អានតួអត្ថបទ
ភូមា

ក្រុមឧទ្ទាម​​និង​​កងទ័ព​​ភូមា​​ប្រយុទ្ធគ្នា​ មុន​​កិច្ចចរចា​​សន្តិភាព​​មួយថ្ងៃ

កិច្ច​ពិភាក្សា​​សន្តិភាព​ភូមា ត្រូវបើកធ្វើ​ថ្ងៃពុធ៣១សីហា​​នេះ រវាង​ក្រុមឧទ្ទាម​ និង​រដ្ឋាភិបាល ​ដោយ​មា​ន​វត្តមាន​ប្រធាន​អង្គការ​សហប្រជាជាតិ បាន់ គីមូន។ ប៉ុន្តែ ​​ថ្ងៃ​អង្គារ​​ ​​ក្រុមឧទ្ទាមនិង​កងទ័ព​​ភូមា​​បាន​ប្រយុទ្ធគ្នា​ នៅ​​តំបន់​ឆាន​ភាគ​ខាងកើត និង​តំបន់​កាឈីន​ភាគ​ខាងជើង​ភូមា។ 

ទ័ពព្រៃ​Kachin​ នៅ​ភូមា
ទ័ពព្រៃ​Kachin​ នៅ​ភូមា RFI
ផ្សាយពាណិជ្ជកម្ម

កិច្ចពិភាក្សា​សន្តិភាព​រវាង​រដ្ឋាភិបាល​ភូមា និង​ក្រុមឧទ្ទាម​ជនជាតិភាគតិច ដែលត្រូវ​​បើកធ្វើ​នៅថ្ងៃពុធ​៣១សីហា​​នេះ ជួបភាព​តានតឹង ដោយសារ​ថ្ងៃ​អង្គារ​ មួយថ្ងៃ​មុន​កិច្ចពិភាក្សា​​ ​ក្រុមឧទ្ទាមនិង​កងទ័ព​បាន​ប្រយុទ្ធ​ហិង្សា​ដាក់គ្នា។

ក្រុមឧទ្ទាម​​​​បាន​ចោទ​កងទ័ព​ថា បាន​​​​បើកការ​វាយប្រហារ​ នៅតំបន់​ឆាន ភាគខាងកើត និង​តំបន់​កាឈីន ភាគខាងជើងភូមា នៅព្រឹកថ្ងៃ​អង្គារ។ ភ្លាមៗ គេ​មិនបាន​​ទទួល​​ព័ត៌មាន​បញ្ជាក់​ពីកងទ័ព ទាក់ទិន​នឹង​ការ​ប្រយុទ្ធ​នេះ​​ទេ។

តំណាង​អ្នកចរចា​ខាងរដ្ឋាភិបាល​បក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ ​បាន​​​ប្រាប់ថា រដ្ឋាភិបាល​​ មានការ​លំបាក​ក្នុង​ការ​ពិភាក្សា​សំណុំរឿង​នេះ​ ជាមួយ​កងទ័ព។ ពេលនេះ ​​តំណាង​ចរចា​ខាងក្រុមឧទ្ទាមមួយរូប​​​ បានសំដែង​ការ​មិនទុកចិត្ត​ចំពោះ​​កងទ័ព ដោយលើកឡើង​ថា ​នៅ​ទីនេះ គេពិភាក្សាសសន្តិភាព​ជាមួយគ្នា តែ​នៅទីនោះ​វិញ គេវាយប្រហារ​គ្នា។

តាំង​ពី​ទទួល​ឯករាជ្យ​ពិ​អង់គ្លេស​ក្នុងឆ្នាំ១៩៤៨​មក រដ្ឋអំណាច​ភូមា​តែង​ប្រឈម​នឹង​ការ​បះបោរ​ផ្តាច់ទឹកដី​របស់​ជនជាតិ​ភាគតិច។ ហិង្សា​បានធ្វើអោយ​ប្រជាជន​ប្រមាណ​​២សែន២ម៉ឺននាក់​​ភៀសខ្លួន​ពី​ផ្ទះសម្បែង។

ឆ្នាំ២០១៥ រដ្ឋាភិបាលស៊ីវិល​​អន្តរកាល​​ និង​ក្រុមឧទ្ទាម​​ចំនួន​៨ បាន​ព្រមព្រៀង​គ្នា​​ចុះកិច្ច​ព្រមព្រៀង​​សន្តិភាព​។ ​​ប៉ុន្តែ ក្រុមឧទ្ទាម​ធំៗ​ផ្សេងទៀត នៅតែ​បដិសេធ​សន្តិភាព និងបាន​បន្ត​ការតស៊ូ​ប្រដាប់អាវុធ ពិសេស​នៅ​តំបន់​ឆាន និងតំបន់​កាឈីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ