត្រួតពិនិត្យ​​នៅអ៊ួរុំគី ខេត្ត​ស៊ីនជាំង ខែ​វិច្ឆិកា​ ឆ្នាំ២០១៣។
ប៉ូលិស​ចិន​បង្កើន​ការត្រួតពិនិត្យ​​នៅអ៊ួរុំគី ខេត្ត​ស៊ីនជាំង ខែ​វិច្ឆិកា​ ឆ្នាំ២០១៣។ REUTERS/Rooney Chen
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ចិនថ្មី នៅថ្ងៃ​សុក្រនេះ នៅតំបន់ស៊ីនជាំង ភាគ​ខាងលិ​ច​​ប្រទេស​ចិន ភេរវជន​ជាច្រើន​នាក់​​បាន​ជិះម៉ូតូ និង​រថយន្ត​ច្រើនគ្រឿង មក​វាយប្រហារ​ក្រុម​ប៉ូលិស​ នៅពីមុខ​ឧទ្យាន​មួយកន្លែង ក្នុង​ក្រុង​អាក់ស៊ូ ភាគខាងលិច។ ​នៅ​ទីនោះ ប៉ូលិស​ចិន​កំពុង​តែ​ប្រមូល​ផ្តុំ​គ្នា​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សន្តិសុខ​ប្រចាំថ្ងៃ។ ​ភេរវជន​ទាំងនោះ​​ បាន​ដាក់​ក្រឡ​​​​ឧស្ម័ន​រាវ​ជាច្រើន នៅ​ក្នុង​រថយន្តមួយគ្រឿង​​។ ពួកគេ​ចង់​ប្រើរថយន្ត​នោះ​​​ធ្វើ​អំពើ​ភេរវកម្ម​​​តែម្តង។

ខេត្តស៊ីនជាំង​ ភាគខាងលិច​ចិន ជា​តំបន់​សំបូរ​ដោយ​ជនជាតិ​ភាគតិចអ៊ុយហ្គួរ​ កាន់សាសនា​អ៊ីស្លាម​រស់នៅ។ ជនជាតិ​អ៊ុយហ្គួរតែងធ្វើការ​តវ៉ា ប្រឆាំង​នយោបាយ​រដ្ឋាភិបាល​ចិន។ ពួកគេ​ចោទ​រដ្ឋអំណាច​ចិន​ថា​ បាន​គាបសង្កត់​វប្បធម៌ ប្រពៃណី​ និង​សាសនា​របស់​ពួកគេ។ អាជ្ញាធរ​ចិន​វិញ តែង​ចោទសកម្មជន​ជនជាតិ​អ៊ុយហ្គួរ​ថា ជាភេរវជន​បង្ក​ហិង្សា​​​នៅតំបន់​ស៊ីនជាំង។

​​​អង្គការ​ការពារ​ជនជាតិ​អ៊ុយហ្គួរ​មួយ ​ដែល​ភៀស​ខ្លួន​នៅក្រៅ​ប្រទេស​ចិន បាន​ប្រាប់​សារព័ត៌មាន​​បារាំង អា អេហ្វ ប៉េ ថា ​AFP ហេតុការណ៍​នៅស៊ីនជាំង​​​​ថ្ងៃ​សុក្រនេះ សបញ្ជាក់​ពី​ហិង្សា​ពី​សំណាក់ទាហាន​ចិន ពី​​ការផ្គើន​​ធ្វើឡើង​ដោយ​កងកម្លាំង​សន្តិសុខ​ចិន​។ អង្គការ​ការពារ​ជនជាតិ ​អ៊ុយហ្គួរ​​នោះ បាន​ជំរុញ​អោយ​សហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក បញ្ជូន​អ្នកសង្កេតការ​ចុះ​ទៅ​ទី​កន្លែង​​ផ្ទាល់។  ​​

កងកម្លាំង​សន្តិសុខ​ចិន​បាន​ពង្រឹង​ការត្រួតពិនិត្យ​នៅ​តំបន់​ ស៊ីនជាំងជាប្រចាំ​ ចាប់តាំងពី​ពេល​​ទីលាន​ធានអានមេន ក្រុងប៉េកាំង​ បាន​រង​ការវាយប្រហារ​ដោយ​អំពើភេរវកម្ម​​មួយ កាលពី​ថ្ងៃ​២៨តុលា​ ឆ្នាំ២០១៣មក។ ប៉ូលិស​ចិន​​បាន​ទំលាក់​កំហុស​អំពើភេរវកម្ម​កាលណោះ ទៅលើ​ជនជាតិ​អ៊ុយហ្គួរ​ជ្រុលនិយម​ មកពីតំបន់​ស៊ីនជាំង។  ​អំពើភេរវម្ម​ទីលានធានអានមេន ថ្ងៃ​២៨តុលា ឆ្នាំមុន បានធ្វើអោយ​​​មនុស្ស​ស្លាប់​២នាក់ និង​​៤០នាក់ទៀត​រងរបួស៕

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ