អានតួអត្ថបទ
ចិន-អូស្រ្តាលី

អូស្រ្តាលី៖​ក្រុមហ៊ុន Crown កំពុង​ព្រួយបារម្ភ​លើ​ការ​ចាប់​ខ្លួន​បុគ្គលិក​ចំនួន ១៨នាក់​ពី​អាជ្ញាធរ​ចិន

នៅ​ក្នុង​ប្រទេស​អូស្រ្តាលី លោក James Packer ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ Crown បាន​សម្តែង​ក្តី​បារម្ភ​នា​ថ្ងៃ​អង្គារ ទី១៨ តុលា​លើ​ជោគវាសនា​របស់​បុគ្គលិក​ក្រុមហ៊ុន​ចំនួន ១៨នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ប្រទេស​ចិន។ បុគ្គលិក​ក្រុមហ៊ុន​ទាំង ១៨នាក់​ដែល​មាន ៣នាក់​ជា​ជនជាតិ​អូស្រ្តាលី​បាន​ជាប់ចោទ​ពី​បទ​បាន​ឃោសនា​បង្ខំ​ពួកអ្នកមាន​ចិន​ឲ្យ​យក​លុយ​ទៅ​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​បរទេស។

អូស្រ្តាលី៖​ក្រុមហ៊ុន Crown កំពុង​ព្រួយបារម្ភ​លើ​ការ​ចាប់​ខ្លួន​បុគ្គលិក​ចំនួន ១៨នាក់​ពី​អាជ្ញាធរ​ចិន
អូស្រ្តាលី៖​ក្រុមហ៊ុន Crown កំពុង​ព្រួយបារម្ភ​លើ​ការ​ចាប់​ខ្លួន​បុគ្គលិក​ចំនួន ១៨នាក់​ពី​អាជ្ញាធរ​ចិន Reuters
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ ព័ត៌មាន​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន និង​ទីកន្លែង​ឃុំខ្លួន​បុគ្គលិក​ទាំង ១៨នាក់​របស់​ក្រុមហ៊ុន​កាស៊ីណូ​អូស្រ្តាលី Crown Resorts Limited កំពុង​បន្ត​ស្រពិចស្រពិល។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី មហាសេដ្ឋី​ថៅកែ​ជនជាតិ​អូស្រ្តាលី​លោក James Packer បាន​ថ្លែង​ឲ្យ​ដឹង​ពី​ក្តីបារម្ភ​យ៉ាង​ខ្លាំង​របស់​លោក​ចំពោះ​វាសនា​បុគ្គលិក​ទាំង ១៨នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ទឹកដី​ចិន។ លោក Packer បាន​បន្ថែម​ថា​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ក្រុមហ៊ុន​នឹង​ប្រឹងប្រែង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ចូលរួម​ជួយ​ចែក​រំលែក​ក្តីបារម្ភ និង​ផ្តល់​ការ​គាំទ្រ​ចំពោះ​ក្រុម​គ្រួសារ​របស់​បុគ្គលិក​ទាំង ១៨នាក់​នោះ។

ប្រតិកម្ម​របស់​លោក Packer ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុមប្រឹក្សា​រដ្ឋបាល​របស់​ក្រុមហ៊ុន​បាន​រៀបចំ Videoconference ជា​បន្ទាន់​មួយ​នា​យប់​ថ្ងៃ​ចន្ទ ទី១៧ តុលា។ ខណៈ​នេះ មាន​ប្រភព​ព័ត៌មាន​ពីរ​ខុស​គ្នា​ដែល​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​បុគ្គលិក​ក្រុមហ៊ុន Crown ទាំង ១៨នាក់។ វិទ្យុ ទូរទស្សន៍​ជាតិ​អូស្រ្តាលី ABC បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​វិធានការ​របស់​ក្រុមហ៊ុន​ដែល​ឃោសនា​បង្ខំ​ពួកអ្នកមាន​ចិន​ឲ្យ​យក​លុយ​ទៅ​លេងល្បែង​នៅ​ក្នុង​កាស៊ីណូបរទេស។

ចំណែក​កាសែត​ប្រចាំថ្ងៃ​អូស្រ្តាលី​ឈ្មោះ Sydney Morning Herald បាន​អះអាង​ដោយ​ផ្អែក​លើ​ប្រភព​ច្បាស់ការណ៍​មួយ​ដែល​ថា ការ​ឃាត់​ខ្លួន​បុគ្គលិក​ទាំង ១៨នាក់​របស់​ក្រុមហ៊ុន Crown បាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ឆន្ទៈ​របស់​ក្រុមហ៊ុន​ដែល​មាន​បំណង​ចង់​យក​ត្រឡប់​វិញ​នូវ​ទឹកលុយ​ជាង ១៥លានដុល្លារ​ដែល​មហាសេដ្ឋី​ចិន​ម្នាក់​បាន​ឈ្នះ​នៅ​ក្នុង​កាស៊ីណូ​មួយ​របស់​ក្រុមហ៊ុន Crown ក្នុង​ទីក្រុង Melbourne ប្រទេស​អូស្រ្តាលី។ យ៉ាង​ណា​ក៏​ដោយ រឿងអាស្រូវ​មួយ​នេះ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ពី​រដ្ឋអំណាច​ចិន​ទេ។

ចំណែក​នៅ​ខាង​អូស្រា្តលី​វិញ លោកស្រី​ប្រមុខ​ការទូត Julie Bishop គ្រាន់​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​បុគ្គលិក​ឃុំ​ខ្លួន​ទាំង ១៨នាក់​នៅ​ក្នុង​ទីក្រុង​សៀងហៃ​នោះ មាន ៣នាក់​ជា​ជនជាតិ​អូស្រ្តាលី និង​ដែល​ពេល​នេះ កុងស៊ុលឡា​អូស្រ្តាលី​ក្នុង​ប្រទេស​ចិន​កំពុង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ចិន​ដើម្បី​អាច​ចូល​ជួប​ពួក​គេ​ទាំង ៣នាក់​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ