អានតួអត្ថបទ
ថៃ-ការ​ជួញដូរ​មនុស្ស

ថៃ​ចាប់​ទូក​នេសាទ​ខុស​ច្បាប់​ ព្រោះ​ខ្លាច​អឺរ៉ុប​ដាក់​ទណ្ឌកម្ម

អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ​ដែល​រឿង​អាស្រូវ​ទូក​នេសាទ​ខុស​ច្បាប់​ថៃ ​ត្រូវ​បាន​គេ​លាត​ត្រដាង​ពី​គ្រប់​មជ្ឈដ្ឋាន។ ទូក​នេសាទ ទាំង​នោះ​ភាគ​ច្រើន ​ប្រើ​កម្មករ​បរទេស​ ដែល​ត្រូវ​គេ​ជួញ​ដូរ​ លក់​ពី​ទូក​មួយ ​ទៅ​ទូក​មួយ​ ហើយ​ត្រូវ​បាន​ម្ចាស់​ទូក​​ វាយ​ធ្វើ​បាប ​ឲ្យ​ធ្វើការ​ក្នុង​លក្ខខណ្ឌ​ដូច​ជា​ទាសករ។ បន្ទាន់​ពី​សហភាព​អឺរ៉ុប ​បាន​ព្រមាន​ថា ​នឹង​បិទ​ទីផ្សារ​ ​លែង​ឲ្យ​ថៃ​នាំ​ផលិត​ផល​សមុទ្រ​ចូល​ ​បើ​សិន​អាជ្ញាធរ​ថៃ​ មិន​ព្រម​ចាត់​វិធានការ​បញ្ឈប់​អំពើ​ទាំង​នោះ ​ពេល​នេះ​រដ្ឋាភិបាល​ថៃ បាន​ចេញ​វិធានការ​ ហាម​ទូក​ដែល​គ្មាន​លិខិត​អនុញ្ញាត។

ទូក​នេសាទថៃ ចតត្រៀបត្រា​នៅកំពង់​ផែ​ខេត្ត​ សាម៉ុតសាខន​ បន្ទាប់ពី​អាជ្ញាធរ​ហាម​ឃាត់​ទូក​ដែកគ្មាន​លិខិតអនុញ្ញាត​ មិន​ឲ្យ​ចេញ​នេសាទ
ទូក​នេសាទថៃ ចតត្រៀបត្រា​នៅកំពង់​ផែ​ខេត្ត​ សាម៉ុតសាខន​ បន្ទាប់ពី​អាជ្ញាធរ​ហាម​ឃាត់​ទូក​ដែកគ្មាន​លិខិតអនុញ្ញាត​ មិន​ឲ្យ​ចេញ​នេសាទ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ថ្ងៃ​ ពុធ​ទី ១ ​កក្កដា ​អាជ្ញាធរ​ថៃ ​បាន​ចេញ​សេចក្តី​បញ្ជាក់​ថា ​ ទូក​នេសាទ​ទាំង​អស់ ត្រូវ​តែ​មាន​លិខិត​អនុញ្ញាត ​ទើប​អាច​ចេញ​ទូក​ ទៅ​នេសាទ​បាន។ ទូក​ណា​ដែល​គ្មាន​លិខិត​អនុញ្ញាត ​ហើយ​ហ៊ាន​ចេញ​នេសាទ ​នឹង​ត្រូវ​ផាក​ពិន័យ្យ​ជា​ប្រាក់​ចំនួន​ ២៦០០​អឺរ៉ូ ​ហើយ​ម្ចាស់​ទូក​ នឹង​ត្រូវ​ជាប់​គុក​មួយ​ឆ្នាំ។

 
គិត​មក​ត្រឹម​ពេល​នេះ ថៃ​បាន​ធ្វើ​ស្ថិតិ ​កត់ត្រា​ទូក​នេសាទ​ទាំង​អស់​​ចំនួន ​២ម៉ឺន​១ពាន់​ទូក ​ក្នុង​ចំណោម​នោះ ​មាន​ទូក​ចំនួន​៧ពាន់ ​ ដែល​ពុំ​មាន​កាន់​លិខិត​អនុញ្ញាត ​ត្រឹមត្រូវ។ ប្រធាន​សមាគម​ទូក​នេសាទ​ថៃ ​បាន​ថ្លែង​បន្ទោស​ថា ​មាន​ទូក​នេសាទ​ប្រហែល ​៥ពាន់​គ្រឿង ​ដែល​មិន​បាន​ទទួល​លិខិត​អនុញ្ញាត ​ដោយសារ​តែ​រដ្ឋ​ថៃ ​បាន​ដាក់​លក្ខខណ្ឌ​ខ្ពស់​ពេក ​ព្រម​ទាំង​មាន​សំណុំ​បែប​បទ​រដ្ឋបាល​ ត្រូវ​បំពេញ ​យ៉ាង​ស្មុគស្មាញ ​ទៀត​ផង។

គួរ​រំលឹក​ផង​ដែរ​ថា ​ការ​ដែល​សុខៗ ​អាជ្ញាធរ​ថៃ​មក​រិត​បន្តឹង ​ការ​អនុវត្តន៍​ច្បាប់​ទៅ​លើ​ទូក​នេសាទ​បែប​នេះ ​ក៏​ដោយសារ​តែ​ថៃ​ខ្លាច​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​សហភាព​អឺរ៉ុប។ តាម​ពិត​ទៅ ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ដែល​អាជ្ញាធរ​ថៃ​ ឱប​ដៃ​មើល ​ហើយ​មាន​ទាំង​មន្ត្រី​ខ្លះ ​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិក​ ជួញ​ដូរ​មនុស្ស​យក​ទៅ​លក់​ នៅ​តាម​ទូក​នេសាទ ​យ៉ាង​​កាក់កប​ទៀត​ផង។ កម្មករ​ដែល​ភាគ​ច្រើន​ ជា​ជន​ជាតិ​​ភូមា ​និង​ជនជាតិ​ខ្មែរ ​សុទ្ធសឹង​ជា​ទុរគត​ជន​ ហើយ​ធ្លាក់​ខ្លួន​ក្លាយ​ជា​ទាសករ​ តាម​ទូក​នេសាទ ​ដោយ​មាន​ករណី​ស្លាប់​រាប់​មិនអស់។

សហភាព​អឺរ៉ុប​បាន​ចេញ​កាត​លឿង ​ពិន័យ្យ​ថៃ ​ថា​បើ​រហូត​ដល់​ខែ​តុលា​ឆ្នាំ​នេះ ​ថៃ​នៅ​តែ​មិន​ចាត់​វិធានការ ​រៀបចំ​ទូក​នេសាទ​ខ្លួន​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ច្បាប់ ​សហភាព​អឺរ៉ុប​នឹង​បិទ ​លែង​ឲ្យ​ថៃ​នាំ​ផលិត​ផល​សមុទ្រ​ចូល​ទីផ្សារ​អឺរ៉ុប។ ផលិត​ផល ​ដែល​មាន​ភាគ​ច្រើន ​ជា​បង្គារ និង​ត្រីតុង ​គិត​ជា​ទឹកប្រាក់​សម្រាប់​ឆ្នាំ​២០១៤​ ស្មើរ​នឹង ​៦៤២​លាន​អឺរ៉ូ។

ទោះ​បី​ជា​ទីផ្សារ​អឺរ៉ុប ​មាន​ត្រឹមតែ​៥%​ នៃ​ការ​នាំ​ចេញ​ផលិត​ផល​សមុទ្រ​​របស់​ថៃ​ក៏​ដោយ ​ក៏​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ថៃ ​អាច​ជះ​ឥទ្ធិពល​ អាក្រក់​ទៅ​លើ​មុខមាត់​ ​និង​ទីផ្សារ​នាំ​ចេញ​របស់​ថៃ​ទាំង​មូល​ ព្រោះ​ថា​ប្រទេស​ដ៏ទៃ​ អាច​នឹងនាំ​គ្នា​ដាក់​សម្ពាធ​ទៅ​លើ​ថៃ ​ដូច​ដែល​អឺរ៉ុប​ធ្វើ។ ថៃ​ដែល​ឃោសនា​ប្រាប់​ទេសចរណ៍​ថា ​ខ្លួន​ជា​ដែនដី​សុវណ្ណភូមិ​ រឺ​ដែនដី​នៃ​ស្នាម​ញញឹម ​តែ​ធាតុពិត​ ថៃ​ជា​ដែនដី​ទឹកភ្នែក​របស់​កម្មករ​នេសាទ​ខ្មែរ ​និង​ភូមា​ ទៅ​វិញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ