អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ប្រអប់ខ្មៅ​យន្តហោះ ​AirAsia ​អាច​ឲ្យ​គេ​ដឹង​ពី​ព័ត៌មាន​អ្វីខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រអប់ខ្មៅ​យន្តហោះ AirAsia ដែល​ធ្លាក់​ក្នុង​សមុទ្រ​ កាល​ពីថ្ងៃ​ទី២៨​ធ្នូ​កន្លងទៅនោះ ត្រូវ​បាន​គេ​រកឃើញ និង​ស្រង់ចេញ​ពី​បាតសមុទ្រ​មកហើយ កាល​ពីថ្ងៃ​អង្គារ។ យោងតាម​អ្នក​ជំនាញ​ខាង​អាកាសចរណ៍ ការ​រកឃើញ​ប្រអប់ខ្មៅ គឺ​ជា​ចំណុច​របត់​ដ៏សំខាន់​មួយ នៅ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​ស្វែងរក​ការពិត ជុំវិញ​ការ​ធ្លាក់​យន្តហោះ AirAsia។ តើ​តាមរយៈ​ប្រអប់ខ្មៅ​ដែល​គេ​រកឃើញ​នេះ គេ​អាច​​​ដឹងអំពី​ទិន្នន័យ​អ្វីខ្លះ?

REUTERS/Prasetyo Utomo/Antara Foto
ផ្សាយពាណិជ្ជកម្ម

 

យន្តហោះ​ធុន Airbus A320 របស់​ក្រុមហ៊ុន AirAsia ជើងហោះហើរ​លេខ QZ8501 ផ្ទុក​អ្នកដំណើរ ១៦២នាក់ បាន​ធ្លាក់ កាល​ពី​យប់ថ្ងៃ​អាទិត្យ ទី២៨​ធ្នូ ឆ្នាំ​២០១៤ នៅ​ក្នុង​ពេល​កំពុង​ហោះហើរ ពី​ឥណ្ឌូណេស៊ី ឆ្ពោះ​ទៅកាន់​សិង្ហបុរី។

រហូតមក​ទល់​នឹង​ពេលនេះ អ្វី​ដែល​គេ​អាច​ដឹង​បាន គឺដឹងត្រឹមថា យន្តហោះ​នេះ​បាន​បាត់​ពី​រ៉ាដា នៅ​ក្រោយ​ពី​បាន​ហោះហើរ​ចេញ​ពី​ព្រលាន​យន្តហោះ​ Surabaya (​ឥណ្ឌូណេស៊ី) បាន ៤០នាទី ហើយ​បាត់​នៅ​ត្រង់​ទីតាំង ដែល​មាន​អាកាស​ធាតុ​មិន​ល្អ។ នៅ​ប្រមាណ​ជា ៥នាទី​មុនពេល​បាត់ពី​រ៉ាដា អ្នក​បើក​បរយន្តហោះ AirAsia បាន​ទាក់ទង​ទៅ​អ្នក​ត្រួតពិនិត្យ​ផ្លូវ​ហោះហើរ ដើម្បី​សុំ​ហោះឡើង​ទៅ​ដល់​រយៈកម្ពស់ ១១គីឡូម៉ែត្រ ដើម្បី​គេចចេញ​ពី​ព្យុះ។ ក៏ប៉ុន្តែ ការស្នើសុំ​នេះ​មិន​ត្រូវ​បាន​អ្នក​ត្រួតពិនិត្យ​ផ្លូវ​ហោះហើរ​អនុញ្ញាត​ភ្លាមៗ​នោះទេ ដោយសារ​តែ​នៅពេលនោះ មាន​យន្តហោះ​ផ្សេងទៀត​កំពុង​ហោះហើរ​នៅ​ក្នុងរយៈកម្ពស់​នោះ​ដែរ។

ប៉ុន្មាន​នាទី​ក្រោយ​មក ​អ្នក​ត្រួតពិនិត្យ​ផ្លូវហោះហើរ​ទាក់ទង​ទៅ​យន្តហោះ AirAsia សាជាថ្មី​ម្តងទៀត ដើម្បី​អនុញ្ញាត​ឲ្យ​ហោះឡើង​តាម​ការ​ស្នើសុំ ក៏ប៉ុន្តែ មិនមាន​ការ​ឆ្លើយតប ហើយ​បន្តិច​ក្រោយ​មក យន្តហោះ AirAsia ក៏​បាន​បាត់​ពី​រ៉ាដា ដោយ​មិនមាន​ការ​ប្រកាស​អាសន្ន​អ្វី​ទាំងអស់។

សាកសព​អ្នក​ដំណើរ ព្រមទាំង​បំណែក​យន្តហោះ ដែល​គេ​រកឃើញ និង​ស្រង់ចេញ​ពី​សមុទ្រ​បញ្ជាក់​ច្បាស់​ថា យន្តហោះ​នេះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ ក៏ប៉ុន្តែ សំណួរ​​ដែល​គ្រប់គ្នា​កំពុងតែ​ចោទសួរ​នៅពេលនេះ​គឺ​តើ​មាន​អ្វី​កើតឡើង​​ចំពោះ​យន្តហោះ AirAsia ជើងហោះហើរ QZ8501 នៅ​យប់​ថ្ងៃ​ទី២៨​ធ្នូ​នោះ? តើ​យន្តហោះ​នេះ​ត្រូវ​ធ្លាក់​ដោយ​របៀបណា និង​ដោយ​មក​ពី​មូលហេតុអ្វី?

ជាការ​ពិត​ថា ទិន្នន័យ​ដែល​បាន​ពីអ្នក​ត្រួតពិនិត្យ​ផ្លូវហោះហើរ ព្រមទាំង​ការ​សិក្សា​លើ​បំណែក​យន្តហោះ​អាច​នឹង​ផ្តល់​នូវ​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន ក៏ប៉ុន្តែ គ្រប់​អ្នក​ជំនាញ​ខាង​អាកាសចរណ៍​ស៊ីវិល​ទាំងអស់​សុទ្ធតែ​អះអាង​ថា មានតែ​ប្រអប់ខ្មៅ​ទេ ដែល​ជា​ចំណុច​គន្លឹះ នៃ​ដំណើរការ​ស៊ើបអង្កេត​លើ​ការ​ធ្លាក់​យន្តហោះនេះ ពីព្រោះ​ថា ប្រអប់ខ្មៅ​នេះ​អាច​ផ្តល់​នូវ​ព័ត៌មាន​គន្លឹះៗ​ទាក់ទង​នឹង​ការហោះហើរ​របស់​យន្តហោះ​នៅមុន និង​ក្នុង​អំឡុង​ពេល​ជួប​គ្រោះថ្នាក់។

ប្រអប់ខ្មៅ​ដែល​តាមពិត​មាន​ពណ៌​ទឹកក្រូច គឺ​ស្ថិត​នៅ​កន្ទុយ​យន្តហោះ ហើយ​ត្រូវ​គេផលិតឡើង​​ឲ្យ​អាច​ទ្រាំទ្រ​នឹង​ការប៉ះទង្គិច ការ​ផ្ទុះ ឬ​ឆេះ​បាន។ ប្រអប់ខ្មៅ​នេះ​មាន​ចំនួន​​ពីរ ហើយ​ផ្ទុក​នូវ​ទិន្នន័យ​ផ្សេងៗគ្នា។

ប្រអប់​ខ្មៅ​ទីមួយ ដែល​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ស្រង់ចេញ​ពី​បាតសមុទ្រ កាល​ពីថ្ងៃ​ចន្ទ គឺ​ជា​ឧបករណ៍​ថត​ទិន្នន័យ​ទាក់ទង​នឹង​ការហោះហើរ (Enregistreur de vol/Fligth Data Recorder)។ យោងតាម​អ្នក​ជំនាញ​ខាង​អាកាសចរណ៍​ស៊ីវិល ប្រអប់ខ្មៅនេះ​អាច​ផ្តល់​នូវ​ទិន្នន័យ​សំខាន់ៗ​យ៉ាងច្រើន​ទាក់ទង​នឹង​យន្តហោះ រាប់ចាប់តាំង​ពី​ល្បឿន រយៈកម្ពស់​ អត្រា​នៃ​ការ​ហោះឡើង ឬ​ហោះចុះ ទិសដៅ​ហោះហើរ រហូតដល់​ដំណើរការ​របស់​ម៉ាស៊ីន និង​ឧបករណ៍​ផ្សេងៗ​ទៀត​របស់​យន្តហោះ នៅ​ក្នុង​ពេល​កំពុង​ជួប​គ្រោះថ្នាក់។

ប្រអប់ខ្មៅ​ទីពីរ ដែល​គេ​ស្រង់ចេញ​ពី​សមុទ្រ កាល​ពីថ្ងៃ​អង្គារ គឺ​ជា​ឧបករណ៍​ថតសំឡេង​ក្នុង​បន្ទប់​បើក​បរ (Enregistreur phonique/Cockpit Voice Recorder)។ ប្រអប់ខ្មៅ​ទីពីរ​នេះ​អាច​​ថត​សំឡេង​បាន​រយៈពេល ២ម៉ោង ដូច្នេះ វា​អាច​ឲ្យ​គេ​ស្តាប់​ដឹង អំពី​អ្វី​ដែល​កើតមាន​ឡើង នៅ​ក្នុង​ និង​ក្បែរ​បន្ទប់​បើកបរ​របស់​យន្តហោះ AirAsia ចាប់តាំង​ពី​ពេល​ហោះចេញ​ពី​ឥណ្ឌូណេស៊ី រហូតដល់​ពេល​ជួប​គ្រោះថ្នាក់។ យោងតាម​អ្នក​ជំនាញ​ខាង​អាកាសចរណ៍ ប្រអប់​ខ្មៅ​នេះ​ថត​សំឡេង​នូវ​គ្រប់​ហេតុការណ៍​ទាំងអស់ ដែល​កើតមាន​ឡើង​នៅ​ក្នុង ឬ​ក្បែរ​បន្ទាប់​អ្នក​បើកបរ រាប់ចាប់តាំង​ពី​ការ​សន្ទនា​គ្នា​រវាង​អ្នក​បើកបរ​និង​អ្នក​បើកបរ​ជំនួយ សំឡេង​ម៉ាស៊ីន សំឡេង​​សញ្ញា​អាសន្ន​ផ្តល់​ដោយ​ឧបករណ៍​ក្នុង​បន្ទប់​បើកបរ ឬ​សំឡេង​ផ្ទុះ​ណាមួយ​​ប្រសិនបើ​មាន។

ទិន្នន័យ​ជា​សំឡេង និង​ទិន្នន័យ​​ទាក់ទង​នឹង​ការហោះហើរ​របស់​យន្តហោះ​ ដែល​បាន​ពីប្រអប់​ខ្មៅ​ទាំងពីរ​នេះ​ហើយ ដែល​ជា​ចំណុច​គន្លឹះ ក្នុងការ​ស៊ើបអង្កេត​ ដើម្បី​ស្វែងរក​ការពិត​ថា តើ​យន្តហោះ AirAsia ជើងហោះហើរ QZ8501 ត្រូវ​ធ្លាក់​ដោយ​របៀប​ណា ហើយ​ធ្លាក់​ដោយ​មក​ពី​មូលហេតុអ្វី។ ក៏ប៉ុន្តែ បើ​យោងតាម​អ្នក​ជំនាញ​ខាង​ការ​ស៊ើបអង្កេត​លើ​គ្រោះថ្នាក់​យន្តហោះ​ គេ​មិន​ត្រូវ​ដាក់ក្តីរំពឹង​ថា ប្រអប់ខ្មៅ​​របស់​យន្តហោះ AirAsia នេះ​អាច​នឹង​ផ្តល់​នូវ​​ចម្លើយ​ភ្លាមៗ ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះទេ។ បើទោះបី​ជា​គេ​រកឃើញ​ប្រអប់​ខ្មៅ​ហើយ​ក៏ដោយ ការស៊ើបអង្កេត​លើ​ករណី​ធ្លាក់​យន្តហោះ AirAsia អាច​នឹង​ត្រូវ​បន្ត​ធ្វើ​ជាច្រើន​សប្តាហ៍ ឬ​ជាច្រើន​ខែ​ទៀត​ ទើប​អាច​ឲ្យ​គេ​ធ្វើ​ការសន្និដ្ឋាន​​បឋម​លើ​ករណី​ធ្លាក់​យន្តហោះ​នេះ។ ចំណែក​ឯ​​ដំណើរការ​ស៊ើបអង្កេត​ពេញលេញ អាច​នឹង​ត្រូវ​ចំណាយ​ពេល​យ៉ាងតិច ១ឆ្នាំ ទើប​អាច​​ចេញ​​របាយការណ៍ជា​ស្ថាពរ​ចុងក្រោយ​មួយ​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ