អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​ក្រោយ​ប្រជាមតិ គណបក្ស​ប្រឆាំងថៃ​របស់​ត្រកូល​ស៊ីណាវ៉ាត់​​ចូលពួន​​កៀន​ជញ្ជាំង ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី​យីងឡាក់ អតីត​ប្រមុខ​រដ្ឋាភិបាល​ថៃ ដែល​ត្រូវ​ដួល​រំលំ​ដោយ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០១៤ បាន​ថ្ងូចថ្ងូរ​ នៅ​ថ្ងៃ​ចន្ទ​នេះ ថា​ថៃ កំពុង​ដើរ​ថយ​ក្រោយ តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ​ទទួល​យក​រដ្ឋធម្មនុញ្ញថ្មី។ ប៉ុន្តែ​នេះ​ជា​សេចក្តី​សម្រេចចិត្ត​របស់​ពលរដ្ឋ ឯ​ចំណែក​បក្ស​ ដែល​ដឹកនាំ ​លោកស្រី​ ក្នុង​នាម​ជា​បក្ស​ប្រឆាំង​នៅ​ពេល​បោះឆ្នោត​ជាតិ​ នា​ពេល​ខាង​មុខ កំពុងស្ថិត​ក្នុង​ជំហរទន់​​ខ្សោយបំផុត។

សកម្មជន​អ្នក​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​ថ្មី​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រុង​បាងកក ក្រោយ​លទ្ធផល​ប្រជាមតិ ថ្ងៃទី៧​សីហា ២០១៦
សកម្មជន​អ្នក​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​ថ្មី​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រុង​បាងកក ក្រោយ​លទ្ធផល​ប្រជាមតិ ថ្ងៃទី៧​សីហា ២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

សករាជ​ដែល​ត្រកូល​ស៊ីណាវ៉ាត់ មាន​អំណាច​ ប្រមូល​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ជាតិ ជា​រៀង​រហូត​ តាំង​ពី​ឆ្នាំ​២០០១ មក ទំនង​ជា​ឈាន​ចូល​ដល់​អវសាន្ត​បណ្តើរៗ​ហើយ។ ទៅ​ថ្ងៃ​អនាគត និងក្នុង​រយៈ​ពេល​យូរ​តទៅមុខ​ទៀត ក្រុម​យោធា​ថៃ នឹង​បន្ត​ជា​ដឹក​មុខ​នយោបាយ​រហូត បើ​ទោះ​បី​ជា​មាន​ការ​បោះឆ្នោត​ក៏​ដោយ នេះ​បើតាម​រដ្ឋធម្មនុញ្ញថ្មី​។

កូន​អុក​ពេល​នេះ​ស្ថិត​នៅក្នុង​ដៃ​របប​សឹក ! ជាមួយ​នឹង​លទ្ធផល​​ប្រជាមតិ គាំទ្រ​រដ្ឋធម្មនុញ្ញ​ថ្មី​ដល់​ទៅ​ជាង​៦០%​ រដ្ឋាភិបាល​សឹក មាន​អំណាច​ពេញ​ដៃ ក្នុង​ការ​កំណត់​កម្មវិធី​ និង​ប្រព័ន្ធ​នយោបាយ ទប់​មិន​ឱ្យ​ត្រកូល​ស៊ីណាវ៉ាត់ បាន​ឡើង​កាន់​អំណាច​​ដឹកនាំ​ប្រទេស​ទេ ទោះបី​ឈ្នះ​ឆ្នោត​ជាតិ​ក៏​ដោយ ព្រោះមាន​​​ព្រឹទ្ធសភា ប្រសូត​ចេញ​ពី​ការ​តែងតាំង​របស់​ពួក​យោធា ជា​អ្នក​ចាំ​រារាំង។

 
“ខ្ញុំ​សោកសៅ​ណាស់ ដែល​ប្រទេស​ថៃ​ដើរ​ត្រឡប់​ក្រោយ ទៅ​ប្រកាន់​យក​រដ្ឋធម្មនុញ្ញ​គ្មាន​ប្រជាធិបតេយ្យ » ប៉ុន្តែ​ “ខ្ញុំ​គោរព​ការ​សម្រេចចិត្ត​របស់​ប្រជាជន »។ នេះ​ជា​ប្រសាសន៍​ចុះ​ចាញ់​របស់លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត់ ដោយមិន​ហ៊ាន​ទាំង​រិះគន់​បរិហារ​ការ​លួច​បន្លំ​សន្លឹកឆ្នោត​អ្វី​ទាំង​អស់ ឬ​អំពាវនាវ​ហៅ​សកម្មជន អាវ​ក្រហម​ធ្វើ​បាតុកម្ម​ទេ។

មាន​ប្រជាពលរដ្ឋ​ថៃ​មិន​ដល់​៤០%​ផង​បាន​ច្រាន​​ចោល​រដ្ឋធម្មនុញ្ញ​ថ្មី។ ហើយ​ជាង​នេះ​ទៅ​ទៀត នៅ​តំបន់​ភាគ​ឦសាន ដែល​មាន​ប្រពៃណី​គាំទ្រ​ភ្លូកទឹក​ភ្លូក​ដី​ត្រកូល​ស៊ីណាវ៉ាត់​នោះ បែរ​ជា​សម្តែង​មតិ​ប្រឆាំង​នឹង​រដ្ឋ​ធម្មនុញ្ញ​ថ្មី ត្រឹម​តែ​៥១%​ប៉ុណ្ណោះ។ លទ្ធផល​បែប​នេះ​អាច​ចាត់​ទុក​ជា​ការ​វាយ​សំពង​យ៉ាង​ដំណំ​លើ​គ្រួសារ​មហាសេដ្ឋី​ស៊ីណាវ៉ាត់។

ត្រកូល​ស៊ីណាវ៉ាត់ តាំង​ពី​លោកថាក់ស៊ីន ដល់​លោកស្រី យីងឡាក់ ធ្លាប់​តែ​ឈ្នះ​យ៉ាង​ត្រចះ​ត្រចង់​​លើ​រាល់គ្រប់​ការ​បោះឆ្នោត ប៉ុន្តែ​តាំង​ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក បក្ស​ពួក​នេះ មូរមុខ​ សំងំ​ធ្វើ​ចាញ់​ រង់ចាំ​ការ​បោះឆ្នោត​ជាតិ​ ដែល​របប​សឹក​សន្យា​រៀប​ចំ​ធ្វើ​នៅ​ឆ្នាំ​២០១៧។
មើលទៅ​ហាក់​ដូច​ជា​មាន​ការ​ស្រុះ​ស្រួល​គ្នា ជុំ​វិញ​ទស្សនៈ​មួយ​គឺ​កុំ​បំពុល​ស្ថានការណ៍​ប្រទេស​​ជាតិ។ គោល​ដៅ​ចំបង​គឺ​បណ្តោយ​ឱ្យ​របប​សឹកនាំ​មុខសិន​​នៅ​ពេល​នេះ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ខាង​តែ​មាន​ការ​រៀប​ចំ​បោះឆ្នោត​ថ្មី​លេច​ជា​រូបរាង​ប្រាកដ។ ទោះ​របប​សឹក​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​ក៏​មិន​អី ព្រោះ​នេះ​គ្រាន់​តែ​ជា​រដ្ឋធម្មនុញ្ញ​ទី​២០​ប៉ុណ្ណោះ គិត​ចាប់​ពី​ឆ្នាំ​១៩៣២​មក។

អ្នក​វិភាគ​​នយោបាយ​​ក្រុង​បាងកក​ជា​ច្រើន​ យល់ថា ប្រជាពលរដ្ឋ​ថៃ​ សុខចិត្ត​ព្រម​ទទួល​រដ្ឋធម្មនុញ្ញថ្មី ដោយ​មាន​ក្តី​សង្ឃឹម​កប់​ក្នុង​ចិត្ត​ថា​នឹង​មាន​ការ​បោះឆ្នោត​ថ្មី នៅ​ឆ្នាំ ក្រោយ ឬ​យ៉ាង​យូរ​នៅ​ដើម​ឆ្នាំ​២០១៨។ នៅ​ថ្ងៃអង្គារ​ទី ៩ សីហា ក្រោយ​ឈ្នះ​ឆ្នោត​ប្រជាមតិភ្លាម លោកប្រាយុទ្ធ​ចាន់​អូចា​ កាន់​តែ​មាន​ទឹក​មាត់ បាន​​ចេញ​មុខ​ធ្វើ​សុន្ទរកថា​ធានា​បញ្ជាក់​ជា​ថ្មី​ ​ទៀត ថា​នឹងមាន​រដ្ឋាភិបាល​ថ្មី​ប្រសូត​ចេញ​ការ​បោះឆ្នោត ដែល​នឹង​ប្រព្រឹត្ត​ទៅ​ឆ្នាំ​២០១៧ ដូច​ធ្លាប់បាន​សន្យា។

សូម​បញ្ជាក់​ថា ក្រៅ​វិបត្តិ​នយោបាយ​នេះ ក្នុង​សតិ​អារម្មណ៍​ពលរដ្ឋ​ថៃ​ មាន​លាក់​ក្តី​កង្វល់​មួយ​ទៀត គឺ​ការ​ស្នង​រាជ បន្ត​ពី​​ស្តេច​ភូមិបុល ព្រះ​ជន្ម​៨៨វស្សា ដែល​ជរា​មាន​រោគា​ខ្លាំង​ និង​ក៏​ជា​ប្រភព​នៃ​អស្ថិរភាព​ជាតិ​មួយ​ដែរ។ ពួក​យោធា​ចេញមុខ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកស្រី យីងឡាក់ បន្ទាប់​មក​ធ្វើ​ប្រជាមតិ​​កែប្រែ​រដ្ឋធម្មនុញ្ញ ក្រោម​ផ្លាកតែ​មួយ​គឺ​ដើម្បី​បុព្វហេតុការពារ​រាជវង្ស ! ដូច្នេះ​ចង់​ឬ​មិន​ចង់​ប្រជាពលរដ្ឋ​ថៃ​ដែល​ធ្លាប់​គោរព​ស្តេច​ដូច​ព្រះ ត្រូវ​តែ​គាំទ្រ​ពួក​យោធា ជួយ​ប្រទេស​ជាតិ​ឆ្លង​កាត់​អន្តរកាល​ព្យុះ​ភ្លៀង​នេះ​សិន។

មួយ​ចំណែក​ទៀត សំឡេង​ឆ្នោត​លើក​នេះ ក៏​ជា​ការ​សម្តែង​ឱ្យ​ឃើញ​អំពី​ការនឿយ​ណាយ ​ខក​ចិត្ត​ នឹង​រដ្ឋាភិបាល​ស៊ីវិល​ នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដែល​ឃើញ​មាន​តែ​ប្រទាញ​ប្រទង់​គ្នា​ខ្លាំង យក​ថ្នល់​ជា​ស្ពាន​តវ៉ា រវាង​ម្ខាង​ជា​ក្រុមអាវក្រហម​ ជា​អ្នក​ជនបទ ជាសកម្មជន​របស់​អតីតនាយក​រដ្ឋមន្ត្រី​ ថាក់ស៊ីន ស៊ីណាវ៉ាត់​ និង​ម្ខាង​ជា​អ្នក​ក្រុង​ អភិជន​ អភិរក្ស សម្គាល់​ដោយ​អាវ​លឿង។ ទីប្រឹក្សា​ក្រុម​អាវ​ក្រហម​ម្នាក់ ក៏​បាន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​នេះ មនុស្សម្នា ហាក់​ដូច​ជា​មាន​ទំនុក​ចិត្ត​លើ​យោធា​ជាង​លើអ្នក​នយោបាយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ