អានតួអត្ថបទ
ថៃ

ថៃ៖របបសឹក​ហាម​អង្គការ​ក្រៅរដ្ឋាភិបាល​មិន​ឲ្យ​បញ្ចេញ​របាយការណ៍​ស្តីពី​សិទ្ធិមនុស្ស

នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី៤ មិថុនា របបសឹក​ក្នុង​ប្រទេស​ថៃ​បាន​ហាម​មិន​ឲ្យ​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ការ​រំលោភ​សិទ្ធិមនុស្ស។ តាម​គម្រោង អង្គការ​ក្រៅរដ្ឋាភិបាល​ត្រៀម​នឹង​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ទូទៅ​នៅ​ក្នុង​ប្រទេស​ថៃ​នា​រយៈពេល ១ឆ្នំា​នៃ​ការ​កាន់អំណាច​របស់​យោធា។ ទីក្រុង​បាងកក​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា គឺ​ដើម្បី​ចៀសវាង​ភាព​ច្របូកច្របល់​នៅ​ក្នុង​សង្គម។

នាយករដ្ឋមន្រ្តី​ថៃ លោក​ប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្រ្តី​ថៃ លោក​ប្រាយុទ្ធ ចាន់អូចា REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​មួយ​ដែល​ប៉ូលិស​ថៃ​បាន​ផ្ញើ​ទៅ​កាន់​ក្លិបអ្នកកាសែត​បរទេស​បាន​បញ្ជាក់​ថា ការ​ដែល​រដ្ឋអំណាច​ថៃ​បាន​ហាម​មិន​ឲ្យ​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ថៃ គឺ​ក្នុង​បំណង​​ចៀសវាង​កុំ​ឲ្យ​ជន​ខិលខូច​ខ្លះ​ឆ្លៀត​ឆក់​ឱកាស​នោះ​ដើម្បី​បង្ក​ភាព​ចលាចល​ក្នុង​សង្គម។ សូម​ជម្រាប​ជូន​ថា គឺ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៤ មិថុនា​ដែល​អង្គការ​នៃ​ក្រុមមេធាវី​ថៃ​ដើម្បី​សិទ្ធិមនុស្ស​ត្រូវ​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ថៃ​នៃ​ការ​កាន់​អំណាច​របស់​របបសឹក​នា​រយៈពេល ១ឆ្នំា​កន្លង​ទៅ។ ពេញ​មួយ​ឆ្នំា​នៃ​ការ​កាន់អំណាច របបសឹក​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​បំបិទ​មាត់​ពួក​ប្រឆំាង ហើយ​អ្នក​ដែល​ព្យាយាម​ធ្វើ​បាតុកម្ម​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ។

អ្នកនំា​ពាក្យ​របស់​របបសឹក​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា រដ្ឋាភិបាល​មិន​បារម្ភ​ពី​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​ទេ តែ​ចម្លើយ​បដិសេធ​របស់​រដ្ឋអំណាច​មក​ពី​អង្គការ​ក្រៅរដ្ឋាភិបាល​នោះ​មិន​បាន​សុំ​ការ​អនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ។ គួរ​រម្លឹក​ជូន​ថា នេះ​មិនមែន​ជា​លើក​ទី១ ទេ​ដែល​របបសឹក​បាន​រារំាង​មិន​ឲ្យ​អង្គការ​នៃ​ក្រុមមេធាវី​ថៃ​ដើម្បី​សិទ្ធិមនុស្ស​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ថៃ។ កាល​ពី​របបសឹក​កាន់​អំណាច​បាន ១០០ថ្ងៃ អង្គការ​មួយ​នេះ​ក៏​គ្រោង​នឹង​ចេញ​ផ្សាយ​របាយការណ៍​ដូច​គ្នា​នេះ​ម្តង​ហើយ តែ​ត្រូវ​បាន​ខកខាន​ទៅ​វិញ​ដោយសារ​តែ​ទទួល​គំនាប​ខ្លំាង​ពេក​ពី​រដ្ឋអំណាច។

យោង​តាម​អង្គការ​ក្រៅរដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ឈ្មោះ ilaw ឲ្យ​ដឹង​ថា ពេញ​មួយ​ឆ្នំា​នៃ​ការ​កាន់​អំណាច​របស់​យោធា មាន​មនុស្ស ៧៥១នាក់​ដែល​ភាគច្រើន​ជា​ពួក​ប្រឆំាង​ត្រូវ​បាន​របបសឹក​កោះហៅ​ឲ្យ​ចូល​ជួប និង​មាន ១៦៦នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​រយៈពេល​ខ្លី ឬ​វែង​ពី​បទ​បាន​សម្តែង​មតិ​នៅ​កន្លែង​សាធារណៈ។ នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ថ្ងៃទី២២ ឧសភា ឆ្នំា ២០១៤ មាន​មនុស្ស​ជា​ច្រើន ក្នុង​នោះ​មាន​មន្រ្តីបក្សប្រឆំាង សកម្មជនប្រឆំាង និង​អ្នកប្រាជ្ញ​ត្រូវ​បាន​របបសឹក​កោះហៅ​ទៅ​ណែនំា​ឲ្យ​កែប្រែ​ឥរិយាបទ។

ក្រៅ​ពី​នោះ ចំណាត់ការ​តាម​ផ្លូវតុលាការ​ពី​បទ​ប្រមាជ​ព្រះមហាក្សត្រ ឬ​ក្រុមគ្រួសារ​រាជវង្ស​ក៏​ត្រូវ​បាន​គុណ​ទ្វេដង​ដែរ​ក្នុង​រយៈពេល​នៃ​ការ​កាន់អំណាច​របស់​របបសឹក ១ឆ្នំា​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ