អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

ឥណ្ឌា​លុបចោល​ជំនួប​ជាមួយ​ប៉ាគីស្ថាន​ដោយសារ​បញ្ហា​ចម្រូងចម្រាស​នៅ​តំបន់​កាស្មៀរ

រដ្ឋាភិបាល​ឥណ្ឌា​​បាន​ប្រកាស​ឲ្យដឹង កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ខ្លួន​នឹង​លុបចោល​ជំនួប​ជាមួយរដ្ឋមន្រ្តី​ការបរទេស​ប៉ាគីស្ថាន ដែល​គ្រោង​ធ្វើ​នៅ​សប្តាហ៍ក្រោយ ដោយសារ​តែ​ប៉ាគីស្ថាន​បាន​បញ្ជូន​មន្រ្តី​របស់​ខ្លួន​ឲ្យ​ទៅ​ជួប​ជាមួយ​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី នៅ​តំបន់​កាស្មៀរ ដែល​ឥណ្ឌា​ចាត់ទុក​ថា​ជា​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ឥណ្ឌា។ ប៉ាគីស្ថាន​បាន​បញ្ចេញ​ប្រតិកម្ម​តបមកវិញ ដោយ​ចាត់ទុក​សេចក្តីសម្រេច​លុបចោល​ជំនួប​នេះ​ថា​ជា​ការ​ជំហាន​ថយក្រោយ​មួយ នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ស្តា​រ​ទំនាក់ទំនង​ឥណ្ឌា-ប៉ាគីស្ថាន។

លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា (ស្តាំ) និង​លោក​ណាវ៉ាហ្ស ស្ហារីហ្វ នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន កាលពីថ្ងៃ​ទី២៧ ឧសភា ២០១៤
លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា (ស្តាំ) និង​លោក​ណាវ៉ាហ្ស ស្ហារីហ្វ នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន កាលពីថ្ងៃ​ទី២៧ ឧសភា ២០១៤ REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌា និង​ប៉ាគីស្ថាន ដែល​គ្រោង​ធ្វើ​នៅ​សប្តាហ៍​ក្រោយ ហើយ​ដែល​ឥណ្ឌា​ទើប​នឹង​សម្រេច​លុបចោល​​នេះ ត្រូវ​បានប្រមុខដឹកនាំ​ប្រទេស​ទាំងពីរ​ឯកភាព​គ្នា​បើក​ធ្វើ នៅ​ក្នុង​ពេល​ដែល​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ណាវ៉ាហ្ស ស្ហារីហ្វ (Nawaz Sharif) ទៅ​ចូល​រួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់តំណែង​របស់​លោក​ណារិនដ្រា ម៉ូឌី កាល​ពី​ខែ​ឧសភា​កន្លងទៅ។ គោលដៅ​នៃ​ជំនួប​នេះ គឺ​ជជែក​រក​ដំណោះស្រាយ ដើម្បី​ធ្វើ​យ៉ាងណា​​ស្តារ​ទំនាក់ទំនង​នឹង​គ្នា​ឡើងវិញ។

គួរ​បញ្ជាក់ថា ទំនាក់ទំនង​រវាងឥណ្ឌា និង​ប៉ាគីស្ថាន​​ត្រូវ​បាន​កាត់ផ្តាច់ ក្រោយ​ពី​ក្រុម​ភេរវជន​មក​ពី​ប៉ាគីស្ថាន បើក​ការ​វាយប្រហារ​ទៅលើ​ទីក្រុង​ប៊ុមបៃ កាល​ពី​ឆ្នាំ​២០០៨ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ១៦៦នាក់​ត្រូវ​បាត់បង់​ជីវិត។

ទំនាក់ទំនង​នេះ​ហាក់ដូចជា​មាន​ពន្លឺ​ឡើងវិញ ក្រោយ​ពី​លោក​ណារិនដ្រា ម៉ូឌី អញ្ជើញ​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ឲ្យ​មក​ចូល​រួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់តំណែង ដែលជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ។ ក៏ប៉ុន្តែ បញ្ហា​ចម្រូងចម្រាស​នៅ​តំបន់​ជម្លោះ​កាស្មៀរ កំពុងតែ​ធ្វើឲ្យ​ពន្លឺ​នៃ​ការ​ស្តា​រ​ទំនាក់ទំនង​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​កំពុងតែ​ត្រូវ​ស្រអាប់​ទៅវិញ។

កាលពីសប្តាហ៍​មុននេះ ជម្លោះ​ពាក្យសម្តី​គ្នា​បាន​ផ្ទុះឡើង​ម្តងហើយ នៅ​ពេល​ដែល​លោក​ម៉ូឌី បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ជាលើកទីមួយ នៅ​តំបន់​កាស្មៀរ ហើយ​បាន​ចោទ​ប៉ាគីស្ថាន​​ថា​ជា​អ្នក​ញាក់ខ្សែ​ពី​ក្រោយ​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​នៅ​កាស្មៀរ ដើម្បី​​ធ្វើ​សង្រ្គាម​ដោយប្រយោល​ជាមួយ​ឥណ្ឌា។

ជំនួប រវាង​មន្រ្តី​ប៉ាគីស្ថាន និង​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​កាស្មៀរ គឺ​ជា​រឿង​ចម្រូងចម្រាស​ថ្មី​មួយទៀត។ កាលពីថ្ងៃ​ចន្ទ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ឥណ្ឌា​បាន​ព្រមាន​មន្រ្តី​ប៉ាគីស្ថាន​កុំ​ឲ្យ​ជួប​ជាមួយ​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​កាស្មៀរ ដោយ​លើកឡើង​ថា ប៉ាគីស្ថាន​ត្រូវ​ធ្វើការ​ជ្រើសរើស​មួយ ឬមួយ​ជួបជជែក​ជាមួយ​ឥណ្ឌា ឬមួយ​ជួប​ជាមួយ​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​នៅ​កាស្មៀរ។ ឥណ្ឌា​ចាត់ទុក​ថា ការណ៍​ដែល​ប៉ាគីស្ថាន​បញ្ជូន​មន្រ្តី​ឲ្យ​ទៅ​ជួប​ជាមួយ​​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​នៅ​កាស្មៀរ​នេះ​ គឺ​ជា​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ឥណ្ឌា ដែល​មិន​អាច​ទទួល​យកបាន។

ក៏ប៉ុន្តែ ​ប៉ាគីស្ថាន​បាន​ពន្យល់ថា ជំនួប​រវាង​មន្រ្តី​ប៉ាគីស្ថាន និង​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​នៅ​កាស្មៀរ គឺ​ជា​ទម្លាប់​ដែល​ប៉ាគីស្ថាន​តែងតែ​ធ្វើ​តាំងពីដើម​មក នៅ​រៀងរាល់​មុនពេល​មាន​​កិច្ចចរចា​ រវាង​ប៉ាគីស្ថាន និង​ឥណ្ឌា ហើយ​ថា ជំនួប​ជាមួយ​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​នេះ គឺ​ធ្វើឡើង ក្នុងគោលដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ជជែក​ចរចា​ជាមួយ​ឥណ្ឌា ស្តីពី​បញ្ហា​កាស្មៀរ​អាច​ធ្វើឡើង​ប្រកប​ដោយ​ផ្លែផ្កា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ