អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន​​ធ្វើ​​ជំរឿន​ប្រជាជន​​ ក្រោយ​​មាន​ភាព​​យឺតយ៉ាវ​​​​១០ឆ្នាំ​

អាជ្ញាធរ​ប៉ាគីស្ថាន​រៀបចំ​ធ្វើជំរឿន​ប្រជាជន​ទូទាំង​ប្រទេស ជាកិច្ចការ​ដែល​ជួបភាព​យឺតយ៉ាវ​១០ឆ្នាំ​មកហើយ។ ជំរឿននេះ​នឹង​ធ្វើចាប់ពី​ថ្ងៃពុធខាន​​​ស្អែកនេះទៅ។ យោងតាម​អង្គការ​សហ​ប្រជាជាតិ​​​ ប៉ាគីស្ថាន​​​ស្ថិត​ក្នុង​លំដាប់​ទី៦ ​នៃ​ប្រទេស​​មានប្រជាជន​ច្រើន ជាងគេ ក្នុង​ពិភពលោក។ 

ប្រជាជន​នៅ​ក្រុង​ការ៉ាឈី
ប្រជាជន​នៅ​ក្រុង​ការ៉ាឈី Nadia Bletry/RFI
ផ្សាយពាណិជ្ជកម្ម

ការរៀបចំ​ធ្វើជំរឿនប្រជាជន​នៅប៉ាគីស្ថាន ​​មានភាព​យឺតយ៉ាវ ដល់ទៅ​១០ឆ្នាំ ព្រោះថា តាម​រដ្ឋធម្មនុញ្ញ​​ប៉ាគីស្ថាន​ ជំរឿន​ប្រជាជន​ត្រូវធ្វើ​រៀងរាល់១០ឆ្នាំម្តង។ ​ជំរឿន​​ចុងក្រោយ​បំផុត គឺធ្វើតាំង​ពី​​​​ឆ្នាំ១៩៩៨ ម្ល៉េះ​ ពោល​គឺ​១៩ឆ្នាំហើយ។ ជំរឿន​ឆ្នាំ១៩៩៨ បង្ហាញ​ថា ប្រជាជន​​​​ មាន​​១៣៤លាន៧សែន​នាក់។

ថ្ងៃពុធខាន​​ស្អែកនេះ ការិយាល័យ​ជំរឿន​នឹង​ពង្រាយ​មន្ត្រី​​​ជិត​១សែន២ម៉ឺននាក់ ​អោយចុះ​ទៅតាម​ផ្ទះ​ប្រជាជន​។ ទាហាន​ប៉ាគីស្ថាន​២សែននាក់​ក៏ចូលរួម​សង្កេតការណ៍​ជំរឿន​​នេះដែរ តែ​ក្នុង​លក្ខណៈ​អព្យាក្រឹត។ ជំរឿន​ប្រជាជន​ ​នឹង​ធ្វើអោយ​គេ​បានដឹង​ពីសហគមន៍​​​អ្នក​​កាន់សាសនា​​​ភាគតិច​ដូចជា​អ្នក​កាន់​សាសនា​ហិណ្ឌូ​ រឺ​គ្រិស្តសាសនា។ គេ​រំពឹង​ថា អ្នកកាន់​សាសនា​ភាគតិច​ហិណ្ឌូ​មាន​ពី​២លាន៥សែន​នាក់ ទៅ​៤លាន​៥សែននាក់។ ហើយ​អ្នកកាន់​សាសនា​គ្រិស្ត​វិញ អាច​មាន​ពី​២លាន​ទៅ​ជាង​១០លាន​នាក់។ ​ជា​លើកទី១​ដែរ​​ ​ជំរឿន​នៅ​ប៉ាគីស្ថាន​​​​​នឹង​រាប់បញ្ចូល​​មនុស្ស​ភេទ​ទី៣។

ដោយឡែក មាន​ការ​​បារម្ភ​ទាក់ទង​នឹង​​ វត្តមាន​​ជនភៀសខ្លួន​ជនជាតិ​អាហ្វហ្កានីស្ថាន​ ​មាន​ដល់​ទៅ​២លាន​នាក់ ​ក្នុង​ប្រទេស។ ដោយសារ​ការ​ផ្តល់​បណ្ណ​សំគាល់​ខ្លួន​មាន​ភាព​យឺតយ៉ាវ ​គេអាច​ច្រលំ​ជនជាតិ​អាហ្វហ្កានីស្ថាន​ទាំងនេះ ជាមួយ​ប្រជាជន​ក្នុងស្រុក។ បក្ស​កាន់អំណាច​​នៅ​​ក្រុង​ការ៉ាឈី ធ្លាប់​បាន​ទាមទារ​អោយ​លើកពេល​ធ្វើ​ជំរឿន​ទៀតផង ដោយ​រង់​ចាំ​អោយ​ជនភៀសខ្លួន​ចាកចេញ​​ពី​ប៉ាគីស្ថាន។

មួយឆ្នាំ​មុន​ការបោះឆ្នោត​សភា ​ជំរឿន​ប្រជាជន​នៅ​ប៉ាគីស្ថាន​នេះ​មិនបានធ្វើ​អោយ​អ្នក​នយោបាយ​ប៉ាគីស្ថាន​​​​សប្បាយចិត្ត​ទេ ព្រោះថា ​តាមរយៈ​ជំរឿន​នេះ គេ​អាច​វាយតម្លៃ​ពីអំណាច​នយោបាយ អាច​ប៉ាន់ស្មាន​​​​​ចំនួន​អ្នក តំណាងរាស្ត្រ ​តាម​បក្ស​នយោបាយ តាម​តំបន់​​បាន។ ជាក់ស្តែង នៅ​​តំបន់​ពិនចាប់​​ ភាគ​កណ្តាល ដែល​​ជា​តំបន់​របស់​បក្ស​កាន់អំណាច ​កំណើន​​ប្រជាជន​​​មិនសូវ​ជា​ស្ទុះ​ឡើង​ប៉ុន្មានទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ