អានតួអត្ថបទ

ពលរដ្ឋ​​ភូមា ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ទស្សនកិច្ច​របស់​លោកកូហ្វី អាណាន់

ព្រះសង្ឃ និង​ពុទ្ធសាសនិក ជាតិ​និយម​ជ្រុល​ភូមា​ជា​ច្រើន​រយ​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ភាគ​ខាង​លិច​ប្រទេស​ភូមា ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ លោក កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​លោកស្រី អ៊ុង សានស៊ូជី ពឹង​ពាក់​ឱ្យ​មក​ជួយ​ដោះស្រាយ​វិបត្តិ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។

បាតុករ​ភូមា​ស្រែក​ប្រឆាំង​នឹង​ដំណើរ​មក​ដល់​រដ្ឋ​រ៉ាឃីន របស់​លោក កូហ្វី អាណាន់
បាតុករ​ភូមា​ស្រែក​ប្រឆាំង​នឹង​ដំណើរ​មក​ដល់​រដ្ឋ​រ៉ាឃីន របស់​លោក កូហ្វី អាណាន់ © Reuters
ផ្សាយពាណិជ្ជកម្ម

“មិន​ត្រូវ​ការ​ទេ​គណៈកម្មការ​ដឹកនាំ​ដោយ​កូហ្វី​អាណាន់” ! មិនត្រូវ​ការ​ទេ អន្តរាគមន៍​បរទេស ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​រដ្ឋ​រ៉ាឃីន” ! នេះ​ជា​សារ​ដែល​មាន​សរសេរ​លើ​បដា​ និង​ដែល​ក្រុម​បាតុករ​នាំ​គ្នា​លើក​គ្រវី ស្រែក​ប្រឆាំង នៅ​ព្រលាន​យន្តហោះ Sittwe រដ្ឋរ៉ាឃីន ភាគ​ខាង​លិច​ប្រទេស​ភូមា ពេល​លោក​ កូហ្វី អាណាន់ មក​ដល់​ភ្លាម។

លោកកូហ្វី អាណាន់ ក្នុង​នាម​ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​វិបត្តិ​ជនជាតិ​ភាគតិច​រ៉ូហ៊ីយ៉ា បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​លោកស្រី អ៊ុង សានស៊ូជី នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ត្រូវ​អញ្ជើញ​ទៅ​ជំរំ​ជនភៀស​ខ្លួន​របស់​ពួក​រ៉ូហ៊ីងយ៉ា ដោយ​ផ្ទាល់​នៅ​ថ្ងៃ​អង្គារ​នេះ និង​ដោយ​គ្មាន​អ្នក​កាសែត ឬ​អ្នក​ថត​តាម​​ឡើយ។

ប៉ុន្តែ​ទស្សនកិច្ច​នេះ ជា​ក្តី​សង្ឃឹម​របស់​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ដែល​តាំង​ពី​មាន​ផ្ទុះ​អំពើ​ហិង្សា​​ពី​សំណាក់​ពលរដ្ឋ​ភូមា​អ្នកកាន់​ពុទ្ធសាសនា​​​ នៅ​ឆ្នាំ​២០១២​មក មិន​អាច​ត្រលប់​នៅ​​ភូមិឋាន​វិញ​បាន ហើយ​​ប​ង្ខំ​ចិត្ត​រស់​នៅក្នុង​ជំរំ​រខេករខាក និង​គ្មាន​សិទ្ធិ​ចេញ​ដើរ​ហើរ​ខាង​ក្រៅ​ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ។

ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​មាន​ចំនួន​សរុប​ប្រមាណ​ជិត​មួយ​លាន​នាក់ ភាគ​ច្រើន​រស់​នៅ​ក្នុងរដ្ឋ​រ៉ាឃីន បើ​ទោះបី​ជាបាន​មក​រស់​នៅ​រាប់​តំណរ និង​ជា​ច្រើន​ទសវត្សរ៍​ក៏​ដោយ ក៏​ត្រូវ​បាន​ភូមា​ចាត់​ទុក​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​​បង់ក្លាដែសរហូត​មក គ្មាន​ទាំង​ទឹក​ដី គ្មាន​ទាំង​សញ្ជាតិ។

​ក្រៅ​អំពី​បាតុកម្ម​របស់​ពលរដ្ឋ​ភូមា​អ្នក​ប្រកាន់​តឹង តំណាង​បក្ស​នយោបាយ​​ដ៏​មាន​អំណាច​ប្រចាំ​តំបន់ ក៏​បាន​បដិសេធ​មិន​​ទទួល​ជួប​លោក​កូហ្វី​អាណាន់​ដែរ។ សម្រាប់​ក្រុម​ពុទ្ធសាសនិកជន​​​​បែប​ជ្រុល​និយមភូមា​ ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស ការ​រស់​ឡើង​វិញ​នៃ​ជនជាតិ​ភាគតិច​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា ជា​ការ​គំរាម​កំហែង​អត្តសញ្ញាណជាតិ។

លោកស្រី អ៊ុងសានស៊ូជី ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព ដែល​ទើប​ក្លាយ​ជា​សមាជិក​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស ធ្លាប់​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ ចំពោះ​ភាព​ស្ងាត់​​ស្ងៀម​នឹង​ជោគ​វាសនា​របស់រ៉ូហ៊ីងយ៉ា​នេះ។ លោកស្រី ទើប​បាន​អះអាង​ជា​សាធារណៈ​ តែ​ដោយ​ប្រយោល ជា​លើក​ទី​មួយ នា​ជំនួប​ជាមួយ​លោកកូហ្វី​ អាណាន់ ម្សិលមិញ ថា​មិន​អាច​ធ្វើ​មិន​ដឹង​ទៀត​បាន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ