អានតួអត្ថបទ

ឥណ្ឌា-ប៉ាគីស្ថាន​លុប​ចោល​ជំនួប​ពិភាក្សា​ប្រឆាំង​ភេរវនិយម ដោយហេតុ​វិបត្តិ​ព្រំដែន

កិច្ចពិភាក្សាជាន់​ខ្ពស់​​ស្តី​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម ឥណ្ឌា​-ប៉ាគីស្ថាន គ្រោង​ធ្វើ​​នៅ​ថ្ងៃ​អាទិត្យ​ទី ២៣​សីហា នៅ​ទីក្រុង​ញូវដេលី ត្រូវ​បាន​លុប​ចោល​ទៅ​វិញ បន្ទាប់​ពី​ប៉ាគីស្ថាន​បាន​ប្រកាស​នៅ​នាទី​ចុង​ក្រោយ មិន​បញ្ជូន​ទី​ប្រឹក្សា​​សន្តិសុខ និង​រដ្ឋមន្ត្រី​​របស់​ខ្លួន​ មក​កាន់​ទឹក​ដី​ឥណ្ឌា។ ជំនួប​នេះ​ជា​ការ​ផ្តួច​ផ្តើម​របស់​ដោយ​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​ប្រទេស​ កាលពី​ខែ​កក្កដា។ ប៉ុន្តែ​ប៉ាគីស្ថាន​បាន​​ទទូច​ដាក់បញ្ហា​ព្រំដែន​​នៅ​តំបន់​កាស្មៀ​ តំបន់​ជាប់​ជម្លោះ​ឥណ្ឌា-ប៉ាគីស្ថាន​ តាំង​ពី​ឆ្នាំ​១៩៤៧​មក​ ជា​​លក្ខខណ្ឌ​។ ឯឥណ្ឌា​បដិសេធ​ជា​រហូត​។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប៉ាគីស្ថានលោក Sartaj Aziz ធ្ចើ​សន្និសីទ​កាសែត​លុប​ចោល​ជំនួប​ជាមូុយ​ឥណ្ឌា
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប៉ាគីស្ថានលោក Sartaj Aziz ធ្ចើ​សន្និសីទ​កាសែត​លុប​ចោល​ជំនួប​ជាមូុយ​ឥណ្ឌា AFP PHOTO/ Farooq NAEEM
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ឥណ្ឌា គឺ​គ្មាន​អ្វី​​ត្រូវ​ត​ថ្លៃ​ទេ ! ប៉ាគីស្ថាន មាន​ពេល​រហូត​ដល់​ម៉ោង​សូន្យ​ ថ្ងៃអាទិត្យ​ទី ២៣​សីហា ក្នុង​​ការ​សម្រេចចិត្ត​បញ្ជូន​ទីប្រឹក្សា​យោធា​ មក​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​ប្រឆាំង​នឹង​ភេរវនិយម​រួម​គ្នា ដោយ​មិន​យក​​បញ្ហា​ព្រំដែន​កាស្មៀ​មក​លាយ​លំ និង​មិន​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ចង់​ផ្តាច់​ទឹក​ដី ពេល​មក​ដល់​ក្រុង​ញូវដេលី។

 

ប៉ាគីស្ថាន​មិន​ព្រម​ និង​បាន​ចោទប្រកាន់​ឥណ្ឌា​ថា​ជា​អ្នក​រា​ទឹក​មិន​ឱ្យ​មាន​ជំនួប​ប្រព្រឹត្តទៅ​បាន។ កាលពី​មួយឆ្នាំ​​មុន​ ជំនួប​ជាន់​ខ្ពស់​​ឥណ្ឌា​និង​ប៉ាគីស្ថាន​ ក៏​ត្រូវ​លុប​ចោល​ទៅ​វិញ​ដូច​គ្នា​នេះម្តង​រួច​ហើយ ដោយ​ហេតុ​តែ​ឧត្តមស្នងការ​ប៉ាគីស្ថាន បាន​ទៅ​ជួប​ប្រមុខ​ដឹក​នាំ​ចលនា​ប៉ះបោរ​ចង់​ផ្តាច់​ទឹក​ដី​​កាស្មៀ​ពី​ឥណ្ឌា Shabir Shah។ ដើម្បី​កុំ​ឱ្យ​មាន​រឿង​​បែប​នេះ​ទៀតកើត​ឡើង​ទៀត អាជ្ញាធរ​ឥណ្ឌា​បាន​​​ចាប់​ឃុំ​ខ្លួន​Shabir Shah តាំង​​ពី​ថ្ងៃ​សៅរ៍ម្ល៉េះ។

សូម​បញ្ជាក់​ជំនួប​ប្រជុំ​ថ្នាក់​ទី​ប្រឹក្សា​យោធា ដែល​គ្រោង​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​នេះ តែ​ត្រូវ​លុប​ចោល​ទៅ​វិញ នៅ​នាទី​ចុងក្រោយ ត្រូវ​បាន​ផ្តួច​ផ្តើម​រៀប​ចំឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ប្រទេស នា​ឱកាស​ជំនួប​ក្រៅ​ផ្លូវការ​នៅ​ប្រទេស​រុស្ស៊ី កាលពី​ខែ​កក្កដា ដែល​ពេល​នោះ លោក ម៉ូឌី ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​និង​សមភាគី​ប៉ាគីស្ថាន លោក ស្ហារីហ្វ ហាក់​ត្រូវ​រ៉ូវ​គ្នាយ៉ាង​​កក់ក្តៅ។ ប៉ុន្តែ​ទំនាក់ទំនង​ឥណ្ឌា​-ប៉ាគីស្ថាន បាន​ធ្លាក់​ចុះ​ជា​លំដាប់​និង​យ៉ាង​លឿន ក្នុង​រយៈ​ពេល​តែ​មួយ​សោះ។ ឥណ្ឌា​បាន​ចោទ​ប្រកាន់​ប៉ាគីស្ថាន​ជិត​ខាង​ថា​បាន​រំលោភ​បទ​ឈប់​បាញ់​ដល់​ទៅ ៩០​ដង​ក្នុង​ពេល​តែ​មួយ​ខែ នៅតំបន់​កាស្មៀ​ ដែល​ខ័ណ្ឌ​ចែក​ប្រទេស​ទាំងពីរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ