អានតួអត្ថបទ
ចិន-ហ្វីលីពីន

សមុទ្រចិន​ខាង​ត្បូង៖​អឺរ៉ុប និង​អាមេរិក​អំពាវនាវ​ឲ្យ​ចិន​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​ឡាអេ

សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឲ្យ​ចិន​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​ក្រុង​ឡាអេ​ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិនខាងត្បូង។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី១២ កក្កដា បន្ទាប់​ពី​តុលាការ​ក្រុង​ឡាអេ​បាន​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​នៅ​ក្នុង​បណ្តឹង​ដែល​ហ្វីលីពីន​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​អាគីណូ​បាន​ប្តឹង​ចិន​កាល​ពី​ឆ្នាំ ២០១៣។

ពីឆ្វេង​ទៅ​ស្តាំលោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ Donald Tusk លោក​នាយករដ្ឋមន្រ្តី​ចិន Li Keqiang និង​លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប Jean-Claude Juncker
ពីឆ្វេង​ទៅ​ស្តាំលោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ Donald Tusk លោក​នាយករដ្ឋមន្រ្តី​ចិន Li Keqiang និង​លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប Jean-Claude Juncker Reuters
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​របស់​អឺរ៉ុប​ឲ្យ​ចិន​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​ក្រុង​ឡាអេ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក​ដូណាល់ ទូស្ក ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ក្នុង​ជំនួបកំពូល​ចិន អឺរ៉ុប​រៀបចំ​ក្នុង​ទីក្រុង​ប៉េកាំង។ លោក​ទូស្ក​បាន​ស្នើ​ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក​ឲ្យ​ចូលរួម​ជួយ​ការពារ​សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់។ ច្បាប់ និង​បទបញ្ជា​អន្តរជាតិ​ដែល​លោក​ទូស្ក​យល់​ថា បាន​នាំ​ផលចំណេញ​ដល់​មនុស្សលោក​គ្រប់​គ្នា។ ដោយ​មិន​ចោទ​ចិន​ត្រង់ៗ​ទាក់ទង​នឹង​ការ​វាតទី​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិនខាងត្បូង លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​រូប​នេះ​ដដែល​បាន​យល់​ឃើញ​ថា អឺរ៉ុប និង​ចិន​មាន​ផលប្រយោជន៍ និង​មាន​កាតព្វកិច្ច​រួម​គ្នា​ក្នុង​ការ​ការពារ និង​ការ​គោរព​ច្បាប់​អន្តរជាតិ។

ជា​ការ​ឆ្លើយ​តប​វិញ លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជាំង​ដែល​បាន​ទទួល​ជួប​លោក​ដូណាល់ ទូស្ត​បាន​ប្រើ​ភាសាទូត​ដោយ​គូសបញ្ជាក់​ថា ជំនួប​រវាង​លោក និង​លោក​ទូស្ត​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ដៃគូ​យ៉ាង​សំខាន់​របស់​មហាអំណាច​ទាំង​ពីរ​ក្នុង​ការ​ការពារ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ពិភពលោក។ តែ​ទន្ទឹម​គ្នា​នេះ និង​ដើម្បី​សំដែង​ការ​មិន​សប្បាយ​ចិត្ត​របស់​ខ្លួន​ចំពោះ​ប្រតិកម្ម​របស់​អឺរ៉ុប​ទាក់ទង​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​ដែល​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សម្រេច​លប់ចោល​កម្មវិធី​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​អឺរ៉ុប។

ក្រៅ​ពី​ប្រតិកម្ម​របស់​អឺរ៉ុប អាមេរិក​តាម​រយៈ​ក្រសួង​ការបរទេស​ក៏​បាន​ជំរុញ​ឲ្យ​ចិន​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​ក្រុង​ឡាអេ​ដែរ។ ក្រសួង​ការបរទេស​អាមេរិក​យល់​ឃើញ​ថា សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​ជា​ការ​រួម​វិភាគទាន​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណោះស្រាយ​ជម្លោះ​សមុទ្រចិន​ខាងត្បូង​ដែល​ចិន​កំពុង​តទល់​នឹង​ប្រទេស​អាស៊ី​មួយ​ចំនួន​ក្នុង​តំបន់ រួម​មាន​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ព្រុយណេ។ គួរ​បញ្ជាក់​ជូន​ថា បណ្តឹង​ដែល​ហ្វីលីពីន​ប្តឹង​ចិន​ក្នុង​ឆ្នាំ ២០១៣ ជា​បណ្តឹង​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ហ្វីលីពីន​អាគីណូ។ លោក​អាគីណូ​ដែល​មិន​ញញើត​នឹង​ប្រឈម​មុខ​ដាក់​ចិន​ដោយ​អាង​អាមេរិក​នៅ​ពី​ក្រោយ។

តែ​នៅ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ថ្មី​សព្វថ្ងៃ លោក​ឌុយទែរតេ​បាន​ប្រើ​នយោបាយ​សម្របសម្រួល​ដោយ​ស្នើ​ឲ្យ​មាន​ការ​ចរចា​ផ្ទាល់​ជាមួយ​ចិន ព្រម​ទាំង​ស្ម័គ្រចិត្ត​ចែក​ប្រយោជន៍​ជាមួយ​ចិន​នៅ​សមុទ្រចិនខាងត្បូង​ទៀត។ អ៊ីចឹង​បាន​ជា​នៅ​ក្រោយ​ការ​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​ដែល​ឲ្យ​ចិន​ចាញ់ រដ្ឋាភិបាល​របស់​លោក​ឌុយទែរតេ​មិន​បាន​បញ្ចេញ​ប្រតិកម្ម​ត្រេកត្រអាល​ខ្លាំង​ដែល​ជា​ការ​ចំអកឡកឡឺយ​នាំ​ឲ្យ​ចិន​ក្តៅក្រហាយ​កាន់​តែ​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ