អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងត្បូង៖​វាសនា​ប្រធានាធិបតី​របស់​លោកស្រី​ប៉ាក់ គុនហេ​ឈាន​ដល់​ទីបញ្ចប់!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កូរ៉េខាងត្បូង ក្តីសង្ឃឹម​បន្ត​តោង​តំណែង​ប្រធានាធិបតី​ដល់​ចប់​អាណត្តិ​ជា​ផ្លូវការ​របស់​លោកស្រី​ប៉ាក់ គុនហេ​មាន​កាន់​តែ​តិច​ទៅៗ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ ធ្នូ​នេះ និង​ដូច​បាន​គ្រោង​ទុក ក្រុម​អ្នកតំណាងរាស្រ្ត​របស់​គណបក្សប្រឆាំង​បាន​បញ្ជូន​ញត្តិ​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ​ទៅ​កាន់​សភា។ គួរ​ជម្រាប​ជូន​ថា អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ​ដែល​លោកស្រី​ប៉ាក់ គុនហេ​បាន​ជាប់ចោទ និង​ទទួល​រង​គំនាប​ពី​ចលនា​មហាជន​ក្នុង​រឿង​អាស្រូវ​ពុករលួយ និង​ការ​រំលោភអំណាច។

កូរ៉េខាងត្បូង៖តើ​វាសនា​ប្រធានាធិបតី​របស់​លោកស្រី​ប៉ាក់ គុនហេ​ឈាន​ដល់​ទីបញ្ចប់​ឬ?
កូរ៉េខាងត្បូង៖តើ​វាសនា​ប្រធានាធិបតី​របស់​លោកស្រី​ប៉ាក់ គុនហេ​ឈាន​ដល់​ទីបញ្ចប់​ឬ?
ផ្សាយពាណិជ្ជកម្ម

ញត្តិ​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ​ដែល​ក្រុមតំណាងរាស្រ្ត​បក្សប្រឆាំង​បាន​ដាក់​សំណើ​ទៅ​កាន់​សភា​ថ្ងៃ​នេះ​បាន​ចោទ​លោកស្រី​តាំង​ពី​រឿងរ៉ាវ​ដែល​កំពុង​បន្ត​មាន​យ៉ាង​ក្តៅគគុក​បច្ចុប្បន្ន​រហូត​ដល់​រឿងរ៉ាវ​អតីតកាល។ តែ​បទ​ចោទ​ប្រកាន់​លើ​លោកស្រី​ប៉ាក់ គុនហេ​ដែល​ក្រុមតំណាងរាស្រ្ត​បក្សប្រឆាំង​បាន​យក​ទៅ​ធ្វើ​ជា​អាទិភាព​ពេល​នេះ​រួម​មាន ការ​រំលោភបំពាន​ច្បាប់​រដ្ឋធម្មនុញ្ញ បទល្មើស​ព្រហ្មទ័ណ្ឌ ការ​រំលោភអំណាច និង​អំពើ​ពុករលួយ។ អំពើ​ពុករលួយ​ដែល​ក្រុមប្រឆាំង​បាន​យល់​ឃើញ​ថា រូប​លោកស្រី​ប៉ាក់ គុនហេ​ខ្លួន​ឯង​មិន​បាន​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ពលរដ្ឋ​ទេ។ ចំណែក​រឿងរ៉ាវ​អតីតកាល​វិញ ក្រុមតំណាងរាស្រ្ត​បក្សប្រឆាំង​បាន​លើក​ឡើង​ពី​សោកនាដកម្ម​លិចសាឡាង​កាល​ពី​ឆ្នាំ ២០១៤ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៣០៤នាក់ ភាគ​ច្រើន​ជា​សិស្សសាលា។

នៅ​ក្នុង​រឿងរ៉ាវ​សោកនាដកម្ម​មួយ​នេះ​ត្រូវ​បាន​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​ចោទ​ជា​សំណួរ និង​ដែល​នៅ​មិន​ទាន់​មាន​ចម្លើយ​នៅ​ឡើយ​ទេ​មក​ទល់​ថ្ងៃ​នេះ តើ​លោកស្រី​ប៉ាក់ គុនហេ​កំពុង​ធ្វើ​អ្វី​ខ្លះ​ក្នុង​រយៈពេល ៧ម៉ោង គិត​ពី​ពេល​ដែល​លោកស្រី​បាន​ទទួល​ព័ត៌មាន​សោកសៅ​មួយ​នេះ និង​ការ​ដែល​រដ្ឋាភិបាល​របស់​លោកស្រី​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ទី១ នា​ពេល​នោះ។ មាន​ព័ត៌មាន​លើកឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា​ក្នុង​រយៈពេល ៧ម៉ោង​នោះ លោកស្រី​ប៉ាក់ គុនហេ​កំពុង​ណាក់ជួប​ស្នេហា ឬ​មួយ​ក៏​កំពុង​កាត់សក់​ធ្វើ​មុខ ធ្វើ​មាត់​ដែល​ម្តងៗ​ប្រើ​ពេល ១ម៉ោង​កន្លះ។

នៅ​ក្នុង​ញត្តិ​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ​ពេល​នេះ ក្រុមប្រឆាំង​បាន​ចោទ​លោកស្រី​ពី​បទ​មិន​បាន​បញ្ចេញ​ប្រតិកម្ម​ឲ្យ​ទាន់​សភាពការណ៍ ពោល​បាន​រំលោភ​កាតព្វកិច្ច​ធម្មនុញ្ញ​ជា​ប្រធានាធិបតី​ក្នុង​ការ ការពារ​ជីវិត​ពលរដ្ឋ។

នីតិវិធី​នៃ​ការ​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ​អាច​អូសបន្លាយ​រាប់ខែ

ដើម្បី​អាច​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ​ជា​ស្ថាពរ​បាន ញត្តិ​របស់​ក្រុម​អ្នតំណាងរាស្រ្ត​នឹង​ត្រូវ​ទទួល​បាន​ការ​អនុម័ត​ពី​សភា​ក្នុង​សម្លេង ២ភាគ៣ និង​ការ​យល់ព្រម​ពី​តុលាការធម្មនុញ្ញ។ កន្លង​មក ញត្តិ​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុមអ្នកតំណាងរាស្រ្ត​បក្សប្រឆាំង​ទាំង ១៧១រូប​ក្នុង​ចំណោម​អ្នកតំណាងរាស្រ្ត​សរុប​ទាំង ៣០០នាក់​នៅ​ក្នុង​សភា​កូរ៉េខាងត្បូង។ តែ​ដើម្បី​អាច​ទទួល​បាន​សម្លេង​គាំទ្រ ២ភាគ៣ បក្សប្រឆាំង​ត្រូវ​ការ​សម្លេង​គាំទ្រ​ពី​ក្រុម​អ្នកតំណាងរាស្រ្ត​នៃ​បក្សកាន់អំណាច​របស់​លោកស្រី​ប៉ាក់ គុនហេ​ចំនួន ២៩រូប។

កន្លង​មក ក្រុមអ្នកតំណាងរាស្រ្ត​បក្ស​កាន់អំណាច​តែងតែ​រារែក អាល់អែក តែ​ខណៈ​នេះ មាន​ភាគច្រើន​ហាក់​បាន​សម្រេច​ចិត្ត​គាំទ្រ​លើ​ញត្តិ​របស់​បក្សប្រឆាំង។ ប្រសិន​បើ​ញត្តិ​នោះ​ត្រូវ​បាន​សភា​អនុម័ត​នៅ​ថ្ងៃ​សុក្រ ទី៩ ធ្នូ​មែន គេ​ត្រូវ​រង់ចាំ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​តុលាការ​ធម្មនុញ្ញ។ បើ​មាន​ភ្លើងខៀវ​ពី​តុលាការ​ធម្មនុញ្ញ​ទៀត តំណែង​ប្រធានាធិបតី​របស់​លោកស្រី​ប៉ាក់ គុនហេ​នឹង​ត្រូវ​ចប់​ត្រឹម​នេះ។ តែ​នីតិវិធី​នៅ​តុលាការ​ធម្មនុញ្ញ​អាច​នឹង​​ប្រើ​ពេល​យូរ​ខែ។ ក៏​ប៉ុន្តែ ក្នុង​ពេល​រង់ចាំ​ការ​សម្រេច​របស់​តុលាការធម្មនុញ្ញ តំណែង​លោកស្រី​ប៉ាក់ គុនហេ​នឹង​ត្រូវ​ព្យួរ ហើយ​កិច្ចការ​ប្រធានាធិបតី​នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​នាយករដ្ឋមន្រ្តី។

គួរ​រម្លឹក​ជូន​ថា មាន​ហេតុផល​ចំនួន​ពីរ​ដែល​ក្រុម​អ្នកតំណាងរាស្រ្ត​បក្សប្រឆាំង​បាន​ដាក់​ញត្តិ​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ​ពេល​នេះ ទី១ មក​ពី​មាន​គំនាប​ពលរដ្ឋ​កាន់​តែ​ខ្លាំង​ឡើងៗ​ដែល​ទាមទារ​ឲ្យ​លោកស្រី​ប៉ាក់ គុនហេ​ចុះ​ចេញ​ពី​តំណែង។ គំនាប​ពលរដ្ឋ​ដែល​បាន​សម្តែង​ឡើង​តាម​រយៈ​មហាបាតុកម្ម​ជាប់ៗ​គ្នា​ចូលរួម​ដោយ​មនុស្ស​ជា​ច្រើន​លាននាក់ និង​ទី២ មក​ពី​លោកស្រី​ប៉ាក់ គុនហេ​មិន​ព្រម​លា​ចុះ​ដោយ​ខ្លួន​ឯង។

លោកស្រី​ប៉ាក់ គុនហេ​ជា​ប្រធានាធិបតី​ទី១ ដែល​មិន​បាន​បញ្ចប់​អាណត្តិ​ពេញលេញ !

បើ​តាម​មើល​ទៅ លោកស្រី​ប៉ាក់ គុនហេ​ប្រហែល​ជា​គ្មាន​ផ្លូវ​ផ្សេង​ដើម្បី​គេច​ទៀត​ទេ។ បើ​មិន​ចុះ​ចេញ​ខ្លួន​ឯង ក៏​ត្រូវ​គេ​ទម្លាក់​ដែរ ហើយ​សូម្បី​តែ​លោកស្រី​ខ្លួន​ឯង​ក៏​បាន​ដឹង​ខ្លួន​មុន និង​ធ្លាប់​បាន​និយាយ​ថា លោកស្រី​យល់ព្រម​ឲ្យ​មាន​ការ​ទម្លាក់​ពី​សភា។ កន្លង​មក និង​ដើម្បី​លុបលាង​កំហុស​ឆ្គង លោកស្រី​បាន​ចេញ​មុខ​ទទួល​សារភាព និង​សុំទោស​ជា​សាធារណៈ តែ​មិន​គ្រប់គ្រាន់​ដើម្បី​អាច​ស្រោចស្រង់​កៅអី​ប្រធានាធិបតី​របស់​លោកស្រី​បាន​ឡើយ។ សូម​ជម្រាប​ជូន​ថា មាន​អាយុ ៦៤ឆ្នាំ កម្រិត​ប្រជាប្រិយភាព​របស់​លោកស្រី​ប៉ាក់ គុនហេ​បាន​ធ្លាក់​ចុះ​រហូត​ដល់​ក្រោម ១០% ដែល​ជា​កម្រិត​មួយ​ទាប​ដល់​បាត និង​ជា​កម្រិត​មួយ​ដែល​គ្មាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​មុនៗ​ណា​ម្នាក់​ធ្លាប់​ទទួល​បាន​ទេ។

កំណត់​សម្គាល់​មួយ​ទៀត ប្រសិន​បើ​សភា​បោះឆ្នោត​គាំទ្រ​ញត្តិ ហើយ​មាន​ការ​យល់ព្រម​ពី​តុលាការធម្មនុញ្ញ​ទៀត លោកស្រី​ប៉ាក់ គុនហេ​ដែល​បាន​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី១ ដែល​មិន​បាន​បញ្ចប់​អាណត្តិ ៥ឆ្នាំ​ពេញលេញ​របស់​ខ្លួន។ ជា​ទូទៅ​នៅ​កូរ៉េខាងត្បូង ទោះ​បី​ជា​មាន​រឿងអាស្រូវ​បែកធ្លាយ​ប៉ុណ្ណា​ក៏​ដោយ ក៏​គេ​មិន​ធ្លាប់​ឃើញ​មាន​ប្រមុខ​រដ្ឋ​ណា​ម្នាក់​លា​ចុះ​ពី​តំណែង ឬ​មួយ​ក៏​ត្រូវ​សភា​បោះឆ្នោត​ទម្លាក់​ទេ។ តែ​បើ​មាន​សម្រាប់​លោកស្រី​ប៉ាក់ គុនហេ ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នឹង​ត្រូវ​រៀបចំ​យ៉ាង​យូរ​បំផុត​ក្នុង​រយៈពេល ៦០ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ