អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន-បុរីវ៉ាទីកង់៖​សង្ឃកាតូលិកចិន​កំពុង​បារម្ភ​លើ​ជំហរ​ទន់ភ្លន់​របស់​សម្តេចប៉ាប​ហ្រ្វង់ស័រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ចិន ក្តី​សង្ឃឹម​នៃ​ការ​រំកិល​រក​គ្នា​ជា​ថ្មី​រវាង​បុរីវ៉ាទីកង់ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន និង​កំពុង​ធ្វើ​ឲ្យ​ក្រុម​សង្ឃកាតូលិក​ចិន​មាន​ការ​ព្រួយបារម្ភ​ជា​ពន់ពេក។ អ្វី​ដែល​ក្រុម​សង្ឃកាតូលិក​ចិន​ព្រួយបារម្ភ គឺ​ខ្លាច​តែ​បុរីវ៉ាទីកង់​យល់ព្រម​ឲ្យ​រដ្ឋអំណាច​ចិន​លូកដៃ​ចាត់ចែង​កិច្ចការ​ផ្ទៃក្នុង​របស់​សាសនាកាតូលិក​ក្នុង​ស្រុក។ គួរ​ជម្រាប​ជូន​ថា ចិន និង​បុរីវ៉ាទីកង់​បាន​ផ្តាច់​ទំនាក់ទំនង​រវាង​គ្នា​តាំង​ពី​ឆ្នាំ ១៩៥១ តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ពិសេស​ក្នុង​ជំនាន់​សម្តេចប៉ាប​ហ្រ្វង់ស័រ ព្រះអង្គ​តែងតែ​ព្យាយាម​សម្របសម្រួល​ជាមួយ​ចិន​ដោយ​សង្ឃឹម​នឹង​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ឡើង​វិញ។

សម្តេចប៉ាប​ហ្រ្វង់ស័រ
សម្តេចប៉ាប​ហ្រ្វង់ស័រ REUTERS/Tony Gentile
ផ្សាយពាណិជ្ជកម្ម

មាន​សំណុំរឿង​សំខាន់​ចំនួន​ពីរ​ដែល​បាន​ធ្វើ​ឲ្យ​បុរីវាទីកង់ និង​ប៉េកំាង​បន្ត​មើល​មុខ​គ្នា​មិន​ចំ​រហូត​មក​ដល់​សព្វថ្ងៃ ទី១ ទាក់ទង​នឹង​ជម្រើស​គណៈសង្ឃកាតូលិក​ចិន​ដែល​រដ្ឋអំណាច​ប៉េកំាង​បាន​សម្រេច​ចិត្ត​តែ​ម្នាក់​ឯង ដោយ​មិន​បាន​ពិភាក្សា ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋអំណាច​នៅ​បុរីវ៉ាទីកង់​ទេ។ បុរីវ៉ាទីកង់​តែង​តែ​បាន​រម្លឹក​ដាស់តឿន​ច្រើន​លើក ច្រើន​សារ​ថា រឿង​ជម្រើស និង​ការ​តែងតាំង​គណៈសង្ឃកាតូលិក​ជា​តួនាទី​របស់​ខ្លួន តែ​ចិន​បាន​អះអាង​ថា ក៏​ត្រូវ​តែ​មាន​ការ​យល់ព្រម​ពី​ខ្លួន​ជា​មុន​សិន​ដែរ។ ចំណែក​សំណុំរឿង​ចម្រូងចម្រាស​ទី២ គឺ​ទាក់ទង​នឹង​ការ​ដែល​បុរីវ៉ាទីកង់​បាន​ទទួល​ស្គាល់​កោះតៃវ៉ាន់​ជា​ផ្លូវការ​កាល​ពី ៦២ឆ្នំា​មុន។

គឺ​រឿង​បុរីវ៉ាទីកង់​ប្រកាស​ទទួល​ស្គាល់​កោះតៃវ៉ាន់​ជា​ផ្លូវការ​នោះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​ចិន​ក្តៅ​ស្លឹកត្រចៀក​ខ្លំាង​រហូត​ដល់​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​បុរីវ៉ាទីកង់​ក្នុង​ឆ្នំា ១៩៥១។ គួរ​ជម្រាប​ជូន​ថា ក្រោម​ភ្នែក​ច្រមុះ​របស់​ចិន តៃវ៉ាន់​គ្រាន់​តែ​ខេត្ត​ឧទ្ទាម​មួយ​របស់​ចិន និង​ដែល​ចិន​មិន​ញញើត​នឹង​ប្រើ​កម្លំាង​វាយប្រហារ​ទេ ប្រសិន​បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​នៅ​ថ្ងៃ​ណា​មួយ​នោះ។ មែនទែន​ទៅមិន​ថា​តែ​បុរីវ៉ាទីកង់​ទេ សូម្បី​តែ​ប្រទេស​ណា​ក៏​ដោយ​ដែល​ហ៊ាន​ល្អូកល្អឺន​ជាមួយ​តៃវ៉ាន់​ក៏​ចិន​មិន​សប្បាយ​ចិត្ត​ដែរ។

គឺ​ទើប​នៅ ៦ឆ្នំា​ក្រោយ​មក​ទេ ពោល​ក្នុង​ឆ្នំា ១៩៥៧ ដែល​ចិន​បាន​សម្រេច​បង្កើត​ឲ្យ​មាន​ស្ថាប័ន​ដាច់​ដោយឡែក​មួយ​របស់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​សាសនា​កាតូលិក​ដែល​មាន​ឈ្មោះ​ថា « សមាគម​កាតូលិក​ស្នេហា​មាតុភូមិ​ចិន »។ បច្ចុប្បន្ន​នេះ មាន​ពលរដ្ឋ​ចិន​កាន់​សាសនា​កាតូលិក​រាប់សិបលាននាក់ តែ​ការ​គ្រប់គ្រង​វិហារ​សាសនា​មួយ​នេះ​ត្រូវ​ចែក​ជា​ពីរ នៅ​ម្ខាង គឺ​វិហារ​ផ្លូវការ​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន និង​នៅ​ម្ខាង​ទៀត គឺ​វិហារ​ក្រៅ​ផ្លូវការ​គ្រប់គ្រង​ដោយ​បុរីវ៉ាទីកង់​ដែល​ចិន​មិន​បាន​ទទួល​ស្គាល់​ទេ។

សញ្ញា​នៃ​ការ​រំកិល​រក​គ្នា​រវាង​បុរីវ៉ាទីកង់ និង​ចិន

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ពិសេស​ក្នុង​ជំនាន់​សម្តេចប៉ាប​ហ្រ្វង់ស័រ ព្រះអង្គ​តែងតែ​ព្យាយាម​សម្របសម្រួល​ជាមួយ​ចិន​ដោយ​សង្ឃឹម​នឹង​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ឡើង​វិញ។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​ទន្ទឹង​រង់ចាំ គឺ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​រវាង​ចិន និង​បុរីវ៉ាទីកង់​ដើម្បី​ដោះស្រាយ​ភាព​ចម្រូងចម្រាស​មួយ​ចំនួន ពិសេស​ការ​តែងតាំង​គណៈសង្ឃកាតូលិក​ដែល​ជា​បញ្ហា​ស្នូល​ដ៏​រសើប​ជាង​គេ​រវាង​គូបដិបក្ខ​ទាំង​ពីរ។ គេ​សង្កេត​ឃើញ​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ចិន​បាន​បញ្ជូន​បេសកជន​របស់​ខ្លួន​ទៅ​កាន់​បុរីវ៉ាទីកង់​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​ជា​ច្រើន​ដង​ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​នោះ។ នៅ​ដើម​ខែ​វិច្ឆិកា​នេះ ចិន​គ្រោង​នឹង​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​កាន់​បុរីវ៉ាទីកង់​ដើម្បី​ចរចា និង​ពិនិត្យ​សម្រេច​ចុងក្រោយ​លើ​កិច្ចព្រមព្រៀង​នោះ មុន​នឹង​ចុះ​ហត្ថលេខា​ជា​ផ្លូវការ។

យោង​តាម​សេចក្តីព្រាង​នៅ​ក្នុង​កិច្ចព្រមព្រៀង សម្តេចប៉ាប​អាច​នឹង​ទទួល​ស្គាល់​គណៈសង្ឃ​កាតូលិក​ចំនួន ៤រូប​ក្នុង​ចំណោម ៨រូប​ដែល​ចិន​បាន​តែងតាំង ហើយ​ជា​ថ្នូរ​ត្រឡប់​វិញ ចិន​អាច​តែងតាំង​គណៈសង្ឃ​ចំនួន​ពីរ​រូប​ដោយ​មាន​ការ​យល់ព្រម​ពី​បុរីវ៉ាទីកង់។ គេ​អាច​និយាយ​បាន​ថា ចិន និង​បុរីវ៉ាទីកង់​អាច​នឹង​ស្រុះស្រួល​គ្នា​លើ​នីតិវិធី​ក្នុង​ការ​តែងតាំង​គណៈសង្ឃ​ដែល​ចិន​យល់ព្រម​ឲ្យ​សម្តេចប៉ាប​ជា​អ្នក​សម្រេចចិត្ត​ចុង​ក្រោយ។ គួរ​ជម្រាប​ជូន​ថា​មក​ដល់​ពេល​នេះ ចិន​បាន​តែងតាំង​រូប​គណៈសង្ឃ​ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​បុរីវ៉ាទីកង់​ទេ ព្រោះ​ចិន​យល់​ថា នេះ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ដែល​ចិន​មិន​ត្រូវ​បាន​ការ​ទទួល​មេរៀន​ពី​នរណា​ម្នាក់​ឡើយ។

តែ​យ៉ាង​ណា​ក៏​ដោយ ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ និង​ពោរពេញ​ដោយ​ឧបសគ្គ មុន​នឹង​អនុញ្ញាត​ឲ្យ​ចិន និង​ប៉េកាំង​អាច​ភ្ជាប់​ទំនាក់ទំនង​រវាង​គ្នា​ឡើង​វិញ បន្ទាប់​ពី​បាន​កាត់​ផ្តាច់​អស់​រយៈពេល​ជាង ៦ទសវត្ស។

ការ​យល់ឃើញ​របស់​គ្រិស្តបរិស័ទ​ចិន​ចំពោះ​ការ​រំកិល​រក​គ្នា​រវាង​បុរីវ៉ាទីកង់ និង​ប៉េកាំង

អ្វី​ដែល​គ្រិស្តបរិស័ទ​ចិន​ទូទៅ​ចង់​បាន​នោះ គឺ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ស្ថាប័ន​សាសនា​កាតូលិក​គ្រប់គ្រង​ដោយ​ចិន និង​ស្ថាប័ន​សាសនា​កាតូលិក​គ្រប់គ្រង​ដោយ​បុរីវ៉ាទីកង់ ឬ​និយាយ​ឲ្យ​ស្រួល​យល់ មិន​ចាំ​បាច់​មាន​ស្ថាប័ន​សាសនា​កាតូលិក​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​ទេ។ គ្រិស្តបរិស័ទ​ចិន​ភាគ​ច្រើន​បាន​យល់​ឃើញ​ថា រដ្ឋាភិបាល​ចិន​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ដោយ​មិន​គួរ​លូកដៃ​ចូល​ក្នុង​រឿង​សាសនា​ទេ។ តែ​ប៉េកាំង​មិន​បាន​យល់ឃើញ​ដូច្នេះ​ទេ ហើយ​ក៏​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​រំលាយ​« សមាគម​កាតូលិក​ស្នេហា​មាតុភូមិ​ចិន » របស់​ខ្លួន​ដែរ។ ម្យ៉ាងទៀត ចិន​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ចំពោះ​បុរីវ៉ាទីកង់​ដោយ​ខ្លាច​យក​សាសនា​ធ្វើ​ឈ្នាន់​ដើម្បី​ឃោសនា​រំលំ​របប​កុម្មុយនីស្ត។

ចំណែក​នៅ​បុរីវ៉ាទីកង់​វិញ​ក៏​នៅ​មិន​ទាន់​បាន​គិតគូរ​ពី​ការ​ទទួល​ស្គាល់ « សមាគម​កាតូលិក​ស្នេហា​មាតុភូមិ​ចិន » ដែរ។ រីឯ​គ្រិស្តបរស័ទ​ចិន​ដែល​មាន​ទំនោរ​រក​បុរីវ៉ាទីកង់​ក៏​មិន​ចង់​ផ្តាច់​ខ្លួន​ទៅ​ចូល​ក្នុង « សមាគម​កាតូលិក​ស្នេហា​មាតុភូមិ​ចិន » ដែល​ពួក​គេ​យល់​ថា គណៈសង្ឃ​កាតូលិក​នៅ​ក្នុង​សមាគម​មួយ​នេះ​សុទ្ធសឹង​ជា​អាយ៉ង​របស់​រដ្ឋាភិបាល​ដែល​គ្មាន​ស្គាល់​តម្លៃ​សាសនា​ទេ។ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ការ​ប្រេះឆា​រវាង​គ្រិស្តបរិស័ទ​ចិន ពិសេស​រវាង​គណៈសង្ឃ​មិន​មែន​មាន​ត្រឹម​តែ​សាសនា​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ឆ្លង​ដល់​ការ​ប្រជែង​គ្នា​ក្នុង​ផ្លូវ​នយោបាយ​ដើម្បី​អំណាច និង​លុយកាក់​ទៀត​ផង។

ជា​ការ​ពិត​ណាស់ សម្តេចប៉ាប​ហ្រ្វង់ស័រ​ជា​អ្នក​ស្រឡាញ់​សន្តិភាព និង​ជា​អ្នក​ដែល​បាន​បន្ទន់ជំហរ បោះដៃ​រក​ចិន​មុន​គេ។ ព្រះអង្គ​មាន​សុទិដ្ឋិនិយម​នឹង​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​ឡើង​វិញ ព្រម​ទាំង​មាន​សុបិន​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​នៅ​ថ្ងៃ​ណា​មួយ។ សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​យល់​ឃើញ​ថា មាន​តែ​ការ​សម្របសម្រួល​ទេ​ទើប​គេ​អាច​និយាយ​បញ្ចុះបញ្ចូល​ចិន​ឲ្យ​ទទួល​ស្គាល់​តម្លៃ​ពិត​របស់​បុរីវ៉ាទីកង់​បាន។ តែ​កាយវិការ​របៀប​នេះ​របស់​ព្រះអង្គ​កំពុង​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា សម្តេចប៉ាប​ឆោតល្ងង់​ធ្វើ​ដូច​ជា​មិន​ដែល​ស្គាល់​សារជាតិ​ពិត​របស់​របប​កុម្មុយនីស្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ