មេធាវីហ្វីលីពីនមួយរូបដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្រឆាំងលោក Duterte ពីបទឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ
នៅប្រទេសហ្វីលីពីនមេធាវីមួយរូប បានដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិកាលពីថ្ងៃចន្ទម្សិលមិញដើម្បីប្រឆាំងទល់នឹងប្រធានាធិបតីលោក DUTERTE និងក្រុមមន្ត្រីជាន់ខ្ពស់ ១១ រូបផ្សេងទៀតពីបទប្រព្រឹត្តអំពើឧក្រឹដ្ឋប្រឆាំងមនុស្សជាតិនៅក្នុងក្របខណ្ឌប្រយុទ្ធប្រឆាំងទល់នឹងគ្រឿងញាន ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៩
នៅក្នុងពាក្យបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិដែលមានឯកសារកម្រាស់៧៧ទំព័រ លោក មេធាវី Jude Sabio បានអះអាងថា លោក Rodrigo DUTERTE បានប្រព្រឹត្តអំពើឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិជាច្រើនលើកច្រើនគ្រានិងជាបន្តបន្ទាប់គ្នានៅក្រោមបញ្ជារបស់លោកនិងបានសម្លាប់ជនជាប់សង្ស័យពីបទរត់ពន្ធគ្រឿងញាននិងឧក្រឹដ្ឋជនផ្សេងៗទៀត។
ចំណែកលោក Edgar Matobato ដែលជាកូនក្តីរបស់លោក មេធាវី Jude Sabio បានឆ្លើយសារភាពនៅចំពោះមុខព្រឹទ្ធសភាហ្វីលីពីនថា លោកស្ថិតនៅក្នុងក្រុមពេជឃាតក្រោមបញ្ជារបស់លោក DUTERTE។
រីឯ តុលាការព្រហ្មទណ្ឌអន្តរជាតិវិញ ទើបបានបញ្ជាក់អះអាងពីការដាក់ពាក្យបណ្តឹងខាងលើនេះដែរ។ គឺជាការប្តឹងប្តល់ជាលើកតំបូងនិងជាសាធារណៈ ប្រឆាំងទល់នឹងរូបលោក DUTERTE នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ពាក្យបណ្តឹងនេះ ត្រូវបានផ្អែកនៅលើសក្ខីកម្មរបស់លោក Matobato កូនក្តីរបស់មេធាវី Jude Sabio និងបន្ទាល់របស់សាកសីម្នាក់ទៀតដែលជាអតីតប៉ូលីសហ្វីលីពីនចូលនិវត្តន៍ ក៏ព្រមទាំងសេចក្តីថ្លែងការណ៍នានារបស់អង្គការការពារសិទ្ធិមនុស្ស ក៏ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសាព័ត៌មានដែលក្នុងនោះក៏មានសាព័ត៌មានអង់គ្លេស Reuters ផងដែរទាក់ទងនឹងអំពើមនុស្សឃាតនៅហ្វីលីពីននេះ។
គួររំលឹកថា ចាប់តាំងពីលោក DUTERTE បានឡើងកាន់តំណែងប្រធានាធិបតីហ្វីលីពីនតាំងពីរដូវក្តៅឆ្នាំមុនមក ជនចំនួនជិត ៩០០០ នាក់ត្រូវបានគេសម្លាប់។
ខាងប៉ូលីសហ្វីលីពីនវិញ បានអះអាងថា ជនចំនួន១/៣ ដែលត្រូវបានប៉ូលីសសម្លាប់នោះ ក៏ដើម្បីប្រឈមទប់ទល់និងការពាររូបគេតែប៉ុណ្ណោះ នៅឱកាសប្រតិបត្តិការស្របច្បាប់របស់ប៉ូលីស។
ក៏ប៉ុន្តែ យោងតាមអង្គការការពារសិទ្ធមនុស្សវិញ ជនរងគ្រោះភាគច្រើននៃចំនួន ២/៣នៅសល់ ត្រូវបានសម្លាប់ដោយក្រុមអ្នកសហការណ៍ជាមួយពួកប៉ូលីសស តែប៉ូលីសហ្វីលីពីន បានបដិសេធចំពោះព័ត៌មានខាងលើនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ