អានតួអត្ថបទ
ហ្វីលីពីន

ក្រុមឧទ្ទាម​​​កុម្មុយនិស្ត​​ហ្វីលីពីន​​ប្រកាស​​​ផ្អាក​ការ​ប្រយុទ្ធ​​​​​​​ មុន​កិច្ច​ពិភាក្សា​​សន្តិភាព​​​នៅ​ក្រុង​អូស្លូ​

ថ្ងៃសៅរ៍​២០សីហា​នេះ ក្រុមឧទ្ទាម​កុម្មុយនិស្ត​​​ហ្វីលីពីន​បាន​ប្រកាស​ផ្អាកការ​ប្រយុទ្ធ​ ​១សប្តាហ៍ ហើយ​បាន​សុំអោយ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​​ផ្អាកការ​ប្រយុទ្ធ​ដូចគ្នា។ ពីថ្ងៃ​២២ ដល់ថ្ងៃ២៧សីហា សប្តាហ៍​ក្រោយនេះ ក្រុម​ឧទ្ទាម​និង​រដ្ឋាភិបាល​នឹងជួបចរចា​គ្នា​ពី​សន្តិភាព​ហ្វីលីពីន​ នៅ​ក្រុងអូស្លូ​ ប្រទេស​នរវែស។ 

ទាហាន​ហ្វីលីពីន
ទាហាន​ហ្វីលីពីន (Photo : AFP)
ផ្សាយពាណិជ្ជកម្ម

ក្រុមឧទ្ទាម​បក្ស​កុម្មុយនិស្ត​នៅ​ហ្វីលីពីន​បាន​​សម្រេច​ផ្អាក​ការ​ប្រយុទ្ធជាមួយ​កងទ័ព​​ រយៈពេល​៧ថ្ងៃ គិតចាប់ពី​ថ្ងៃ​អាទិត្យ​ស្អែក​នេះទៅ។ ក្រុមឧទ្ទាម​​​​បាន​សុំអោយ​រដ្ឋាភិបាល​លោក​ឌុយទែរតេ ផ្អាក​ការ​ប្រយុទ្ធ​ដូចគ្នាដែរ ដើម្បី​ជំរុញ​កិច្ច​ពិភាក្សា​​សន្តិភាព ដែល​ត្រូវ​បើកធ្វើ​នៅ​ក្រុងអូស្លូ ប្រទេស​នរវែស ថ្ងៃច័ន្ទ​២២សីហា សប្តាហ៍​ក្រោយ។

ការ​សម្រេច​ផ្អាក​ការបាញ់គ្នា​ ​​​ ធ្វើឡើង​ក្រោយ​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ដោះលែង​មេដឹកនាំ​​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត​២រូប នៅ​ថ្ងៃសុក្រ​ម្សិលមិញ។ មេ​​ឧទ្ទាម​ទាំង២​នោះ គឺ​បេនីតូ ទីយ៉ាំហ្សុង Benito Tiamzon  ជា​មេដឹកនាំ​កំពូល ​និង​ប្រពន្ធគាត់ ឈ្មោះ​វីលម៉ា Wilma។ ក្រុមឧទ្ទាម​​បាន​​ការ​សម្រេច​របស់​រដ្ឋាភិបាល​ដែល​បានដោះលែង​​​សកម្មជន​ខ្លួន​២២នាក់ ​បន្តបន្ទាប់​គ្នា ដើម្បី​អោយពួកគេ​បានចូលរួម​កិច្ច​ពិភាក្សា​​នៅ​ក្រុងអូស្លូ។ ក្រុមឧទ្ទាម​​ប្រកាស​ដែរថា នឹង​ផ្អាក​ការប្រយុទ្ធ​​យូរជាងនេះ បើ​រដ្ឋាភិបាល​ហ្វីលីពីន​ដោះលែង​គ្រប់​អ្នកទោស​នយោបាយ។

បក្ស​កុម្មុយនិស្ត​ហ្វីលីពីន​បាន​ចាប់​កំណើត​ឡើង​ ​​ខែធ្នូ ​ឆ្នាំ១៩៦៨។ ក្រោយ​ការ​កកើត​បាន​៣ខែ បក្ស​កុម្មុយនិស្ត​បាន​ធ្វើចលនា​បះបោរ​ ធ្វើអោយ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច​៣ម៉ឺននាក់។ ក្នុង​ទសវត្ស​១៩៨០ ​​ទាហាន​​​ក្រុមឧទ្ទាម​កុម្មុយនិស្តមាន​២ម៉ឺន៦ពាន់នាក់ តែ​​ពេលនេះ នៅ​សល់​តែ​៤០០០នាក់​ប៉ុណ្ណោះ។

កិច្ចពិភាក្សា​សន្តិភាព​នៅ​ក្រុងអូស្លូ សប្តាហ៍​ក្រោយ​មានទិសដៅ​បិទបញ្ចប់​ការបះបោរ​របស់​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត​ហ្វីលីពីន​​ ជា​ក្រុមឧទ្ទាម​ដ៏ចំណាស់​មួយ នៅ​អាស៊ី។

រដ្ឋាភិបាល​លោក​អាគីណូ​អាណត្តិ​មុន​បាន​ចរចា​សន្តិភាព​ជាមួយ​ក្រុមឧទ្ទាម​មួយនេះបាន​៣ឆ្នាំ តែ​បាន​បោះបង់​ការចរចា​ទៅវិញ ដោយ​ចោទថា​ក្រុមឧទ្ទាម​មិនសូវ​ស្មោះត្រង់។ រដ្ឋាភិបាល​ថ្មី​របស់​លោក​ឌុយទែរតូ ធ្លាប់​​ប្រកាស​បទ​ឈប់បាញ់​​ពហុភាគី តែ​​​អនុវត្ត​ធ្វើ​បានតែ​​៥ថ្ងៃ​ប៉ុណ្ណោះ៕ ​​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ