អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពួក​អ៊ុយហ្គួ​រ​ជាប់​សង្ស័យ​បង្ក​ភេរវកម្ម​អត្តឃាត​នៅ​ធានអានមេន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរ​ចិន​បាន​សម្តែង​ការ​សង្ស័យ​ថា​​គ្រោះ​ថ្នាក់​ឡាន​បុកមនុស្ស​ និង​ផ្ទុះ​ឆេះ​រថយន្ត​ ដែល​បាន​ផ្តាច់​ជីវិត​​​មនុស្ស​៥​នាក់ និង​របួស​៣៨​នាក់ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅ​ទីលាន​ធានអាន់មេន កណ្តាលក្រុង​ប៉េកាំង ​គឺ​ជា​ ​អំពើ​ភេរវកម្ម​អត្តឃាត ដោយ​ទម្លាក់​កំហុស​ទៅ លើ​ពួក​អ៊ុយ​ហ្គួផង។ ពេល​នេះ​ប៉ូលិស​ប៉េកាំង​កំពុង​​តាម​ស្វែង​រកដាន​ តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​​នាក់ ជា​ជនជាតិ​វួយហ្គួរ មាន​ដើម​កំណើត​នៅ​​ស៊ីនជាំង​ ដែលអាច​នឹង​បង្ក​ភេរវកម្ម​ថ្មី​ទៀត​ផង។

មនុស្សម្នា​ផ្អើល​ឆោឡា​ក្រោយ​ហេតុការណ៍​ផ្ទះ​ឆេះ​រថយន្ត នៅ​ទីលាន​ធានអានមេន ក្រុង​ប៉េកាំង ថ្ងៃ​ទី ២៨ តុលា ២០១៣
មនុស្សម្នា​ផ្អើល​ឆោឡា​ក្រោយ​ហេតុការណ៍​ផ្ទះ​ឆេះ​រថយន្ត នៅ​ទីលាន​ធានអានមេន ក្រុង​ប៉េកាំង ថ្ងៃ​ទី ២៨ តុលា ២០១៣ © Reuters
ផ្សាយពាណិជ្ជកម្ម

ជន​ជាប់​សង្ស័យ​ ជា​ជន​ជាតិ​វួយហ្គួរ​

តាំងពី​មាន​ផ្ទុះ​ហេតុ​ការណ៍​រថយន្ត​បើក​ទម្លុះ​រនាំ​ង​សុវត្ថិភាព​ កៀ​បុក​ទេសចរ​ មុន​នឹង​ផ្ទុះឆេះ​ នៅ​ជិត​ច្រក​ចូល​វិមាន​ប្រជាជន​ ដែល​មានតាំង​​រូប ម៉ៅសេងទុង​ ធំ​ប៉ុន​យក្យ​មក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្តិច​សោះ​។ គេ​ឃើញ​តែ​ការ​ហាមឃាត់​និង​បិទ​ខ្ទប់​មិន​ឱ្យ​ដំណឹង​នេះ​លេច​ឮ​​ខ្ចរខ្ចាយ​បាន​ប៉ុណ្ណោះ។ ព្រោះ​ទីលាន​នេះ ​ចំណុច​ដ៏​រសើប​​និង​ជា​តំណាង​នៃ​អំណាច​បក្ស​កុម្មុយនិស្ត បាន​ក្លាយ​ជា​និមិត្ត​រូប​ដ៏​ល្បីល្បាញនៃ​ការ​ប៉ះបោរ​ប្រជាធិបតេយ្យ​របស់​ចលនា​និស្សិត​​នៅ​ឆ្នាំ​១៩៨៩ ដែល​ត្រូវ​បង្ក្រាប​យ៉ាង​ហិង្សា​បង្ហូរ​ឈាម​ពី​អាជ្ញាធរ។ បណ្តា​ជន​ចិន​មួយ​ភាគ​ធំ​មិន​បាន​ដឹង​អំពី ហេតុ​ការណ៍​ដែល​ផ្ទុះ​ឡើង​នៅ​ទីលាន​ធានអានមេន កាលពី​ម្សិលមិញ​ផង ព្រោះ​ព័ត៌មានធ្លាយ​ចេញ​យ៉ាង​តិច​តួច និង​ដោយ​មិន​ច្បាស់​លាស់។ ប៉ូលិស​ដ៏​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ដែរ។

ចំណែក​ឯ​នៅ​ក្នុង​ទំព័រ​សារព័ត៌មាន​វិញ  គេ​ឃើញ​មាន​ដំណឹង​ផ្ទុះ​រថយន្ត​ចុះ​ផ្សាយ​យ៉ាង​តិច​តួច​បំផុត​នៅ​ព្រឹក​នេះ​​ មាន​តែ​សារព័ត៌មានផ្លូវការ​ចិន​ជា​ភាសា​អង់គ្លេស​មួយ​ពីរ​ប៉ុណ្ណោះ​​ ដែល​បាន​ព្រលយ​ពាក្យ​ទាក់ទង​នឹង​តាម​ចាប់ខ្លួនជន​សង្ស័យ​​ពីរ​នាក់ ជា​ជន​ជាតិ​វួយហ្គួរផង បើ​ផ្អែក​ទៅ​លើ​ឈ្មោះ​របស់​ពួក​គេ។

តាម​ការ​ពិត ក្រោយ​ការ​ផ្ទុះ​រថយន្ត​តែ​ប៉ុន្មានម៉ោង ប៉ូលិស​ចិន បាន​ចេញ​លិខិត​ស្វែង​រក​​ចាប់​ខ្លួន​ មាន​បិទ​នៅ​តាម​គ្រប់​សណ្ឋាគារ​ទាំង​អស់​ ក្នុង​ទីក្រុង​ប៉េកាំង​។ ប៉ូលិស​ស្គាល់ ទាំង​អត្តសញ្ញាណ​ផ្ទាល់ ​ ជន​សង្ស័យ​ពីរ​នាក់ ថា​មាន​បណ្ណ​ស្នាក់​នៅ​ក្នុង​ខេត្ត​ស៊ីនជាំង ដែលទើប​ជួប​នឹង​ហេតុការណ៍​ហិង្សា​កាលពី​ខែ​មិថុនា​កន្លង​ទៅ។ ជន​នេះ​ទំនង​ជាបាន​មក​ដល់​ក្រុងប៉េកាំង​តាំង​ពី​ថ្ងៃ​ទី​មួយ​តុលា​មក​ម្ល៉េះ។ ហើយ​ប៉ូលិស​ក៏​កំពុង​ស្វែង​រក​ចាប់​ឡាន​ Jeep បួន​គ្រឿង មាន​ពាក់​លេខស៊ីនជាំង ខ្លាច​ក្រែង​មាន​ការ​​​បង្ក​សកម្មភាព​ភេរវកម្ម​ជា​ថ្មី​ទៀត។

ប្រវត្តិ​ស៊ីនជាំង​និង​អ៊ុយហ្គួរ​

ស៊ីនជាំង​ដែល​ជា​អតីត​រដ្ឋ​ឯករាជ្យ​មួយ​មាន​ឈ្មោះ​ថា​ ទួរកេស្តង់​ខាង​កើត​(Turkestan oriental) ត្រូវ​បាន​ចិន​លេប​យក​ កាល​ពី​ជាង​មួយ​សតវត្សរ៍​មុន​ ​ គឺ​នៅ​ឆ្នាំ​១៨៨៤។ ហើយ​តំបន់​នេះ ត្រូវ​បាន​គ្រប់គ្រង​របៀប​ឯករាជ្យ​បំផុត ទាល់​តែ​មក​ដល់​ឆ្នាំ​១៩៥៥ ទើប​ឃើញ​របប​កុម្មុយនិស្ត​ចិន​ ពង្រឹង​ការ​ត្រួតត្រា​ទៅ​លើ​ដែនដី​នេះ​ ឱ្យ​​ក្លាយ​ជា ​«តំបន់​ស្វយ័ត​អ៊ុយហ្គួរ ស៊ីងជាំង» ពីព្រោះ​ប្រជាជន​ភាគ​ច្រើន​នៅ​ទីនោះ​ជា​ជនជាតិ​អ៊ុយហ្គួរ អ្នក​កាន់​សាសនា​អ៊ីស្លាម។ លក្ខណៈ​វប្បធម៌​ និង​ប្រវត្តិសាស្រ្ត​ពិសេស​ខុស​គេ​នៃ​តំបន់​នេះ​ បង្ក​ឲ្យ​មាន​ភាព​តានតឹង​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ​ រវាង​ពួក​អ៊ុយហ្គួរ ដែល​ជា​ម្ចាស់​ស្រុក​និង​ពួក​ជនជាតិចិនហាន ដែល​ជា​និមិត្តរូប​នៃ​អំណាច​អាណានិគម​និយម​របស់​ទីក្រុង​ប៉េកាំង រហូត​មាន​ចលនា​ជាតិ​និយម​ជ្រុល​ បះបោរ​ផ្តាច់​ទឹកដីរីក​ធំធាត់​ខ្លាំង។

ដើម្បី​ត្រួតត្រា​តំបន់​នេះ​បាន​ និង​ដើម្បី​វាយ​បង្ក្រាប​ចលនា​អ៊ុយហ្គួរ​​ផ្តាច់​ទឹកដីនិយម​ ថ្នាក់​ដឹកនាំ​ចិន​បាន​និង​កំពុង​បន្ត​បញ្ជូន​ជនជាតិ​ចិន​ហាន​ច្រើន​ឡើងៗ​ ទៅ​រស់​នៅស៊ីងជាំង។ ក្នុង​បច្ចុប្បន្នកាល​នេះ ចំនួន​ពួកហាន​មាន​ប្រមាណ​៤០%​នៃ​ប្រជាជន​ទាំង​ស្រុង​នៅ​ស៊ីនជាំង​​ ហើយ​ក្នុង​ខណៈ​នេះ ពួកហាន​មាន​ចំនួន​ច្រើន​ជាង​ពួក​អ៊ុយហ្គួរ នៅ​ទីក្រុង​Urumqi។

លើស​ពី​នេះ​ទៅ​ទៀត ​អាជ្ញាធរ​ចិន​តាម​កំចាត់​ពួក​ជាតិនិយម​អ៊ុយហ្គួរ ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​ភេរវជន​មាន​ទំនាក់ទំនង​ជាមួយ​បណ្តាញ​អាល-កៃដា (Al-Qaïda)។ ពោល​គឺ​ចិន​មិន​ដែល​មើល​ពួកវួយហ្គួ​ក្នុង​ក្រសៃ​ភ្នែក​ល្អ​ទេ។ មិន​តែ​ប៉ុណ្ណោះ ថ្នាក់​ដឹកនាំ​ចិន​បាន​បង្កើត​ឲ្យ​មាន​តំបន់​ទ្រនាប់​មួយ​ជុំវិញ​ខេត្ត​ ស៊ីនជាំង​ ដើម្បី​កុំ​ឲ្យ​ពួក​អ៊ុយហ្គួរ​ ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ អាច​ទាក់ទង​ជាមួយ​ប្រទេស​ជិត​ខាង​កាន់​សាសនា​អ៊ីស្លាម​ដែរ មាន​ជា​អាទិ៍​បណ្តា​ប្រទេស​អាស៊ី​កណ្តាល​និង​ដែនដី​Cachemire​ ដែល​នៅ​ចន្លោះ​ឥណ្ឌា​និង​ប៉ាគីស្ថាន។

អត្តឃាត​ជន​ទទួល​ការ​បំពាក់បំប៉ន​នៅ​ស៊ីរី ?

ហើយ​បើ​វិល​មក​និយាយ​អំពីព្រឹត្តិការណ៍​ភេរវកម្ម ថ្ងៃម្សិលមិញវិញ រដ្ឋាភិបាល​ចិន​មាន​ការ​សង្ស័យ​ជា​ច្រើន​ខែ​មក​ហើយ កាលពី​ខែ​ កក្កដា​ សារព័ត៌មាន​ផ្លូវការ​បាន​បង្ហើប​ ថា​មាន​ក្រុម​ជ្រុលនិយម​​នៅ​ស៊ីនជាំង​ បាន​បង្ក​បង្កើត​ជា​ក្រុម​ប្រយុទ្ធ​នៅ​​ក្នុង​ជួរ​ពួក​ឧទ្ទាម​ស៊ីរី និង​គ្រោង​បង្ក​ភេរវកម្ម​នៅ​ពេល​ត្រលប់​ចូល​មក​ប្រទេស​ចិន​វិញ។

ក្រុមជ្រុលនិយម ជាតិ​វួយហ្គួរ ដែល​ជា​ជន​ជាតិ​ដើម​ក្នុង​តំបន់​ស៊ីនជាំង​ ត្រូវ​បានក្រុង​ប៉េកាំង​ចោទ​ថា​ពួក​បះបោរ​ចង់​ផ្តាច់​ទឹកដី​ ក្រុម​នេះ​បាន​ជ្រៀត​ចូល​ក្នុ​ប្រទេស​ស៊ីរី​តាំង​ពី​ឆ្នាំ​២០១២​ តាម​ប្រទេស​តួកគី ដើម្បី​ទៅ​ហាត់​ពត់​លត់​ដំ​ ជាមួយ​អង្គការ​ជ្រុលនិយម​ អ៊ីស្លាម​ និង​អង្គការ​ភេរវនិយម​ ដែល​ជា​ក្រុម​បក្ស​ប្រឆាំង​ស៊ីរី​កំពុង​វាយប្រហារ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​បច្ចុប្បន្ន។ អង្គការ​នេះ​បាន​ចាត់​តាំង​អត្តឃាត​ជន​ឱ្យ​ចូល​មក​ក្នុង​ទឹកដី​ចិន ដើម្បី​ធ្វើ​សកម្មភាព​បង្ក​ភេរវកម្ម។ នេះ​បើ​តាមសេចក្តី​ចុះ​ផ្សាយ​ក្នុង​ទំព័រ​​សារព័ត៌មាន​​Global Times ដែល​តែង​នាំ​ពាក្យ​ផ្ទាល់​ពី​​បក្ស​​កុម្មុយនិស្ត​ចិន។

ក្នុង​ពេល​នេះ សហគមន៍​វួយហ្គួរ​ គ្មាន​ប្រតិកម្ម​អ្វី​ក្រៅ​ពី​សម្តែង​ការ​ព្រួយ​បារម្ភ​។ សហគមន៍​នេះ​មិន​ទាន់​ចង់​ជឿ​ទេ ដរាប​ណា​​​ភស្តុតាង​ត្រឹម​ត្រូវ​​ទេ​នោះ បើ​ទោះ​បី​ទទួល​ស្គាល់​មាន​ជន​ជាតិ​វួយហ្គួរ​ខ្លះ​ជ្រើស​រើស​មធ្យោបាយ​ជ្រុលនិយម​ដើម្បីការ​សិទ្ធិ​របស់​ក្រុមខ្លួន​យ៉ាង​ណា​ក៏​ដោយ។ ប៉ុន្តែ​សង្ឃឹម​ថា អាជ្ញាធរ​ប៉េកាំងមិន​យក​លេស​នេះ ទៅ​បន្តឹង​គំនាប​នៅ​ស៊ីនជាំង​ទេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ