អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

នាយក​រដ្ឋមន្រ្តី​ឥណ្ឌា៖​១២​ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ឲ្យ​តំបន់​កាស្មៀរ​ឥណ្ឌា​រុងរឿង​ឡើងវិញ

នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី បាន​ប្រកាស កាលពី​ថ្ងៃ​សៅរ៍ ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ១២​ពាន់​លាន​ដុល្លារ សម្រាប់​កសាង និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​កាស្មៀរ​ឥណ្ឌា។ កាស្មៀ​ឥណ្ឌា ដែល​ស្ថិតនៅក្នុង​តំបន់​ប្រទាញ​ប្រទាញ​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន ទើប​បាន​រងការបំផ្លាញ​ខូចខាត​ដ៏​ធ្ងន់ធ្ងរ ដោយ​ទឹកជំនន់ កាលពី​ឆ្នាំ ទៅមិញ។ 

នៅទីក្រុង​ស្រីណាហ្គា ថ្ងៃ​ទី ៧​វិច្ឆិកា នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ប្រកាស​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ១២​ពាន់​លាន​ដុល្លារ សម្រាប់​ស្ថាបនា​តំបន់​កាស្មៀរ​ឥណ្ឌា​ឡើងវិញ
នៅទីក្រុង​ស្រីណាហ្គា ថ្ងៃ​ទី ៧​វិច្ឆិកា នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ប្រកាស​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ១២​ពាន់​លាន​ដុល្លារ សម្រាប់​ស្ថាបនា​តំបន់​កាស្មៀរ​ឥណ្ឌា​ឡើងវិញ ©REUTERS/Danish Ismail
ផ្សាយពាណិជ្ជកម្ម

នៅ​ទីក្រុង ស្រីណាហ្គា ក្នុង​តំបន់​កាស្មៀរ​ឥណ្ឌា ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា បាន​ប្រកាស​ផ្តល់​ជំនួយ​សន្ធឹកសន្ធាប់ ដើម្បី​កែប្រែ​មុខមាត់​តំបន់​កាស្មៀរ។ តាម​លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា ជំនួយ​ហិរញ្ញវត្ថុ​របស់​ទីក្រុង​ញូវដេលី​មិនត្រឹម​សម្រាប់​ជួយ​កាស្មៀរ​ឥណ្ឌា ឲ្យ​ងើប​រួច ចាកផុត​ពី​ការលំបាក ដោយសារ​​ទឹកជំនន់​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​នឹង​ជួយ អភិវឌ្ឍ ជំរុញ សេដ្ឋកិច្ច​តំបន់​នេះ​ឡើងវិញ។ មន្រ្តី​រដ្ឋការ​នៅ​តំបន់​កាស្មៀរ​ឥណ្ឌា ធ្លាប់​បាន​តវ៉ា​ទៅ​រដ្ឋាភិបាល​ក្រុង​ញូវដេលី ថា បាន​ភ្លេច មិន​អើពើ ជួយ តំបន់​ការស្មៀរ​ដ៏ក្រីក្រ ដែល​រងគ្រោះ​ធ្ងន់ធ្ងរ ដោយ​ទឹកជំនន់។ គ្រោះ​ទឹកជំនន់ កាលពី​ឆ្នាំ ២០១៤ បាន​សម្លាប់​មនុស្ស ៣០០​នាក់ និង​ធ្វើ​ឲ្យ​ខូចខាត ផ្ទះសម្បែង ដី​កសិកម្ម និង​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន​តម្លៃ​១៦​ពាន់​លាន​ដុល្លារ។

 
នៅក្នុង​ទស្សនកិច្ច​ទៅកាន់​តំបន់​កាស្មៀរ​ឥណ្ឌា នាយករដ្ឋមន្រ្តី​ឥណ្ឌា ចង់​បញ្ជាក់ថា ទីក្រុង​ញូវដេលី​មិន​បាន​បំភ្លេច តំបន់​កាស្មៀរ​ទេ។ ដើម្បី​កែប្រែ ស្តារ​មុខមាត់​កាស្មៀរ ឲ្យ​ងើប​ត្រដែត​ឡើងវិញ លោក​នាយក​រដ្ឋមន្រ្តី​ណារិនដ្រា ម៉ូឌី បាន​សន្យា​បង្កើត​កន្លែង​អប់រំ​ដែល​មាន​តម្លៃ​ថោក និង​មាន​គុណភាព​សម្រាប់​យុវជន​នៅ​តំបន់​កាស្មៀរ។ លោក​បាន​សន្យា​ផងដែរ បង្កើត​ការងារ​ធ្វើ តាមរយៈ ការជំរុញ វិស័យ​ទេសចរណ៍ និង​ផលិតកម្ម​សរសៃ​អំបោះ ធ្វើ​ពី​រោម​កូនចៀម ដែល​ជា​ផលិតផល​ល្បី​ឈ្មោះ​របស់​តំបន់​កាស្មៀរ។

នៅ​ឥណ្ឌា ជាទី​ដែល​សំបូរ​អ្នកកាន់​សាសនា​ហិណ្ឌូ តំបន់​កាស្មៀរ ជា​ទឹកដី​តែមួយ​របស់​ឥណ្ឌា ដែល​សំបូរ​អ្នកកាន់​សាសនា​អ៊ីស្លាម​រស់នៅ​ច្រើន​ជាងគេ។ អំពើ​ហិង្សា​នៅ​តំបន់​កាស្មៀរ​ឥណ្ឌា ដែល​បង្ក​ឡើង ដោយ ក្រុមបះបោរ​អ៊ីស្លាម បាន​ថមថយ​ចុះ​ច្រើន តាំង​ពី​ឆ្នាំ ១៩៩០ ឆ្នាំ ១៩៩០ ដែល​ក្រុម​កាន់​សាសនា​អ៊ីស្លាម ងើប​ប្រឆាំង​រដ្ឋអំណាច​ញូវដេលី និង​ទាមទារ​បំបែក​ទឹកដី ចេញ​ពី​ឥណ្ឌា។ កាលពី​ថ្ងៃ​សុក្រ អាជ្ញាធរ​ឥណ្ឌា ដែល​បាន​ដាក់​បម្រាម​គោចរ នៅ​តំបន់​កាស្មៀរ​ឥណ្ឌា បាន​ឃាត់ខ្លួន​ក្រុម​បំបែក​ទឹកដី ប្រមាណ ៣០០​នាក់ នៅ​ក្នុង​ប្រតិបត្តិការ​ពង្រឹង​សន្តិសុខ ដើម្បី​រង់ចាំ​ទទួល​លោក​នាយករដ្ឋមន្រ្តី ឥណ្ឌា។

នៅ​ថ្ងៃ សៅរ៍ មេដឹកនាំ​ក្រុមបំបែក​ទឹកដី​នៅ​កាស្មៀរ​ឥណ្ឌា ត្រូវ​បាន​ប៉ូលិស​ឥណ្ឌា ចាប់បង្ឃាំង​មិន​ឲ្យ​ចេញ​ពីផ្ទះ និង​ធ្វើ​បាតុកម្ម​ប្រឆាំង​នាយករដ្ឋមន្រ្តី​ឥណ្ឌា។ ផ្ទុយ គេ​ឃើញ មាន​បាតុកម្ម​ប្រឆាំង នាយក​រដ្ឋមន្រ្តី​ឥណ្ឌា តំបន់​កាស្មៀរ ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ប៉ាគីស្ថាន។ រហូត​មក ទីក្រុង​ញូវដេលី​តែងតែ​បន្ទោស ទម្លាក់​កំហុស​លើ​អាជ្ញាធរ​ប៉ាគីស្ថាន ថា​ជាអ្នក​នៅពីក្រោយ​ក្រុម​អ៊ីស្លាម ដែល​ចង់​ទាមទារ​បំបែក​ទឹកដី នៅ​តំបន់​កាស្មៀរ​ឥណ្ឌា។ ប៉ាគីស្ថាន​វិញបាន​ឆ្លើយបក​ទៅវិញ​ថា ខ្លួន​គ្រាន់​តែ​បាន​ជួយ​ផ្នែក​ការទូត ក្រុម​អ៊ីស្លាម​ដែល​រង​ការបង្រ្កាប​ពី​អាជ្ញាធរ​ឥណ្ឌា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ