អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងត្បូង៖សម្តេចប៉ាប​អំពាវនាវ​ឲ្យ​ចិន​ផ្តើម​កិច្ចសន្ទនា​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​ជាមួយ​បុរីវ៉ាទីកង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​អាទិត្យ ទី១៧ សីហា​នេះ ជា​ថ្ងៃទី៤ នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​សង្ឃកាតូលិក​សម្តេច​ប៉ាប​ហ្រ្វង់ស័រ​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ ថ្ងៃ​នេះ ព្រះអង្គ​បាន​យាង​ចេញ​ពី​ទីក្រុង​សេអ៊ូល​ទៅ​កាន់​ទីក្រុង​ហេមី​ស្ថិត​ប៉ែក​នីរតី​ប្រទេស។ នៅ​ទីនោះ សម្តេចប៉ាប​បាន​ជួប​សន្ទនា​ជាមួយ​គណៈសង្ឃ​កាតូលិក​ប្រមាណ​ជា ៧០អង្គ​មក​ពី​ប្រទេស​អាស៊ី​ចំនួន ៣៥ប្រទេស​នៅ​ក្នុង​តំបន់ និង​ត្រូវ​ចូលរួម​នៅ​ក្នុង​ពិធី​បិទទិវា​យុវជន​អាស៊ី​លើកទី៦។ គឺ​នៅ​ក្នុង​ជំនួប​ជាមួយ​គណៈសង្ឃ​កាតូលិក​មក​ពី​បណ្តា​ប្រទេស​អាស៊ី សម្តេចប៉ាប​បាន​អំពាវនាវ​ឲ្យ​វិហារ​កាតូលិក​ប្រកាន់​យក​នូវ​កាយវិការ​សន្តោសប្រណី និង​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា ព្រម​ទំាង​បាន​ឆ្លៀត​បញ្ចូន​សារ​ទៅ​កាន់​បណ្តា​ប្រទេស​ដែល​នៅ​មិន​ទាន់​មាន​ទំនាក់ទំនង​ផ្លូវទូត​ជាមួយ​បុរីវ៉ាទីកង់ ពិសេស​គឺ​ប្រទេស​ចិន។

កូរ៉េខាងត្បូង៖សម្តេចប៉ាប​អំពាវនាវ​ឲ្យ​ចិន​ផ្តើម​កិច្ចសន្ទនា​ប្រកប​ដោយ​ស្ថាបនា​ជាមួយ​បុរីវ៉ាទីកង់
កូរ៉េខាងត្បូង៖សម្តេចប៉ាប​អំពាវនាវ​ឲ្យ​ចិន​ផ្តើម​កិច្ចសន្ទនា​ប្រកប​ដោយ​ស្ថាបនា​ជាមួយ​បុរីវ៉ាទីកង់ REUTERS/Ed Jones
ផ្សាយពាណិជ្ជកម្ម

សម្តេចប៉ាប​មិន​បាន​មាន​ព្រះបន្ទូល​សំដៅ​តែ​ប្រទេស​ចិន​មួយ​ប៉ុណ្ណោះ​ទេ តែ​បាន​សំដៅ​បណ្តា​ប្រទេស​ទំាង​ឡាយ​ណា​ដែល​នៅ​មិន​ទាន់​មាន​ទំនាក់ទំនង​ផ្លូវទូត​ជាមួយ​បុរីវ៉ាទីកង់​នៅ​ឡើយ។ ប្រទេស​ទំាង​នោះ​រួម​មាន ចិន កូរ៉េខាងជើង អាហ្វហ្កានីស្ថាន អារ៉ាប៊ីសាអូឌីត ប៊ូតង់ ព្រុយណេ ឡាវ វៀតណាម អូម៉ង់ ឬមួយ​ក៏​ប្រទេស​មីយ៉ាន់ម៉ា​ជា​ដើម។ សម្តេចប៉ាប​បាន​ទទួល​ស្គាល់​ថា អាស៊ី ជា​ទ្វីប​មួយ​ដែល​មាន​សាសនាចម្រុះ និង​វប្បធម៌ចម្រុះ តែ​ព្រះអង្គ​ចង់​ឃើញ​គ្រិស្តសាសនា​ក្លាយ​ជា​សាសនា​មួយ​ដែល​មិន​ត្រូវ​បាន​គេ​រំលោភបំពាន រារំាង​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ ព្រះអង្គ​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នកកាន់​គ្រិស្តសាសនា​ទំាង​អស់​ប្រកាន់​យក​នូវ​ឥរិយាបទ​សន្តោសប្រណី និង​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា។ គឺ​ជាមួយ​នឹង​កាយវិការ​បើក​ចំហ​នេះ​ហើយ​ដែល​សម្តេចប៉ាប​បាន​ឆ្លៀត​អំពាវនាវ​ដល់​ប្រទេស​អាស៊ី​ណា​ដែល​នៅ​មិន​ទាន់​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​បុរីវ៉ាទីកង់ ឲ្យ​ផ្តើម​បើក​កិច្ចចរចា​ដើម្បី​ផលប្រយោជន៍​រួម​ទំាង​អស់​គ្នា។

នៅ​ត្រង់​ចំណុច​នេះ សម្តេចប៉ាប​ចង់​មាន​បន្ទូល​សំដៅ​ប្រទេស​ចិន​ដែល​គ្មាន​ទំនាក់ទំនង​ផ្លូវទូត​ជាមួយ​បុរីវ៉ាទីកង់​តំាង​ពី​ឆ្នំា ១៩៤៩ មក​ម្ល៉េះ ពោល​តំាង​ពី​ការ​ឡើង​កាន់​អំណាច​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​មក។ ការ​និយាយ​យ៉ាង​ដូច​នេះ​មិន​មែន​មាន​ន័យ​ថា ចិន​មិន​មាន​វិហារ​កាតូលិក ឬ​អ្នកកាន់​គ្រិស្តសាសនា​នោះ​ទេ តែ​សហគមន៍​សាសនា​មួយ​នេះ​ត្រូវ​បាន​បែងចែក​ជា​ពីរ នៅ​ម្ខាង គឺ​វិហារកាតូលិក​ផ្លូវការ​របស់​រដ្ឋ​ដែល​គេ​ហៅ​ថា « សមាគម​ស្នេហាមាតុភូមិ » ​ស្មោះត្រង់​នឹង​បក្សកុម្មុយនិស្ត និង​នៅ​ម្ខាង​ទៀត ជា​វិហារកាតូលិក​លួចលាក់​ដែល​ស្មោះត្រង់​នឹង​បុរីវ៉ាទីកង់។ អ្នកនំាពាក្យ​បុរីវ៉ាទីកង់​បាន​ថ្លែង​ថា ចិន​មិន​គួរ​ណា​បារម្ភ​ខ្លាច​បុរីវ៉ាទីកង់​លូកដៃ​ចូលជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ទេ ព្រោះ​វា​ជា​រឿង​សាសនា​សុទ្ធសាធ គ្មាន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ។

តៃវ៉ាន ជា​រឿង​ដែល​ធ្វើ​ឲ្យ​បុរីវ៉ាទីកង់ និង​ប៉េកំាង​បន្ត​មើល​មុខ​គ្នា​មិន​ចំ

គួរ​ជម្រាប​ជូន​ថា នេះ​មិនមែន​ជា​លើកទី១​ទេ​ដែល​បុរីវ៉ាកង់​បាន​ប្រើ​នយោបាយ​ការទូត​ទន់ភ្លន់​ជាមួយ​ចិន។ អស់​ជា​ច្រើន​ឆ្នំា​កន្លង​មក​ហើយ​ដែល​បុរីវ៉ាទីកង់​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចចរចា​ជាមួយ​រដ្ឋអំណាច​ចិន​ដើម្បី​បិទបញ្ចប់​អធិករ​រវាង​គ្នា តែ​ចិន​នៅ​បន្ត​ប្រកាន់​ជំហរ​ដាច់ខាត​របស់​ខ្លួន។ មាន​ប្រធានរឿង​សំខាន់​តែ​ពីរ​គត់​ដែល​បាន​ធ្វើ​ឲ្យ​បុរីវាទីកង់ និង​ប៉េកំាង​បន្ត​មើល​មុខ​គ្នា​មិន​ចំ​រហូត​មក​ដល​សព្វថ្ងៃ។ ទី១ គឺ​ទាក់ទង​នឹង​ការ​ជ្រើសរើស​គណៈសង្ឃកាតូលិក​ចិន​ដែល​រដ្ឋអំណាច​ចិន និង​បុរីវ៉ាទីកង់​បន្ត​ប្រទាញប្រទង់​គ្នា​ដើម្បី​សម្រេច។ បុរីវ៉ាទីកង់​អះអាង​ថា នេះ​ជា​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ជ្រើសរើស តែ​ចិន​បាន​បញ្ជាក់​ថា ត្រូវ​តែ​មាន​ការ​យល់ព្រម​ពី​ខ្លួន​ជា​មុន​សិន។ ចំណែក​ប្រធានរឿង​ចម្រូងចម្រាស​ទី២ គឺ​ទាក់ទង​នឹង​រឿង​ដែល​បុរីវ៉ាទីកង់​បាន​ទទួល​ស្គាល់​កោះតៃវ៉ាន់​ជា​ផ្លូវការ។

គឺ​រឿង​តៃវ៉ាន់​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ​ជាង​គេ ព្រោះ​ថា ក្រោម​ភ្នែក​ច្រមុះ​របស់​ទីក្រុង​ប៉េកំាង តៃវ៉ាន់​មិនមែន​ជា​ប្រទេស​ឯករាជ្យ​មួយ​ទេ តែ​ជា​ខេត្តឧទ្ទាម​មួយ​របស់​ខ្លួន​ដែល​ចិន​មិន​ញញើត​នឹង​វាយប្រហារ ប្រសិន​បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​នោះ។ គួរ​ជម្រាប​ជូន​ថា កុំ​ថា​ឡើយ​បុរីវ៉ាទីកង់ សូម្បី​ប្រទេស​ណា​ក៏​ដោយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ឬ​មួយ​ក៏​ហ៊ាន​ល្អូកល្អឺន​ជាមួយ​តៃវ៉ាន់ ក៏​ចិន​មិន​សប្បាយ​ចិត្ត​ដែរ។

កិច្ចសន្ទនា​រវាង​បុរីវ៉ាទីកង់ និង​វៀតណាម​កំពុង​មាន​ដំណើរ​វិជ្ជមាន

ក្រៅ​ពី​ការ​ព្យាយាម​បោះ​ដៃ​ជា​ថ្មី​ទៅ​រក​ប្រទេស​ចិន សារ​របស់​សម្តេចប៉ាប​ក៏​បាន​ផ្តោត​ទៅ​រក​ប្រទេស​កុម្មុយនិស្ត​នៅ​អាស៊ី​ផ្សេង​ដែរ ដូច​យ៉ាង​កូរ៉េខាងជើង និង​វៀតណាម។ នា​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចប៉ាប​ក្នុង​ទឹកដី​កូរ៉េខាងត្បូង វិហារកាតូលិក​នៅ​កូរ៉េខាងត្បូង​ក៏​បាន​អញ្ជើញ​សមាជិក​របស់​សមាគម​កាតូលិក​កូរ៉េខាងជើង​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​ឲ្យ​ចូលរួម​ដែរ តែ​ត្រូវ​បាន​រដ្ឋអំណាច​ព្យុងយ៉ាង​បដិសេធ។ ការ​ឆ្លើយ​បដិសេធ​មក​ពី​កូរ៉េខាងជើង​ចង់​សម្តែង​ការ​មិន​សប្បាយចិត្ត​របស់​ខ្លួន​នឹង​សមយុទ្ធ​រវាង​ទាហាន​កូរ៉េខាងត្បូង និង​អាមេរិក។ នៅ​កូរ៉េខាងជើង សិទ្ធិសេរីភាព​សាសានា​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ តែ​ការ​អនុវត្តន៍​ជាក់ស្តែង មិន​ត្រូវ​បាន​អនុញ្ញាត​ទេ។

ដោយឡែក​ជាមួយ​ប្រទេស​វៀតណាម​វិញ កិច្ចសន្ទនា​រវាង​បុរីវ៉ាទីកង់ និង​ក្រុង​ហាណូយ​កំពុង​មាន​ដំណើរ​ទៅ​មុខ​ជានិច្ច ហើយ​បើ​គ្មាន​អ្វី​ចូល​មក​រារំាង​ទេ ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​បុរីវ៉ាទីកង់ និង​វៀតណាម​នឹង​ផ្តើម​មាន​នៅ​ប៉ុន្មាន​ឆ្នំា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ