អានតួអត្ថបទ

សហរដ្ឋ​អាមេរិករួមដៃ​ជាមួយ​​អង្គការ​សហប្រជាជាតិ​សង្គ្រោះ​សមុទ្ទ

មួយ​សប្តាហ៍​ក្រោយ​ពី​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ស្តីអំពី​អាកាសធាតុ សហគមន៍​អន្តរជាតិ​ក្រោម​ម្លប់​អង្គការ​សហប្រជាជាតិ បាន​បើក​សន្និសីទ​អន្តរជាតិ​ជា​លើក​ទី​មួយ​ឧទ្ទិស​ដល់​មហាសមុទ្ទ។​ បើ​តាមអង្គ​សន្និសីទ​ដែល​ទើប​សម័យ​ប្រជុំ​របស់​ខ្លួនរយៈ​ពេល​៥​ថ្ងៃ​ពី​ថ្ងៃ​ទី ៥-​ដល់​ថ្ងៃទី ៩ មិថុនា​ នៅ​ទីក្រុង​ញូវយ៉ក​ ការ​ឡើង​កំដៅ​នៃ​ភព​ផែនដី ការ​បំពុល​បរិស្ថាន​ ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សមុទ្ទ។

ដប ថង់ គំរប​ឆ្នុក​ផ្លាស្ទិក​ ជ័រ សម្រាម​សមុទ្ទ​លំដាប់​លេខ​មួយ
ដប ថង់ គំរប​ឆ្នុក​ផ្លាស្ទិក​ ជ័រ សម្រាម​សមុទ្ទ​លំដាប់​លេខ​មួយ Keren Su/Getty Images
ផ្សាយពាណិជ្ជកម្ម

​លទ្ធផល​នៃ​សន្និសីទ​​​លើក​ដំបូង​នេះ បាន​ប្រសូត​ចេញ​នូវ​សេចក្តី​សម្រេច​​​​មួយ ដែល​រំលឹក​អំពី​ភាព​ចាំបាច់​នៃ​ការ​គោរព​កិច្ចព្រមព្រៀង​ប៉ារីស និង​ដែល​បាន​គូស​បញ្ជាក់​អំពី​​ផលប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ចំពោះ ​សមុទ្ទ។

សមុទ្ទ​ លាត​សន្ធឹង​​ប្រមាណ​៧១%​នៃ​ផ្ទៃ​ភពផែនដី កំពុងធ្លាក់​ដុនដាប​ខ្លាំង​ណាស់ ! នេះគឺ​ដោយ​សារ​តែ​ពិភពលោកភាវូបនីកម្ម ការ​បំពុល​បរិស្ថាន នេសាទជ្រុល និង​ការឡើង​កំដៅ​នៃភពផែនដី។ សមុទ្ទ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ប្រព័ន្ធ​អេកូឡូហ្ស៊ី ពាក់​កណ្តាល​នៃ​ខ្សល់​អុកស៊ីហ្សែន ដែល​មនុស្ស​ត្រូវ​ការ​ស្រូប​ជា​រៀង​រាល់​ថ្ងៃ ផលិត​ដោយ​មហា​សមុទ្ទ​ ហើយ​សមុទ្ទ​ក៏​ជា​អ្នក​ស្រូប​យក​មក​វិញ​នូវ​មួយ​ភាគ​បី​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ ប៉ុន្តែ​ពេល​នេះ​ សមុទ្ទ​កំពុង​មាន​ជំងឺ ! បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ ប្រសិន​បើ​គ្មាន​វិធានការ​ទេ នោះ​នៅ​ឆ្នាំ​២០៥០ នៅក្នុង​សមុទ្ទ នឹង​មាន​ផ្លាស្ទិក​ច្រើន​ជាង​ត្រី !​

 

ដើម្បី​ថែរក្សា​សម្ព័ន្ធភាព​ជាមួយ​មិត្ត​ធម្មជាតិ​មួយ​នេះ ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ សមាជិក​អង្គការ​សហប្រជាជាតិ​ទាំង​១៩៣​ប្រទេស​បាន​អនុម័ត​ចេញ​ជា​សេចក្តី​សម្រេចដើម្បី​ធ្វើ​​សកម្មភាព។ ​រដ្ឋាភិបាល​នៃ​ប្រទេស​ហត្ថលេខី​ទាំង​អស់ បាន​​សន្យា​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​បា្លស្ទិក និង​ចាត់វិធានការ​ទប់​ស្កាត់​ការ​បំពុល​ ការ​បន្សាប​សមុទ្ទ ព្រម​ទាំង​ទប់​ស្កាត់​ផលប៉ះពាល់​​ដល់​សមុទ្ទ​បង្ក​ឡើង​ដោយ​ការ​ឡើង​កម្តៅ​នៃភព​ផែនដី។

ប៉ុន្តែ​សេចក្តី​អំពាវនាវ​នេះ​ ដែល​គូស​បញ្ជាក់​អំពី​ភាព​បន្ទាន់​នៃ​ការ​សង្គ្រោះ​សមុទ្ទ គ្មាន​តម្លៃ​ជា​ការ​ចាប់​បង្ខំ​ឱ្យ​គោរព។ គ្រាន់​តែ​ថា​ សេចក្តី​សម្រេច​ធ្វើ​សកម្មភាព​នេះ​ ​បាន​ទទួល​កា​រ​គាំទ្រ​ពេញ​ទំហឹង​ពី​សហរដ្ឋ​អាមេរិក។ ថ្វី​បើ​ប្រធានាធិបតីបាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​​អាកាសធាតុ​ក្រុង​ប៉ារីសមែន​ ​តែ​​នា​ឱកាស​សន្និសីទ​អន្តរជាតិ​ស្តី​ពី​សមុទ្ទនេះ​ សហរដ្ឋ​អាមេរិកបាន​ធានា​អះអាង​ប្រាប់​សហគមន៍​អន្តរជាតិ​ថា​នឹង​​បន្តការពារ​សមុទ្ទ​ ជាមួយគ្រប់ភាគី​ទាំង​អស់ ទាំង​ស្ថាប័នក្នុង​និង​ក្រៅក្របខ័ណ្ឌ​​អង្គការ​សហប្រជាជាតិ ស្រប​តាម​ការ​អំពាវនាវ​របស់​សន្និសីទ។ រដ្ឋ​ផ្សេងៗ​របស់​សហរដ្ឋ​អាមេរិក ព្រម​ទាំង​សង្គម​ស៊ីវិល បាន​បង្ហាញ​ឆន្ទៈ​ការពារ​បរិស្ថាន​ជាង​រដ្ឋាភិបាល​ ដោយ​បង្ហោះ​ពាក្យ​ស្លោក "​ធ្វើ​គ្រប់យ៉ាង​ដើម្បី​សមុទ្ទ​ស្អាត"៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ