អានតួអត្ថបទ

ថាមពល​នុយក្លេអ៊ែរ​សំខាន់​យ៉ាង​ណា​សម្រាប់​ជប៉ុន ?

បើ​ទោះ​ជា​មតិ​សាធារណៈ​ភាគ​ច្រើន​ប្រឆាំង បាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ និង​មុខ​គេហដ្ឋាននាយក​រដ្ឋមន្ត្រី​ក៏​ដោយ ក៏មិន​មែន​ជា​ឧបសគ្គ​អ្វី​សម្រាប់​ជប៉ុនដែរ​ ! ​នៅ​ថ្ងៃ​អង្គារ​នេះ មជ្ឈមណ្ឌល​អគ្គីសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ បាន​ផ្តើម​ដំណើរ​ការ​ឡើង​វិញ​​ ជា​លើក​ដំបូង ​​បន្ទាប់​ពី​ត្រូវ​បាន​បញ្ឈប់​ទាំង​ស្រុង​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ សិនដៃ ដែល​ស្ថិត​នៅ​ឆ្ងាយ​ជាង​គេ​បំផុត​ពី​ទីក្រុង​តូក្យូ ​បាន​ឆ្លង​កាត់​វិញ្ញាសា​សុវត្ថិភាព​ ​កំរិត​គ្រោះថ្នាក់​ដូច​​មហន្តរាយហ្វូគូស្ហ៊ីម៉ា ​អស់​ជា​ច្រើន​ថ្ងៃ។ សម្រាប់​​រដ្ឋាភិបាលជប៉ុន​ សុវត្ថិភាព​នុយក្លេអ៊ែរ​ដែល​ជា​អាទិភាព​ចំបង​​​ត្រូវ​បាន​ធានាហើយ​ ដូច្នេះ​ត្រូវ​តែ​ផ្តល់​សន្ទុះ​ថ្មី​ដល់​ឧស្សាហកម្ម​នេះ​។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​សិនដៃ ដែល​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃទី ១១​សីហា ២០១៥
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​សិនដៃ ដែល​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃទី ១១​សីហា ២០១៥ REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

ជប៉ុន​ប្រឆាំង​នុយក្លេអ៊ែរ តែ​ត្រូវ​ការខ្លាំងថាមពលនុយក្លេអ៊ែរ

 
ជប៉ុន​ជា​ប្រទេស​ប្រឆាំង​នឹង​នុយក្លេអ៊ែរ ! ឆន្ទៈ​នេះ​ត្រូវ​បាន​បង្ហាញ​ជា​ថ្មី នាឱកាស​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរ​អាមេរិក​លើ​កោះអ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាហ្សាគី។ ជប៉ុន​បាន​សន្យា​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​កុំ​ឱ្យ​ពិភពលោក​ស្គាល់​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ដូច​ជប៉ុន កាលពី​៧០​ឆ្នាំ​មុន និង​ដើម្បី​ឱ្យ​ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ តែ​ដោយ​ជប៉ុនជា​ប្រទេស​ខ្សត់​ខ្សោយ​ ខ្វះ​ធនធាន​ធម្មជាតិ​ខ្លាំង​សម្រាប់​ផលិត​ថាមពល ជប៉ុន​​ត្រូវ​ការ​ខ្លាំង​​ថាមពល​នុយក្លេអ៊ែរ។ ដូច្នេះ​ជប៉ុន​ត្រូវ​ការ​អភិវឌ្ឍន៍​និង​ការពារ​ថាមពល​បាន​មក​នុយក្លេអ៊ែរ ឬ​ហៅ​នុយក្លេអ៊ែរ​ស៊ីវិល។

ម្យ៉ាង​វិញ​ទៀត ការ​ផ្តល់​សន្ទុះថ្មី​ដល់​ឧស្សាហកម្ម​នុយក្លេអ៊ែរ ជា​ប្រការ​ដ៏ចាំបាច់​បំផុត​សម្រាប់​ជប៉ុន​ ! សម្រាប់​រដ្ឋាភិបាល​លោក​ស៊ីនហ្សូ​អាបេ ដាក់​ដំណើរការ​មជ្ឈមណ្ឌល​អគ្គីសនី​ ដើរ​ដោយ​នុយក្លេអ៊ែរ​ឡើង​វិញ​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ចំណាយ​​ដ៏​មហាសាល​​របស់​ជប៉ុន ទិញ​ធនធាន​​ធម្មជាតិ​ ពី​បរទេស ក្នុង​បរិមាណ​ច្រើន​​ សម្រាប់​យក​មក​បំប៉ន​សេចក្តី​ត្រូវការ​ផ្នែក​ថាមពល​​របស់​ប្រទេស។ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ ដែល​គ្មាន​ថាមពល​នុយក្លេអ៊ែរ​នេះ ជប៉ុន​បាន​ចំណាយ​​​ទិញ​ប្រេង-​ឧស្ម័ន​ក៏​ច្រើន ឯ​តម្លៃ​អគ្គិសនី​ក៏​ឡើង​ថ្លៃ​ខ្លាំងទៀត ! បើ​តាម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មានរបស់​វិទ្យុ​បារាំង​ប្រចាំ​ទីក្រុង​តូក្យូ តម្លៃ​ភ្លើង​បាន​ឡើង​ប្រមាណ​៣០%​ចំពោះ​តម្លៃលក់​រាយតាម​ផ្ទះ និង​ឡើង​ដល់​ទៅ៣៥%​នៅ​តាម​រោងចក្រ ដែល​ធ្វើ​ ឱ្យ​ក្រុមហ៊ុន​ខ្លះ​​សុខ​ចិត្ត​ប្តូរ​ទីតាំង​ទៅ​ប្រទេស​ផ្សេង​ដែល​មាន​ថាមពល​ថោក​ជាង​ជប៉ុន។​ ចំណាយ​ផ្នែក​ថាមពល​នេះ​បាន​បន្ទុច​បង្អាក់​ខ្លាំង​កំណើត​សេដ្ឋកិច្ចជាតិ។

ចំណុច​សំខាន់​មួយ​ទៀត ដែល​អាច​ចាត់​ទុក​ជា​មោទនភាព​ជប៉ុន​ផង​នោះ គឺ​ជប៉ុន​អាច​នឹង​ក្លាយ​ទៅ​ជា​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ។ បន្ទាប់​ពី​រង​គ្រោះ​មហន្តរាយ​នៅ​ហ្វូគូស្ហ៊ីម៉ា​មក ជប៉ុន​បាន​កំណត់​បទដ្ឋាន​សុវត្ថិភាព​នុយក្លេអ៊ែរ​ យ៉ាង​តឹង​តែ​ង​បំផុតជាង​គេ​ នៅពិភពលោក​​ ! ​អាជ្ញាធរ​ឯករាជ្យ​​ថ្មី ទទួល​បន្ទុក​ត្រួត​ពិនិត្យ​សុវត្ថិភាព​នុយក្លេអ៊ែរ ​បាន​អះអាង​ថា​ ជប៉ុន​គ្មាន​ថ្ងៃ​ស្គាល់​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ដូច​ហ្វូគូស្ហ៊ីម៉ាទេ។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ សិនដៃ ដែលមាន​ទីតាំង​នៅ​ក្នុង​តំបន់​ភ្នំភ្លើង ​ទើប​អាច​ចាប់​ដំណើរ​ការជា​ថ្មី​នៅ​ថ្ងៃ​នេះ ក៏​ព្រោះ​តែ​ត្រូវ​ឆ្លង​កាត់​វិញ្ញាសា​សុវត្ថិភាព​គ្រប់បែប​ទាំង​អស់។

គ្មាន​ថាមពល​នុយក្លេអ៊ែរ ជប៉ុន​ចំណាយធំ និង​ ខាតប​ង់ច្រើន

​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ ពី​ឆ្នាំ​២០១៣-ដល់​ថ្ងៃ​ម្សិលមិញ ​ជប៉ុន​ផ្អាកមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ទាំង​ស្រុងនោះ តែជប៉ុន​មិន​ខ្វះ​ថាមពល​សម្រាប់​បំប៉ន​សេដ្ឋកិច្ច​និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ទេ។ ជប៉ុន​បាន​ងាក​ទៅ​ទាញ​ថាមពល​អគ្គីសនី ពី​មជ្ឈមណ្ឌល​ដើរ​ដោយ​ធ្យូង​ថ្ម ដែល​បំពុល​បរិស្ថាន​យ៉ាង​ខ្លាំង មក​បម្រើ​សេចក្តី​ត្រូវ​ការ​​ដល់​(៩១,១%) និង​មជ្ឈមណ្ឌល​ដើរ​ដោយ​កម្តៅ ៨,៥% និង​ថាមពល​មិន​ចេះ​រីងស្ងួត (ថាមពល​ព្រះអាទិត្យ ខ្យល់ ...)០,៣៥%។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ជាក់​ស្តែង​ មជ្ឈមណ្ឌល​ដើរ​ដោយ​ឧស្ម័ន ធ្យូងថ្ម និង​ប្រេង ដែល​ជប៉ុន​ត្រូវ​នាំ​ចូល​ពី​បរទេស បង្កើន​ផលិតផល​របស់​ខ្លួន។ ក្នុង​មួយ​ឆ្នាំ អ្នក​ឯក​ទេស​បាន​វាយ​តម្លៃ​ថា ជប៉ុន​បាន​ចំណាយ​បន្ថែម​ ដល់​ទៅ ២៦,៧ពាន់​លាន​អឺរ៉ូ សម្រាប់​ទិញ​ប្រេង។ ការ​ខាត​បង់​នេះ មិន​រាប់​បញ្ចូល​អំពី​ឱនភាព​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​សកម្មភាព​ឧស្សាហកម្ម​ថយ​ល្បឿន​ ពុំ​សូវ​មាន​ប្រាក់​ចំណូល ប្រាក់​ចំណេញ ពន្ធដារ​ក៏​ធ្លាក់​ចុះ​ផង។

ប្រសិន​បើ​ជប៉ុន​គ្មាន​ថាមពល​នុយក្លេអ៊ែរសោះ ក្នុង​រវាង​ពី​ឆ្នាំ​១៩៦៥​ដល់​ឆ្នាំ​២០១០ ម្ល៉េះ​សម​ជប៉ុន​ត្រូវចំណាយ​ចោលទិញ​ប្រេង​អស់ ២៤៥​ពាន់​លាន​អឺរូ និង​បើ​បន្ត​អត់​នុយក្លេអ៊ែរ​ទៀត មាន​នុយក្លេអ៊ែរ​តែ​មួយ​ភាគ​ ជប៉ុននឹង​ខាតអស់​ជិត​១៦៥ពាន់លាន​ ពីពេល​នេះ​ដល់​ឆ្នាំ​២០២០។

ដើម្បី​ថាមពល​ ជប៉ុន​នឹង​ដាក់​ដំណើរ​ការ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទាំង​អស់​ ​ឡើង​វិញ​ ?

រដ្ឋាភិបាល​ជប៉ុន​ មាន​គម្រោង​ទាញ​យក​ថាមពល​នុយក្លេអ៊ែរ​មក​បំរើ​សេចក្តី​ត្រូវការឱ្យ​បាន​ប្រមាណ​ពី ២០​ទៅ ២២​% ដូច​អ្វី​ដែល​ជប៉ុន​ធា្លប់​មាន​មុន​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា ដើម្បី​អាច​សម្រេច​កម្មវត្ថុ​កាត់​បន្ថយ​​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ឱ្យ​បាន​២៦%​ នៅ​ឆ្នាំ​២០៣០។ ជប៉ុន​បាន​ធ្វើ​សន្យា​រួច​ហើយ នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ។

ប៉ុន្តែ​គេ​មិន​ទាន់​អាច​ដឹង​ដោយ​ច្បាស់​លាស់​អំពី​ចំនួន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដែល​ជប៉ុន​ចង់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​នោះ​ទេ។ ជា​សរុប​ និង​ដោយ​មិន​រាប់​អំពី​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរទាំង​៦ ​នៅ​ហ្វូគូស្ហ៊ីម៉ា ដៃឈី ជប៉ុន​មាន​មជ្ឈមណ្ឌល​អគ្គីសនី​នុយក្លេអ៊ែរ ៤៨ ក្នុងនោះ​មាន​៥ យ៉ាង​តិច​ នឹង​ត្រូវ​រំលាយ​ចោល។

បើ​ផ្អែក​តាម​ផ្នែក​បច្ចេកទេស (គិត​ពី​អាយុ ពីទីតាំង ...) មាន​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ ប្រមាណ​ជាង​៣០​នឹង​អាច​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​បាន​។ តែ​ត្រូវ​រង់ចាំ​សេចក្តី​សម្រេច​ពី​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​នយោបាយ​សិន​ទើប​អាច​បើក​បាន។

ទន្ទឹម​គ្នា​នេះ ក្រោយ​មហន្តរាយ​នៅ​ហ្វូគីស្ហ៊ីម៉ា ជប៉ុន​ក៏​បាន​ចាប់​ផ្តើម​គិត​គូរ ស្វែង​រក​ថាមពល​មិន​ចេះ​រីក​ស្ងួតដែរ។ ថ្វីបើ​ក្រុមហ៊ុន​អគ្គីសនី មិន​ខ្វល់​ខ្វាយ​នឹង​ថាមពល​ព្រះអាទិត្យ​ក្តី ក៏​ជប៉ុន​មិន​ធ្វេស​ប្រហែស​នឹង​អភិវឌ្ឍន៍​ថាមពល​គ្មាន​ផ្សែង​ មិន​ចេះ​​រីក​ស្ងួត ឱ្យ​មាន​សក្តានុពល​ ដល់​៥៦%​នៃតម្រូវការ​ផ្នែក​អគ្គីសនី ចាប់​ពី​ឆ្នាំ​២០៣០​ទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ