អានតួអត្ថបទ

នាយក​រដ្ឋមន្ត្រី​ថៃ ចង្អុល​មុខ​ក្រុម​អាវ​ក្រហម​ថា​​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​នៅ​បាងកក

ក្រុង​បាងកក ពេល​នេះ​​ស្ថិតក្នុង​ស្ថានភាព​តាន​តឹង​ជាង​ពេល​ណាៗ​ទាំង​អស់ ! ស្នូរ​ផ្ទុះ​បាន​លាន់​ឮ​មួយ​គ្រាប់​ទៀត នៅព្រឹក​មិញ តែ​សំណាងល្អ​គ្មាន​បង្ក​គ្រោះថ្នាក់​និង​ជន​រង​គ្រោះ។ ​​ ម្សិលមិញ បាងកក​បាន​រង​ការ​វាយប្រហារភេរវកម្ម​ដ៏​ធ្ងន់ធ្ងរ​មិនធ្លាប់​មាន ​តុល្យការ​នៃ​ចំនួន​មនុស្ស​ស្លាប់​ បាន​កើន​ឡើង​ដល់​ទៅ​២២​នាក់ និង​របួសជាង​១២០​នាក់។  តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ប៉ូលិស​កំពុង​តាម​ស្វែង​រក​ចាប់​ខ្លួន​​ជន​សង្ស័យ​ម្នាក់។ ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ ប្រាយុទ្ធ​ ចាន់អូចា បាន​ចោទ​ប្រកាន់​ដោយ​ត្រង់ៗ​ថាការ​បំផ្ទុះ​គ្រាប់​បែក​កណ្តាល​រាជធានី​​ជាស្នាដៃ​របស់​​ក្រុម​អាវក្រហម។ ជាង​មួយ​ឆ្នាំ​ក្រោយ​រដ្ឋប្រហារ ​និង​ការ​ដឹកនាំ​ដោយ​យោធា ​ថៃ​កំពុង​ឆ្លង​កាត់​វិញ្ញាសា​ដ៏​ហិង្សា​ថ្មី​មួយ​ថែម​ទៀត។

ទីសក្ការៈ​អេរ៉ាវ៉ាន់ ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក
ទីសក្ការៈ​អេរ៉ាវ៉ាន់ ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក © Reuters
ផ្សាយពាណិជ្ជកម្ម

បណ្តា​ជន​ថៃ និង​ពិសេស​ទេសចរ​​បរទេស ស្ថិត​ក្នុង​ស្ថានភាព​តក់​ស្លុត​ និង​ព្រួយ​បារម្ភ​​ខ្លាំង ចំពោះ​ស្ថានការណ៍​ហិង្សា​កណ្តាល​រដ្ឋធានី​ នៃ​ប្រទេស​ដែលធ្លាប់មាន​ឈ្មោះ​ “ប្រទេស​នៃ​ភាព​ញញឹម”។ ភាព​តាន​តឹង​បន្ត​គ្រប​ដណ្តប់​ក្រុង​បាងកក​ទៀត ​នៅ​ព្រឹក​មិញ ! បើ​តាម​ប៉ូលិស​នៅ​ផ្ទាល់​នឹង​កន្លែង គេ​បាន​ឮ​ស្នូរ​ផ្ទុះ​មួយ​បន្ថែម​ទៀត ជា​កូន​គ្រាប់​​តូច​មួយ​​ ត្រូវ​បាន​គ្រប់​មក​ពីលើ​ស្ពានអកាស​ ប៉ុន្តែ​ជា​សំណាង​ល្អ គ្មាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ឬ​ជន​រង​របួស​អ្វី​ទាំង​អស់។ ប៉ូលិស​ ទាហាន កង​កម្លាំង​សន្តិសុខ​រាប់​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ពេញ​ទីក្រុង​បាងកក​ តាំង​ពី​ព្រឹក​មក។

 
​​អត្តសញ្ញាណ​ជន​សង្ស័យ

ចំណែកឯ​ការ​​អង្កេត​ កំពុងទៅ​មុខ ប៉ូលិស​បន្ត​​​រុករក​ នៅ​កន្លែង​កើត​ហេតុ​​ល្ងាច​មិញ​ផង ថ្ងៃ​មិញ​ផង ក្រែង​រក​ឃើញ​មាន​វត្ថុតាង​អ្វី​ផ្សេង​ទៀត បន្ថែម​ពី​លើ​ព័ត៌មាន​ផ្តល់​ដោយ​កាមេរ៉ា​សុវត្ថិភាព ដែល​ថត​ឃើញ​មាន​បុរស​ម្នាក់ គួរ​ឱ្យ​សង្ស័យ ពាក់​អាវ​យឺត​ពណ៌​លឿង​ ស្ពាយ​សាក់កាដូ។ បើ​តាម​រូបភាព​ក្នុង​កាមេរ៉ា យុវជន​នោះ​បាន​ដើរ​ចូល​ទៅ​ក្នុង​បរិវេណ​ព្រះភូមិ​អេរ៉ាវ៉ាន់ តែ​ពេល​​ចេញ​មក​វិញ​ នៅ​ប្រមាណ​១៥​នាទី​ក្រោយ​ ​ស្រាប់​តែ​​គ្មាន​ឃើញ​ស្ពាយ​កាបូប​អ្វី​សោះ សំឡេង​ផ្ទុះ​ក៏​បាន​លាន់​ឮ​តាម​ពី​ក្រោយ។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ បាន​អះអាង​ថា ជនសង្ស័យ​នេះ ស្ថិត​នៅ​ក្នុង​ក្រុម​ប្រឆាំង​នឹង​របប​សឹក និង​​មាន​ដើម​កំណើត​ជា​អ្នក​ឦសាន ប៉ុន្តែ​រូបភាព​មិន​សូវ​ច្បាស់​ ទើប​ត្រូវ​ផ្ទៀង​ផ្ទាត់​រូបភាព​ឡើង​វិញ។ ឯ​ការ​ស្វែង​រក​ចាប់​ជន​សង្ស័យ​ក៏​បាន​ចាប់​ផ្តើម តែ​មិន​ទាន់​បាន​ទទួល​លទ្ធផល​អ្វី​នៅឡើយ​ទេ។ បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ដដែល ប៉ូលិស​ថៃ​ពេល​នេះ​ក៏​កំពុង​សិក្សា​អង្កេត​សារ​តាម​​ប្រព័ន្ធ​សង្គម​ហ្វេសប៊ូក​។ សារ​ព្រមានតាំង​ពី​មុន​ការ​ផ្ទុះ​គ្រាប់​បែក​ ប្រាប់​​​អំពី​គ្រោះថ្នាក់​​​ឆាប់ៗ​អាច​កើត​មាន​នៅ​​ទីក្រុង​បាងកក​។ សារ​នោះមាន​ប្រភព​មក​ពី​ក្រុម​ប្រឆាំង​នឹង​របប​សឹក ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ជើង​ប្រទេស ខ្លះ​ជា​អ្នក​ឦសានផង។

ក្រុម​អាវ​ក្រហម​ជាប់​ចោទ​

មេ​ប៉ូលិស យោធា-រដ្ឋមន្ត្រីការពារជាតិ​ថៃ សុទ្ធ​តែ​បាន​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង និង​មិន​ប្រហែល​​ផ្តល់​អាទិភាព​លើ​​ដាន​ណា​មួយ​ទេ ហើយ​ក៏​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​ក្រុម ឬ​ជន​ណា​ ថា​ជា​អ្នក​រៀប​ចំ​ផែនការ​បំផ្ទុះ​កណ្តាល​ក្រុង​ដែរ ! គឺ​មាន​តែ​លោក​នាយក​រដ្ឋមន្ត្រី​ ប្រាយុទ្ធ​ ចាន់អូចា​ម្នាក់ ដែល​ហាក់​ដូច​ជា​ខ្វះ​ភាព​ប្រុង​ប្រយ័ត្ន​ជាង​គេ មាន​ប្រសាសន៍​ផាំងផាំង សន្និដ្ឋាន​​លឿន និង​ជ្រុល​បន្តិច ទៅ​ចោទ​ប្រកាន់​លើ​ក្រុម​អាវ​ក្រហម​ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​ហិង្សា​ម្សិលមិញ។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក​ប្រយុទ្ធ​ចាន់អូចា ចោទ​ក្រុម​អាវក្រហម​នោះ ការ​បោក​គ្រាប់​បែក​លើក​មុន ក៏​ប្រមុខ​រដ្ឋាភិបាល​សឹក​ថៃ​ចោទ​ក្រុម​អាវ​ក្រហម​ដែរ តែ​រហូត​មក​ទល់​នឹង​ម៉ោង​នេះ​នៅ​តែ​មិន​ទាន់​រក​ឃើញ​ភស្តុតាង​អ្វី​បញ្ជាក់​សោះ។

ចំពោះ​ករណី​ថ្ងៃ​នេះ តាម​រយៈ​រូបភាព​មិន​ច្បាស់ ពាក្យ​ចចាម​អារាម ថា​ជន​សង្ស័យ​ជា​អ្នក​មក​ពី​ឦសាន ដូច្នេះទើប​ចោទ​ថា​​​ក្រុម​អាវ​ក្រហមតែ​ម្តង ... ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ ពុំ​ទាន់​មាន​ព័ត៌មានផ្លូវការ​​អ្វី​បញ្ជាក់​បន្ថែម​លម្អិត​ឡើយ។ គេ​​មិន​ដឹង​ថា​ជន​ក្នុង​វីដេអូ​សុវត្ថិភាព​ ​ជា​ជន​សង្ស័យ​ ជន​ជាប់​គ្រោះទេ។

គំនុំ​និង​ការ​សង​សឹកគ្នា ?

រលក​ហិង្សា​បំផ្ទុះ​គ្រាប់​បែក​នេះ អាច​មាន​ប្រភព​និង​ដើម​ហេតុ​ច្រើន​​យ៉ាង និង​ចំណេញ​ដល់​ការ​​​បំប៉ោង​ព័ត៌មាន​គ្រប់​បែប​ ៖ អាច​ជា​ការ​សង​សឹក​គ្នា​ក្នុង​រង្វង់​កង​សន្តិសុខយោធា​​​ក្រុម​តែ​មួយ ជា​គំនុំ​គំគួន​របស់​ពួក​អាវ​ក្រហម​ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ចោទ ... ព្រោះ​ថា លោក​ប្រាយុទ្ធ​ចាន់អូចា ដែល​តាំង​ខ្លួន​ជាអ្នក​ការពារ​រាជានិយម ប្រយុទ្ធ​ប្រឆាំង​នឹង​ត្រកូល​ថាក់ស៊ីន ប្រឆាំងអំពើ​ពុក​រលួយ ប្រឆាំង​​នឹង​នយោបាយ​គ្រួសារ​និយម​ តែ​ខ្លួន​លោក​ផ្ទាល់​ក៏​កំពុង​តែ​រៀប​ចំ​តែង​តាំង​ប្អូន​ប្រុស​បង្កើត​ខ្លួន​ឱ្យ​កាន់​តួនាទីដ៏​សំខាន់​ជា​ប្រមុខ​យោធា។ ស្ថានភាព​បែប​នេះ​ គឺ​ពិត​ជា​ធ្វើ​ឱ្យ​ពលរដ្ឋ​ថៃ​ពិបាក​អនុគ្រោះ និង​ទទួ​ល​យក​ណាស់។

​នៅ​មាន​ដាន​ពីរ​សំខាន់​ទៀត គឺ​ពួក​អ៊ីស្លាមអ៊ុយហ្គួ ដែល​អាជ្ញាធរ​ថៃ​ទើប​បញ្ជូន​ត្រលប់​ទៅ​ចិន​វិញ​កាលពី​ចុង​ខែ​កក្កដា និង​អ៊ីស្លាម​ចង់​ផ្តាច់​ទឹក​ដី​​​នៅ​ភាគ​ខាង​ត្បូង​ បើ​ទោះ​បី​ជា​ប្រមុខ​យោធា​ថៃ បាន​សន្និដ្ឋាន​ឃើញ​វិធី និង​ប្រភេទ​ផ្សំ​ជាតិ​ផ្ទុះ​ មិន​ដូច​ទង្វើ​និង​ទម្លាប់​​វាយប្រហារតែ​ក្នុង​ភាគ​ខាង​ត្បូង​បំផុត​នៃ​ប្រទេស​ក៏ដោយ ក៏​គ្មាន​អ្វី​ត្រូវ​មើល​រំលង​សោះឡើយ។

ផលប៉ះពាល់​ចំពោះ​សេដ្ឋកិច្ច​​ ទេសចរណ៍ និង​សេរីភាព

អាជ្ញាធរ​ថៃ បាន​អះអាង​តាំង​ពី​ម្សិលមិញ​ភ្លាម​ម្ល៉េះ​ថា ភេរវកម្ម​នេះ គឺ​សំដៅ​លើ​ទេសចរ​បរទេស និង​សេដ្ឋកិច្ច​ទេសចរណ៍​ប្រទេស" ! ថៃ​ជា​ប្រទេស​ធំ​ មាន​ទេសចរណ៍ខ្លាំង មាន​កន្លែង​ដើរ​កំសាន្ត​និង​ទស្សនា​ច្រើន តែ​ហេតុការណ៍​ថ្ងៃ​នេះ និង​ថ្ងៃម្សិលមិញ ពិត​ជា​ជះ​ផល​អាក្រក់​ ដោយ​ខាន​មិន​បាន​លើ​វិស័យ​ទេចរណ៍​នេះ ! យ៉ាងហោច​ណាស់ ក៏​បាន​ធ្វើ​ឱ្យ​អ្នក​ចង់​ធ្វើ​ដំណើរ​ទៅ​ថៃ ទុច​ជើង​ពិចារណា​ម្តងហើយ​ម្តង​ទៀត មុន​សម្រេច​ចិត្ត​ទៅ​ប្រទេស​ថៃ​ដែរ។ ទេសចរណ៍​ថៃ តំណាង​ឱ្យ​១០%​នៃ​សេដ្ឋកិច្ច​ជាតិ និងជា​​វិស័យ​តែ​មួយ​គត់​ដែល​ហាក់​ដូច​ជា​មាន​សុខភាព​ល្អ​ជាងគេ គិត​ចាប់​តាំង​ពី​ថៃ​មាន​រដ្ឋ​ប្រហារ​ និង​ដឹកនាំ​ដោយ​យោធា​មក។ រដ្ឋាភិបាល​​សង្ឃឹម​ខ្លាំង​ថា​នឹង​អាច​ទាក់ទាញ​ទេសចរណ៍​ឱ្យ​បាន​ច្រើន​បំផុត នៅ​ឆ្នាំ​២០១៥​នេះ ព្រោះ​ឆ្នាំ​កន្លង​ទៅ​ថៃ​ក្រហេត​ក្រពះ​ម្តង​ហើយ ដោយ​សារ​បាតុកម្ម​តាមដង​ផ្លូវ​។

របាយការណ៍​ចេញ​ផ្សាយ​នៅ​មុន​ភេរវកម្ម​មួយ​ថ្ងៃ​បង្ហាញ​ថា សេដ្ឋកិច្ច​ជាតិ​ថៃ​ត្រដរ​​ងើប​យ៉ាង​ត្រដាប​ត្រដួស​បំផុត ព្រោះ​​តម្រូវការ​ក្នុង​ស្រុកទាប​​ និង​​ការ​នាំ​ចេញ​អូសជើង។ នៅ​ថ្ងៃ​នេះ ក្រោយ​ភេរវកម្ម​ភ្លាម ទីផ្សារ​ភាគ​ហ៊ុន​ថៃ​បាន​បាត់​តម្លៃ​អស់​២% លុយ​បាត បាន​ដាំ​ក្បាល​ចុះ​ស្ទើរ​ដល់​បាត ធ្លាក់​ថ្លៃ​មិន​ធ្លាប់​មាន​គិត​តាំង​ពី​៦​ឆ្នាំ​មក​។

ក្រៅ​ពី​សេដ្ឋកិច្ច​និង​ទេសចរណ៍ ភេរវកម្ម​នេះ​នឹងអាច​ជំរុញ​​រដ្ឋាភិបាលសឹក ឱ្យ​រឹត​បន្តឹង​​បន្ថែមទៀត​​​សិទ្ធិ​និង​សេរីភាពសាធារណៈ​ ដែល​រួម​តូច​ស្រាប់ ក្រោមលេសដើម្បី​ការពារ​​សន្តិសុខ​ជាតិ និង​​ជា​លេសសម្រាប់​រក្សា​អំណាច​យោធា​បានកាន់​តែ​ណែន​និង​យូរ​ក្នុង​ដៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ