អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់ ត្រាំ​ទាក់ទាញ​សម្ព័ន្ធមិត្ត​នៅ អាស៊ី ដើម្បី​ប្រឈម​តទល់​កូរ៉េខាងជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ​ទី ៣០​មេសា ប្រធានាធិបតី​អាមេរិកាំង លោក​ដូណាល់ ត្រាំ បាន​និយាយ​ទូរស័ព្ទ​អញ្ជើញ​ប្រមុខដឹកនាំ​រដ្ឋាភិបាល​ថៃ សិង្ហបុរី​ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សេតវិមាន។ ពាក្យ​អញ្ជើញ​នេះ​ធ្វើឡើង នៅ​មួយថ្ងៃ​ក្រោយ លោក​ដូណាល់ ត្រាំ​បាន​បោះដៃ អញ្ជើញ ប្រធានាធិបតី​ហ្វីលីពីន លោក​ឌុយទែរទេ ឲ្យ​ទៅ​ថ្វើ​ទស្សនកិច្ច​នៅ​អាមេរិក។ ថ្នាក់ដឹកនាំ​អាស៊ី ដែល​លោក​ដូណាល់ ត្រាំ អញ្ជើញ ឲ្យ​ជួប​នៅ​សេតវិមាន សុទ្ធ​តែ​ជា​អ្នក​ដែល​អាមេរិក ក្នុង​អាណត្តិ​របស់​លោក​បារ៉ាក់ អូបាម៉ា រិះគន់ មិនរាប់រក ដោយសារ​តែ​នយោបាយ​ផ្តាច់ការ​របស់​ពួកគេ។

ប្រធានាធិបតី​ហ្វីលីពីន បាន​ទទួល​ទូរស័ព្ទ ពីលោក​ដូណាល់ ត្រាំ នៅ​ខែ​ធ្នូ នៅក្រោយ​លោក​ដូណាល់ ត្រាំ​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី
ប្រធានាធិបតី​ហ្វីលីពីន បាន​ទទួល​ទូរស័ព្ទ ពីលោក​ដូណាល់ ត្រាំ នៅ​ខែ​ធ្នូ នៅក្រោយ​លោក​ដូណាល់ ត្រាំ​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី ©Richard Madelo / PRESIDENTIAL PHOTOGRAPHERS' DIVISION / AFP
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងជើង នៅ​ថ្ងៃ​ចន្ទ​ទី ១​ឧសភា ​បាន​គំរាម​សា​ជា​ថ្មី​ម្តង​ទៀត ថា នឹងអាច​ធ្វើការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ នៅ​គ្រប់​ពេលវេលា និង​នៅ​ទីកន្លែង ដែល​កំណត់​ដោយ​ថ្នាក់ដឹកនាំ​កំពូល លោក​គីម ជុងអ៊ុន។ តាមអ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​កូរ៉េខាងជើង ដែល​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA កូរ៉េខាងជើង​ត្រៀមខ្លួន ដើម្បី​ឆ្លើយតប​ទៅ​គ្រប់​ជម្រើស​របស់​អាមេរិក។

 
នៅ​ក្នុង​បទសម្ភាសន៍ ជាមួយ​ទូរទស្សន៍ អាមេរិក CBS នៅ​ថ្ងៃ​អាទិត្យ ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាននិយាយ​ថា លោក​នឹង​មិន​សប្បាយចិត្ត​ទេ បើសិន​កូរ៉េខាងជើង​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ។ លោកដូណាល់ ត្រាំ​បន្ថែមថា លោក​ក៏​មិន​ជឿ​ថា ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង ដែល​មនុស្ស​ជា​ទីគោរពនោះ សប្បាយ​ចិត្ត​នោះដែរ បើសិន​កូរ៉េខាងជើង​បាញ់​សាកល្បង​គ្រាប់​បែកនុយក្លេអ៊ែរ។

នៅ​ពេល​អ្នកកាសែត​សួរ​ថា តើពាក្យ​មិន​សប្បាយចិត្ត របស់​លោក​ដូណាល់ ត្រាំ អាច​មានន័យថា អាមេរិក​នឹង​អាច​ប្រើ​យុទ្ធសាស្រ្ត​យោធា លោក​ដូណាល់ ត្រាំ​បាន​និយាយខ្លី​ថា លោក​មិន​ដឹង​ទេ។ ប៉ុន្តែ លោក​បាន​ប្រាប់​ឲ្យ​គេ​នៅ​រង់ចាំមើល នៅ​ពេល​ឆាប់ៗខាង​មុខ។

លោក​ដូណាល់ ត្រាំ បាន​និយាយ​ថា ជម្លោះ​ដ៏​ធំ​មួយ​ជាមួយ កូរ៉េខាងជើង​នឹង​អាច​ផ្ទុះកើតឡើង ប៉ុន្តែ លោក​មិន​បាន​បង្ហើប​ឲ្យ​គេ​ដឹង​ជាមុន ពី​យុទ្ធសាស្រ្ត​យោធា​ដែល​អាមេរិក​ប្រុង​នឹង​មាន​នោះ​ទេ។ សម្រាប់​លោក​ដូណាល់ ត្រាំ វា​គឺល្បែង​អុក ដែល​គេ​ត្រូវ​លាក់​ពី​យុទ្ធសាស្រ្ត មិន​ឲ្យ​សត្រូវ​ដឹង​ជា​មុន​ពី​ក្រឡា​ដែល​គេ​ត្រូវ​ដើរ។ សត្រូវ​នោះ គឺ​លោក​គីម ជុងអុន ដែលលោក​ដូណាល់ ត្រាំ បាន​និយាយ​សរសើរ បែប​ចំអក ថា ជា​ក្មេង​ដែល​ឆ្លាត​ប្រកប​ដោយ​កលល្បិច។

នេះ​ជា​លើក​ទី១ ដែល​គេ​ឃើញ ប្រធានាធិបតី អាមេរិក​និយាយ​សរសើរ​មេដឹកនាំ​កូរ៉េខាងជើង។ តាម​លោក​ដូណាល់ ត្រាំ គីម ជុងអ៊ុន​បាន​ចូល​កាន់តំណែង​ជាប្រមុខដឹកនាំ​កូរ៉េខាងជើង តាំង​ពី​នៅ​វ័យក្មេង អាយុ​ប្រមាណ ២៦ ឬ​២៧​ឆ្នាំ។ លោក​ជឿថា មាន​មនុស្ស​ច្រើនណាស់ ដែល​នៅ​ក្នុង​នោះ​មាន​ទាំង​មា​សាច់ថ្លៃ ឬ​មេទ័ព​ផ្សេងទៀត ចង់​ផ្តួល ដណ្តើម​អំណាច ប៉ុន្តែ គីម ជុងអ៊ុន នៅ​តែ​អាច​ឆ្លងកាត់​ឧបសគ្គ ដើម្បី​ប្រមូល​អំណាច ដឹកនាំ​កូរ៉េខាងជើង។

គេ​មិនដឹង​ច្បាស់​ថា លោក​ដូណាល់ ត្រាំ ដែល​និយាយ​សរសើរ​លោក​គីម ជុងអ៊ុន មាន​បំណង​ចង់​បាន​អ្វី​ពិតប្រាកដ​នោះ​ទេ។ ប៉ុន្តែ គេ​អាច​ជឿថា ប្រធានាធិបតី​អាមេរិក​អាច ធ្វើ​នយោបាយ ត្រជាក់​ផង និង​ក្តៅផង ពោល​គឺ​ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ គេ​មិនចេះ​តែគំរាម​វាយប្រហារ​យោធា​នោះទេ។ តាមរយៈ​ពាក្យ​សរសើរ​នេះ ជួនកាល មេដឹកនាំ​កូរ៉េខាងជើង​អាច​ទន់ចិត្ត និងដូរ​ចិត្ត​លែង​បាញ់​សាកល្បង​នុយក្លេអ៊ែរ ដែល​នឹង​អាច​ធ្វើ​ឲ្យ​លោក​ដូណាល់​ត្រាំ​ឈឺក្បាល ពិបាក​ដោះស្រាយ។

លោក​ដូណាល់ ត្រាំទូរស័ព្ទ​អញ្ជើញ មេដឹកនាំ​ ថៃ ហ្វីលីពីន និង​សិង្ហបុរី​ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សេតវិមាន
ក្រៅតែ​ពី​កូរ៉េខាងត្បូង និង​ជប៉ុន អាមេរិក​នៅ​ត្រូវការ​ជំនួយ​គាំទ្រ​របស់​សម្ព័ន្ធមិត្ត​អាស៊ី​ដទៃទៀត ជាពិសេស នៅក្នុង​កាលៈទេសៈ​ដែល​ស្ថានការណ៍​ចុះ​អាក្រក់​នៅ​កូរ៉េខាងជើង។ នេះបើតាម​លោក​ Reince Priebus​ ប្រធាន​បុគ្គលិក​នៅ​សេតវិមាន ដែល​បន្ថែមថា លោក​ដូណាល់ ត្រាំ​ចង់​ជួប​នាយករដ្ឋមន្រ្តី​ថៃ ប្រធានាធិបតី​ហ្វីលីពីន និង​នាយករដ្ឋមន្រ្តី​សិង្ហបុរី ព្រោះ អាមេរិក​ចង់​បាន​ការគាំទ្រ​ពី​ប្រទេស នៅ​អាស៊ី ដើម្បី​ដាក់​គំនាប​ទៅ​លើ​កូរ៉េខាងជើង តាំង​ក្នុង​ផ្នែក​សេដ្ឋកិច្ច និង​ការទូត។

តាម​អ្នកជំនាញ អាមេរិក​ធ្វើ​ដូច្នេះ ដោយសារ​តែ​អាមេរិក​មិន​អាច​ពឹង​តែ​ទៅ​ចិន​តែមួយ ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នោះ​ទេ។ ថៃ និង​សិង្ហបុរី​ជាដើម​សុទ្ធ​តែ​ជង្រុក​ហិរញ្ញវត្ថុ កន្លែង​ដោះដូរ​ពាណិជ្ជកម្ម ដែល​អាច​ដើរតួ​សំខាន់​ក្នុង​ការដាក់​គំនាប បិទ​ច្រកដង្ហើម​សេដ្ឋកិច្ច​បន្ថែម​ទៀត ទៅ​លើ​កូរ៉េខាងជើង។

ថ្នាក់ដឹកនាំ​អាស៊ី​ដែល​លោក​ដូណាល់ ត្រាំ អញ្ជើញ សុទ្ធ​តែ​ជាអ្នក​ដែល​កំពុង​រង​ការរិះគន់​ពី​អន្តរជាតិ ក្នុង​រឿង​រំលោភ​សិទ្ធិមនុស្ស
នៅ​ក្នុង​អាណត្តិ​របស់លោក​បារ៉ាក់ អូបាម៉ា អាមេរិក និងថៃ​បាន​ចាប់មានល្អក់កករ​នឹង​គ្នា នៅពេល​អាមេរិក​រិះគន់​របបសឹក​ថៃ ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ នៅ​ឆ្នាំ ២០១៤។ វ៉ាស៊ីនតោន​តែងតែ​រិះគន់​ជាប់ជានិច្ច​ចំណាត់ការ​ផ្តាច់ការ​របស់​របប​សឹក ដែល​បាន​ចាប់ឃុំ​អ្នកដែល​ប្រឆាំង​នឹង​ខ្លួន។ ខឹង​នឹង​ការរិះគន់​របស់​អាមេរិក នាយករដ្ឋមន្រ្តី​ថៃ លោក​បា្រយុទ្ធ ចាន់អូចា បាន​ងាករេ ទៅ​ចាប់​ពង្រឹង​ចំណង​ជាមួយ​ប្រទេស​ចិន តាមរយៈ ទស្សនកិច្ច ចុះ​កិច្ចព្រមព្រៀង​ដោះដូរ​សេដ្ឋកិច្ច​នៅ​ទីក្រុង​ប៉េកាំង នៅ​ឆ្នាំ ២០១៤ ឆ្នាំ​ធ្វើ​រដ្ឋប្រហារ។

ដោយសារ​តែ​ខឹង​នឹង​អាមេរិក​ដែល​រិះគន់​វិធានការ​ហិង្សា បង្រ្កាប​ក្រុម​គ្រឿងញៀនប្រធានាធិបតី​ថ្មី​របស់​ហ្វីលីពីន ឯណោះវិញ ក៏​បែរខ្នង​ដាក់​សម្ព័ន្ធមិត្ត​អាមេរិក ដើម្បី​ទៅ​ចាប់ដៃ​ជាមួយ​ចិន​ដែរ។ ប្រធានាធិបតី​ហ្វីលីពីន​លោក​ឌុយទែរតេ នៅ​បាន​ប្រើ​ពាក្យ​អសុរស ជេរប្រមាថ ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា ថា ជា​កូន​របស់​ស្រ្តី​លក់​ខ្លួន​ទៀត។

នៅ​ពេល​លោក​ដូណាល់ ត្រាំ ឈ្នះឆ្នោត ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក ទំព័រ​បាន​បើក​ថ្មី។ នៅ​ខែ​ធ្នូ នៅ​មួយ​ខែ​ក្រោយ​ជាប់ឆ្នោត លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​ទូរស័ព្ទ​ទៅ​កោតសរសើរ លោក​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ ថា បាន​ធ្វើល្អ ធ្វើ​ត្រូវ ក្នុង​សង្រ្គាម​ប្រឆាំង​គ្រឿងញៀន។

តាម​សេតវិមាន នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​សៅរ៍ លោក​ដូណាល់ ត្រាំ សប្បាយចិត្ត​នឹង​និយាយ​ជាមួយ​លោក​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ និង​ទន្ទឹង​រង់ចាំ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន អាមេរិក និង​អាស៊ី​ខាងកើត ដែល​ត្រូវ​ធ្វើ​នៅ​ហ្វីលីពីន​នៅ​ខែ​វិច្ឆិកា​ខាងមុខ។

ទោះ​កំពុង​រងការរិះគន់ ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស ថា បាន​បើក​ភ្លើងខៀវ ឲ្យ​សម្លាប់​មនុស្ស​ក្រៅផ្លូវច្បាប់ ប៉ុន្តែ លោក​ឌុយទែរតេ​នៅ​តែ​ទទួល​បាន​ការសរសើរ​ពី​លោក​ដូណាល់​ត្រាំ។ លោក​នាយករដ្ឋមន្រ្តី​ថៃ​ក៏​ដូចគ្នា​ដែរ។ បាន​ការអញ្ជើញ​ឲ្យ​ទៅ​ជួបនៅ​សេតវិមាន​យ៉ាង​ដូច្នេះ គឺមាន​ន័យ​ថា អាមេរិក​របស់​លោក​ដូណាល់ ត្រាំ មិន​ប្រឆាំង​នឹង​នយោបាយ​រឹតបន្តឹង បិទសេរីភាព​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន ដូចដែល​លោក​អតីត​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ាធ្លាប់​ធ្វើ​នោះទេ។

នេះ​មិនមែន​ជា​លើក​ទី១ទេ ដែល​ប្រធានាធិបតី​អាមេរិក​ទទួលរាក់ទាក់ មេដឹកនាំ​ប្រកបដោយ​ចម្រូងចម្រាស​នោះ។ លោក​ដូណាល់ ត្រាំ ទើប​បាន​ទូរស័ព្ទ​ទៅ​អបអរ​ប្រធានាធិបតី​តួកគី លោក​អ៊ែរដូហ្កាន ដែល​បាន​ឈ្នះឆ្នោត ទាមទារ​បាន​សម្រេច​ឲ្យ​គេ​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី បន្ថែមអំណាច​ប្រធានាធិបតី​របស់លោក នៅ​ពាក់​កណ្តាល​ខែ​មេសា។ នៅដើម​ខែ​នេះទៀត ប្រធានាធិបតី​ក៏​ទើប​ទទួល ចាប់ដៃ មេដឹកនាំ​សឹក អេហ្ស៊ីប លោក​ស៊ីស៊ី ដែល​ល្បី ខាង​បង្រកាប អ្នកប្រឆាំង នឹង​ខ្លួន។

នៅ​សេតវិមាន ប្រធាន​បុគ្គលិក​របស់​លោកដូណាល់​ត្រាំ បាន​និយាយ​សម្រាល​ថា លោកដូណាល់ ត្រាំ អញ្ជើញ ប្រមុខ​ដឹកនាំ​អាស៊ី ដូចជា​ថៃ ហ្វីលីពីន និង​សិង្ហបុរី ទៅ​សេតវិមាន ​ដើម្បី​និយាយ​តែ​ពី​រឿង​កូរ៉េខាងជើង​តែ​មួយ​មុខ​ប៉ុណ្ណោះ គឺ​គ្មាន​លើក​កិត្តិយស មេដឹកនាំ​ណាមួយ​ទេ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ