អានតួអត្ថបទ
ប៉ាគីស្ថាន-សហរដ្ឋអាមេរិក

ទោះ​រងការរិះគន់ យន្តហោះ​ដ្រូន​អាមេរិក​នៅ​តែ​បាញ់​សម្លាប់​មនុស្ស​នៅ​ប៉ាគីស្ថាន

យន្តហោះ​ដ្រូន គ្មាន​មនុស្ស​បើក​របស់​អាមេរិក នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​បាញ់​សម្លាប់​មនុស្ស​ពីរនាក់ នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ប៉ាគីស្ថាន។ ក្នុង​អាណត្តិ​លោកដូណាល់ ត្រាំ នេះ​ជា​លើក​ទី ១​ដែល យន្តហោះ​ដ្រូន​អាមេរិក​ចេញ​ធ្វើ​ប្រតិបត្តិការ និង​សម្លាប់​មនុស្ស នៅ​ក្នុង​ទឹកដី ប៉ាគីស្ថាន។

ស្ត្រី​យេម៉ែន​ដើរ​ជិត​រូប​យន្តហោះ​ដ្រូន​ដែល​គេ​គូរ​នៅ​លើ​ជញ្ជាំង​ក្នុង​ទីក្រុង​សាណា​នៅ​ខែ​កុម្ភៈ ២០១៧
ស្ត្រី​យេម៉ែន​ដើរ​ជិត​រូប​យន្តហោះ​ដ្រូន​ដែល​គេ​គូរ​នៅ​លើ​ជញ្ជាំង​ក្នុង​ទីក្រុង​សាណា​នៅ​ខែ​កុម្ភៈ ២០១៧ ©REUTERS/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

តាមមន្រ្តី​ប៉ាគីស្ថាន ដែលដកស្រង់​សំដី​ដោយទីភ្នាក់ងារ ព័ត៌មាន​បារាំង AFP យន្តហោះ​ដ្រូន​អាមេរិក​ធ្វើដំណើរ​មក​ពី​ទឹកដី​អាហ្វហ្កានីស្ថាន បាន​បាញ់​សំដៅ​ម៉ូតូ​មួយគ្រឿង នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ​ប៉ាគីស្ថាន ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​ជាមួយ​អាហ្វហ្កានីស្ថាន។ មន្រ្តី​មូលដ្ឋាន​បាន​បញ្ជាក់​ថា មនុស្ស​ពីរនាក់​ដែល​ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់យន្តហោះ​ដ្រូន​អាមេរិក គឺ​ជា​ជនប្រដាប់អាវុធ ដែល​គេ​នៅ​មិនទាន់​អាច​បញ្ជាក់​អត្តសញ្ញាណ​បាននៅឡើយ។

 
តាម​មន្រ្តី​ប៉ាគីស្ថាន នៅ​ក្រោយ​ការបាញ់​ប្រហារ​ទៅលើ​យុទ្ធជន ក្នុង​ទឹកដី​ប៉ាគីស្ថាន យន្តហោះ​ដ្រូន​អាមេរិក​បាន​ហោះ​ត្រលប់​ទៅទឹកដី​អាហ្វហ្កានីស្ថាន​វិញ នៅ​ថ្ងៃព្រហស្បតិ៍។ នៅក្នុង​រដ្ឋបាល​ដូណាល់ ត្រាំ នេះ​ជា​លើកទី១ ដែល​យន្តហោះ​ដ្រូន អាមេរិក ចេញ​ធ្វើ​ប្រតិបត្តិការ ក្នុង​ទឹកដី​ប៉ាគីស្ថាន។ ប្រជាជន​ប៉ាគីស្ថាន​បាន​ប្រឆាំង រិះគន់​ខ្លាំងណាស់ ប្រតិបត្តិការ​របស់​យន្តហោះ​ដ្រូន ដែល​គេ​ចាត់ទុក​ថា បាន​រំលោភ​ដែនអធិបតេយ្យភាព​របស់​ប៉ាគីស្ថាន។ ផ្ទុយទៅវិញ ឯកសារ​ដែល​បែក​លេចធ្លាយ​ទៅដល់​ដៃ​អ្នកកាសែត បាន​បង្ហាញ ឲ្យ​ឃើញថា ទីក្រុង​អ៊ីស្លាម៉ាបាត បាន​លួចលាក់ ចុះ​កិច្ចព្រមព្រៀង ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​អនុញ្ញាត​ឲ្យ​យន្តហោះ ដ្រូន គ្មាន​មនុស្ស​បើក​របស់​អាមេរិក ធ្វើ​ប្រតិបត្តិការ​យោធា ក្នុង​ទឹកដី​ប៉ាគីស្ថាន កន្លងមក។

យន្តហោះ​ដ្រូន​របស់​អាមេរិក​ធ្វើ​ប្រតិបត្តិការ​ដំបូង​គេ​នៅប៉ាគីស្ថាន នៅ​ឆ្នាំ ២០០៤ នៅក្រោម​អាណត្តិ​របស់​ប៊ូស។ ប៉ុន្តែ គឺ​នៅក្នុង​អាណត្តិ​លោកអូបាម៉ា ដែល​យន្តហោះ​ដ្រូន គ្មាន​មនុស្ស​បើក ធ្វើ​សកម្មភាព​ខ្លាំង ក្នុង​ទឹកដី​ប៉ាគីស្ថាន មុន​នឹង​ថយចុះ​មកវិញ នៅក្នុង​អាណត្តិ​ទី​២ របស់លោក​អូបាម៉ា។ ប្រតិបត្តិការ​ចុងក្រោយ​របស់​យន្តហោះ​ដ្រូន​អាមេរិក នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន ធ្វើឡើង​នៅ​ខែ ឧសភា ឆ្នាំ ២០១៦ ដែល​កាលណោះ អាមេរិក​បាន​បាញ់​សម្លាប់​មេដឹកនាំ​តាលីបង់ មូឡា អាក់តា ម៉ានសួរ។

ប្រតិបត្តិការ​បាញ់​សម្លាប់​មនុស្ស ដោយ​យន្តហោះ​ដ្រូន បាន​បង្ក​ឲ្យ​មាន​មតិតវ៉ា មិន​ថា ពី​ប្រជាជន​ប៉ាគីស្ថាន ហើយ​និង​អង្គការ​ការពារ​សិទ្ធិមនុស្ស។ នៅ​ឆ្នាំ ២០១៣ អង្គការ​Amnesty International បាន​និយាយ​ថា ដោយប្រើ​យន្តហោះ​ដ្រូន បាញ់​សម្លាប់​មនុស្ស​ក្រៅ​ផ្លូវច្បាប់ អាមេរិក​អាច​ប្រឈម​នឹង​ការចោទប្រកាន់​ប្រព្រឹត្ត​បទឧក្រិដ្ឋកម្ម​សង្រ្គាម។

ការវាយប្រហារ​ដោយ​ប្រើ​យន្តហោះ​ដ្រូន ក្នុង​ទឹកដី​ប៉ាគីស្ថាន នៅ​ថ្ងៃ​ព្រហស្បតិ៍ អាច​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ជំហរ​នយោបាយ​របស់​លោក​ដូណាល់ ត្រាំ សម្រាប់​ប៉ាគីស្ថាន ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ និង​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី ៦ ក្នុង​ពិភពលោក។ នៅ​ខែ​ធ្នូ​កន្លងទៅ នៅក្រោយ​កិច្ចសន្ទនា​តាមទូរស័ព្ទ រវាង​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន និង​ដូណាល់ ត្រាំ មន្រ្តី​ក្រសួង​ការបរទេស​ប៉ាគីស្ថាន​បាន​រៀបរាប់​ថា លោកដូណាល់ ត្រាំ បាន​សន្យា​ផ្តល់​ជំនួយ​ដល់​ប៉ាគីស្ថាន ដែល​លោក ដូណាល់ ត្រាំ អួតសរសើរ​ថា ជា​ប្រទេស​ដ៏អស្ចារ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ