អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

បាញ់រះ​តាម​ព្រំដែន​នៅ​តំបន់​កាហ្សមៀរ​រវាង​ឥណ្ឌា ​និង​ប៉ាគីស្ថាន​ ស្លាប់​ ៨នាក់

ជាថ្មី​​ម្តង​​ទៀត ​តាម​បណ្តាយ​ព្រំដែន​រវាង​ឥណ្ឌា ​និង ​ប៉ាគីស្ថាន​នៅ​តំបន់​កាហ្សមៀរ ​បាន​ក្លាយ​ជា​ទី​លាន​ប្រយុទ្ធ​បាញ់​តបត​ដាក់​គ្នា។ ប្រភព​ព័ត៌មាន​ពីក្រុង​ ស្រីណាកា ​បាន​ឲ្យ​ដឹង​ថា ​មាន​អ្នក​ស្លាប់​ទាំង​អស់ ​៨​នាក់ ​ដោយសារ​ការ​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់ ​ទៅ​វិញ​ទៅ​មក ​រវាង​កងទ័ព​ព្រំដែន​ឥណ្ឌា ​និង​កងទ័ព​ប៉ាគីស្ថាន ​ ដែល​ភាគ​ច្រើន​ អ្នក​រង​គ្រោះ ​គឺ​សុទ្ធសឹង​ជា​ប្រជាជន​ស្លូតត្រង់។

ផែនទី តំបន់​កាហ្សមៀរ ដែល​​ឥណ្ឌា និង ប៉ាគីស្ថាន ឈ្មោះ​​គ្នា​​តាមព្រំដែន
ផែនទី តំបន់​កាហ្សមៀរ ដែល​​ឥណ្ឌា និង ប៉ាគីស្ថាន ឈ្មោះ​​គ្នា​​តាមព្រំដែន RFI
ផ្សាយពាណិជ្ជកម្ម

ស្នូរ​គ្រាប់​កាំភ្លើង ​បាន​ផ្ទុះ​ឡើង​សារ​ជាថ្មី ​នៅ​តំបន់​កាហ្សមៀរ ​តាម​បណ្តោយ​ព្រំដែន​រវាង​ឥណ្ឌា ​និង​ប៉ាគីស្ថាន​ ចាប់​តាំង​ពី​ថ្ងៃ​សុក្រ ​ទី​ ១៤​ សីហា។ នៅ​ថ្ងៃ​អាទិត្យ​ទី ​១៦ ​សីហា​នេះ ​តាម​ប្រភព​ព័ត៌មាន ​ ពី​ក្រុង​ស្រីណាកា ​តំបន់​កាហ្សមៀរ​ បាន​ឲ្យ​ដឹង​ថា ​យ៉ាង​ហោច​ណាស់ ​មាន​អ្នក​ស្លាប់​​ ចំនួន​ ៨​នាក់​ ដោយសារ​តែ​គ្រាប់​កាំភ្លើង​ត្បាល់​ របស់​ទាហាន​ទាំង​សងខាង។

 
អ្នក​នាំពាក្យ​ឥណ្ឌា ​ប្រចាំការ​នៅ​មូលដ្ឋាន ​បាន​បញ្ជាក់​ថា ​មាន​ប្រជាជន​ស្លូត​ត្រង់​ឥណ្ឌា ​៥នាក់ ​បាន​ស្លាប់ ​ដោយ​ក្នុង​នោះ ​ មាន​ក្មេង​អាយុ​១២​ឆ្នាំ​ម្នាក់​ផង​ដែរ ​ត្រូវស្លាប់​ដោយសារ​តែ​គ្រាប់​កាំភ្លើង​ត្បាល់​ បាញ់​ចេញ​ពី​ខាង​ប៉ាគីស្ថាន។ ក្រៅ​ពី​អ្នក​ស្លាប់ ​នៅ​មាន​អ្នក​របួស​ ចំនួន​៩នាក់​ផ្សេង​ទៀត។ ចំណែក​មន្ត្រី ​ប៉ាគីស្ថាន​វិញ ​បាន​រាយការណ៍​ថា​ ខាង​គេ ​មាន​ប្រជាជន​ស្លាប់​២នាក់ ​និង​របួស​៥នាក់ ​ដោយសារ​គ្រាប់​កាំភ្លើង​ត្បាល់ ​បាញ់​ចេញ​ពី​ខាង​ឥណ្ឌា។ ហេតុការណ៍​​បាញ់​តប​ត​គ្នា​​នេះ ​បាន​កើត​ឡើង ​នៅ​ស្រុក​ ប៉ូនឆ៍ ​ជាប់​នឹង​ខ្សែ​បន្ទាត់​ព្រំដែន ​បែងចែក​រវាង​តំបន់​កាហ្សមៀរ​ឥណ្ឌា ​និង​​​តំបន់​កាហ្សមៀរ​ប៉ាគីស្ថាន។

ដោយឡែក​ ​កាល​ពី​ថ្ងៃ​សៅរ៍ ​ទី១៥​ សីហា ​គ្រាប់​កាំភ្លើង​ត្បាល់​មួយ​គ្រាប់​ របស់​កងទ័ព​ព្រំដែន​ ប៉ាគីស្ថាន ​ ​បាន​ផ្លោង​ធ្លាក់  ​ក្នុង​ភូមិ​ឥណ្ឌា ​មួយ ​ទៅ​ប៉ះ​នឹង​រថយន្ត​ក្រុង​មួយ​ បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដំណើរ​៣នាក់​ និង​២០​នាក់​ផ្សេង​ទៀត​រង​របួស។ សំឡេង​គ្រាប់​កាំភ្លើង ​ រប៉េសរប៉ោះ ​ត្រូវ​បាន​គេ​ឮ​យូរៗ​ម្តង ​ក្នុង​រវាង​យប់​ថ្ងៃ​សៅរ៍ ​ឈាន​ចូល​ថ្ងៃ​អាទិត្យ។

សូម​បញ្ជាក់​ថា   ​គ្រាប់​កាំភ្លើង ​បាន​ចាប់ផ្តើម​បាញ់​ចេញ​ ពី​ខាង​ប៉ាគីស្ថាន ​ចាប់​តាំង​ពីថ្ងៃ​សុក្រ ​ទី ​១៤ ​សីហា​ ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ប៉ាគីស្ថាន។ ចំណែក​ឥណ្ឌា ​ បុណ្យ​ឯករាជ្យ​ជាតិ​ឥណ្ឌា ​គឺ​ប្រារព្ធ​ធ្វើ​ឡើង​ នៅ​ថ្ងៃ​បន្ទាប់​ ​គឺថ្ងៃ​សៅរ៍​ទី ​១៥​សីហា។

ចាប់​តាំង​ពី​បាន​ឯករាជ្យ ​ប្រទេស​ទាំងពីរ ​បាន​ឈ្លោះ​គ្នា ​ដណ្តើម​គ្នា​កាន់​កាប់​តំបន់​កាហ្សមៀរ​ ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ប្រទូស្តរាយ​យោធា​ទ្រង់ទ្រាយ​ធំ ​រវាង​សត្រូវ​ទាំង​ពីរ​ បាន​កើត​ឡើង​ ចំនួន​៣​លើក​ រួច​មក​ហើយ។ ដោយឡែក ​តាម​ការ​គ្រោងទុក​ ប្រទេស​ទាំង​ពីរ ​ មាន​គម្រោង​ជួប​ពិភាក្សា​គ្នា ​ នៅ​ថ្ងៃ​ទី ​២៣-​២៤​ សីហា ​ខាង​មុខ ​នៅ​ទីក្រុង​ ញូដេលី ​ដើម្បី ​និយាយ​អំពី​កិច្ចការ​សន្តិសុខ ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​អំពើ​ភេរវកម្ម។ គេ​មិន​ប្រាកដ​ថា ​ អ្វីៗ​នឹង​ប្រព្រឹត្តិ​ទៅ​ ដោយ​រលូន​នោះ​ទេ​ ​បើ​សិន​ជា​ការ​បាញ់បោះ​តាម​ព្រំដែន​ នៅ​តែ​បន្ត​មាន ​យ៉ាង​ដូច្នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ