អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទីក្រុង​ប៉េកាំង​ការពារ​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​ចេញពី​តំបន់​ឈូង​សមុទ្រពែរ្ស​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ចំនួន​បីប្រទេស​នៃ​តំបន់​ឈូង​ សមុទ្រពែរ្ស​​ ​ នាយករដ្ឋមន្ត្រី​ចិន​លោក​ Wen Jiabao ​បាន​ធ្វើ​យុត្តិកម្ម​បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់​ទំនង​ “ប្រក្រតី”​ រវាង​ប្រទេសចិន​និង​ប្រទេស​អ៊ីរ៉ង់។

លោក​នាយករដ្ឋមន្ត្រី​ចិន​ Wen Jiabao ​
លោក​នាយករដ្ឋមន្ត្រី​ចិន​ Wen Jiabao ​ Reuters路透社
ផ្សាយពាណិជ្ជកម្ម

ការពង្រឹង​ដាក់​ទណ្ឌកម្ម​និង​សម្ពាធ​ទៅលើ​ប្រទេស​អ៊ីរ៉ង់​ដោយ​ប្រទេស​លោក​ខាងលិច​ ​ ហើយនិង​ការគំរាម​បិទ​ច្រកសមុទ្រ​ Ormuz ​ដោយ​ទីក្រុង​តេហេរ៉ង់​ ​ បាន​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ចិន​ Wen Jiabao ​ចំនួន​៦ថ្ងៃ​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ចំនួន​បីប្រទេស​នៃ​តំបន់​ឈូងសមុទ្រ​​ពែរ្ស​។​ ហើយនៅពេល​ទន្ទឹមគ្នានេះ​ ​ សហរដ្ឋ​អាមេរិក​ក៏​កំពុង​ខិតខំ​ជំរុញ​ឲ្យ​ប្រទេស​អាស៊ី​សំខាន់ៗ​ជាច្រើន​ដែលជា​អតិថិជន​ទិញ​ប្រេងកាត​ពី​ប្រទេស​អ៊ីរ៉ង់​ ​ ឲ្យ​ងាក​ទៅ​រកទិញ​ប្រេងកាត​នៅ​ប្រទេស​ដទៃទៀត​ ​ ដើម្បី​ជួយ​បង្កើន​និង​ពង្រឹង​សម្ពាធ​ដាក់​ទៅលើ​របប​គ្រប់គ្រង​អ៊ីរ៉ង់​បច្ចុប្បន្ន។

 
នៅទីក្រុង​ដូហា​ រដ្ឋធានី​នៃ​ប្រទេស​កាតារ​ដែល​លោក​នាយករដ្ឋមន្ត្រី​ចិន​ Wen Jiabao ​បាន​អញ្ជើញ​ទៅដល់​នៅថ្ងៃពុធ​ទី១៨​មករា​ ​ ក្រោយពី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ ​ និង​ប្រទេស​អារ៉ាប់រួម​ ​ លោក​នាយករដ្ឋមន្ត្រី​ចិន​បាន​ថ្លែង​ប្រាប់​ឲ្យដឹងថា​ ​ “ប្រទេស​ចិន​ចង់​ឲ្យ​មាន​ការ​បើកចំហ​និង​មាន​ដំណើរ​ចេញចូល​នៅ​តាម​ច្រកសមុទ្រ​ Ormuz​ ​ ទីក្រុង​ប៉េកាំង​ប្រឆាំង​ទល់នឹង​រាល់ទង្វើ​របស់​ក្រុមអ្នក​ជ្រុលនិយម​។​ ច្រកសមុទ្រ​ Ormuz ​គឺជា​ផ្លូវ​សមុទ្រ​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់”​។

ទន្ទឹម​នឹង​ការ​ទាមទារ​ឲ្យ​មាន​ការ​រិះរក​ដំណោះ​ស្រាយ​ឲ្យ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដោយ​សន្តិវិធី​ ​ ប្រទេស​ចិន​បាន​ថ្លែង​ប្រាប់ថា​ ​ “គេនៅ​រក្សា​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ “ប្រក្រតី”​ ជាមួយ​ទីក្រុង​តេហេរ៉ង់​ ​ ហើយ​ទីក្រុង​ប៉េកាំង​បញ្ជាក់​ទៀត​ថា​ ​ គេ​ត្រូវតែ​រក្សា​និង​ដាក់​ទំនាក់ទំនង​នេះ​ឲ្យ​ឋិត​នៅ​ក្រោម​កិច្ចការពារ”។​ ប្រទេស​អ៊ីរ៉ង់​ជា​អ្នក​ផ្តល់​ប្រេងកាត​ប្រមាណ​១០%​នៃ​តម្រូវការ​របស់​ប្រទេសចិន​ ​ ឋិត​នៅ​ពីក្រោយ​ប្រទេស​អង់ហ្គោឡា​ ​ និង​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត។

គួរកត់​សម្គាល់ថា​ ​ បញ្ហា​អ៊ីរ៉ង់​នេះ​បាន​ត្រូវ​ទីក្រុង​ប៉េកាំង​លើកយក​មក​ពិនិត្យមើល​នៅ​មុនពេល​លោក​នាយករដ្ឋមន្ត្រី​ចិន​ Wen Jiabao ​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នៃ​តំបន់​ឈូង​សមុទ្រ​ពែរ្ស ​ ដោយ​លោក​នាយករដ្ឋមន្ត្រី​ចិន​បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ Timothy Geithner ​នៅ​ថ្ងៃ​ទី១១​មករា​ ​ នៅក្នុង​ក្របខណ្ឌ​នៃ​ការវាយលុក​អាមេរិកាំង​ ជំរុញ​ឲ្យ​ប្រទេស​ចិន​ធ្វើ​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក​ ដើម្បី​ដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​អ៊ីរ៉ង់​។​ ក៏​ប៉ុន្តែ​ ទីក្រុង​ប៉េកាំង​បាន​បដិសេធ​ប្រឆាំង​ពុំ​យល់​ស្របតាម​សហរដ្ឋ​អាមេរិក​ឡើយ។

ក្រោយពី​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ Timothy Geithner ​ក្រុមហ៊ុន​ចិន​ដ៏​សំខាន់​មួយ​ឈ្មោះ​ Zhuhai Zhenrong ​បាន​ត្រូវ​ឋិតនៅ​ក្រោម​ទណ្ឌកម្ម​របស់​ស.រ.អា.​ ​ ដោយហេតុ​តែ​ក្រុមហ៊ុន​ចិន​នេះ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​តេហេរ៉ង់។​ ទាំងនេះ​បានត្រូវ​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​ថ្លែង​តវ៉ាថា​ ​ “ជាការ​ពុំសមរម្យ​ ​ ខុសផ្ទុយ​ពី​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ”។

គួរ​បញ្ជាក់ថា​ ​ ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ចិន​ Wen Jiabao ​ចំនួន​៦ថ្ងៃ​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ចំនួន​បីប្រទេស​នៃ​តំបន់​ឈូង​ពែរ្ស គឺជា​យុទ្ធសាស្ត្រ​របស់​ចិន​ដើម្បី​ស្វែងរក​ប្រទេស​ផលិត​ប្រេងកាត​ដទៃ​ទៀត​សម្រាប់​ផ្គត់ផ្គង់​​តម្រូវការ​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​របស់​ប្រទេសចិន​ ​ ហើយ​វា​ក៏​ជា​ការ​ឆ្លើយ​ដោយ​ “មិនចំពោះ”​មួយដែរ​របស់​ទីក្រុង​ប៉េកាំង​តបត​ទៅនឹង​សំណើ​របស់​ស.រ.អា.។

ម្យ៉ាងទៀត​ ​ ទីក្រុង​ប៉េកាំង​ក៏​ចង់​ខិតខំ​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​អារ៉ាប់​នៃ​តំបន់​ឈូង​សមុទ្រ​ពែរ្ស។​ ហេតុ​ដូច្នេះហើយ​ ​ បានជា​លោក​នាយករដ្ឋមន្ត្រី​ចិន​ Wen Jiabao ​បាន​ថ្លែង​ជំរុញ​ឲ្យ​ពន្លឿន​កិច្ចចរចា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​នៃ​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​នៃ​ឈូងសមុទ្រពែរ្ស​។

សូមបញ្ជាក់ថា​ ​ បច្ចុប្បន្ននេះ​នៅ​ប្រទេស​ឌូបៃ​គេឃើញ​មាន​ប្រជាជន​ចិន​ប្រមាណ​២០០ ០០០នាក់​រស់នៅ​។​ ហើយ​នៅ​ថ្ងៃអង្គារ​កន្លងទៅនេះ​ ​ លោក​នាយករដ្ឋមន្ត្រី​ចិន​ Wen Jiabao ​បាន​ថ្លែងថា​ ​ “​ការបើក​ឲ្យ​មាន​មាគ៌ា​សូត្រ​ថ្មីមួយ​ Nouvelle Route de la Soie ​គឺ​ពិត​ជា​ការ​ពង្រឹង​ពង្រីក​មាគ៌ា​សហប្រតិបត្តិការ​រវាង​ប្រជាជនចិន​និង​ប្រជាជន​អារ៉ាប់​ ​ ហើយវា​ក៏ជា​មាគ៌ា​ពោរពេញ​ទៅដោយ​ការទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ក្នុង​វិស័យ​នយោបាយ​ ​ ពាណិជ្ជកម្ម​ហើយនិង​សាមគ្គីធម៌​ដើម្បី​ជួយគ្នា​ទៅវិញ​ទៅមក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ