អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លទ្ធផល​បឋម​​​​ប្រជាមតិរដ្ឋធម្មនុញ្ញ​ថៃ​៖ ប្រជាជន​៦២ភាគរយ​គាំទ្រ​រដ្ឋធម្មនុញ្ញ​ថ្មី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​អាទិត្យ​នេះ​ ប្រជាជន​ថៃ​បាន​នាំគ្នា​ទៅបោះឆ្នោត​​​សម្រេច​លើ​​រដ្ឋធម្មនុញ្ញថ្មី​​ ​សម្រេច​ថា តើ​ត្រូវយល់ស្រប រឺក៏​បដិសេធ។ នេះ​ជារដ្ឋធម្មនុញ្ញ​ទី២០ រៀបរៀងឡើង​ដោយ​​​​របប​សឹក។ ​យោងតាម​លទ្ធផល​បឋម​ចេញ​ដោយ​គណៈកម្មការ​បោះឆ្នោត​​ នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ​​ ប្រជាជន៦២ភាគរយ បាន​បោះឆ្នោត​គាំទ្រ​រដ្ឋធម្មនុញ្ញ​ថ្មី​ ៣៨ភាគរយ​ទៀត បោះឆ្នោត​ទាត់ចោល​រដ្ឋធម្មនុញ្ញ។ ​

នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រាយុទ្ធ ចាន់ អូចា
នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រាយុទ្ធ ចាន់ អូចា Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋធម្មនុញ្ញ​ថ្មី​ដ៏ចម្រូងចម្រាស

គេ​មើលឃើញ​ថា​ រដ្ឋធម្មនុញ្ញ​ថ្មី ​​មានទិសដៅ​បែងចែក​អំណាច​រវាងកងទ័ព និង​​​អនាគត​រដ្ឋាភិបាល។​ ព្រោះថា ​យោងតាម​រដ្ឋធម្មនុញ្ញថ្មី​នេះ ​សមាជិក​ព្រឹទ្ធ​សភា​ថៃ លែង​កើតចេញ​ពី​ការបោះ​ឆ្នោត​តាម​ខែត្រ​​ដូច​ពេលមុន​ទៀតហើយ។ គឺ​របប​យោធា​ថៃ​ជាអ្នកតែងតាំង​សមាជិក​ព្រឹទ្ធសភា​វិញម្តង។

មួយវិញទៀត ​​ការបោះឆ្នោត​សភា ក្នុង​ពេលខាងមុខ គឺត្រូវ​ធ្វើឡើង​តាម​ប្រព័ន្ធ​សាមាមាត្រ ដូច​នៅ​អាល្លឺម៉ង់អញ្ចឹងដែរ។ ពោលគឺបក្ស​តូចៗ​អាច​ទទួលសម្លេងឆ្នោត​នៅ​សភា ដើម្បី​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ ករណី​​មាន​វិបត្តិ​នយោបាយកើតឡើង​​  ​គេ​នឹង​រើស​យក​មន្ត្រី​ម្នាក់ ដែល​មិនបាន​កើតចេញ​​ពីការបោះឆ្នោតសោះ​ អោយ​​តាត់នោះ ​ធ្វើជា​នាយករដ្ឋមន្ត្រី​។

តាម​រយៈប្រព័ន្ធ​សមាមាត្រ​នៃ​ការបោះឆ្នោតជាតិ ​គេបានចោទ​​ថា ​​របប​សឹកថៃ​ចង់​ទប់ស្កាត់​មិនអោយ​​គ្រួសារ​លោកថាក់ស៊ីន ​​ចូល​មកកាន់​ឆាកនយោបាយ​បានស្រួល​ទៀត។ ព្រោះតាំងពី​ឆ្នាំ២០០១មក​ បក្ស​លោក​ថាក់ស៊ីន​នេះ​ចេះតែ​ឈ្នះឆ្នោត ទទួលសម្លេង​ឆ្នោត​ផ្តាច់​មុខជានិច្ច។ តែ​របប​សឹក​បដិសេធ​ការចោទប្រកាន់​នេះ។ ​សូមបញ្ជាក់ដែរ​ថា ការ​បោះឆ្នោត​ជាតិ​ត្រូវលើកពេល​ទៀតហើយ គឺ​នឹងធ្វើ​នៅ​ខែកក្កដា ឆ្នាំ​២០១៧វិញ។

ដោយឡែក ​​រដ្ឋធម្មនុញ្ញ​សម្រាប់​ប្រជាមតិ​ថ្ងៃនេះ ជា​រដ្ឋធម្មនុញ្ញ​​​ ​ទី២០​ហើយ​​ គិតតាំង​ពី​ឆ្នាំ១៩៣២មក ពេល​ក្សត្រ​ថៃ​លែង​ដឹកនាំ​ប្រទេស​ផ្ទាល់​តទៅទៀត ហើយ​បាន​ផ្ទេរ​អំណាច​អោយ​រដ្ឋាភិបាល​ ដែល​ត្រូវកើត​ចេញ​ពីការបោះឆ្នោត។ រដ្ឋធម្មនុញ្ញ​ថ្មី​​​​មានភាពចម្រូងចម្រាស ព្រោះថា ថៃ​តស៊ូ​ចង់បាន​ប្រជាធិបតេយ្យ ដោយ​​បានរំដោះ​ខ្លួន​ចេញ​ពី​អំណាច​គ្រប់គ្រង​របស់​ក្សត្រ។ ប៉ុន្តែ ​ទីបំផុត របប​សឹក​បែរជា​ធ្វើរដ្ឋធម្មនុញ្ញ ​ចង់​អោយក្រុមយោធា និង​ក្សត្រ​ថៃ ចូល​មកកាន់អំណាច​ដូច​ពីមុន​ទៅវិញ។

បញ្ហា​តម្លាភាព​នៃ​​​ដំណើរការ​បោះឆ្នោត​ប្រជាមតិ​ថ្ងៃអាទិត្យ
តម្លាភាព​ប្រហែល​ជា​ពិបាក​មានណាស់។ គ្រាន់តែ​ត្រឹម​ការចេញផ្សាយលទ្ធផល​​ស្ទាបស្ទង់​មតិ ​ក៏​មិនអាច​ចុះផ្សាយ ​​មួយសប្តាហ៍​ ​មុន​ថ្ងៃ​បោះឆ្នោត​ប្រជាមតិ​ដែរ។ ថៃ​មិនដែ​លជួប​បញ្ហា​នេះទេ ពីមុន​មក។ ​របប​សឹកប្រហែល​​​​​បារម្ភ​ថា លទ្ធផល​ការស្ទាបស្ទង់​មតិ ​អាច​​​​ជះឥទ្ធិពល​ដល់​អ្នកបោះឆ្នោត អាចអោយ​ពួកគេ​ប្តូរចិត្ត បោះឆ្នោត​ទាត់ចោល​រដ្ឋធម្មនុញ្ញ​វិញ។

របប​សឹកថៃ​​ហាមមិនអោយ​​មាន​ក្រុមសង្កេតការណ៍​ឯករាជ្យ ហើយ​ហាម​មិនអោយ​ប្រជាជន​សង្កេតការណ៍​បោះឆ្នោត​ប្រជាមតិ​ថ្ងៃ​អាទិត្យ​​នេះទៀត។ កន្លងមក ​សូម្បី​តែ​ជជែក​គ្នា​​​លើ​រដ្ឋធម្មនុញ្ញ​ក៏​ត្រូវ​កងទ័ព​ហាមឃាត់ដែរ។ អាជ្ញាធរបាន​ចាប់​សកម្មជន​ប្រឆាំង​រដ្ឋធម្មនុញ្ញ​ជាង​១០នាក់ ដាក់គុក។ អ្នកដែល​រិះគន់ រឺ​អ្នកធ្វើ​យុទ្ធនាការ​ប្រឆាំង​​​រដ្ឋធម្មនុញ្ញ​ថ្មី​​ ​មានមិនតិច​ដែរទេ ដែល​ត្រូវគេ​ចាប់ខ្លួន កន្លងមក។ ​សម្រាប់​ក្រុមសិទ្ធិមនុស្ស ​នេះជា​ការគំរាម​លទ្ធិប្រជាធិបតេយ្យ​ច្បាស់ណាស់។

របប​សឹក​អាច​ចង់បិទបាំង​ខ្លឹមសារ​មួយចំនួន នៃ​រដ្ឋធម្មនុញ្ញ មិនអោយ​ប្រជាជន​បានដឹងដែរ។ ជាក់ស្តែង ខ្លឹមសារ​ដែល​ចែង​ថា ​សមាជិក​ព្រឹទ្ធសភា​​នឹងលែង​កើតចេញ​ពីកា​របោះឆ្នោត​ទៀត​នោះ ​ក៏​មិនឃើញ​មានចែង​​​ក្នុង​ខិតបណ្ណ​បោះឆ្នោត អោយ​ប្រជាជន​បាន​ដឹងលឺ​។

ក្រុម​ប្រឆាំង​រដ្ឋធម្មនុញ្ញ​រិះគន់ថា ​រដ្ឋធម្មនុញ្ញ​ថ្មីនេះជា​​របស់​ក្រុមចោរ។ ពួកគេចោទ​ថា របប​សឹកធ្វើវា​ឡើង គឺ​ដើម្បី​អាច​​​ត្រួតត្រា​នយោបាយ ត្រួតត្រាអនាគត​រដ្ឋាភិបាល។ អតីត​នាយករដ្ឋមន្ត្រី​​​ថាក់ស៊ីន ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅប្រទេស​​ បាន​ចាត់ទុក​រដ្ឋធម្មនុញ្ញ​នេះថា ​ជាការពន្យារ​អំណាច​យោធា វា​មិនអាច​ជួយអោយ​រដ្ឋាភិបាល​មានភាព​ឯករាជ្យ​ទេ។

បក្ស​លោក​ថាក់ស៊ីន នៅតែ​មាន​ឥទ្ធិពល​ក្នុង​នយោបាយ​ថៃ។ បើ​​រដ្ឋធម្មនុញ្ញ​ថ្មីនេះត្រូវ​ប្រជាជន​បោះឆ្នោត​​​គាំទ្រ ​ថៃ​អាច​នឹង​ធ្លាក់​ក្នុង​​ហិង្សា និង​អស្ថិរភាព​នយោបាយ​​ជាថ្មី​បាន ព្រោះ​ក្រុមអាវក្រហម​​តំណាង​ប្រជាជន​តាមជនបទ​ ​​គាំទ្រ​បក្ស​លោក​ថាក់ស៊ីន​ ​អាច​បះបោរ​ឡើងបាន។

ទោះ​​​ប្រជាជន​ថៃ​ទាត់​ចោល​​រដ្ឋធម្មនុញ្ញ​​ លោក​​ប្រាយុទ្ធ​ ចាន់ អូចា មិនលាតំណែង​នាយករដ្ឋមន្ត្រី​
លោកប្រាយុទ្ធ​ប្រាប់ថា​​បើទោះ​ជា​ប្រជាជន​​​បោះឆ្នោត ទាត់ចោល​រដ្ឋធម្មនុញ្ញ​ ក៏​លោក​មិនលា​ចុះ​​ពី​តំណែង​នាយករដ្ឋមន្ត្រី​ដែរ។​​ ក្រុមប្រឆាំងរដ្ឋធម្មនុញ្ញ​​​ក៏​បាន​គិតរួចហើយ​ដែរថា ​ទោះជា​ប្រជាជន​ទាត់ចោល​រដ្ឋធម្មនុញ្ញ ក៏​របប​សឹក​នៅតែ​បន្ត​វត្តមាន​ ក្នុង​ឆាក​នយោបាយ​​ថៃ​ដដែល៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ