អានតួអត្ថបទ
AirAsia-ឥណ្ឌូណេស៊ី

អ្នកជំនាញ​ថា​យន្តហោះ ​AirAsia ​ទំនងជា​បាន​ចុះចត​លើទឹក​មុននឹង​ត្រូវ​លិច​ទៅ​បាត​សមុទ្រ

នៅ​ក្នុង​ពេល​ដែល​​សាកសព​អ្នក​ដំណើរ និង​​បំណែក​យន្តហោះ​ AirAsia ត្រូវ​បាន​គេ​រកឃើញ​ និង​ស្រង់ចេញ​ពី​សមុទ្រ​ជា​បន្ត​បន្ទាប់ ហើយ​ការ​ស្វែងរក​ប្រអប់ខ្មៅ​កំពុង​បន្ត​ធ្វើ អ្នក​ជំនាញ​ខាង​អាកាសចរណ៍​មួយ​ចំនួន​បាន​លើកឡើង​ថា អ្នក​បើក​បរយន្តហោះ​​​ដែល​បាត់​នេះ​ទំនង​ជា​បាន​ចុះចត​​ដោយ​ជោគជ័យ​លើ​ផ្ទៃទឹក​ មុននឹង​ត្រូវ​​លិច​ទៅ​ក្នុង​បាតសមុទ្រ។

យន្តហោះ​ធុន Airbus A320 របស់​ក្រុមហ៊ុន AirAsia
យន្តហោះ​ធុន Airbus A320 របស់​ក្រុមហ៊ុន AirAsia REUTERS/Enny Nuraheni/Files
ផ្សាយពាណិជ្ជកម្ម

សេចក្តីសន្និដ្ឋាន​បឋម​ថា យន្តហោះ Airbus A320 របស់​ក្រុមហ៊ុន AirAsia អាច​ចុះចត​ប្រកប​ដោយ​ជោគជ័យ​លើ​ផ្ទៃ​ទឹកសមុទ្រ ត្រូវ​បាន​អ្នក​ជំនាញ​ខាង​អាកាសចរណ៍​ធ្វើឡើង​ ដោយ​យោងទៅលើ​ចំណុច​សំខាន់​ពីរ។

ទីមួយ គេ​សង្កេតឃើញ​ថា យន្តហោះ​នេះ​មិនបាន​បញ្ជូន​សញ្ញា​អាសន្ន​សម្រាប់​កំណត់​ទីតាំង​ប្រអប់ខ្មៅ។ ជាទូទៅ ឧបករណ៍​បញ្ជូន​សញ្ញា​អាសន្ន ដែល​គេ​ឲ្យ​ឈ្មោះ​ថា Emergency Locator Transmitter ត្រូវ​ចាប់ផ្តើម​មាន​ដំណើរការ​ភ្លាម នៅ​ពេលណា ដែល​យន្តហោះ​ទទួល​ការ​ប៉ះទង្គិច​ខ្លាំង ដូចជា​ត្រូវ​ធ្លាក់ ទោះជា​នៅលើ​ដី ឬ​ក៏​នៅលើ​ទឹក។ ការណ៍​ដែល​ឧបករណ៍​បញ្ជូន​សញ្ញា​អាសន្ន​ (ELT) របស់​យន្តហោះ AirAisa មិន​ដំណើរការ​ មានន័យថា យន្តហោះ​នេះ​មិន​បាន​ធ្លាក់ ឬ​ទទួល​ការ​ប៉ះទង្គិច​ខ្លាំង​ណាមួយ​នោះទេ។

ចំណុចទីពីរ គេ​សង្កេតជារួម​ឃើញ​ថា នៅ​ក្នុង​ចំណោម​សាកសព​​អ្នក​ដំណើរ​ទាំង ៨ ដែល​គេ​ស្រង់​ចេញ​ពី​ទឹក សុទ្ធតែ​នៅ​ទាំងមូល ដោយ​គ្មាន​ការ​បាក់បែក ដូចករណី​ផ្ទុះ ឬ​ធ្លាក់​យន្តហោះ ដែល​គេ​ធ្លាប់​សង្កេតឃើញ​ជាទូទៅ​នោះទេ។ ម្យ៉ាងវិញ​ទៀត នៅ​ក្នុង​ចំណោម​បំណែក​យន្តហោះ ដែល​គេ​រកឃើញ​មុនគេ គឺ​រួមមាន​ទ្វារ​ និង​ពោង​សម្រាប់​ជន្លៀស​អ្នក​ដំណើរ​ក្នុង​ករណី​អាសន្ន។

ទាំងនេះ​ធ្វើ​ឲ្យ​គេ​ធ្វើការ​សន្និដ្ឋាន​ថា អ្នក​បើកបរ​យន្តហោះ​ ដែល​ជា​អតីត​អ្នក​បើក​យន្តហោះ​ចម្បាំង​ដែល​មាន​បទពិសោធន៍​មួយរូបនោះ ទំនង​ជា​បាន​ធ្វើការ​ចុះចត​យន្តហោះ​ដោយ​បន្ទាន់​និង​ប្រកបដោយ​ជោគជ័យ​ នៅលើ​ផ្ទៃទឹក។ ក៏ប៉ុន្តែ រលក​សមុទ្រ​ធំៗ ដែល​បង្កឡើង​ដោយ​ព្យុះ បាន​បោក​ពន្លិច​យន្តហោះ​ទៅ​ក្នុង​បាតសមុទ្រ មុនពេល​ដែល​គេ​អាច​ជន្លៀស​អ្នក​ដំណើរ​ចេញ​ទាន់។

គួរបញ្ជាក់ថា កាល​ពីឆ្នាំ​២០០៩ យន្តហោះ​ធុន Airbus A320 ដូចគ្នា​នេះ​ក៏​ធ្លាប់បាន​ចុះចត​​លើ​ទឹក​ប្រកប​ដោយ​ជោគជ័យ​ម្តងដែរ គឺ​នៅ​ទន្លេ Hudson ក្រុង​ញូវយ៉ក ដោយ​អ្នក​ដំណើរ​ទាំងអស់​ត្រូវ​បាន​គេ​ជន្លៀស​ចេញ​ដោយ​សុវត្ថិភាព។

ទោះជាយ៉ាងណា គ្រប់អ្នក​ជំនាញ​ទាំងអស់​សុទ្ធតែ​នាំគ្នា​បង្ហាញ​នូវ​ភាព​ប្រយ័ត្នប្រយែង​ដោយ​លើកឡើង​ថា មានតែ​​ទិន្នន័យ​ពី​ប្រអប់ខ្មៅ​យន្តហោះ​ និង​ការ​ស៊ើបអង្កេត​ពេញលេញ​មួយ​ទេ ដែល​អាច​ឲ្យ​គេ​សន្និដ្ឋាន​បាន​ពិតប្រាកដ អំពី​អ្វី​ដែល​បាន​កើតឡើង ចំពោះ​យន្តហោះ AirAsia នៅ​ឥណ្ឌូណេស៊ី​នេះ៕

យន្តហោះ​ធុន Airbus A320-200​ របស់​ក្រុមហ៊ុន US Airways ដែល​ចុះចត​ប្រកប​ដោយ​ជោគជ័យ​លើ​ទឹកទន្លេ Hudson នៅ​ញូវយ៉ក កាល​ពីថ្ងៃ​ទី១៥ មករា ២០០៩
យន្តហោះ​ធុន Airbus A320-200​ របស់​ក្រុមហ៊ុន US Airways ដែល​ចុះចត​ប្រកប​ដោយ​ជោគជ័យ​លើ​ទឹកទន្លេ Hudson នៅ​ញូវយ៉ក កាល​ពីថ្ងៃ​ទី១៥ មករា ២០០៩ (Photo: Reuters)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ