អានតួអត្ថបទ

ចិនធ្វើ​សមយុទ្ធ​ព្រមាន​តៃវ៉ាន់​មួយ​ថ្ងៃមុន​លោកស្រី​ប្រធានាធិបតី​ចូល​កាន់​តំណែង

ក្នុង​ខណៈ​ដែល​តៃវ៉ាន់​កំពុងត្រៀម​ទទួល​មេដឹកនាំ​ប្រទេស​ថ្មី​ចូល​កាន់​តំណែង ជា​ផ្លូវការ កងទ័ព​ចិន​​បាន​បើក​ធ្វើ​សមយុទ្ធ​យោធា​មួយ នៅ​តាម​បណ្តោយ​ឆ្នេរ​​ ក្នុង​ទម្រង់​ជា​ប្រតិបត្តិការ​​វាយ​លុក​ លើ​កោះ​មួយ។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ឃោសនា​រដ្ឋ ដែលបង្កប់​​​ដោយ​អត្ថន័យ​ព្រមាន​​ដល់​សកម្មជន​ទាមទារ​ឯករាជ្យ​​តៃវ៉ាន់ និង​ដល់​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី។ លោកស្រី ត្សៃអ៊ីងវេន ដែល​ល្បី​ខាង​មាន​នយោបាយ​ប្រឆាំង​ក្រុង​ប៉េកាំង ត្រូវ​ចូល​កាន់​តំណែងប្រធានាធិបតីតៃវ៉ាន់​​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​ទី ២០​ឧសភា​ ខាន​ស្អែក​នេះ។

សកម្មជន​គាំទ្រ​ឯករាជ្យ​​តៃវ៉ាន់ ដង្ហែ​ក្បួន​សុំ​សន្តិភាព​តៃវ៉ាន់ ៦​ថ្ងៃ​មុន​ការ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី
សកម្មជន​គាំទ្រ​ឯករាជ្យ​​តៃវ៉ាន់ ដង្ហែ​ក្បួន​សុំ​សន្តិភាព​តៃវ៉ាន់ ៦​ថ្ងៃ​មុន​ការ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី © Reuters
ផ្សាយពាណិជ្ជកម្ម

ដៃ​កាន់​កាំភ្លើង​ ទាហាន​ចិន​រុល​ទៅ​មុខ​ឡើង​តាម​ឆ្នេរ ​ជំនួយ​ដោយ​ទ័ព​រថក្រោះ និង​ឧទ្ធម្ភាគចក្រយោធា បាញ់​រះ​បើក​ផ្លូវ​សំដៅ​កូន​ភ្នំ​ តាម​មាត់​សមុទ្ទ ... ទាំង​នេះ​គឺ​ជា​រូបភាពនិង​សកម្មភាព​យោធា​ចិន​ធ្វើ​​សមយុទ្ធ​ ​ដែល​មាន​ចាក់​បញ្ចាំង​ក្នុង​កញ្ចក់​ទូរទស្សន៍​ជាតិ​ កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ។

សមយុទ្ធ​​នេះ​ បាន​រៀប​ចំ​ធ្វើ​នៅ​ខេត្ត​​ហ្វូជាន​ ទល់​មុខ​តៃវ៉ាន់ ចម្ងាយ​ពី​គ្នា​ប្រមាណ​តែ​១៦០​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ។ យោង​តាម​កាសែត​China Daily គិត​ចាប់​ពី​ដើម​ខែ​ឧសភា​មក ក្រសួង​ការពារ​ជាតិ​ចិន​បាន​រៀប​ចំ​ធ្វើ​សមយុទ្ធ​បែប​នេះ​បី​លើក​ហើយ នៅ​តាម​បណ្តោយ​ឆ្នេរ​ភាគ​អាគ្នេយ៍​ប្រទេស ជិត​បង្កើយ​​នឹង​កោះ​តៃវ៉ាន់ ដើម្បីព្រមាន និង​គំរាម​ច្បាស់ៗ​ដល់ ដល់​សកម្មជន​​ណា​ដែល​​ចង់​បាន​​តៃវ៉ាន់​​ឯករាជ្យ និយាយ​ឱ្យ​ចំ​គឺ​គំរាម​លោកស្រីប្រធានាធិបតី​តៃវ៉ាន់​ថ្មី ដែល​ត្រូវ​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​ នៅ​ថ្ងៃ​សុក្រ​នេះ។

 
លោកស្រី ត្សៃអ៊ីន វេន អ្នក​ឯករាជ្យ​និយម មិន​ដែល​បាន​ថ្លែង​ឬ​បញ្ចេញ​មតិ​ជា​សាធារណៈ​ ទាមទារ​​​ឯករាជ្យឱ្យ​តៃវ៉ាន់​ទេ ប៉ុន្តែ​បានអំពាវនាវ​ឱ្យ​ប៉េកាំង​រក្សា​ស្ថានភាព​ទំនាក់ទំនង​ចិន-តៃវ៉ាន់​នៅ​ដដែល ដោយ​គ្មាន​គិត​​ពី​នបំបែក​ពី​គ្នា​ជា​ផ្លូវការ និង​ក៏​គ្មាន​ដែរ​ការ​បង្រួបបង្រួម​ចិន​តែ​មួយ។ ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​ កាលពី​ខែ​មករា លោកស្រី ត្សៃអ៊ីង វេន បាន​ឈ្នះ​ឆ្នោត​យ៉ាង​ត្រចះ​ត្រចង់​លើ​បក្ស​ គួមីនតាំង- បក្ស​កាន់​អំណាច​ដែល​បាន​សាកល្បង​អស់​រយៈ​ពេល​៨​ឆ្នាំ​ ខិត​ចូល​ជិត​ចិន តែ​មិន​បាន​សម្រេច។

តៃវ៉ាន់ បាន​ផ្តាច់​ខ្លួន​ចេញ​ពី​ចិន​ដីគោក តាំង​ពីចាញ់​​សង្គ្រាម​ស៊ីវិល​ឆ្នាំ​១៩៤៩។ ប៉ុន្តែ​ប៉េកាំង នៅ​តែ​ចាត់​ទុក​តៃវ៉ាន់​​ជា​ចំណែក​​មួយ​របស់​ចិន និង​មិន​រអា​នឹង​ប្រើ​កម្លាំង​យោធា​វាយ​យក​ទេ ប្រសិន​បើ​កោះ​នេះ​ហ៊ាន​ងើប​ទាមទារ​ឯករាជ្យ។

ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ ក្រសួងការពារ​ជាតិ បាន​ចេញ​​សារ​មួយ​បដិសេធ​ថា សមយុទ្ធ​នេះ​ជា​លំហាត់​ប្រចាំ​ឆ្នាំ​របស់​យោធា​ចិន គ្មាន​កម្មវត្ថុ​ពិសេស ឬ​ក្នុង​អត្ថន័យ​ប្រឆាំង​នឹង​លោកស្រី ត្សៃអ៊ីង វេន​ឡើយ។ គេ​មិន​ត្រូវ​ចេះ​តែ​បកស្រាយ​ព្រលាត់​ខុស​ពី​ការ​ពិត​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ