អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក-ភូមា៖​ហេតុអ្វី​បាន​ជា​លោក​អូបាម៉ា​សម្រេច​ដក​ទ័ណ្ឌកម្ម​ចេញ​ពី​ប្រទេស​ភូមា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ប្រកាស​ពី​ការ​ដក​ទ័ណ្ឌកម្ម​ចេញ​ពី​ប្រទេស​ភូមា។ សេចក្តី​ប្រកាស​របស់​លោក​អូបាម៉ា​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី១៤ កញ្ញា​នា​ឱកាស​ជំនួប​ជាមួយ​លោកស្រី​អ៊ុង សានស៊ូជី​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ តែ​មាន​អង្គការ​សិទ្ធិមនុស្ស​មួយ​ចំនួន​បាន​យល់​ឃើញ​ថា ការ​ដែល​អាមេរិក​បាន​សម្រេច​ដក​ទ័ណ្ឌកម្ម​ចេញ​ពី​ភូមា​ពេល​នេះ​ជា​ការ​សម្រេច​លឿន​ជ្រុល ព្រោះ​នៅ​មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​រដ្ឋាភិបាល​ភូមា​នៅ​មិន​ទាន់​បាន​ដោះស្រាយ​រួចរាល់​នៅ​ឡើយ ពិសេស​សំណុំរឿង​ជនជាតិ​ភាគតិច ដូច​យ៉ាង​ពួក​រ៉ូហ៊ីងយ៉ា​ជា​ដើម។

លោកស្រី​អ៊ុង សានស៊ូជី និង​លោក​បារ៉ាក់ អូបាម៉ា
លោកស្រី​អ៊ុង សានស៊ូជី និង​លោក​បារ៉ាក់ អូបាម៉ា Reuters
ផ្សាយពាណិជ្ជកម្ម

លោក​អូបាម៉ា​មិន​បាន​លំអិត​ពី​ប្រភេទ​ទ័ណ្ឌកម្ម​ដែល​នឹង​ត្រូវ​ដក​ចេញ​ពី​ភូមា​ទេ តែ​បើ​តាម​មើល​ទៅ ប្រហែល​ជា​គ្មាន​អ្វី​ក្រៅ​ពី​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អាមេរិក​ធ្លាប់​បាន​សម្រាល​នា​ពេល​កន្លង​មក និង​ទ័ណ្ឌកម្ម​ដែល​នៅ​សេសសល់។ នៅ​ក្នុង​ខែ​ឧសភា​កន្លង​ទៅ រដ្ឋបាល​អាមេរិកាំង​បាន​បន្ធូរបន្ថយ​ទ័ណ្ឌកម្ម​នៅ​ក្នុង​វិស័យ​ធនាគារ វិស័យ​រ៉ែ និង​វិស័យ​ព្រៃឈើ។ តែ​បាន​បន្ត​រក្សា​ទុក​បញ្ជី​ខ្មៅ​ឈ្មោះ​មនុស្ស​ជាង ១០០នាក់​ដែល​ជាប់​ចោទ​ពី​បទ​មាន​ចំណង​ទាក់ទង​ជាមួយ​អតីត​របបសឹក។

រហូត​មក​ដល់​ថ្ងៃ​នេះ ក្រុមហ៊ុន និង​ក្រុមអ្នក​ជំនួញ​អាមេរិកាំង​មិន​អាច​រកស៊ី​ជាមួយ​ជនជាតិ​ភូមា​ដែល​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ ឬ​មួយ​ក៏​ដាក់​ទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ភូមា​ណា​ដែល​គ្រប់គ្រង ឬ​មាន​ភាគហ៊ុន​ដោយ​មនុស្ស​ដែល​ស្ថិត​ក្នុង​បញ្ជីខ្មៅ​នោះ​ទេ។ ដូច្នេះ គម្រោង​ដក​ទ័ណ្ឌកម្ម​ដែល​ទើប​ប្រកាស​ដោយ​លោក​អូបាម៉ា​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ជីខ្មៅ រួម​ទាំង​បញ្ហា​ផ្សេង​ទៀត។ យ៉ាង​ណា​ក៏​ដោយ ការ​ប្រកាស​របស់​លោក​អូបាម៉ា​ពិត​ជា​ដំណឹង​ល្អ​ណាស់​សម្រាប់​ប្រទេស និង​ប្រជាជន​ភូមា​ដែល​បាន​រង​គំនាប​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អាមេរិក​អស់​ជា​ច្រើន​ទសវត្ស​កន្លង​មក ពិសេស​តាំង​ពី​ភូមា​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​របបយោធា។

រដ្ឋបាល​អាមេរិក​បាន​បញ្ជាក់​នៅ​ក្រោយ​ការ​ប្រកាស​របស់​លោក​អូបាម៉ា​ថា ក្រសួង​សេដ្ឋកិច្ច​អាមេរិក​នឹង​ធ្វើ​ការ​ប្រកាស​ព័ត៌មាន​ដូច​គ្នា​នេះ​ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ក្រៅ​ពី​ការ​ប្រកាស​ដោយ​ផ្ទាល់មាត់​ពី​ការ​ដក​ទ័ណ្ឌកម្ម​ចេញ​ពី​ភូមា លោក​អូបាម៉ា​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ផង​ដែរ​ថា ភូមា​នឹង​ទទួល​បាន​ឡើង​វិញ​នូវ​តម្លៃ​ពន្ធ​ពិសេស​របស់​អាមេរិក​ដូច​ដែល​អាមេរិក​បាន​ផ្តល់​ឲ្យ​ប្រទេស​ក្រីក្រ​ផ្សេង​ទៀត។

លោក​អូបាម៉ា​មាន​សុទិដ្ឋនិយម​ចំពោះ​អនាគត​ភូមា

មាន​ហេតុផល​តែ​មួយ​គត់​ដែល​លោក​អូបាម៉ា​បាន​សម្រេច​ដក​ទ័ណ្ឌកម្ម​ចេញ​ពី​ភូមា គឺ​ស្ថានការណ៍​នយោបាយ​បោះ​ពួយ​ទៅ​មុខ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​ភូមា។ គ្រាន់​តែ​មួយ​ប៉ប្រិច​ភ្នែក ភូមា​បាន​ប្តូរ​ពី​របប​ផ្តាច់ការ​យោធា​ដែល​បាន​កាន់​អំណាច​ដុះស្លែ​ជាង​កន្លះ​សតវត្ស​មក​រក​របប​ស៊ីវិល​ពេញ​លក្ខណៈ ពិសេស​ការ​ឡើង​កាន់​អំណាច​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី​ដែល​ជា​បក្សប្រឆាំង​តែ​មួយ​គត់​នៅ​ភូមា។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​ស្ញើច​សរសើរ​ខ្លាំង​ចំពោះ​ភូមា គឺ​ដំណើរ​ការ​បោះឆ្នោត​ប្រកប​ដោយ​សន្តិវិធី តម្លាភាព និង​យុត្តិធម៌​ដែល​បាន​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ចូល​កាន់​អំណាច​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម។

នា​ឱកាស​ជំនួប​ជាមួយ​លោកស្រី​អ៊ុង សានស៊ូជី​នៅ​ក្នុង​ការិយាល័យ​រាងពងក្រពើ​នៅ​វិមាន​ប្រធានាធិបតី លោក​អូបាម៉ា​បាន​សរសើរ​លោកស្រី​ស៊ូជី​មិន​ដាច់​មាត់​ពី​ការ​តស៊ូ​ប្រឹងប្រែង​របស់​លោកស្រី​ទំរាំ​មាន​ថ្ងៃ​នេះ។ លោក​អូបាម៉ា​បាន​បន្ថែម​នៅ​ចំពោះ​លោកស្រី​អ៊ុង សានស៊ូជី​ថា យើង​បាន​ឈាន​មក​ដល់​ចំណុច​មួយ​ដែល​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​សោះ​ឡើយ​កាល​ពី ៥ឆ្នាំ​មុន និង​ថា យើង​ពិត​ជា​មាន​សុទិដ្ឋនិយម​ខ្លាំង​ណាស់​ចំពោះ​អនាគត​ដ៏​រុងរឿង​របស់​ភូមា។ តែ​ទន្ទឹម​នឹង​ការ​សាទរ​លោកស្រី​ស៊ូជី លោក​អូបាម៉ា​ក៏​បាន​ឆ្លៀត​និយាយ​ប្រាប់​លោកស្រី​ស៊ូជី​ថា មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ភូមា​ត្រូវ​ធ្វើ ហើយ​ផ្លូវ​ដែល​ភូមា​ត្រូវ​ដើរ​នៅ​វែងឆ្ងាយ តែ​ភូមា​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ល្អ​ណាស់។

សូម​ជម្រាប​ជូន​ថា លោក​អូបាម៉ា និង​លោកស្រី​អ៊ុង សានស៊ូជី​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ដូច​គ្នា ហើយ​នេះ​ជា​លើក​ទី៣ ហើយ​អ្នក​ទាំង​ពីរ​បាន​ជួប​សន្ទនា​ផ្ទាល់។ ជំនួប​លើកទី១ កាល​ពី​ឆ្នាំ ២០១២ និង​ជំនួប​លើកទី២ កាល​ពី​ឆ្នាំ ២០១៤ លោកស្រី​អ៊ុង សានស៊ូជី​មាន​តួនាទី​ត្រឹម​ជា​ប្រធាន​បក្សប្រឆាំង តែ​ជំនួប​លើកនេះ​គឺ​ក្នុង​នាម​លោកស្រី​ជា​ទីប្រឹក្សារដ្ឋ និង​ជា​ប្រមុខ​ការទូត។ សម្រាប់​លោក​អូបាម៉ា នេះ​អាច​ជា​ជំនួប​ចុង​ក្រោយ​ជាមួយ​លោកស្រី​ស៊ូជី មុន​នឹង​លោក​បញ្ចប់​អាណត្តិ​ប្រធានាធិបតី​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ។

Global Witness ថា លោក​អូបាម៉ា​បាន​សម្រេច​ចិត្ត​លឿនជ្រុល

ការ​ដែល​អាមេរិក​បាន​ប្រកាស​ដក​ទ័ណ្ឌកម្ម​​ចេញ​ពី​ភូមា​ពិត​ជា​ដំណឹង​ល្អ​ណាស់​សម្រាប់​ប្រទេស និង​ប្រជាជន​ភូមា តែ​មាន​អង្គការ​សិទ្ធិមនុស្ស​ខ្លះ​មិន​សូវ​ជា​ត្រេកត្រអាល​ចំពោះ​កាយវិការ​របស់​លោក​អូបាម៉ា​ទេ។ អង្គការ Global Witness បាន​បរិហារ​លើ​ការ​សម្រេចចិត្ត​របស់​លោក​អូបាម៉ា និង​ចាត់​ទុក​ជា​ការ​សម្រេចចិត្ត​លឿនជ្រុល​ដោយ​មិន​បាន​ផ្អែក​លើ​ស្ថានការណ៍​ជាក់ស្តែង​របស់​ប្រទេស​ភូមា។ Global Witness ចង់​ប្រដូច​ការ​សម្រេចចិត្ត​របស់​លោក​អូបាម៉ា​ទៅ​នឹង​ការ​ឮ​សូរ​ផ្គរលាន់ ចាក់ទឹក​ពាង​ចោល។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ក៏​បាន​ទទួល​ស្គាល់​ពី​ដំណើរ​វិវត្តន៍​ទៅ​មុខ​គួរ​ឲ្យ​កត់សម្គាល់​របស់​ភូមា​ដែរ តែ​អ្វី​ដែល Global Witness ចង់​ឃើញ និង​ចង់​បាន​ឲ្យ​រដ្ឋាភិបាល​ថ្មី​ដោះស្រាយ​ជា​មុន​នោះ គឺ​បញ្ហា​សេសសល់ និង​រ៉ាំរ៉ៃ​មួយ​ចំនួន​ដែល​បាន​អូសបន្លាយ​មក​ដល់​សព្វថ្ងៃ ពិសេស​គឺ​រឿង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។ Global Witness បាន​យល់​ឃើញ​ថា ទ័ណ្ឌកម្ម​គឺ​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធិភាព​មួយ​ដើម្បី​បន្ត​ដាក់​គំនាប​បង្ខំ​រដ្ឋាភិបាល​ភូមា​ឲ្យ​ដោះស្រាយ​បញ្ហា​ដ៏​ចម្រូងចម្រាស ដូច​យ៉ាង​រឿង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ឬ​មួយ​ក៏​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ក្រុម​ឧទ្ទាម​មួយ​ចំនួន​ជា​ដើម។

សម្រាប់ Global Witness អាមេរិក​គួរ​តែ​រង់ចាំ​ផ្លៃផ្កា​ពី​កំណែទម្រង់​របស់​រដ្ឋាភិបាល​ភូមា​សព្វថ្ងៃ​ជា​មុន​សិន មុន​នឹង​សម្រេច​ដក​ទ័ណ្ឌកម្ម​ចេញ​វិញ។ សូម​ជម្រាប​ជូន​ថា ការ​លើក​ឡើង​របស់​អង្គការ Global Winess របៀប​នេះ​ក៏​មិន​ខុស​ដែរ ព្រោះ​បញ្ហា​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​បាន និង​កំពុង​បន្ត​ក្លាយ​ជា​ឆ្អឹង​ទទឹង ក រវាង​ទីក្រុង​ណៃពីដ៏ និង​ទីក្រុង​វ៉ាស៊ីតោន។ តាំង​ពី​ក្រោយ​អំពើហិង្សា​សម្លាប់​រង្គាល​លើ​ពួក​រ៉ូហ៊ីងយ៉ា​ក្នុង​ឆ្នាំ ២០១២ មក មាន​ភាគ​ច្រើន​នៅ​បន្ត​ភៀសខ្លួន​រស់​ក្រៅ​ទីកន្លែង​កំណើត​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ