អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្វីលីពីន៖​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាមម៉ៅនិយម​ផ្តើម​កិច្ចចរចា​សន្តិភាព​ក្នុង​ប្រទេស​ន័រវែស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី២២ សីហា​នេះ ទីក្រុង​អូស្លូ ប្រទេស​ន័រវែស​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចចរចាសន្តិភាព​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ហ្វីលីពីន និង​ចលនា​ឧទ្ទាម​ម៉ៅនិយម។ ចលនា​ឧទ្ទាម​ម៉ៅនិយម​នៅ​ហ្វីលីពីន គឺ​ជា​ចលនា​ឧទ្ទាម​មួយ​ដែល​មាន​អាយុកាល​យូរ​ជាង​គេ​មួយ​នៅ​អាស៊ី។ គិត​តាំង​ពី​ដំណាច់​ទសវត្ស​ឆ្នាំ ៦០ មក ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទ័ព​រដ្ឋាភិបាល​ហ្វីលីពីន និង​ចលនា​ឧទ្ទាម​មួយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣០ ០០០នាក់។ គួរ​ជម្រាប​ជូន​ថា ក្រៅ​ពី​ចលនា​ឧទ្ទាម​ម៉ៅនិយម នៅ​មាន​ចលនា​ឧទ្ទាម​ធំៗ​មួយ​ចំនួន​ទៀត​ដែល​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ឈឺ​ក្បាល​ខ្លាំង។

លោក Jalandoni ប្រមុខ​ដឹកនាំ​ចរចា​ខាង​ចលនាឧទ្ទាម​ម៉ៅនិយមនៅ​ហ្វីលីពីន (រូបឆ្វេង) និង​សមភាគី​ខាង​រដ្ឋាភិបាល​ហ្វីលីពីន​លោក​ Bello
លោក Jalandoni ប្រមុខ​ដឹកនាំ​ចរចា​ខាង​ចលនាឧទ្ទាម​ម៉ៅនិយមនៅ​ហ្វីលីពីន (រូបឆ្វេង) និង​សមភាគី​ខាង​រដ្ឋាភិបាល​ហ្វីលីពីន​លោក​ Bello Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​វិញ គណបក្ស​កម្មុយនិស្ត​ដែល​យក​តាម​ទ្រឹស្តី​ម៉ៅនិយម​បាន​ចាប់​កំណើត​ក្នុង​ខែ​ធ្នូ ឆ្នាំ ១៩៦៨ តែ​នៅ ៣ខែ​ក្រោយ​មក គណបក្ស​កុម្មុនិយស្ត​ម៉ៅនិយម​មួយ​ក៏​បាន​បំផ្លែង​ខ្លួន​ទៅ​ជា​ចលនា​ឧទ្ទាម​ដែល​គេ​ហៅ​ថា​ចលនា​ឧទ្ទាម​ម៉ៅនិយម​មក​ដល់​សព្វថ្ងៃ។ តាម​តួលេខ​ប៉ាន់ប្រមាណ​ផ្លូវការ​ឲ្យ​ដឹង​ថា ការ​តស៊ូ​ប្រដាប់​អាវុធ​របស់​ពួក​ឧទ្ទាម​ម៉ៅនិយម​តាំង​ពី​ដំណាច់​ទសវត្ស​ឆ្នាំ ៦០ មក​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣០ ០០០នាក់។

តែ​តួលេខ​ក្រៅ​ផ្លូវការ​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​នេះ។ បច្ចុប្បន្ន ទោះ​បី​ជា​កម្លំាង​របស់​ចលនា​ឧទ្ទាម​ម៉ៅនិយម​បាន​ធ្លាក់​ចុះ​ទាំង​ចំនួន និង​ឥទ្ធិពល​ក៏​ដោយ ក៏​ចលនា​កុម្មុយនិស្ត​មួយ​នេះ​នៅ​បន្ត​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រជាជន​ហ្វីលីពីន​ក្រីក្រ​រស់នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយ៉ាល។
 
ចលនា​ឧទ្ទាមម៉ៅនិយម​បន្ត​ទាមទារ​ឲ្យ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ

កិច្ចចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​ហ្វីលីពីន និង​ចលនា​ឧទ្ទាម​ម៉ៅនិយម​ដែល​កំពុង​រៀបចំ​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​នរវែស គឺ​ជា​កិច្ចប្រជុំ​បិទទ្វារ​ដោយ​មិន​ឲ្យ​អ្នក​កាសែត​ចូលរួម និង​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រ ទី២៦ សីហា។ រីឯ​ប្រធានរឿង​ដែល​ត្រូវ​លើក​ទៅ​ជជែក​ក៏​មិន​ខ្វះ​ដែរ ពិសេស​ទាក់ទង​នឹង​គម្រោង​កំណែទម្រង់​លើ​វិស័យ​សំខាន់ៗ។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នា​កិច្ចចរចា​លើក​នេះ​នៅ​ត្រង់​ថា ភាគី​នីមួយៗ​ហាក់​ដូច​ជា​បាន​សម្តែង​ឲ្យ​ឃើញ​នូវ​សុឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ពន្លឿន​ដំណើរការ​ស្វែង​រក​សន្តិភាព​រវាង​គ្នា។
 
នៅ​ក្នុង​ជំហាន​ដំបូង ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ​ចង់​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ឈប់​បាញ់ មុន​នឹង​លើក​យក​ប្រធានបទ​ផ្សេង​ទៅ​ជជែក​បន្ត ពិសេស​ទាក់ទង​នឹង​គម្រោង​កំណែទម្រង់​នយោបាយ សេដ្ឋកិច្ច សង្គម និង​ច្បាប់​រដ្ឋធម្មនុញ្ញ។ នៅ​ក្នុង​ថ្ងៃ​ទី១ នៃ​កិច្ចចរចា​ថ្ងៃ​ចន្ទ ទី២២ សីហា​នេះ ប្រធាន​ដឹកនាំ​ចរចា​របស់​រដ្ឋាភិបាល​ហ្វីលីពីន​លោក​បែលឡូ​សង្ឃឹម​រក​បាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​ចលនា​ឧទ្ទាម​ម៉ៅនិយម​ពី​ពេល​នេះ​ទៅ ១ឆ្នាំ។ ចំណែក​ប្រធាន​ដឹកនាំ​ចរចា​របស់​ចលនា​ឧទ្ទាម​កុម្មុយនិស្ត​លោក​ហ្សាឡានដូមី​ក៏​សង្ឃឹម​ដូច​គ្នា​នេះ​ដែរ តែ​មាន​ការ​ប្រយ័ត្នប្រយែង​ជាង​លោក​បែលឡូ។
 
លោក​ហ្សាឡានដូមី​បាន​អះអាង​ថា ចលនា​ឧទ្ទាម​ក៏​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ពី​ពេល​នេះ​ទៅ ១ឆ្នាំ​ដែរ តែ​មាន​រឿង​ខ្វែង​គ្នា​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ និង​ដែល​អាច​ចំណាយ​ពេល​ចរចា​ច្រើន​ជាង​ការ​រំពឹង​ទុក។
 
រដ្ឋាភិបាល​ហ្វីលីពីន​កំពុង​វិលមុខ​នឹង​ចលនា​ឧទ្ទាម និង​ក្រុម​ប្រដាប់អាវុធ​ជា​ច្រើន
 
នៅ​ក្នុង​ប្រទេស​ហ្វីលីពីន មិន​មាន​តែ​ចលនា​ឧទ្ទាម​កុម្មុយនិស្តម៉ៅនិយម​មួយ​ទេ​ដែល​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ឈឺក្បាល និង​ក្រពុល​មុខ។ គឺ​នៅ​មាន​ចលនា​ឧទ្ទាម និង​ក្រុម​តស៊ូ​ប្រដាប់​អាវុធ​ផ្សេង​ទៀត​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ចលនា​ឧទ្ទាម​ម៉ៅនិយម​ទៅ​ទៀត។ ជាក់ស្តែង គឺ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម​អ៊ីស្លាម​មួយ​ឈ្មោះ « រណសិរ្យ​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម »។ ជម្លោះ​រវាង​រដ្ឋាភិបាល និង​ចលនា​រណសិរ្យ​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាមជា​ជម្លោះ​មួយ​ដ៏​រុំារ៉ៃ និង​យូរ​លង់​ជាង​គេ​នៅ​អាស៊ី។

ចលនា​ឧទ្ទាម​អ៊ីស្លាម​មួយ​នេះ​បាន​ផ្តើម​តស៊ូ​ផ្លូវអាវុធ​តំាង​តែ​ពី​ដើម​ទសវត្ស​ឆ្នំា ៧០ដើម្បី​ទាមទារ​ឯករាជ្យ​នៅ​ក្នុង​តំបន់​បង់សាម៉ូរ៉ូ​ស្ថិត​ក្បែរ​កោះ​មីនដាណាវ។ គ្រាន់​តែ​ក្នុង​រយៈពេល ៤៥ឆ្នំា​កន្លង​ទៅ ជម្លោះ​ប្រដាប់អាវុធ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ១៥ម៉ឺននាក់។ កិច្ចចរចា​មាន​ច្រើន​រាប់មិន​អស់ តែ​គឺ​ទើប​នៅ​ឆ្នាំ ២០១៤ កន្លង​ទៅ​ថ្មីៗ​ទេ​ដែល​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ត្រូវ​បាន​រក​ឃើញ។ កាល​ណោះ រដ្ឋាភិបាល​បាន​យល់ព្រម​ប្រគល់​ស្វ័យភាព​ឲ្យ​តំបន់​បង់សាម៉ូរ៉ូជា​ថ្នូរ​នឹង​ការ​ទម្លាក់​អាវុធ និង​បញ្ឈប់​ការ​តស៊ូរបស់​ចលនា​ឧទ្ទាមរណសិរ្យ​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម។
 
តែ​គួរ​ឲ្យ​សោកស្តាយ កិច្ចព្រមព្រៀង​នោះ​មាន​តែ​នៅ​លើ​ក្រដាស ព្រោះ​ការ​ប៉ះទង្គិច​ផ្លូវអាវុធ​រវាង​ទ័ពរដ្ឋាភិបាល និង​ពួក​ឧទ្ទាម​អ៊ីស្លាម​បាន​បន្ត​មាន​យ៉ាង​សកម្ម។ ចំណែក​កិច្ចចរចា​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​ក៏​បាន​ផ្តើម​ជា​ថ្មី​កាល​ពី​ថ្ងៃទី១៣ សីហា​កន្លង​ទៅ​ថ្មីៗ​នេះ។ ដូច្នេះ​ឃើញ​ថា សន្តិភាព​ជាមួយ​ចលនា​ឧទ្ទាម​ម៉ៅនិយម ឬ​មួយ​ជាមួយ​ចលនា​ឧទ្ទាម​អ៊ីស្លាម ឬ​មួយ​ក៏​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ផ្សេង​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ។ កន្លង​មក លោក​ប្រធានាធិបតី​អាគីណូ​ធ្លាប់​បាន​ប្រើ​គ្រប់​មធ្យោបាយ ទាំង​ធម៌ក្តៅ​ផង និង​ធម៌ត្រជាក់​ផង តែ​នៅ​មិន​ទាន់​អាច​និយាយ​បញ្ចុះបញ្ចូល​ក្រុម​ឧទ្ទាម​បាន​ទេ។
 
ឥឡូវ​នេះ​ដល់​ជំនាន់​លោក​ប្រធានាធិបតី​ថ្មី​ឌុយទែរតែ​ដែល​ធ្លាប់​សន្យា​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថា លោក​នឹង​បិទបញ្ចប់​រាល់​ការ​តស៊ូ​របស់​ចលនា​ឧទ្ទាម​គ្រប់​ប្រភេទ​នៅ​ហ្វីលីពីន។ លទ្ធផល​យ៉ាង​ណា​នោះ គេ​ត្រូវ​រង់ចាំ​មើល​នៅ​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ