អានតួអត្ថបទ
ថៃ

ថៃ៖របបសឹក​ព្យាយាម​ស្តាមុខមាត់​ប្រទេស​​​លើ​ឆាក​អន្តរជាតិ ដោយ​សន្យា​កំចាត់​បណ្តាញ​ជួញដូរ​មនុស្ស

នៅ​រសៀល​ថ្ងៃ​សុក្រ ទី៥ មិថុនា លោក​ឧត្តមសេនីយ នាយករដ្ឋមន្រ្តី​ថៃ​ប្រាយុទ្ធ ចាន់អូចា​បាន​សន្យា​កំចាត់​បណ្តាញ​រត់ពន្ធ​មនុស្ស​ឲ្យ​ដល់​ឫសគល់ ព្រម​ទំាង​ធ្វើ​ការ​បោសសំអាត​មន្រ្តី​ឃុបឃិត​គ្រប់​ជាន់ថ្នាក់។ ការ​សន្យា​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​ថៃ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ថៃ​កំពុង​ទទួល​រងការ​រិះគន់ ទិតៀន​យ៉ាង​ខ្លំាង​ពី​រឿង​ជួញដូរ​មនុស្ស និង​ចំ​ពេល​ដែល​អាមេរិក​កំពុង​ត្រៀម​ផ្សព្វផ្សាយ​របាយការណ៍​ពិភពលោក​ប្រចំា​ឆ្នំា​ស្តីពី​ចំណាត់ថ្នាក់​​ប្រទេស​ល្បី​ឈ្មោះ​ខាង​ប្រយុទ្ធប្រឆំាង​នឹង​ការ​ជួញដូរ​មនុស្ស។

លោក​ឧត្តមសេនីយ នាយករដ្ឋមន្រ្តី​ថៃ​ប្រាយុទ្ធ ចាន់អូចា
លោក​ឧត្តមសេនីយ នាយករដ្ឋមន្រ្តី​ថៃ​ប្រាយុទ្ធ ចាន់អូចា Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ឱកាស​ទិវាជាតិ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ជួញដូរ​មនុស្ស​ដែល​លោក​ប្រាយុទ្ធ ចាន់អូចា​បាន​ថ្លែង​ច្បាស់ៗ​តាម​ទូរទស្សន៍​ក្នុង​ស្រុក​ថា ប្រទេស​ថៃ​គ្មាន​កន្លែង​សម្រាប់​អ្នក​រត់ពន្ធ​មនុស្ស​ទេ ទោះ​បី​ជា​អ្នកជួញដូរ​មនុស្ស​នោះ ជា​អ្នក​មាន​ឥទ្ធិពល​ក្នុង​សង្គម ឬ​មួយ​ក៏​ជា​ថ្នាក់ដឹកនំា​ក្នុង​រដ្ឋាភិបាល​ក៏​ដោយ។ តែ​ទន្ទឹម​គ្នា​នេះ លោក​ចាន់អូចា​ក៏​បាន​ប្រកាស​ទទួល​ស្គាល់​ថា រឿង​ជួញដូរ​មនុស្ស​ពិត​ជា​មាន​នៅ​ក្នុង​ទឹកដី​ថៃ​តំាង​ពី​យូរ​មក​ហើយ។ គួរ​រម្លឹក​ជូន​ថា នេះ​ជា​លើកទី១ បង្អស់​ដែល​ថៃ​បាន​បង្កើត​ឲ្យ​មាន « ទិវាជាតិ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ជួញដូរ​មនុស្ស » នេះ​ឡើង។

អ្វី​ជា​ការ​កត់សម្គាល់ ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​កំចាត់​បណ្តាញ​ជួញដូរ​មនុស្ស​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​មុន​នឹង​ក្រសួង​ការបរទេស​អាមេរិក​ផ្សព្វផ្សាយ​របាយការណ៍​ពិភពលោក​ប្រចំា​ឆ្នំា ២០១៥ ​ស្តីពី​ចំណាត់ថ្នាក់​​ប្រទេស​ល្បី​ឈ្មោះ​ខាង​ប្រយុទ្ធប្រឆំាង​នឹង​ការ​ជួញដូរ​មនុស្ស។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ថៃ​នឹង​ស្ថិត​ចំណាត់ថ្នាក់​ទីប៉ុន្មាន​ទេ​នៅ​ក្នុង​ឆ្នំា ២០១៥ នេះ អ្វី​ដែល​គេ​បាន​ដឹង​នៅ​ក្នុង​របាយការណ៍​កាល​ពី​ខែ​មិថុនា ឆ្នំា ២០១៤ អាមេរិក​បាន​ទម្លាក់​ចំណាត់ថ្នាក់​ថៃ​ទាប​ដល់​បាត​ជា​ប្រទេស​រំលោភបំពាន​លើ​កម្លំាងពលកម្ម​របស់​កម្មករ​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នេសាទ។

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ ពោល​តំាង​ពី​មាន​ផ្ទុះ​រឿងអាស្រូវ​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​តំបន់​ប៉ែកខាងត្បូង​ជាប់ព្រំដែន​ជាមួយ​នឹង​ប្រទេស​ម៉ាឡេស៊ី​មក ថៃ​ព្យាយាម​ធ្វើ​ជា​សិស្ស​ល្អ​ដោយ​បាន​ផ្តើម​រឹតបន្តឹង​នយោបាយ​អន្តោប្រវេសន៍​តាម​រយៈ​ការ​កំចាត់​បណ្តាញ​ក្រុម​នំា​មនុស្ស​ឆ្លង​កាត់​ទឹកដី​របស់​ខ្លួន។ ក្រៅ​ពី​បើក​ប្រតិបត្តិការ​ចាប់​ខ្លួន​ជនសង្ស័យ​ជួញដូរ​មនុស្ស រដ្ឋអំណាច​ក៏​បាន​បោសសំអាត​មន្រ្តីជាន់ខ្ពស់​យោធា​ដែល​ឃុបឃិត​ដែរ។ ថ្មីៗ​នេះ មាន​ឧត្តមសេនីយ​ម្នាក់ ព្រម​ទំាង​មន្រ្តី​សង្ស័យ​ចំនួន ៥១នាក់​បាន​ជាប់ចោទ​ពី​បទ​ចាប់​មនុស្ស​ធ្វើ​ជា​ថ្នូរ ឬ​មួយ​ក៏​អនុវត្តន៍​ទាសភាព​រហូត​ដល់​ធ្វើ​ឲ្យ​ស្លាប់​ទាសករ។

គោលដៅ​របស់​ក្រុង​បាងកក​នៅ​ក្នុង​យុទ្ធនាការ​ប្រឆំាង​នឹង​រឿង​ជួញដូរ​មនុស្ស គឺ​ដើម្បី​ស្តាឡើង​វិញ​នូវ​មុខមាត់ និង​លើក​ដំកើន​រូបភាព​ប្រទេស​ថៃ​នៅ​លើ​ឆាកអន្តរជាតិ។ ក្រៅ​ពី​ទទួល​គំនាប​របស់​អាមេរិក ថៃ​ក៏​បាន​ទទួល​គំនាប​ពី​សហភាព​អឺរ៉ុប​ដែល​ទុក​ពេល​ឲ្យ​ថៃ​ចំនួន ៦ខែ ពោល​រហូត​ដល់​ខែ​កញ្ញា​ខាង​មុខ​សម្រាប់​បំបាត់​ការ​នេសាទ​ខុសច្បាប់​ដោយ​ចាប់​បង្ខំ​ឲ្យ​កម្មករ​ធ្វើ​ការ​ហួសកម្លំាង។ លោក​ប្រាយុទ្ធ ចាន់អូចា​យល់​យ៉ាង​ច្បាស់​ថា ការ​បន្ត​ឱបដៃ​ទុក​ឲ្យ​ថៃ​ក្លាយ​ជា​ទឹកដី​សម្រាប់​អ្នកជួញដូរ​មនុស្ស​នឹង​ធ្វើ​ឲ្យ​ថៃ​ខាតបង់​សេដ្ឋកិច្ច និង​បាត់បង់​ជំនឿទុកចិត្ត​ពី​ក្រុមអ្នកវិនិយោគ​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ