អានតួអត្ថបទ
បារាំង-Rafale

បារាំង​សង្ឃឹម​ថា​អាច​លក់​យន្តហោះ​Rafale ​ឲ្យ​ម៉ាឡេស៊ី ​និង​ឥណ្ឌា ​ក្នុង​ពេល​ឆាប់ៗ

ហាង​ឆេង​យន្តហោះ ​Rafale ​របស់​បារាំង ​មិន​ដែល​ត្រូវ​ប៉ាន់​ ដូច​ឆ្នាំ​នេះ​ទេ។ បន្ទាប់​ពី​បាន​លក់​ទៅ​ឲ្យ​អេហ្ស៊ីប​ និង​កាតា ​បារាំង​កំពុង​តែ​ចរចា​ ជាមួយ ​ម៉ូយ​ពីរ​ផ្សេង​ទៀត ​ដែល​ចង់​ទិញ​យន្តហោះ​ចម្បាំង ​Rafale​ របស់​បារាំង ​គឺ ​ម៉ាឡេស៊ី​ចង់បាន ​១៨​គ្រឿង ​ ហើយ​ឥណ្ឌា​ចង់បាន​៣៦​គ្រឿង។ ទោះ​បីជា​មិនទាន់​មាន​ការ​ចុះ​ហត្ថលេខា​ទិញ​លក់ ​ជា​ស្ថាពរ ​ក៏​ក្រសួង​ការពារ​ជាតិ​បារាំង ​បាន​សម្តែង​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង។

យន្តហោះចម្បាំងប្រភេទ Rafale ដាក់តាំងបង្ហាញ​ក្នុង​ពិព័ណ៌យានយន្តអាកាស Bourget
យន្តហោះចម្បាំងប្រភេទ Rafale ដាក់តាំងបង្ហាញ​ក្នុង​ពិព័ណ៌យានយន្តអាកាស Bourget Gabriel Brust / RFI
ផ្សាយពាណិជ្ជកម្ម

តាម​ប្រភព​ព័ត៌មាន​ពីក្រសួង​ការពារ​ជាតិ​បារាំង ​គម្រោង​ការ​លក់​យន្តហោះ​ចម្បាំង​Rafale ​របស់​ក្រុមហ៊ុន​Dassault​បារាំង​ ទៅ​ឲ្យ​ម៉ាឡេស៊ី ​និង​ឥណ្ឌា​ កំពុង​តែ​ ខិត​ទៅជិត​ដល់​គោលដៅ​ចុង​ក្រោយ​ហើយ។ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង ​Jean-Yves le Drian ​ទើប​តែ​បាន​ត្រឡប់​មក​ពី​ក្រុង​កូឡាឡំពួរ ​កាល​ពី​ថ្ងៃ​ពុធ ​ទី២​ កញ្ញា ​ដើម្បី​យក​សំណើ​​កិច្ចសន្យា​លក់​យន្តហោះ ​Rafale ​១៨​គ្រឿង​ទៅ​ឲ្យ​ម៉ាឡេស៊ី។

 
សូម​បញ្ជាក់​ថា​ ម៉ាឡេស៊ី​ មាន​បំណង ​ធ្វើ​ទំនើបកម្ម​សមត្ថភាព​យោធា​ផ្លូវ​អាកាស​របស់​ខ្លួន ​ដែល​បច្ចុប្បន្ន​ គេ​មាន​តែ​យន្តហោះ​ប្រភេទ ​MiG-29 ​របស់​រុស្ស៊ី​តែ​ប៉ុណ្ណោះ។ ក្រៅ​ពី​យន្តហោះRafale ​របស់​បារាំង ​ម៉ាឡេស៊ី ​កំពុង​ពិនិត្យ​លើ​សំណើ​របស់​យន្តហោះ​ផ្សេង​ទៀត ​ដូចជា ​យន្តហោះ​A/F-18 ​របស់​ក្រុមហ៊ុន​អាមេរិក​ Boeing  ​យន្តហោះ ​Gripen ​របស់​​ក្រុមហ៊ុន ​ស៊ុយអ៊ែដ ​និង​យន្តហោះ ​Eurofighter Typhoon ​របស់​ក្រុមហ៊ុន​ចំរុះ ​Airbus។

ទោះបីជា​យ៉ាង​ណា ​ប្រភព​ពី​ក្រសួង​ការពារ​ជាតិ​បារាំង ​បាន​សម្តែង​សុទិដ្ឋិនិយម​ថា ​យន្តហោះRafale ​បារាំង ​មាន​ប្រៀប​ជាង​យន្តហោះ​ដ៏ទៃ ​ដោយសារ​តែ​ម៉ាឡេស៊ី ​បាន​សម្តែង​ពី​ចំណាប់​អារម្មណ៍​ច្រើន​ជាង​គេ ​ហើយ​ព្យាយាម​ចរចា ​បើ​ទោះ​​បីជា​យន្តហោះ​បារាំង​ មាន​តម្លៃ​ថ្លៃ​ជាង​គេ ​បន្តិច​ក៏​ដោយ។ តាម​ប្រភព​ដដែល​បាន​ឲ្យដឹង​ថា​ ម៉ាឡេស៊ី​កំពុង​តែ​ពិចារណា​ លើ​ទំហំ​ថវិកា​ដែល​ត្រូវ​ចំណាយ ​ក្នុង​ការ​ទិញ​យន្តហោះRafale

ដោយ​ឡែក ​ឥណ្ឌា ​ដែល​មាន​បំណង​ចង់​ទិញ​យន្តហោះRafale​ ចំនួន​ ៣៦​គ្រឿង ​ក៏​បាន​ធ្វើ​ឲ្យ​បារាំង​ មាន​ទឹកមាត់​លេប​​ដែរ ​ដោយ​នៅ​ថ្ងៃ​នេះ ​គណកម្មាធិការ​ផ្គត់ផ្គង់​ភស្តុភារ​របស់​ឥណ្ឌា ​បាន​ផ្តល់​ភ្លើងខៀវ​ ដើម្បី​បន្ត​កិច្ច​ចរចា ​ជាមួយ​បារាំង​ ​តទៅ​ទៀត។

ទោះ​បីជា​យ៉ាងណា ​នេះ​គ្រាន់តែ​ជា​ការ​សង្ឃឹមតែ​ប៉ុណ្ណោះ​ កិច្ច​សន្យា​ស្ថាពរ​ នៅ​មិនទាន់​ចុះ​ហត្ថលេខា​នៅ​ឡើយ​ទេ។ មាន​ឧបសគ្គ​ជា​ច្រើន​ ដែល​អាច​រារាំង​ការ​ទិញ​លក់​នេះ។ សម្រាប់​ម៉ាឡេស៊ី ​អ្វី​ដែល​អាច​ចោទ​ជា​បញ្ហា ​គឺ​ក្នុង​ពេល​នេះ ម៉ាឡេស៊ី ​កំពុង​ជួប​វិបត្តិ​ហិរញ្ញាវត្ថុ​ក្នុង​ស្រុក​ ដោយសារ​ប្រេង​ធ្លាក់​ថ្លៃ​ ហើយ​តម្លៃ​វត្ថុធាតុ​ដើម​មួយ​ចំនួន ​ក៏​ធ្លាក់ចុះ​​ផងដែរ ​ដែលធ្វើ​ឲ្យម៉ាឡេស៊ី​មាន​ការ​ខាតបង់​ច្រើន។ នេះ​នៅ​មិន​រាប់ ​ពី​វិបត្តិ​នយោបាយ ​ដែល​ទាក់ទិន​ទៅ​នឹង​ រូប​លោក ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ផង។ ចំណែក​ ឥណ្ឌា​វិញ ​ភាគី​គេ​នៅតែ​ចង់​ទាមទារ​ ទៅ​តាម​សំណើ​ចាស់​ ពោល ​គឺ​គេ​ទិញ​១២៦​ គ្រឿង ​ប៉ុន្តែ​១០៨​គ្រឿង ​ត្រូវ​យក​ទៅ​ផលិត​នៅ​ក្នុង​ប្រទេស​គេ។ ក្រសួង​ការពារជាតិ​បារាំង​ មិន​គួរណា ​ឆាប់​អរ​ជ្រុល​ពេក​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ