អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌា-ប៉ាគីស្ថាន ៖ សន្តិភាព​ក្រោម​ស្នូរគំរាម​ភេរវកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា នៅ​ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន ភាព​តាន​តឹង​ហាក់​ប៉ោង​ឡើង​វិញ​ខ្លាំង។ ពួក​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម​ បាន​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ឥណ្ឌា នៅ​រដ្ឋ​Pendjab​ ជិត​តំបន់​កាស្មៀ។ ស្ថានកុងស៊ុល​ឥណ្ឌា​នៅ​អាហ្វហ្កានីស្ថាន​ ក៏​បាន​ក្លាយ​ជា​ចំណុច​វាយប្រហារភេវកម្ម​ទៀត​ នៅ​ថ្ងៃ​បន្ទាប់។ តើ​ដំណើរការ​សន្តិភាព​ជា​មួយ​ប៉ាគីស្ថាន ដែល​ទើប​រហើប​មុខ​បន្តិច​កាលពី​សប្តាហ៍​មុន នឹង​ក្លាយ​ទៅ​យ៉ាងណា ?

កង​រក្សា​សន្តិសុខ​ឥណ្ឌា​ត្រៀម​ប្រយុទ្ធ​នៅមុខ​​មូលដ្ឋាន​ទ័ព​អាកាស Pathankot រដ្ឋ Pendjab ថ្ងៃ​ទី ៤​មករា ២០១៦
កង​រក្សា​សន្តិសុខ​ឥណ្ឌា​ត្រៀម​ប្រយុទ្ធ​នៅមុខ​​មូលដ្ឋាន​ទ័ព​អាកាស Pathankot រដ្ឋ Pendjab ថ្ងៃ​ទី ៤​មករា ២០១៦ REUTERS/Mukesh Gupta
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌា​បាន​ផ្តើម​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦ ជា​មួយ​នឹង​អំពើ​ហិង្សា​ កាត់​អាយុ​នៃ​ភាព​​ល្អូក​ល្អើន ​ឱ្យ​ខ្លី​បំផុត ! កាលពី​មួយ​សប្តាហ៍​មុន​នេះ​សោះ លោកនយាក​រដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច ដ៏​ភ្ញាក់​ផ្អើល និង​ជា​ប្រវត្តិសាស្ត្រ មិន​ធ្លាប់​មាន​តាំង​ពី​ជាង​១០​ឆ្នាំ​មក នៅ​ប៉ាគីស្ថាន​ ជួប​ពិភាក្សា​ជាមួយ​សមភាគី ណាវ៉ា ស្ហារីហ្វ ក្នុង​ថ្ងៃ​ណូអែល​តែ​ម្តង ដើម្បី​ផ្តល់​សន្ទុះ​ដល់​ដំណើរការ​ចរចា​សន្តិភាព​ឥណ្ឌា-ប៉ាគីស្ថាន ដែល​ជាប់​គាំង​តាំង​ពី​យូរ​មក​ហើយ ឱ្យ​មាន​ពន្លឺ​ឡើង​វិញ។

 

ប៉ុន្តែ​ពួក​ជ្រុល​និយម​អ៊ីស្លាម បាន​ចូល​មក​ស្រាស់​ផ្លូវ​បាន ! នៅ​ថ្ងៃទី ២​មករា២០១៦ សកម្មជន​អ៊ីស្លាម​ជ្រុលនិយមប៉ាគីស្ថាន ​នៃ​ចលនាJaish-e-Mohammad (បើ​តាមការ​សង្ស័យ​របស់​ឥណ្ឌា) បាន​ចូល​វាយ​លុក​លើ​មូលដ្ឋាន​ទ័ព​អាកាស​ឥណ្ឌា នៅជាប់​ព្រំដែន​ប៉ាគីស្ថាន មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ជាប់​ជម្លោះ​កាស្មៀ។ ក្រោយ​ការ​វាយ​លុក​របស់​ពួក​ភេរវជន​កម្មង់ដូ ​​នៅ​ថ្ងៃ​សៅរ៍ មាន​ភេរវជន​ពីរ​នាក់​ផ្សេង​ទៀត បន្ត​សំងំ​លាក់​ខ្លួន​ក្នុង​លេនដ្ឋាន។ ការ​ប្រយុទ្ធ​គ្នា​មាន​រយៈ​ពេល​ជាង​៦០ម៉ោង​ យោធា​ឥណ្ឌា​៧​នាក់​បាន​ស្លាប់ ភេរវជន​ទាំង​៥​នាក់​ត្រូវ​កម្ចាត់​អស់​នៅ​ល្ងាច​ថ្ងៃ​ទី ៤ មករា។

ថ្វី​បើ​ការ​វាយប្រហារ​នេះ ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ស្នាដៃ​របស់ក្រុមប្រឹក្សា​រួមរួម​​ជីហាត ចលនា​អ៊ីស្លាម​ជ្រុលនិយម​គាំទ្រ​ប៉ាគីស្ថាន​នៅ​កាស្មៀមែន​ តែ​គ្រប់​ចក្ខុ​​កំពុង​ផ្តោត​ខ្លាំង​ទៅ​លើ​ភ្នាក់ងារ​សម្ងាត់​ប៉ាគីស្ថាន។ លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ម៉ូឌី បាន​ទាមទារ​នៅ​ថ្ងៃ​អង្គារ​នេះ ឱ្យ​ប៉ាគីស្ថាន ចាត់​វិធានការ​ដាច់​ណាត់​និង​បន្ទាន់​ភ្លាម​ លើ​ពួក​ភេរវជន។

នេះ​ជា​លើក​ទី​៥​ហើយ ក្នុង​រយៈ​ពេល​២​ឆ្នាំ​ដែល​មាន​ការ​វាយប្រហារ​​យ៉ាង​ដូច្នេះ​។ ច្បាស់​ជា​មាន​អ្វី​មិនធម្មតា​កើត​ឡើង​នៅ​តាម​ព្រំដែន​ជាមួយ​ប៉ាគីស្ថាន​ហើយ ! ប៉ុន្តែ​ចំណោទ​សំខាន់​ខ្លាំង​ គឺតើ​ឥណ្ឌា​គិត​យ៉ាងណា​ចំពោះ​ប៉ាគីស្ថាន បើ​ក្នុង​ពេល​ដែល​ការ​វាយប្រហារ​នៅ​ភាគ​ខាង​ជើង​ប្រទេស​មិន​ទាំងទាន់​ចប់​ផង ស្រាប់​តែ​​មាន​ការ​វាយប្រហារ​តំណាង​ផលប្រយោជន៍​ឥណ្ឌា​មួយ​ទៀត នៅ​អាហ្វហ្កានីស្ថាន​នោះ ?!

នៅល្ងាច​​ថ្ងៃអាទិត្យ​ទី ៣ មករា មាន​​ភេរវកម្ម​អត្តឃាត បំផ្ទុះ​គ្រាប់​បែក​មួយ​ក្រុម​ នៅ​មុខ​សណ្ឋាគារ និង​មួយ​ក្រុម​ទៀតសំរុក​ចូល​ទៅក្នុង​​អាគារ​ដែល​មាន​ស្ថានកុងស៊ុល​ឥណ្ឌា​តាំង​នៅ។ ភេរវជន​បាន​បាញ់​រះ​ទៅ​លើ​បុគ្គលិក​ទូត និង​កង​រក្សា​សន្តិសុខ ដោយ​ប្រើ​អាវុធ​ធុន​ធ្ងន់​និង​គ្រាប់​បែកដៃ។ ពុំ​ទាន់​មាន​ក្រុម​ណា​ចេញ​មុខ​ទទួល​ស្គាល់​សកម្មភាព​វាយប្រហារ​ស្ថានកុងស៊ុល​ឥណ្ឌា​ទេ​​ ប៉ុន្តែ​វា​កើត​ឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច ​របស់​លោក​ម៉ូឌី នៅ​អាហ្វហ្កានីស្ថាន​ដូច​គ្នា។ ពួក​ជ្រុល​និយម​អាច​មិន​ពេញ​នឹង​យុទ្ធសាស្ត្រ​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ថ្លែង​នៅ​ចំពោះ​មុខសភា​អាហ្វហ្កានីស្ថាន ថ្ងៃ​ទី ២៥​ធ្នូ​ដោយ​ចង់ឈ្មុសឈ្មុល​​ទៅ​រក​ការ​បើក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប៉ាគីស្ថាន និង​អ៊ីរ៉ង់ ដើម្បី​ស្ថិរភាព​អាហ្វហ្កានីស្ថាន។

ការ​វាយប្រហារ​ភេរវកម្ម​នេះ មិន​មែន​ជា​សកម្មភាពចម្លែក​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ ! ភ្នាក់ងារ​ស៊ើប​ការ​ឥណ្ឌា​ បាន​ព្យាករ​ថា​នឹង​អាច​មាន​ភេរវកម្ម​ឆាប់ៗ ព្រោះ​​ជា​រៀង​រាល់​លើក ដែល​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ស្តារ​សន្តិភាព​គឺ​តែ​កើត​មាន​ការ​វាយប្រហារ​ភេរវកម្ម​ មក​ខ្ទាស់​ភ្លាម។ ដូច្នេះ​ឥណ្ឌា​គួរ​តែ​ប្រឈម​យក​ឈ្នះឱ្យបាន​ការ​ប៉ុនប៉ង​បំផ្លាញ​​ដំណើរការ​ចរចាសន្តិភាព។ រដ្ឋាភិបាល​ញូវដេលី ត្រូវ​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​សាង​ស្ពាន​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ប៉ាគីស្ថាន ដែល​មាន​នយោបាយ​ស៊ីចង្វាក់​គ្នា​ស្អប់​ខ្ពើម​កម្ចាត់​ឱ្យ​អស់​រាល់​ការ​សាបព្រោះ​អំពើហិង្សា​ភេរវកម្ម ទាំង​នៅ​​លើ​ទឹក​ដី​ឥណ្ឌា និ​ង​លើ​ទឹក​ដី​អាហ្វហ្កានីស្ថាន។ ព្រោះ​សូមរំលឹក​​ថា ឥណ្ឌា​និង​ប៉ាគីស្ថាន តាំ​ងពី​បាន​ឯករាជ្យ​មក ធ្លាប់​ធ្វើមាន​ជម្លោះ​បង្ហូរ​ឈាម​គ្នា​ដល់​បួន​លើក​ ហើយ​ក្រៅ​អំពី​វិបត្តិ​នៅ​កាស្មៀ ភេរវកម្ម​នៅ​បុមបេ​កាលពី​ឆ្នាំ២០០៨ នៅ​តែ​បន្ត​បំពុល​ទំនាក់ទំនង​​ប្រទេស​ទាំង​ពីរ​រហូត​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ