ឥណ្ឌា-ប៉ាគីស្ថាន៖ការបាញ់តគ្នាបានបណ្តាលឲ្យស្លាប់ជនស៊ីវិល ១០នាក់ និងរបួសជាច្រើននាក់
ស្ថានភាពបានផ្តើមតានតឹងជាថ្មីរវាងឥណ្ឌា និងប៉ាគីស្ថាននៅក្នុងតំបន់ Cachemire។ នៅថ្ងៃសុក្រ ទី២៨ សីហានេះ មានការបាញ់ដាក់គ្នារវាងទាហានឥណ្ឌា និងប៉ាគីស្ថានដែលបណ្តាលឲ្យស្លាប់ជនស៊ីវិលចំនួន ១០នាក់ និងរបួសប្រមាណជា ៥០នាក់ផ្សេងទៀត។ តើទង្វើនេះបានកើតឡើងយ៉ាងដូចម្តេច និងថា តើភាគីណាជាអ្នកផ្តើមផ្ទុះអាវុធមុនគេ?។ ចម្លើយដូចសព្វមួយដង ទីក្រុងអ៊ីស្លាម៉ាបាត និងទីក្រុងញូដែលីបានទម្លាក់កំហុសដាក់គ្នាទៅវិញ ទៅមក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៥
វាជារឿងមួយច្រំដែល និងក្លាយទៅជាទម្លាប់ដែលទាហានឥណ្ឌា និងទាហានប៉ាគីស្ថានតែងតែផ្ទុះអាវុធដាក់គ្នានៅតាមបណ្តោយព្រំដែនដែលខ័ណ្ឌចែកតំបន់ Cachemire ជាពីរ។ នៅក្នុងចំណោមមនុស្សស្លាប់ និងរបួសនៅក្នុងការប៉ះទង្គិចផ្លូវអាវុធជាថ្មីថ្ងៃនេះ មានស្លាប់ ៦នាក់ និងរបួស ៤៦នាក់នៅខាងប៉ាគីស្ថាន និងមានស្លាប់ ៤នាក់ ព្រមទំាងរបួស ៧នាក់នៅខាងឥណ្ឌា។ ការផ្ទុះអាវុធជាថ្មីរវាងមហាអំណាចនុយក្លេអ៊ែរជិតខាងទំាងពីរបានកើតមានឡើងនៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ឆ្លងចូលដល់ព្រឹកថ្ងៃសុក្រនេះ។ ក៏ដូចជាទម្លាប់សព្វមួយដង ទីក្រុងអ៊ីស្លាម៉ាបាត និងទីក្រុងញូដែលីបានទម្លាក់កំហុសដាក់គ្នាទៅវិញ ទៅមក ដោយមិនដែលទទួលសារភាពថាខ្លួនជាអ្នកចាប់ផ្តើមផ្ទុះអាវុធមុនគេទេ។
គួរជម្រាបជូនថា តំាងពីទទួលបានឯករាជ្យពីប្រទេសអង់គ្លេសក្នុងខែសីហា ឆ្នំា ១៩៤៧មក ឥណ្ឌា និងប៉ាគីស្ថានបានធ្វើសង្រ្គាមនឹងគ្នាដល់ទៅ ៣លើក ក្នុងនោះមាន ២លើកដើម្បីដណ្តើមគ្នាកាន់កាប់តំបន់ហ៊ីម៉ាឡាយ៉ា និងតំបន់យុទ្ធសាស្រ្តនៅ Cachemire។ ក្នុងឆ្នំា ២០០៣ កិច្ចព្រមព្រៀងឈប់បាញ់មួយត្រូវបានចុះហត្ថលេខា តែភាគីជម្លោះទំាងពីរបានចោទដាក់គ្នាពីការមិនគោរពតាម។ ថ្មីៗនេះ ពោលនាឱកាសទស្សនកិច្ចនៅរស្ស៊ីក្នុងខែកក្កដាកន្លងទៅ លោកនាយករដ្ឋមន្រ្តីឥណ្ឌាណារ៉េនដ្រា ម៉ូឌី និងសមភាគីប៉ាគីស្ថានលោកណាវ៉ា ស្ហារីស្វបានផ្តើមជួបចរចាគ្នាឡើងវិញ។ តែទន្ទឹមគ្នានេះ ការប៉ះទង្គិចផ្លូវអាវុធនៅតាមបណ្តោយព្រំដែនក្នុងតំបន់ Cachemire កំពុងបន្តកើតមានជាហូរហែ។
តាមគម្រោង ថ្នាក់ដឹកនំាសន្តិសុខឥណ្ឌា និងប៉ាគីស្ថានគ្រោងនឹងជួបចរចាគ្នានៅថ្ងៃអាទិត្យ ទី៣០ និងថ្ងៃចន្ទ ទី៣១ សីហាខាងមុខ តែត្រូវបានលុបចោលនៅនាទីចុងក្រោយដោយសារតែមានការខ្វែងគំនិតគ្នាជុំវិញប្រធានរឿងដែលត្រូវជជែក។ ភាគីប៉ាគីស្ថានចង់និយាយលើសំណុំរឿង Cachemire តែភាគីឥណ្ឌាចង់ឲ្យនិយាយលើបញ្ហាភេរវនិយម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ