អានតួអត្ថបទ

តុលាការ​ថៃ​លាង​ទោស​អ្នកកាសែត​ជាប់​ចោទ​ពីបទ​បរិហារកេរ្តិ៍

អ្នក​កាសែត​ពីរ​នាក់ ម្នាក់​ជា​ជនជាតិ​អូស្ត្រាលី និងម្នាក់​ទៀត​ជា​សហការី​ថៃ ដែល​ជាប់​ចោទ​ពី​បទ​បរិហារកេរ្តិ៍​ បន្ទាប់​ពី​បាន​ចុះ​ផ្សាយ​អត្ថបទ​ថា​មន្ត្រី​យោធា​ថៃ​មាន​ពាក់ព័ន្ធ​នឹង​បណ្តាញ​ជួញ​ដូរ​មនុស្ស​ខុស​ច្បាប់ ត្រូវ​បាន​តុលាការ​ថៃ​ចេញ​សាលក្រម​ នៅ​ថ្ងៃ​អង្គារ​នេះ ថា​គ្មាន​ទោស។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ភាគី​ជាប់​ចោទ។

អ្នក​កាសែត​អូស្ត្រាលី លោក  Alan Morison (ស) និង​សហការី​ថៃ អ្នក​ស្រី Chutima Sidasathian
អ្នក​កាសែត​អូស្ត្រាលី លោក Alan Morison (ស) និង​សហការី​ថៃ អ្នក​ស្រី Chutima Sidasathian © Reuters
ផ្សាយពាណិជ្ជកម្ម

គ្មាន​ទេ​ការ​បរិហារ​កេរ្តិ៍ និង​ក៏​គ្មាន​​ដែរ ការ​រំលោភ​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ! នេះ​ជា​គូស​បញ្ជាក់​របស់​មេធាវី​ចុង​ចោទ​ ក្រោយ​ពី​បាន​ស្តាប់​សាលក្រម​​តុលាការ​ភូកេត​រួចភ្លាម។ សម្រាប់​តុលាការ​ អ្នក​កាសែត​ទាំងពីរ​ គឺ​លោក​អាឡាន ម៉ូរីសុន (Alan Morison) និង​សហការី​ជនជាតិថៃ អ្នកស្រី ជុតិមា ស៊ីដាសាត្យាន (Chutima Sidasathian) មិន​បាន​ប្រព្រឹត្ត​ខុស​ទេ និង​ក៏​គ្មាន​ទោស​ដែរ ព្រោះ​អត្ថបទ​ដែល​ចុះ​ផ្សាយ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ មាន​ប្រភព​ច្បាស់​លាស់ ស្រង់​ចេញ​ពី​ការ​អង្កេត​របស់​ទី​ភ្នាក់ងារព័ត៌មាន​Reuters បង្ហាញ​ពី​ការពាក់​ព័ន្ធ​របស់​មន្ត្រី​យោធា​ថៃ​មួយ​ចំនួន ក្នុង​សកម្មភាព​​​ជួញ​ដូរ​ពួក​ជនជាតិ​ភាគតិច​អ៊ីស្លាម រ៉ូហ៊ីងយ៉ា មក​ពី​ភូមា។ ​ទីភ្នាក់ងារ​Reuters​ ក៏​បាន​ចុះ​ផ្សាយ​អត្ថបទ​អង្កេត​នេះ​ យ៉ាង​ទូលំទូលាយ ក្នុង​ទំព័រវិបសៃត៍​របស់​ខ្លួន ដោយ​គ្មាន​ការ​ប្តឹង​ផ្តល់​អ្វី​ទាំង​អស់។

 

“ខ្ញុំ​រីក​រាយ​ណាស់​ដែល​តុលាការ​បាន​ប្រកាស​យ៉ាង​ច្បាស់​លាស់​ថា​ អត្ថបទ​ព័ត៌មាន​របស់​យើង​ មាន​ប្រយោជន៍​សម្រាប់​សង្គម និង​មិន​មែន​ជា​ការ​បរិហារ​កេរ្តិ៍​ ឬ​ជាការ​ភូតភរ​​ព័ត៌មាន​ទេ។” នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​ស្រី ជុតិមា មក​កាន់​ទី​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFP។ ចំណែក​អ្នក​នាំ​ពាក្យ​Reuters  ក៏​បាន​សំដែង​ការ​អបអរ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​ថៃ និង​បាន​អះអាង​អំពី​ជំហរ​គាំទ្រ​គោលការណ៍​សេរីភាព​សារព័ត៌មាន​ និង​តម្លៃ​​របស់​អ្នក​កាសែត​ នៅ​លើ​ពិភពលោក ដែល​ចុះ​ផ្សាយ​ព័ត៌មាន ដោយ​​​ឯករាជ្យ​ និង​ដោយ​ភាព​ប្រាកដ​ប្រជា។

សូម​រំលឹក​ថា​ សវនការ​ជំនុំ​ជម្រះ​អ្នកកាសែត​ទាំងពីរ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​របប​សឹក​ប្រកាស​​​បើក​យុទ្ធនាការប្រឆាំង​នឹង​​សកម្មភាព​ជួញដូរ​មនុស្ស​​ដោយ​សេរី​គ្មាន​រអា​ទោស។ កាលពី​ខែ​កក្កដា នៅ​ក្នុង​របាយការណ៍ប្រចាំ​ឆ្នាំ​​ ​​អាមេរិក​បាន​ដាក់​ចំណាត់​ថ្នាក់​ថៃ​ ជាលើក​ទីពីរ​ឆ្នាំ​ជាប់គ្នា ថា​ជា​ប្រទេស​ក្នុង​លំដាប់​លេខ​បី លេខ​អាក្រក់​ជាង​គេ​បំផុត ទន្ទឹម​ប្រទេស​អ៊ីរ៉ង់ វេណេស៊ុយអេឡា អាល់ហ្សេរី ស៊ីរី យ៉េមែន កូរ៉េខាង​ជើង ឬ​ហ្ស៊ីមបាវេ មិន​គោរព​បទដ្ឋានអន្តរជាតិ​ និ​ងមិន​បាន​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ