អានតួអត្ថបទ

ឡាវជ្រើសរើស​ប្រធាន​គណបក្សថ្មី ចំពេលធ្វើ​​ប្រធាន​ផ្លាស់​វេន​អាស៊ាន

ក្នុង​ខណៈ​ដែល​ប្រទេស​កំពុង​ផ្តើម​បង្ហើប​ទ្វារ​ថ្មមៗ ទៅ​រក​សហគមន៍​អន្តរជាតិ ក្នុង​នាម​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន គណបក្សកុម្មុយនិស្ត​ឡាវ បានបើក​សមាជ​ជ្រើសរើស​​ប្រមុខ​បក្ស​ថ្មី។ អាយុ​៧៨​ឆ្នាំ លោក ប៊ូនហង្ស វ៉ូរ៉ាជីត បាន​ទទួល​តួនាទី​​អគ្គលេខា​បក្ស ​ បន្ត​ពី​ប្រធាន​ចាស់​ដែល​ចូល​និវត្តន៍។ ​ នេះ​​បើ​តាម​សារព័ត៌មាន​ផ្លូវការឡាវចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ​ទី ២២​មករា ២០១៦។​ ​

លោក Bounnhang Vorachit អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​ឡាវ​ថ្មី
លោក Bounnhang Vorachit អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​ឡាវ​ថ្មី © Reuters
ផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន​រដ្ឋ បាន​បង្ហើប​ឱ្យ​ដឹង​​​ថា សម្រាប់​រយៈ​ពេល៥ថ្ងៃ (ពីថ្ងៃ​ទី ១៨-២២មករា) សមាជិក​បក្ស​​កុម្មុយនិស្ត​ឡាវ ជិត​៧រយ​នាក់​បាន​ចូល​រួម​បើក​សមាជ​ជារៀង​រាល់​៥​ឆ្នាំ ដើម្បី​តែង​តាំង​មេ​ដឹកនាំ​ថ្មី ក្នុង​នោះ​មាន​១១​នាក់​នៅ​ក្នុង​ជួរ​គណៈ​កម្មាធិការ​កណ្តាលបក្ស ដែល​ជា​តំណាង​អំណាច​កំពូល​របស់​ប្រទេស។

 

ចំណែកតួនាទី​ប្រធានបក្ស​ក៏​មាន​ផ្លាស់​ប្តូរ​ជា​ប្រាកដ។ ​លោក ប៊ូនហង្ស វ៉ូរ៉ាជីត អាយុ ៧៨ឆ្នាំ ជា​អនុប្រធានបក្ស ត្រូវបាន​សមាជ​ជ្រើសរើស​ឱ្យ​មក​​ស្នង​តំណែងបន្ត​​ពីលោក ជូមម៉ាលី សាយ៉ាស៊ន អាយុ​៧៩​ឆ្នាំ អគ្គលេខា​បក្សចាស់​ តាំង​ពី​ឆ្នាំ​២០០៦ និង​ជា​ប្រធានាធិបតី​ឡាវ  ដែល​សម្រេចចិត្ត​​​ចូល​និវត្តន៍។ ​

បក្ស​កុម្មុយនិស្ត​ឡាវ បក្ស​តែ​មួយ​គត់ ដែល​​ដឹកនាំ​ប្រទេស​តាំង​ពី​ឆ្នាំ ១៩៧៥​មក តែង​តែ​​រក្សា​ដោយ​សម្ងាត់​ ការ​បែង​ចែង​អំណាច។ តាំង​ពី​១០​ឆ្នាំ​​មកឡាវមានកំណើន​សេដ្ឋកិច្ច​ជាង​៧% ​តែ​ឡាវ​ជា​ប្រទេស​ដ៏ក្រីក្រ​បំផុត​មួយនៅ​លើ​លោក ​ ​ញាំញី ដោយ​អំពើ​ពុក​រលួយ កាប់​បំផ្លាញ​ព្រៃឈើ និង ​ឯកា មិន​ស្វាគមន៍​លោក​ខាង​ក្រៅ​ទេ។ ប៉ុន្តែ​បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​បស្ចឹម​លោក​ម្នាក់​សុំ​មិន​បញ្ចេញឈ្មោះ បាន​ធានា​អះអាង​ថា ថ្វី​បើ​ក្រុម​​ចាស់ៗ នៅ​បន្តកាន់​កាប់​តួនាទីសំខាន់ៗ​ក៏ដោយ ក៏​ឥទ្ធិពល​របស់​ពួក​គេ​ចាប់​ផ្តើម​​​បាត់​បង់​ខ្លះ​​នៅ​ក្នុង​អំណាច​កណ្តាល​។ អន្តរកាល​នយោបាយ​កំពុងធ្វើ​ដោយ​សន្សឹមៗ ផ្ទេរ​ទៅឱ្យ​ក្មេង​ជំនាន់​ក្រោយ ដែល​បាន​ទៅ​សិក្សា​នៅ​រុស្ស៊ី​ឬ​នៅ​វៀតណាម និង​មាន​ទស្សនៈ​បើក​ចំហ​​ទៅ​រក​បរទេស​ខ្លះ។

ម្យ៉ាងទៀត ​ឡាវ​ពេល​នេះ​ត្រូវ​បង្ខំ​ចិត្ត​បង្ហើប​ទ្វារ ព្រោះ​ទន្ទឹម​នឹង​ការ​បើក​សមាជលើក​ទី​១០​ប្តូរ​មេ​ដឹកនាំ​បក្ស​ថ្មីនេះ ​ឡាវត្រូវ​ធ្វើ​​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន។ លោក​ បារ៉ាក់ អូបាម៉ា នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិកទី​មួយ​ដែល​​នឹង​អញ្ជើញ​មកកាន់​ក្រុង​វៀនចន្ទ​នៅ​ពេល​ខាង​មុខ នា​ឱកាស​ជំនួប​កំពូល​អាស៊ាន។ ចំណែក​លោក​ចន​ឃែរី ត្រូវ​អញ្ជើញ​ទៅ​ដល់ប្រទេស​ឡាវ​នៅ​ចុង​សប្តាហ៍​ក្រោយនេះ​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ