អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្តេច​អារ៉ាប៊ីសាអូឌីត​ផ្តើម​ទស្សនកិច្ច​មួយជុំ​ទ្វីបអាស៊ី​ដើម្បី​ស្វែង​រក​ចំណូល​ផ្សេង ក្រៅ​ពី​លក់​ប្រេងឆៅ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី២៦ កុម្ភៈ​នេះ ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​ផ្តើម​ព្រះរាជ​ទស្សនកិច្ច​មួយ​ជុំទ្វីប​អាស៊ី​រយៈពេល ១ខែ។ មាន​ប្រទេស​អាស៊ី​ចំនួន ៤ ដែល​ព្រះអង្គ​យាង​ទៅ​ទស្សនកិច្ច គឺ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ជប៉ុន និង​ប្រទេស​ចិន។ នា​ឱកាស​ព្រះរាជ​ទស្សនកិច្ច​នេះ ស្តេច​សាលម៉ាន​សង្ឃឹម​កសាង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដៃគូ​ទិញ​ប្រេង​អារ៉ាប៊ីសាអូឌីត និង​ជំនះ​ប្រទេស​អាស៊ី​ទាំង​នេះ​ឲ្យ​បង្កើន​វិនិយោគ​នៅ​អារ៉ាប៊ីសាអូឌីត។ នៅ​ក្នុង​ព្រះរាជ​ទស្សនកិច្ច​មួយ​ជុំទ្វីប​អាស៊ី​រយៈពេល ១ខែ ស្តេច​សាលម៉ាន​បាន​នាំ​គណៈប្រតិភូ និង​ប្រធាន​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​សំខាន់ៗ​ទៅ​ជាមួយ​ដែល​សរុប​មាន​គ្នា ១ ៥០០នាក់។

ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​យាង​ដល់​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី២៦ កុម្ភៈ ២០១៧
ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​យាង​ដល់​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី២៦ កុម្ភៈ ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

គោលដៅ​នៃ​ព្រះរាជ​ទស្សនកិច្ច​របស់​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​មួយ​ជុំទ្វីប​អាស៊ី​រយៈពេល ១ខែ​ពេល​នេះ គឺ​ដើម្បី​លើក​ស្ទួយ​វិស័យ​សេដ្ឋកិច្ច​ដោយ​ពឹង​លើ​ចំណូល​ផ្សេង ក្រៅ​ពី​លក់​ប្រេងឆៅ។ ជម្រើស​មិន​ចង់​ឲ្យ​ដង្ហើម​សេដ្ឋកិច្ច​ពឹងផ្អែក​តែ​លើ​ចំណូល​បាន​មក​ពី​ការ​លក់​ប្រេងឆៅ​មិនមែន​ជា​ជម្រើស​ចៃដន្យ​ទេ ព្រោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចំណូល​បាន​មក​ពី​ការ​លក់​ប្រេងឆៅ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ដោយសារ​តែ​តម្លៃប្រេងឆៅ​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ពេក។ ចំណូល​ធ្លាក់​ចុះ តែ​រដ្ឋាភិបាល​បន្ត​ចំណាយ​ដូច​សព្វ​មួយ​ដង​ដែល​បាន​ជំរុញ​ឲ្យ​មាន​ឱនភាព​ថវិកា​យ៉ាង​ច្រើន​សម្បើម។

គឺ​ផ្តើម​ចេញ​ពី​ចំណុច​មួយ​នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ផ្តើម​គិតគូរ ពិចារណា​ស្វែង​រក​ចំណូល​ផ្សេង​ក្រៅ​ពី​ការ​លក់​ប្រេងឆៅ។ នៅ​ក្នុង​ឆ្នាំ ២០១៦ ទីក្រុង​រីយ៉ាដ​បាន​ដាក់​ចេញ​នូវ​កម្មវិធី​ចម្រុះ​ដើម្បី​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ក្រោម​ឈ្មោះ​ថា « ចក្ខុវិស័យ​ឆ្នាំ ២០៣០ » ហើយ​តួអង្គ​ដែល​បាន​បង្កើត​ឲ្យ​មាន​កំណែទម្រង់​ក្រោម​ឈ្មោះ « ចក្ខុវិស័យ​ឆ្នាំ ២០៣០ » នេះ​ឡើង គឺ​ស្តេច​ស្នងរាជ្យ​ម៉ូហាម៉េត បិន សាលម៉ាន​ដ៏​មាន​ឥទ្ធិពល​មួយ​អង្គ។

ពិត​ណាស់ វិស័យ​ថាមពល​នៅ​បន្ត​ជា​វិស័យ​អាទិភាព​រវាង​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អាស៊ី​មួយ​ចំនួន តែ​អ្វី​ដែល​អារ៉ាប៊ីសាអូឌីត​ត្រូវ​ការ​បន្ថែម​នោះ គឺ​ចង់​ឲ្យ​ធនាគារ និង​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​អាស៊ី​ទាំង​នោះ​ដាក់​ទុន​វិនិយោគ​ទៅ​ក្នុង​វិស័យ​ផ្សេង​ទៀត ក្រៅ​ពី​ថាមពល។

ទំនាក់ទំនង​សាសនា និង​សេដ្ឋកិច្ច​រវាង​អារ៉ាប៊ីសាអូឌីត​ជាមួយ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី

គេ​អាច​ចែក​ចេញ​ជា​ពីរ​រវាង​ប្រទេស​អាស៊ី​ទាំង ៤ ដែល​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​យាង​ទៅ​ទស្សនកិច្ច​ពេល​នេះ ទី១ គឺ​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ដ៏​ធំ​ជាង​គេ​នៅ​អាស៊ី និង​ក៏​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច ព្រម​ទាំង​ការ​ដោះដូរ​ពាណិជ្ជកម្ម​យ៉ាង​សំខាន់​ជាមួយ​អារ៉ាប៊ីសាអូឌីត។ ចំណែក​ប្រទេស​អាស៊ី​ពីរ​ទៀត គឺ​ជប៉ុន និង​ចិន​បាន​ផ្តោត​ខ្លាំង​សឹង​តែ​ផ្តាច់​មុខ​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការ​ដោះដូរ​ពាណិជ្ជកម្ម។

នៅ​ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​ទី១ នៃ​ព្រះរាជ​ទស្សនកិច្ច​របស់​ស្តេច​សាលម៉ាន​ថ្ងៃ​នេះ ព្រះអង្គ​សំដៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​គូឡាំឡាំពួ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម វិនិយោគ និង​ក្នុង​វិស័យ​ធនធាន​មនុស្ស។ នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ស្តេច​សាលម៉ាន​ត្រូវ​យាង​ទៅ​នស្សនកិច្ច​ពី​ថ្ងៃទី១ ដល់​ថ្ងៃទី៩ មីនា​ត្រូវ​បាន​រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា​ចាត់​ទុក​ជា​ទស្សនកិច្ច​ប្រវត្តិសាស្រ្ត។ ជា​ប្រវត្តិសាស្រ្ត​ព្រោះ​ជា​លើកទី១ គិត​តាំង​ពី ៤៦ឆ្នាំ​ដែល​មាន​ស្តេច​អារ៉ាប៊ីសាអូឌីត​យាង​ទៅ​ជាន់​ទឹកដី​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ច្រើន​ជាង​គេ​ក្នុង​លោក។

យ៉ាង​ណា​ក៏​ដោយ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​វីដូដូ​ក៏​សង្ឃឹម​នឹង​ទទួល​ផល​វិនិយោគ​ពី​ព្រះរាជ​ទស្សនកិច្ច​របស់​ស្តេច​សាលម៉ាន​ពេល​នេះ​ដែរ។

ជប៉ុន និង​ចិន​ជា​ប្រទេស​អាស៊ី​ពីរ​ដែល​អារ៉ាប៊ីសាអូឌីត​សង្ឃឹម​ច្រើន​ជាង​គេ

លក្ខណៈពិសេស​នៃ​ទំនាក់ទំនង​រវាង​អារ៉ាប៊ីសាអូឌីត​ជាមួយ​ជប៉ុន ក៏​ដូច​ជាមួយ​ចិន គឺ​ផ្តោត​សំខាន់​លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ នៅ​ក្នុង​ប្រទេស​ជប៉ុន នេះ​ជា​ទស្សនកិច្ច​លើក​ទី១ របស់​ស្តេច​អារ៉ាប៊ីសាអូឌីត​គិត​ក្នុង​រយៈពេល ៤៦ឆ្នាំ​កន្លង​ទៅ ហើយ​ក៏​ជា​ទស្សនកិច្ច​ដែល​មាន​បង្កប់​ទៅ​ដោយ​អត្ថន័យ​នៃ​ទំនាក់ទំនង​ល្អ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែរ។ ចូរ​កុំ​ភ្លេច​ថា ប្រេង​ចំនួន ១ភាគ៣ ដែល​ជប៉ុន​បាន​នាំ​ចូល គឺ​ទិញ​ពី​អារ៉ាប៊ីសាអូឌីត ហើយ​អារ៉ាប៊ីសាអូឌីត​បាន​ទិញ​ពី​ជប៉ុន​វិញ នូវ​រថយន្ត គ្រឿងសម្ភារៈបរិក្ខារ​ផ្សេងៗ រួម​ទាំង​វត្ថុធាតុដែម​ជា​ច្រើន​ដែល​សរុប​ជា​ប្រាក់​មាន​ដល់​ទៅ ៦ ៩០០លានអឺរ៉ូ​ក្នុង​ឆ្នាំ ២០១៥។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ស្តេច​សាលម៉ាន​នៅ​ជប៉ុន​ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃទី១២ ដល់​ថ្ងៃទី១៤ មីនា ទីក្រុង​រីយ៉ាដ​ចង់​ឲ្យ​ទីក្រុង​តូក្យូ​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី៣ ក្នុង​លោក​បោះទុន​វិនិយោគ​បន្ថែម​នៅ​ក្នុង​វិស័យ​ថាមពល​មិន​ចេះ​សាបសូន្យ នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ផ្សេងៗ និង​នៅ​ក្នុង​កម្មវិធី​អប់រំ​ធនធាន​មនុស្ស។ បច្ចុប្បន្ន ក្រុមហ៊ុន​ជប៉ុន​កំពុង​បង្ហាត់​បង្រៀន​ក្រុម​យុវជន​អារ៉ាប៊ីសាអូឌីត​ដើម្បី​ចូល​ជំនួស​បុគ្គលិក និង​កម្មករ​បរទេស​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត។

ដោយឡែក ទំនាក់ទំនង​ជាមួយ​ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ទីក្រុង​រីយ៉ាដ និង​ប៉េកាំង​ជា​រៀងរាល់​ឆ្នាំ​​មាន​ទឹកប្រាក់​មិន​តិច​ជាង ៦៥ ០០លានអឺរ៉ូ​ទេ។ ចិន​ជា​ប្រទេស​ដែល​បាន​ទិញ​ប្រេង​ពី​អារ៉ាប៊ីសាអូឌីត​ច្រើន​ជាង​គេ​ក្នុង​លោក ហើយ​ថ្មីៗ​នេះ ចិន និង​អារ៉ាប៊ីសាអូឌីត​បាន​បើក​សម្ពោធ​រួម​គ្នា​នូវ​ស្ថានីយ៍បូមប្រេង​មួយ​ដែល​ភាគី​ទាំង​ពីរ​បាន​ចាត់​ទុក​ជា​និមិត្តិរូប​នៃ​វត្តមាន​សេដ្ឋកិច្ច​ចិន​នៅ​តំបន់​មជ្ឈិមបូព៌ា។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ស្តេច​អារ៉ាប៊ីសាអូឌីត​ពេល​នេះ ស្តេច​សាលម៉ាន​សង្ឃឹម​ទទួល​បាន​ការ​បោះទុន​វិនិយោគ​បន្ថែម​របស់​ចិន​នៅ​អារ៉ាប៊ីសាអូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ