អានតួអត្ថបទ

តុលាការ​ភូមា​ដាក់​ទោស​អតីត​មេ​ដឹកនាំ​បដិវត្ត​សង្ឃ ជាប់​ពន្ធនាគារ​៦​ខែ

អតីត​មេ​ដឹកនាំ​ធ្វើ​បដិវត្ត​សង្ឃ​ម្នាក់ ត្រូវ​បាន​តុលាការភូមា កាត់​ទោស​នៅ​ថ្ងៃ​អង្គារ​នេះ ឱ្យ​ជាប់​ពន្ធនាគារ​៦​ខែ ពី​បទ​​រំលោភ​ច្បាប់​អន្តោប្រវេសន៍។ ជា​សាលក្រម​ដ៏​ភ្ញាក់​ផ្អើល និង​គួរ​ឱ្យ​ហួស​ចិត្ត​បំផុត​សម្រាប់​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ នៅ​ប្រទេស​ភូមា​ដែល​ទើប​មាន​រដ្ឋាភិបាល​ថ្មី​ជា​អ្នក​ប្រជាធិបតេយ្យ។

Shin Gambira អតីត​មេ​ដឹកនាំម្នាក់​នៃ​ចលនាបដិវត្តន៍ព្រះសង្ឃ​ភូមា​នៅ​ឆ្នាំ ២០០៧​
Shin Gambira អតីត​មេ​ដឹកនាំម្នាក់​នៃ​ចលនាបដិវត្តន៍ព្រះសង្ឃ​ភូមា​នៅ​ឆ្នាំ ២០០៧​ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

Nyi Nyi Lwin ឬ ភិក្ខុ ហ្កំប៊ីរ៉ា កាល​នៅ​ជា​​សង្ឃ ត្រូវ​បានតុលាកា​រ​ភូមា​កាត់​ទោស​ជា​ផ្លូវការ​ដាក់​ពន្ធនាគារ រយៈ​ពេល​៦​ខែ ចំពោះ​ទង្វើ​រំលោភ​ច្បាប់​អន្តោប្រវេសន៍ បន្ទាប់​ពី​បាន​ចាប់​ខ្លួន​អតីត​សង្ឃ​រូប​នោះ​ កាលពីដើម​ឆ្នាំ​២០១៦ នៅ​ពេល​ នីនីល្វីន ត្រលប់​​ពី​ប្រទេស​ថៃ​ចូល​ស្រុក​កំណើត​វិញ។ លោក​បាន​បញ្ជាក់​ព័ត៌មាន​នេះ តាម​ទូរស័ព្ទ​មក​កាន់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP។ តែ ​ភ្នាក់ងារ​​​ពុំ​អាច​ទាក់​ទង​​​បាន ដូច​ទម្លាប់ តុលាការ​ក្រុង​ម៉ាង់ដាល័យ ដើម្បី​សុំ​ព័ត៌មាន​លម្អិត​បន្ថែម​បាន​ឡើយ។

 
សំណុំ​រឿង​កាត់​ទោស​នេះ បាន​ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​ដល់​សវនាការ​នយោបាយ​ ឆ្ពិន​ភ្នែក​របស់​រដ្ឋាភិបាល​សឹក​ភូមា​ ដែល​តែង​តែ​ប្រើ​មធ្យោបាយ​ ​ស្វា​លាប​មាត់​ពពែ ឬលើក​មូលហេតុ​មិន​​សម​ហេតុផល មក​​ចោទ​ប្រកាន់។ នេះ​ជា​ការ​រិះគន់​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch ដែល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លោកស្រី អ៊ុងសានស៊ូជី ​ដែល​កំពុង​កាន់​អំណាច ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ដ៏​ចាស់​គំរិល បែប​របប​សឹក។

សូម​បញ្ជាក់​ថា ដោយ​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត បន្ទាប់​រង​ទោស​ទណ្ឌកម្ម​ក្នុង​ពន្ធនាគារ​អស់​ជា​ច្រើន​ឆ្នាំ នីនីល្វីន បានទៅ​ស្នាក់​​ព្យាបាល​ខ្លួន​នៅ​ប្រទេស​ថៃ​ជិត​ខាង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ ល្វីនល្វីនម៉ា ជា​បងស្រី ដែល​មិន​យល់​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​និង​កាត់​ទោស​ប្អូន​ប្រុស។

កាលពី​ឆ្នាំ​២០០៧ នីនីល្វីន ឬ ហ្កំប៊ីរ៉ា ដែល​ជា​សង្ឃ បាន​ចូល​រួម​ធ្វើ​បដិវត្ត​សង្ឃ ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ទនៈ ដែល​បាន​អង្រួន​ប្រទេស​ភូមា​ទាំង​មូល​ឱ្យ​ធ្លាក់​ក្នុង​អំពើ​ហិង្សា និង​ការ​បង្ក្រាប​យ៉ាង​ឃោរ​ឃៅ​ពី​សំណាក់​អាជ្ញាធរ​សឹក។ បាតុករ​ សង្ឃ​ជា​ច្រើន​អង្គ ដែល​ជា​អ្នក​ផ្តួច​ផ្តើម​ដឹកនាំ​ធ្វើ​បដិវត្ត បាន​ស្លាប់ និង​ចាប់​ខ្លួន​ជា​ច្រើននាក់។ ហ្កំប៊ីរ៉ា ទើប​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព ជាមួយ​អ្នក​ទោស​នយោបាយ​ជាង​មួយ​នាក់​ផ្សេង​ទៀត កាលពី​ឆ្នាំ​២០១២ នាឱកាស​ដែល​រដ្ឋាភិបាល​សឹក​បាន​ស្ម័គ្រ​ចិត្ត​ដឹកនាំ​ប្រទេស​ឆ្លង​អន្តរកាល​​​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ។

​ស្ថានភាព​ប្រទេស​ភូមា​​ក៏​បាន​ប្រែ​ក្រឡាស់​តាំង​ពី​ពេល​នោះ​មក លោកស្រី​អ៊ុងសានស៊ូជីផ្ទាល់ ដែល​ធ្លាប់​រស់​ក្នុង​ការ​ឃុំឃាំង​អស់​រយៈ​ពេល​១៥​ឆ្នាំ បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​ប្រទេស បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់ ក្នុង​សម័យ​បោះឆ្នោត​សភា ខែ​វិច្ឆិកា ២០១៥ និង​បាន​ធ្វើ​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​​ជិត​មួយ​រយ​នាក់​កាលពី​សប្តាហ៍​មុន​សោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ